ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​រ៉ែ​មាស​ខ្នាត​តូច​​នៅ​​ស៊ីមបាវ៉េ​ព្រួយ​បារម្ភ​ពី​ការ​វិលត្រឡប់​​វិញ​នៃ​អំពើ​ហិង្សា


រូបឯកសារ៖ កម្មករ​រ៉ែមាស​ម្នាក់​កំពុង​​ធ្វើការ​នៅ​កន្លែង​ជីក​​រ៉ែមាស​​មួយ​នៅ​ភូមិ Mazowe ប្រទេស​ស៊ីមបាវ៉េ ថ្ងៃទី៥ ខែ​មេសា ឆ្នាំ២០១៨។
រូបឯកសារ៖ កម្មករ​រ៉ែមាស​ម្នាក់​កំពុង​​ធ្វើការ​នៅ​កន្លែង​ជីក​​រ៉ែមាស​​មួយ​នៅ​ភូមិ Mazowe ប្រទេស​ស៊ីមបាវ៉េ ថ្ងៃទី៥ ខែ​មេសា ឆ្នាំ២០១៨។

អំពើ​ហិង្សា​ពាក់ព័ន្ធ​នឹង​វិស័យ​រ៉ែមាស​នៅ​ស៊ីមបាវ៉េ​បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់​កាល​ពីឆ្នាំ ២០១៩ និង​នៅ​ដើម​ឆ្នាំ ២០២០។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​ដោះស្រាយវិបត្តិ​អន្តរជាតិ (International Crisis Group)។​

អំពើ​ហិង្សាខាង​លើ​កើត​ចេញ​ពីការ​វាយប្រហារ​គ្នាដណ្តើម​យក​មាស​ក្នុង​ចំណោម​កម្មករ​រ៉ែ ឬ​ក្រុម​ជន​អន្ធពាល​យក​កាំភ្លើង​មក​ភ្ជង់​ប្លន់​កម្មករ​រ៉ែ។

អ្នកស្រី Anouk Rigterink គឺ​ជា​អតីតអ្នកស្រាវជ្រាវនៃអង្គការដោះស្រាយ​វិបត្តិ​អន្តរជាតិ ដែល​បាន​រួម​ចំណែក​ដល់​របាយការណ៍​នេះ។ អ្នកស្រី​និយាយ​ថា ការ​ប្រយុទ្ធ​គ្នា​បាន​បង្ក​ជា​បញ្ហា​ចោទ​សម្រាប់​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​រ៉ែ​មាស​នៅ​ស៊ីមបាវ៉េ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «វាសំខាន់​ផង​ដែរ​នៅ​ក្នុង​ការ​វាយតម្លៃ​ថា​តើ​អំពើ​ហិង្សា​នេះប៉ះពាល់កម្រិត​ណាទៅ​លើការ​ទាក់ទាញ​វិនិយោគិន​ក្នុងរយៈពេល​វែងនៅ​ស៊ីមបាវ៉េ។ អំពើ​ហិង្សា​ធ្វើ​ឲ្យ​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​រ៉ែមាសនៅ​ស៊ីមបាវ៉េ​កាន់​តែ​មាន​ហានិភ័យ។ [ស្ថានភាព]​នេះ​ទាក់ទាញប្រភេទ​វិនិយោគិន​រយៈពេល​ខ្លី គឺ​សម្រាប់​តែអ្នក​ដែល​ចង់​រក​លុយ​បាន​លឿន​តាមរយៈ​ការ​ប្រឡូក​ក្នុងជំនួញ​បែប​បក្ខពួក​និយម។ ប៉ុន្តែ​អ្វី​ដែល​ស៊ីមបាវ៉េ​ត្រូវ​ការ​ពិតបា្រកដ​នោះ​គឺ​ការ​ទទួល​បានអ្នក​វិនិយោគ​កាន់​តែ​ច្រើន រួម​មាន ​អ្នក​វិនិយោគ​មាន​មូលធនរយៈ​ពេល​យូរ​ដែល​ចង់​អភិវឌ្ឍ​វិស័យ​រ៉ែ ហើយ​អំពើ​ហិង្សា​គឺ​មិនល្អ​នោះ​ទេ​សម្រាប់​ការ​វិនិយោគ​បែប​នេះ​ទេ»។

មាស​គឺ​ជា​ធនធាន​រក​ចំណូល​ពី​បរទេស​ធំ​ជាង​គេ​បង្អស់​របស់​ស៊ីមបាវ៉េ។ ហើយ​ប្រទេស​នេះ​សង្ឃឹម​ថា អាជីវកម្ម​រ៉ែមាស​នឹង​ជួយជំរុញ​ដល់​ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ បន្ទាប់​ពី​មាន​ការ​រឹតត្បិត​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។

