ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបានប្រើកាណុងបាញ់ទឹកកាលពីថ្ងៃទី២៧ ខែវិច្ឆិកានៅពេលដែលកសិកររាប់ពាន់នាក់ពីភាគខាងជើងប្រទេសឥណ្ឌាហែក្បួនធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ថ្មីនានាដែលរដ្ឋាភិបាលថានឹងធ្វើឲ្យមានបដិវត្តន៍នៅក្នុងវិស័យកសិកម្ម។ ប៉ុន្តែចំណែកឯក្រុមកសិករវិញខ្លាចថា វានឹងធ្វើឲ្យពួកគេងាយនឹងរងការកេងប្រវ័ញ្ចពីសហគ្រាសធំៗ។
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅជាយក្រុងញូវដែលី ខណៈដែលកសិករដែលពោរពេញទៅដោយកំហឹងរុញច្រានរបាំងបេតុងការពារដែលដាក់នៅព្រំដែនទីក្រុងដើម្បីរារាំងអ្នកហែក្បួន។ កសិករខ្លះព្យាយាមយករបាំងចេញនៅពេលកំពុងបក់ទង់ជ័យនិងស្រែកពាក្យស្លោកនានា។
កសិករជាច្រើនបានធ្វើដំណើរលើត្រាក់ទ័រនិងម៉ូតូរបស់ពួកគេពីភាគខាងជើងរដ្ឋPunjab ដែលជារដ្ឋកសិកម្ម ដោយសន្យាថានឹងបោះជំរំនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌារហូតទាល់តែរដ្ឋាភិបាលកែប្រែច្បាប់ថ្មីនេះ។
កសិករបានប៉ះទង្គិចជាមួយប៉ូលិសនៅក្នុងបាតុកម្មដែលកើតមានឡើងអស់រយៈពេលជាច្រើនថ្ងៃមកនេះ។ នៅថ្ងៃទីមួយ ក្រុមសន្តិសុខបានប្រើកាណុងបាញ់ទឹកទៅកាន់ក្រុមកសិករនៅពេលដែលពួកគេបានធ្វើដំណើរឆ្លងកាត់រដ្ឋជិតខាងគឺរដ្ឋ Haryana ដើម្បីទៅដល់ទីក្រុងញូវដែលី។
ជាច្រើនម៉ោងក្រោយពីកសិករបានទាមទាររកហេតុផលដែលហាមមិនឲ្យពួកគេធ្វើបាតុកម្ម ប៉ូលិសបានប្រកាសថានឹងអនុញ្ញាតឲ្យពួកគេចូលទៅក្នុងទីក្រុង។
លោក Amarinder Singh ប្រធានក្រុមប្រឹក្សារដ្ឋ Punjabដែលបានរិះគន់ការប្រើប្រាស់អ្វីដែលលោកហៅថា«កងកម្លាំងដ៏សាហាវ» បាននិយាយថា រដ្ឋាភិបាលគួរតែផ្តួចផ្តើម«កិច្ចពិភាក្សាភ្លាមៗដើម្បីដោះស្រាយកង្វល់របស់កសិករទាក់ទិននឹងច្បាប់កសិកម្មថ្មី និងដោះស្រាយបញ្ហាដែលកំពុងលេចឡើង»។
ច្បាប់ដែលមានលក្ខណៈចម្រូងចម្រាស ហើយត្រូវបានអនុម័តកាលពីខែកញ្ញានេះ មានគោលបំណងកែប្រែច្បាប់ចាស់ៗរាប់ទសវត្សរ៍ ដែលអនុញ្ញាតឲ្យកសិករភាគច្រើនលក់ផលិតផលរបស់ពួកគេតាមរយៈផ្សារបោះដុំរបស់រដ្ឋនៅក្នុងតម្លៃដែលបានកំណត់ដោយរដ្ឋាភិបាល ហើយនឹងត្រួសត្រាយផ្លូវសម្រាប់ពួកគេដើម្បីលក់ផលិតផលទៅឲ្យក្រុមហ៊ុនឯកជន។
លោកនាយករដ្ឋមន្ត្រី Narendra Modi បានពណ៌នាច្បាប់នេះថាជា«ប្រវត្តិសាស្ត្រ» ហើយលោកនិយាយថាច្បាប់នេះនឹងបង្កើនចំណូលរបស់កសិករ ជំរុញផលិតភាពនិងរំដោះកសិករចេញពីការពឹងផ្អែកលើឈ្មួញកណ្តាល។ អ្នកគាំទ្រច្បាប់នេះនិយាយថាវាអាចនឹងទាក់ទាញការវិនិយោគឯកជននិងជួយឲ្យវិស័យកសិកម្មឥណ្ឌាកាន់តែទំនើប។
ទោះយ៉ាងណាកសិករឥណ្ឌាដែលត្រូវបានការពារពីទីផ្សារសេរីជាយូរមកហើយ ភ័យខ្លាចថាការដកចេញនូវការគ្រប់គ្រងរបស់រដ្ឋាភិបាលនឹងផ្តល់អំណាចចរចាតិចតួចដល់ពួកគេជាមួយនឹងសហគ្រាសធំៗហើយបង្ខំឲ្យពួកគេលក់ផលិតផលក្នុងតម្លៃទាប។ នៅពេលដែលពួកគេកំពុងទាមទារឲ្យតម្លៃខ្ពស់ជាងមុនសម្រាប់ផលដំណាំរបស់ពួកគេ ពួកគេបារម្ភថាច្បាប់ថ្មីនេះនឹងបន្ទាបចំណូលរបស់អ្នកនៅជនបទបន្ថែមទៀត។
ជិតពាក់កណ្តាលនៃចំនួនប្រជាជនឥណ្ឌា ពឹងផ្អែកលើកសិកម្ម ប៉ុន្តែវារួមចំណែកតែ១៧ភាគរយប៉ុណ្ណោះក្នុងផលិតផលក្នុងស្រុកសរុបឥណ្ឌា។ កសិករភាគច្រើនមានដីតូច ហើយមានចំណូលតិចតួច ហើយជាញឹកញាប់ធ្លាក់ក្នុងបំណុល។
អ្នកវិភាគចំណីអាហារនិងគោលនយោបាយកសិកម្ម លោក Devinder Sharma បាននិយាយថាទំហំនៃការតវ៉ាបង្ហាញថា កសិករ«មិនយល់ស្រប»ជាមួយផែនការរបស់រដ្ឋាភិបាល។
លោក Sharma និយាយថា៖«កសិករនៃប្រទេសឥណ្ឌាមិនត្រូវបានពិគ្រោះយោបល់អំពីច្បាប់នេះឡើយ»។
លោកបន្តថា៖ «ជាលទ្ធផល អ្នកដែលសប្បាយរីករាយគឺវិស័យឧស្សាហកម្មនិងទីផ្សារ ខណៈដែលកសិករជឿថា ច្បាប់នេះនឹងមានផលប៉ះពាល់អាក្រក់ដល់ពួកគេ»។
កសិករនិយាយថាពួកគេនឹងបន្តធ្វើបាតុកម្មរហូតដល់រដ្ឋាភិបាលដកចេញកំណែទម្រង់នេះ។ កសិករជាច្រើនបានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ដំណើរវែងឆ្ងាយក្នុងយានជំនិះរបស់ពួកគេដែលមានទៅដោយស្បៀងអាហារនិងសូម្បីតែធុងហ្គាសសម្រាប់ចម្អិនម្ហូប៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