ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​របស់​ប្រទេស​ហ្គាណា​ចោទ​ជាសំណួរ​បន្ទាប់ពី​រដ្ឋអាជ្ញា​លា ចេញពី​តំណែង


ប្រធានាធិបតី​ហ្គាណា​លោក Nana Akufo-Addo ថ្លែង​សុន្ទរកថា​នៅ​ទីក្រុង​ប៊ែរឡាំង​ ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រទេស​ហ្គាណា​បាន​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ជាយូរយារ​ណាស់​មកហើយ​ ដោយ​មាន​រឿង​អាស្រូវ​នៅ​ក្រោម​រដ្ឋាភិបាល​ជាច្រើន​ហើយ​អំពើ​ពុករលួយ​ត្រូវ​បាន​គេមើលឃើញ​ថា​បាន​ចាក់​ឫស​នៅទូទាំង​សង្គម។ នៅក្នុង​សន្ទស្សន៍​ទស្សន​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ឆ្នាំ​២០១៩ បាន​ឲ្យ​ចំណាត់​ថ្នាក់​ប្រទេស​ហ្គាណា ​ស្ថិតនៅ​លំដាប់​ទី៤១​នៃ​បណ្តា​ប្រទេស​ទាំងអស់​ចំនួន​១០០​ដែល​ស្ថិតនៅ​ក្នុង​ចំណោម​ប្រទេស​ ស្អាតស្អំ​បំផុត។​

ជា​ផ្នែក​មួយ​នៃ​ការសន្យា​ក្នុង​យុទ្ធនាការ​ឆ្នាំ២០១៦ ​ការិយាល័យ​រដ្ឋអាជ្ញា​ពិសេស ​បាន​ត្រូវ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៨​ ដោយ​រដ្ឋាភិបាល​របស់​គណបក្ស​ស្នេហារ​ជាតិ​ថ្មី​នៅពេល​បច្ចុប្បន្ន​នេះ។ ក្នុង​ចំណាត់ការ​មួយ​ដែល​ត្រូវ​បាន​សរសើរ​យ៉ាង​ខ្លាំង ដែល​រដ្ឋាភិបាល​បាន​ផ្តល់​តួនាទី​នេះ​ដល់​លោក Martin Amidu ដែល​ជា​សមាជិក​គណបក្ស​ប្រឆាំង​ ក្រៅពី​លោក​ត្រូវ​បាន​គេ​ស្គាល់​នៅ​ក្នុង​ប្រទេស​ហ្គាណា​ថា ជា​អ្នក​ធ្វើ​យុទ្ធនាការ​ដ៏ខ្លាំង​ប្រឆាំង​អំពើ​ពុករលួយ​ផងនោះ។

ក៏ប៉ុន្តែ នៅ​សប្តាហ៍​នេះ លោក ​Amidu បាន​លាចេញ​ពី​តំណែង​ បន្ទាប់ពី​បាន​បញ្ជូន​របាយការណ៍​មួយ​អំពី​ផែនការ​របស់​រដ្ឋាភិបាល​លក់​សិទ្ធិ​គ្រប់គ្រង​ប្រាក់​ចំណូលពីអាជីវកម្ម​រ៉ែមាស​របស់​ជាតិ​ស្ទើរតែ​ទាំងស្រុង​ទៅ​ឲ្យ​ក្រុមហ៊ុន​Agyapa Royalties Limited ​ជា​ក្រុមហ៊ុន​ពិសេសផ្នែកហិរញ្ញវត្ថុ​ដែល​បាន​ចុះ​បញ្ជី​នៅ​ដែនកោះ​ស្វ័យភាព​ Jersey ​របស់​អង់គ្លេស។

ភាគហ៊ុន​ចំនួន​៤៩​ភាគរយ​របស់​ក្រុមហ៊ុន ​Agyapa Royalties ​បាន​ត្រូវ​លក់​ទៅឲ្យ​ផ្សារ​ភាគ ហ៊ុន​ក្រុង​ឡុងដ៍។ គំនិត​នៃ​កិច្ចព្រមព្រៀង​នោះ​គឺ​ថា ប្រទេស​ហ្គាណា នឹង​ទទួល​បានសាច់ប្រាក់​សុទ្ធ​នៅពេល​ឥឡូវនេះ​ គឺមិនមែនប្រាក់​ចំណូល​ ចេញពី​ការធ្វើ​អាជីវកម្ម​នៅ​ថ្ងៃ​អនាគត​ទេ។