លោក Felix Muchemwa គឺ​ជា​កម្មករ​រ៉ែ​មួយ​រូបនៅ​តំបន់​ Mazowe ដែល​សម្បូរ​ទៅ​ដោយ​រ៉ែមាស ចម្ងាយ​ប្រហែល ៤០ ​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​រដ្ឋធានី​ហារ៉ារ៉េ។ លោក​និយាយ​ថា ពេល​ខ្លះ ក្រុម​ជន​អន្ធពាលប្រដាប់កាំបិត​ផ្គាក់ចូល​មក​វាយប្រហារ​លើ​កម្មករ​រ៉ែមាស។

លោក​ថ្លែង​ថា៖​ «ពេល​ខ្លះ​នៅ​ពេល​ពួកវា​មក​ យើង​រត់។ ប៉ុន្តែ​ប្រសិន​បើ​ជា​ពួកវា​លួច​វាយ​ប្រហារ​ពេល​យប់​វិញ យើង​ប្រាកដ​ជាជួប​បញ្ហា​ហើយ​។ តែប្រសិន​បើ​យើង​មាន​អារម្មណ៍​ថា វា​ជ្រុល​ពេក យើង​ប្រមូល​គ្នា ហើយ​វាយ​តប​ទៅ​វិញ។ ពួកវា​អាច​រត់​ទៅ​វិញ ឬ​យក​ឈ្នះ​ពួកយើង។ ការ​រែងមាស​គឺ​ ការ​ព្យាយាម​រក​លុយ​ដើម្បី​បំពេញ​ជីវភាព​គ្រួសាររបស់​ពួកយើង»។

លោក Kazembe Kazembe រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃស៊ីមបាវ៉េ ទទួល​បន្ទុក​ផ្នែក​នគរបាល និយាយ​ថា រដ្ឋាភិបាលមិន​អត់ឱន​ចំពោះ​ភាព​វឹកវរ​នៅ​ក្នុង​វិស័យ​រ៉ែមាស​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ប្រសិន​បើ​មាន​រឿង​កើត​ឡើង​ដូច្នេះ យើង​មាន​ការ​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​ដើម្បី​ដោះស្រាយ​ ដូច​ដែល​យើង​បាន​ធ្វើ​កាល​ពី​គ្រា​មុន។ ប៉ុន្តែ​យើង​មិន​រំពឹង​ថា នឹង​មានសកម្មភាពខុស​ច្បាប់​បែប​នោះនោះ​ទេ។ យើង​ស្នើ​ឲ្យ​កម្មករ​រ៉ែមាស​គោរព​ច្បាប់ និង​ធ្វើ​អ្វី​ដែល​ស្រប​ច្បាប់»។

អំពើ​ហិង្សា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នា​ឆ្នាំ​នេះ ចាប់តាំង​ពី​ពេល​មាន​ការ​រឹតត្បិត​ដោយសារជំងឺ​កូវីដ១៩ រួច​មក។ ហើយ​អំពើ​ហិង្សា​មិនទាន់​វិលត្រឡប់​មក​វិញ​នោះ​ទេ បើ​ទោះបី​ជា​មាន​ការ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​សន្សឹមៗ​ក៏ដោយ​ចាប់តាំង​ពី​ខែ​សីហា​មក។

​អង្គការ​ដោះស្រាយ​វិបត្តិ​អន្តរជាតិ​ និយាយ​ថា ប្រសិន​បើ​រដ្ឋាភិបាលស៊ីមបាវ៉េ​ចង់​បន្តរក្សា​ស្ថានភាព​ស្ងប់ស្ងាត់​ដូច​នេះ ហើយកាត់​បន្ថយ​ការ​លួចប្លន់​ក្នុង​វិស័យ​រ៉ែមាស​ ដែលបាន​ធ្វើ​ឲ្យ​ប្រទេស​ខាតបង់​ប្រាក់ចំណូល​យ៉ាង​ច្រើន រដ្ឋាភិបាលស៊ីមបាវ៉េ​ត្រូវ​ផ្តល់ការ​ទទួល​ស្គាល់​ផ្លូវ​ច្បាប់​ដល់​សហរណ៍​វិស័យ​រ៉ែ និង​បង់ថ្លៃ​ឲ្យ​បាន​សមស្រប​ទៅ​ឲ្យ​កម្មករ​រ៉ែ​មាស​តាម​អត្រា​ថ្លៃ​ឈ្នួល​នៅ​លើ​សាកលលោក។

អង្គការ​នេះបន្តថា ធ្វើ​បែប​នេះ​ ធនធាន​មាស​របស់ស៊ីមបាវ៉េ​អាច​ជួយ​ជំរុញដល់​សេដ្ឋកិច្ច​ដ៏​ទន់ខ្សោយ​របស់​ប្រទេស​នេះ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG