តុលាការកំពូលនឹងបើកសវនាការលើបណ្តឹងសារទុក្ខសុំនៅក្រៅឃុំជុំទី២របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារពីបទ «ក្បត់ជាតិ» នៅថ្ងៃទី២២ ខែសីហានេះ។
បើតាមលិខិតចេញនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល បានអញ្ជើញមេធាវីការពារក្តីឲ្យលោក កឹម សុខា ប្រធានគណបក្សប្រឆាំង ឲ្យចូលរួមសវនាការនៅព្រឹកម៉ោង៨ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។
លោក ចាន់ ចេន មេធាវីមួយរូបក្នុងចំណោមមេធាវី៤រូបដែលការពារក្តីឲ្យលោក កឹម សុខា ប្រាប់ VOA នាល្ងាចថ្ងៃពុធនេះថា សវនាការដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែសីហានេះ គឺជាសវនាការលើបណ្តឹងរបស់លោក កឹម សុខា ដែលប្តឹងសុំនៅក្រៅឃុំជុំទី២។ លោកបន្ថែមដោយរំពឹងថាកូនក្តីរបស់លោកនឹងមានវត្តមានក្នុងសវនាការ ព្រមទាំងអាចបាននៅក្រៅឃុំដើម្បីព្យាបាលជំងឺ។
«មូលហេតុដែលមានក្តីសង្ឃឹម ដោយសារកូនក្តីខ្ញុំគាត់ជាពលរដ្ឋស្លូតត្រង់ គាត់មិនដែលបានប្រព្រឹត្តបទល្មើសអ្វី ហើយគាត់មានមុខរបរត្រឹមត្រូវ គាត់មានក្រុមគ្រួសារត្រឹមត្រូវ គាត់មានអាសយដ្ឋានច្បាស់លាស់។ ទាំងអស់នេះហើយដែលជាការគាំទ្រធ្វើឲ្យខ្ញុំបាទមានក្តីសង្ឃឹមថា តុលាការកំពូលនឹងអនុញ្ញាតឲ្យគាត់នៅក្រៅឃុំ។ ហើយជាពិសេសជាងនេះទៀតកូនក្តីរបស់ខ្ញុំគាត់មានជំងឺទាក់ទងឆ្អឹងគៀបសសៃ ហើយត្រូវបានវេជ្ជបញ្ជាពេទ្យសិង្ហបូរី ណាត់ឲ្យគាត់ទៅព្យាបាល»។
លោក ចាន់ ចេន បន្ថែមថា ក្រុមមេធាវីនឹងចូលសួរសុខទុក្ខលោក កឹម សុខា ក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដើម្បីប្រាប់ពីដំណឹងសវនាការនេះ នៅថ្ងៃសុក្រខាងមុខ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនពីក្នុងផ្ទះទាំងកណ្ដាលយប់រំលងអាធ្រាត្រ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ដោយតុលាការចោទលោកពីបទក្បត់ជាតិ។
លោកត្រូវបានបញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ជាខេត្តមានព្រំប្រទល់ជាប់ប្រទេសវៀតណាម នៅមុនបន្តិចនៃការរំលាយគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការចោទតាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃថា គណបក្សនេះបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្ដួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រហូតមកដល់ពេលនេះ លោក កឹម សុខា ត្រូវបានឃុំក្នុងពន្ធនាគារអស់រយៈពេលជិត១១ខែមកហើយ។ ក្នុងរយៈពេលនៃការឃុំខ្លួននេះ ចៅក្រមបានសាកសួរ និងជំនុំជម្រះលោកទាំងនៅក្នុងពន្ធនាគារដោយមិនអនុញ្ញាតឲ្យមានការសួរសុខទុក្ខ ក្រៅតែពីមេធាវី និងគ្រួសាររបស់លោកនោះទេ។
ក្រុមមេធាវីរបស់លោក កឹម សុខា បានប្ដឹងទៅតុលាការគ្រប់ជាន់ថ្នាក់សុំឲ្យលោកបាននៅក្រៅឃុំដើម្បីព្យាបាលជំងឺកៀបសរសៃ លើសឈាម និងទឹកនោមផ្អែម ប៉ុន្តែតុលាការទាំងអស់បានច្រានចោលសំណើសុំនៅក្រៅឃុំនេះ។
លោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យលើកឡើងថា ដំណោះស្រាយនយោបាយដែលរួមមានទាំងការដោះលែង លោក កឹម សុខា ប្រធានគណបក្សប្រឆាំង គួរតែត្រូវចាប់ផ្តើមក្រោយការបោះឆ្នោត។
«ទោះបីជារដ្ឋាភិបាលគាត់អះអាងថាអាហ្នឹងជាករណីផ្លូវច្បាប់ក៏ដោយ ប៉ុន្តែសម្រាប់យើងជាមហាជនហ្នឹង យើងមើលទៅវាជាករណីនយោបាយ។ កាលណាករណីនយោបាយ នៅពេលដែលអ្នកនយោបាយបង្ហាញនូវសុឆន្ទៈក្នុងការដោះស្រាយ ខ្ញុំគិតថាវានឹងអាចមានអ្វីកើតឡើងជាវិជ្ជមានដែលយើងមិនអាចស្មានទុកបានក្នុងពេលធ្វើសវនាការ។ ហើយខ្ញុំសង្ឃឹមថា ក្រោយពីការបោះឆ្នោតរួចហើយ ហើយគណបក្សកាន់អំណាចក៏បានទទួលជោគជ័យភ្លូកទឹកភ្លូកដីផងដែរ អញ្ចឹងការសងសឹកគ្នាគួរតែបញ្ចប់ពីត្រឹមហ្នឹងទៅ ហើយរកពេលណាមួយដើម្បីពង្រឹងឯកភាពជាតិគ្នាឡើងវិញ»។
ក្រៅពីលោក កឹម សុខា ប្រធានបក្សសង្គ្រោះជាតិ យ៉ាងហោចណាស់មានសកម្មជននយោបាយ មន្ត្រី និងអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងជាង២០រូបទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារ នៅទូទាំងប្រទេស។ ពួកគេត្រូវបានចាប់ឃុំខ្លួន និងកាត់ទោសជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០១៥មក ទាក់ទងនឹងសំណុំរឿងផ្សេងៗគ្នារាប់ចាប់តាំងពីការបង្កអំពើហិង្សា និងការកកូរកកាយរឿងផែនទីរឿងព្រំដែនកម្ពុជា-វៀតណាមឡើងវិញ។
ក្រោយការចាប់ខ្លួនលោក កឹម សុខា ការរំលាយគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសកាលពីការបោះឆ្នោតឆ្នាំ២០១៧ ព្រមទាំងការបិទស្ថាប័នមិនមែនរដ្ឋាភិបាល និងស្ថាប័នព័ត៌មានមួយចំនួនមកនោះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានប្រកាសដកខ្លួនឈប់គាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ចំណែកសភាអឺរ៉ុប ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានទទូចឲ្យបណ្ដាប្រទេសនៅសហគមន៍អឺរ៉ុប ពន្លឿនការដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន ផងដែរ៕