ក៏ប៉ុន្តែ ​ពលរដ្ឋ​ហ្គាណា​ជាច្រើន ​បាន​រិះគន់​កិច្ចព្រមព្រៀង​នោះ​និង​ពីរបៀបដែល​កិច្ចព្រមព្រៀង​ត្រូវ​បាន​បង្កើត​ ដោយ​បាន​ចោទប្រកាន់​ចំពោះ​រឿង​បក្ខពួក​និយម​ ទំនាស់​ផលប្រយោជន៍​និង​គ្មាន​តម្លាភាព។​

របាយការណ៍​របស់​លោក Amidu បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ«ការដេញ​ថ្លៃ​មិន​សុចរិត»និង​លំហូរ​ហិរញ្ញវត្ថុ​ខុសច្បាប់»។ លោក Amidu បាន​និយាយ​ថា លោក​បាន​លាចេញ​ពី​តំណែង​ពីព្រោះតែ​ លោក​ប្រធានាធិបតី​ Nana Akufo-Addo ​បាន​ព្យាយាម​ជ្រៀតជ្រែក​នៅ​ក្នុង​របាយ ការណ៍​នេះ​ ដែលជា​បញ្ហា​ត្រូវ​ប្រធានាធិបតី​បាន​បដិសេធ។ លោក ​Amidu ​ក៏បាន​និយាយ​ដែរ​ថា ការិយាល័យ​របស់​លោក ​មិនត្រូវ​បាន​គេ​ផ្តល់​ធនធាន​គ្រប់​គ្រាន់​ដល់​លោក​ដើម្បី​ធ្វើ​ការស៊ើប​អង្កេតទេ។ ការ​ចោទ​ប្រកាន់​នេះ​ ក៏ត្រូវ​បាន​ច្រាន​ចោល​ដែរ។​

លោក​ Patrick Stephensonជា​អ្នក​ជំនាញ​ខាង​អភិបាលកិច្ច​ បាន​និយាយ​ថា ​ការលាចេញ​ពី​តំណែង​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ឃើញ​ថា​សមត្ថភាព​រដ្ឋាភិបាល​និង​ទស្សន​ក្តី​មាន​ភាព​ទន់ខ្សោយ ​ចំពោះ​ឆន្ទៈដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។

ថ្វីបើ​មាន​ក្តីសង្ឃឹម​ខ្ពស់​ភ្ជាប់​ទៅនឹង​ការិយាល័យ​ថ្មី​នេះ​នៅ​ឆ្នាំ​២០១៨​ក៏ដោយ ​លោក Stephenson ​បាន​និយាយ​ថា ​ការិយាល័យ​នេះ​ឥឡូវ​នេះ ​បានចូលរួម​ក្នុង​ចំណាត់​ថ្នាក់​បរាជ័យ​ ដូច​ស្ថាប័ន​ផ្សេង​ទៀត​របស់​ហ្គាណា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ដ៏​សំខាន់​នោះ​ផងដែរ។

លោក​ Patrick Stephenson ​បាន​ថ្លែង​ថា៖​

«ការណ៍​នេះ បង្ហាញ​ថា​ហ្គាណា​តាំង​ចិត្តតិចតួចដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ទោះជា​មានការ​បង្កើត​ស្ថាប័ន​បន្ថែម​មែនក្តី។ វា​បង្ហាញ​ថា ហ្គាណា​កំពុង​ធ្វើ​ឲ្យ​អន្តរាយ​ច្បាប់​និង​បទបញ្ញតិ្ត​ ក្នុងពេល​ដែល​បុគ្គល​ទាំងឡាយ​និង​ឥស្សរជន​ជាក់លាក់​ទាំងនេះ​ នៅតែ​ពាក់ព័ន្ធ ​ហើយ​ការណ៍​នេះ​ឆ្លុះ​បញ្ចាំង​ ពីការមិន​គិតគូរ​ចំពោះ​ពលរដ្ឋ​ហ្គាណា​ ទាក់ទង​នឹង​ការតាំងចិត្ត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ ដែល​នេះ​មិន​ត្រឹមតែ​រដ្ឋាភិបាល​នេះ​ទេ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ផ្សេង​ទៀតដែរ​»។

លោក​ស្រី ​Beauty Emefa Narteh ​លេខាធិការ​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​ប្រឆាំង​អំពើ​ពុករលួយ​របស់​ហ្គាណា ​ក៏មាន​ការ​ព្រួយបារម្ភ​អំពី​ការ​លាលែង​ពី​តំណែង​ដែល​នឹង​សំដៅ​ទៅលើ​ឆន្ទៈរបស់​សង្គម​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយនេះដែរ​។ លោក​ស្រី បាន​ថ្លែង​ថា៖​

«ពលរដ្ឋ​នៅពេល​នេះ បាន​ធ្វើ​ការសន្និដ្ឋាន​ថា​ ប្រសិនបើ​ លោក ​Martin Amidu ជា​រដ្ឋអាជ្ញា​ពិសេស​មិន​អាច​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ ​បន្ទាប់​មកថាតើ​អ្វី​នឹងក្លាយ​ជា​គ្រឿង​លើក​ទឹក​ចិត្ត​ឬ​ការជំរុញ​លើក​ទឹកចិត្ត​សម្រាប់​ពលរដ្ឋ​ដែល​ចង់​ចូលរួម​នៅ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នោះឬទេ? ពួកគេ ​នឹង​យល់​ថា​ បញ្ហា​នេះ​មាន​ភាព​ស្មុគ្រស្មាញ ​ពួកគេ​ នឹង​មើល​ឃើញបញ្ហា​នេះ​ថា​ជា​ការគ្រោះថ្នាក់»។

នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ២០១៦​ អំពើ​ពុករលួយ​ជាប្រធានបទ​ដ៏​សំខាន់​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ដោយ​គណបក្ស​NPP ​បាន​ចង្អុល​បង្ហាញ​ដល់​រឿង​អាស្រូវ​និង​ការចោទ​ប្រកាន់​ជា​ច្រើននៅក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី​ John Mahama។ នៅ​ឆ្នាំ​នេះ​ លោក Mahama និង​គណបក្ស​ប្រជាធិបតេយ្យ​ជាតិ​របស់​លោក ​កំពុង​ព្យាយាម​ឲ្យ​បាន​អំណាច​មក​វិញ។ លោក Kobi Annan មកពី​ក្រុម​ផ្តល់​យោបល់​ស្តីពី​ហានិភ័យ Songhai Advisory បាន​និយាយ​ថា ពួក​អ្នក​បោះឆ្នោតត្រូវតែ​ប្រើឱកាស​នេះ​ដើម្បី​ឆ្លុះ​បញ្ចាំង​ប្រវត្តិ​ត្រឹមត្រូវ​របស់​គណបក្ស​ទាំង២។

«ជា​ការពិត​គឺថា ​ពួកគេ ​ពិនិត្យមើល​រដ្ឋបាល​មុនៗ​ហើយ​មើលឃើញ​អ្វី​ដែល​រដ្ឋបាល​ទាំងនោះ​បាន​ធ្វើ​ និង​សម្រេច​ថាតើ​បញ្ហា​នេះ​នឹងមាន​ភាព​ប្រសើរ​ឡើង​ដែរ​ឬទេ។ ​យើង​កំពុង​ស្ថិត​នៅក្នុង​ជំហរ​ពិសេស​មួយ​ ដែល​យើង​អាច​ធ្វើការ​ប្រៀបធៀប​អំពី​ភាព​ផ្ទុយគ្នា​សឹងតែ​ដោយ​ផ្ទាល់​ គឺមាន​ន័យ​ថាយើង​កំពុង​ប្រៀប​ធៀប​ការ​ដឹកនាំ​នៅឆ្នាំ​២០១២ ​ដល់ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៦ ដល់ ​ឆ្នាំ​២០២០»។

លោក Annanរំពឹង​ថា ពួក​អ្នក​បោះឆ្នោត នឹង​សឹងតែ​ប្រាកដ​ថានឹង​បោះឆ្នោត​លើ​បញ្ហា​នានា​ដែលពួកគេ​មើល​ឃើញ​ថា​បាន​ប៉ះពាល់​ពួកគេ​ផ្ទាល់ៗ ​ដូចជា​ការសិក្សា​អប់រំ​និង​ការ​ឆ្លើយតប​ចំពោះ​ជំងឺ​កូវីដ​១៩៕

ប្រែសម្រួល​ដោយ​លោក ​ជឹង ប៉ូជីន

XS
SM
MD
LG