ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អបិយជំនឿ​ត្រូវ​បាន​គេ​បន្ទោស​ថា​ជា​មូលហេតុ​នៃ​ការ​កើន​ឡើង​​ករណី​​រំលោភ​​សេពសន្ថវៈ​នៅ​ក្នុង​ប្រទេស​ម៉ាឡាវី


រូប​ឯកសារ៖ បាតុករ​នាំ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង Blantyre ប្រឆាំង​នឹង​ការ​កើនឡើង​ការ​បំពាន​ផ្លូវភេទ​ទៅ​លើ​កុមារី និង​ស្ត្រី​ក្នុង​ប្រទេស​ម៉ាឡាវី កាល​ពី​ខែ​វិច្ឆិកា។

ប៉ូលិស​នៅ​ក្នុង​ប្រទេស​ម៉ាឡាវី​ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ទ្វីប​អាហ្រ្វិក​បាន​ប្រកាស​នៅ​ពាក់​កណ្តាល​ខែធ្នូ​ថា ករណី​រំលោភ​សេពសន្ថវៈ​ដែល​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ប្រទេស​នេះកើន​ឡើង​លើស​ទ្វេ​ដង​ចាប់​តាំង​ពី​ឆ្នាំ២០១៨​មក ដោយ​ក្មេង​ស្រីៗ​គឺ​ជា​ជនរងគ្រោះ​ខ្លំាង​ជាង​គេ។

ប៉ូលិស​បាន​បន្ទោស​ដល់​អបិយជំនឿ​ចំពោះ​ការ​កើន​ឡើង​នៃ​ការ​រំលោភ​សេពសន្ថវៈ និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​នេះ។ នៅ​ក្នុង​ប្រទេស​នេះ គេ​មាន​ជំនឿ​ថា ការ​បំផ្លាញ​ភាព​បរិសុទ្ធ​របស់​អនីតិជន​នាំ​មក​នូវ​សំណាង ឬ​ទ្រព្យសម្បត្តិ។ ប៉ុន្តែ​អ្នក​ចិត្តសាស្ត្រ​គ្លីនិក​បាន​និយាយ​ថា គេ​គួរ​តែ​បន្ទោស​ដល់សុខភាព​ផ្លូវ​ចិត្ត​ជាង។

អ្នក​នាំ​ពាក្យ​សម្រាប់​ស្នងការ​ប៉ូលិស​ម៉ាឡាវី​លោក James Kadadzera មាន​ក្តី​កង្វល់ដោយ​សារ​តែ​ ការ​កើន​ឡើង​នៃ​ករណី​រំលោភ​សេពសន្ថវៈ​ទៅ​លើ​អនីតិជន​កាន់តែ​ច្រើន បើ​ប្រៀបធៀប​ទៅ​នឹង​ករណី​រំលោភ​សេពសន្ថវៈ​លើ​មនុស្ស​ពេញ​វ័យ។

លោក James Kadadzera បាន​និយាយ​ថា៖ «ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​នៅ​ក្នុង​ឆ្នាំ២០២០ យើង​មាន​ករណី​ដែល​ត្រូវ​បាន​កត់ត្រា​ចំនួន ៤២៣ ករណី​រួច​ទៅ​ហើយ ដោយ​យើង​មិន​ទាន់​គិត​ពី​រយៈពេល​ដែល​នៅ​សេសសល់​ក្នុង​ខែធ្នូ​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី តួលេខ​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​ភាព​បរិសុទ្ធ​របស់​អនីតិជន​ជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង។ នៅ​ក្នុង​ឆ្នាំ២០២០ ទោះ​បី​ជា​ខែ​ធ្នូ​មិន​ទាន់​បញ្ចប់​ក្តី យើង​មាន​ករណី​ដែល​ត្រូវ​បាន​កត់ត្រា​ចំនួន ១.៧៣៨ ករណី​រួច​ទៅ​ហើយ»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ម៉ាឡាវី​នាពេល​ថ្មីៗ​នេះ​មាន​សុទ្ធ​តែ​ព័ត៌មាន​អំពីការ​រំលោភ ការ​រួមភេទ​រវាង​សាច់ញាតិ​ និង​ការ​បំផ្លាញ​ភាព​បរិសុទ្ធ​របស់​អនីតិជន។

តួលេខ​ពី​ការិយាល័យ​ស្ថិតិ​ជាតិ​បង្ហាញ​ថា សម្រាប់​៣ខែ​ចុងក្រោយ​នៃ​ឆ្នាំ​នេះ​តែ​ប៉ុណ្ណោះ អត្រា​នៃ​ការ​រំលោភបំពាន​ផ្លូវ​ភេទ​មាន​ចំនួន ៣៥% ខ្ពស់​ជាង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន។

ស្ថានភាព​នេះ​បង្ខំ​ឱ្យ​ប្រធានាធិបតី​ម៉ាឡាវី លោក Lazarus Chakwera ប្រកាស​កាលពី​សប្តាហ៍​មុន​ពី​វិធានការ​ដ៏​តឹងរ៉ឹង​ប្រឆាំង​នឹង​អ្នក​ប្រព្រឹត្ត​អំពើ​នេះ។

នៅ​ក្នុង​ហេតុការណ៍​នា​ពេល​ថ្មីៗ​នេះ ប៉ូលិស​បាន​ចាប់​ខ្លួន​បុរស​អាយុ​៣១ឆ្នាំ​ម្នាក់​នៅ​ក្នុង​ស្រុក Zomba ពី​បទ​រំលោភ​ទារក​អាយុ​៥ខែ កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា។

ហេតុការណ៍​នេះ​កើត​ឡើង​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​ប៉ូលិស​នៅ​ក្នុង​ក្រុង Blantyre ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​ជាប់​ចោទ​ពី​បទ​រំលោភ​ក្មេងស្រី​អាយុ​២ឆ្នាំ​ម្នាក់ និង​បាន​សម្លាប់ និង​កប់​សាកសព​របស់​នាង​នៅ​ក្នុង​ថង់​ប្លាស្ទិក​ពណ៌​ខ្មៅ។

លោកKadadzera និយាយ​ថា ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​បាន​បង្ហាញ​ថា បុរស​ជាច្រើន​បាន​ដេកជាមួយនឹង​អនីតិជន​ភាគច្រើនដោយសារ​តែ​អបិយជំនឿ​ថា ប្រសិនបើ​អ្នក​ណា​ម្នាក់​បានដេក​ជាមួយអនីតិជន​ គេ​នឹង​ជា​សះស្បើយ​ពី​ជំងឺ​រ៉ាំរ៉ៃ មាន​ទ្រព្យ ឬ​ឡើង​តំណែង​នៅ​កន្លែង​ធ្វើ​ការ។

លោក​វេជ្ជបណ្ឌិត Chiwoza Bandawe សាស្ត្រាចារ្យ​ផ្នែក​ចិត្តសាស្ត្រ​គ្លីនិក​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ក្នុង​ប្រទេស​ម៉ាឡាវី​មាន​ទស្សនៈ​ផ្សេង​ពី​នេះ។

លោក​បាន​និយាយ​ថា ការ​កើន​ឡើង​នៃ​ករណី​រំលោភបំពាន​ផ្លូវ​ភេទ​អាច​ជា​កត្តា​រួម​ផ្សំ​នៃ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត និង​ទំនោរ​របស់​បុរសៗ​នៅ​ក្នុង​ប្រទេស​នេះ​ដែល​គិត​ថា ខ្លួន​មាន​អំណាច​លើ​ស្ត្រី។

លោក​វេជ្ជបណ្ឌិត Chiwoza Bandawe បាន​និយាយ​ថា៖«យើងក៏រក​ឃើញ​នូវអ្វីដែលយើងហៅថា បញ្ហា​សតិអារម្មណ៍​ដែល​មនុស្ស​ម្នាក់​ពេញ​ចិត្ត​នឹង​អារម្មណ៍​ផ្លូវ​ភេទ​ជាមួយ​នឹង​កុមារ។ ដូច្នេះ​នេះ​ក៏​អាច​ជា​មូលហេតុ​ដែល​ថា មនុស្ស​មួយ​ចំនួន​យល់​ថា កុមារ​មាន​ភាព​ទាក់ទាញ​ ប៉ុន្តែ​បើ​និយាយ​ពីតួលេខ​ ថា​តើវាមានកម្រិត​ណានោះ​ ​យើងមិ​នដឹងនោះ​ទេ ដោយសារ​តែ​មិន​មាន​ប្រវត្តិ​ចិត្តសាស្ត្រ​លម្អិត​របស់​អ្នក​ប្រព្រឹត្ត​នោះ​ទេ»។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ធ្វើ​យុទ្ធនាការ​លើ​សិទ្ធិ​ស្ត្រី​បាន​ស្នើសុំ​ឱ្យ​មាន​ការ​ដាក់​ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការ​អនុវត្ត​បែប​ប្រពៃណី​ណា​ដែល​នាំ​ឱ្យ​មាន​ការ​រំលោភបំពាន​ផ្លូវ​ភេទ​លើ​ស្ត្រី និង​ក្មេងស្រី។

អ្នកស្រី Rachel Warren ជា​គ្រូបង្រៀន​ផ្នែក​នរវិទ្យា​ម្នាក់​នៅ​សាកលវិទ្យាល័យ Catholic។ អ្នកស្រី​និយាយ​ថា វា​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ​សម្រាប់​ប្រទេស​ម៉ាឡាវី និង​សម្រាប់​ប្រទេស​អាហ្វ្រិក​ជាច្រើន​ផ្សេង​ទៀត ក្នុង​ការ​ដើរ​ចេញ​ពី​បទល្មើស​ដែល​កើត​ឡើងពី​អបិយជំនឿនេះ។

អ្នកស្រី Rachel Warren បាន​និយាយថា «វា​នឹង​មិន​បញ្ចប់​ទេ។ វា​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ជំនឿ​ ដែល​មាន​នៅ​ក្នុង​ចំណោម​យើង​ទាំង​អស់​គ្នា។ វាចាក់​ដោត​ជ្រៅនៅ​ក្នុង​ខ្លួន​យើង។ ដូច្នេះ បញ្ហា​គឺ​ថា​ យើងត្រូវ​ដឹង​ពី​របៀប​គ្រប់គ្រង​វា ដោយសារ​តែ​អ្វី​ដែល​យើង​មាន​គឺ​វា​ជា​ទម្លាប់​នៅ​ក្នុង​ប្រព័ន្ធ​មួយ​ដែល​ជំនឿ​ប្រពៃណី​ត្រូវ​បាន​បញ្ចូល​ក្នុង​ជីវិត​របស់​យើង»។

អ្នកនាំពាក្យ​ប៉ូលិស លោក Kadadzera និយាយ​ថា ក្រៅ​ពី​ការ​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្ត ប៉ូលិស​បាន​សហការ​ជាមួយ​នឹងមេដឹកនាំតាមលក្ខណៈប្រពៃណីនៅ​ក្នុង​យុទ្ធនាការ​លើក​កម្ពស់​ការ​យល់ដឹង​ថ្នាក់​ជាតិ​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​ស្ត្រី និង​ក្មេងស្រី៕

XS
SM
MD
LG