ខណៈពេលដែលការស៊ើបអង្កេតទៅលើការស្លាប់របស់ Sandra Bland អាយុ២៨ឆ្នាំ នៅក្នុងបន្ទប់ឃុំឃាំងកំពុងតែបន្តក្នុងសង្កាត់ Waller នៃរដ្ឋ Texas សាច់ញាតិ មិត្តភក្តិ និងសកម្មជនសិទ្ធិពលរដ្ឋនៃជនជាតិអាមេរិកស្បែកខ្មៅ នៅតែបង្ហាញការសង្ស័យអំពីការសម្រេចជាផ្លូវការដែលបញ្ជាក់ថា នាងបានបញ្ចប់ជីវិតរបស់នាងដោយខ្លួនឯង។ ក៏ប៉ុន្តែ ស្ថិតិនៅទូទាំងប្រទេសបានបង្ហាញឲ្យឃើញថា សោកនាដកម្មបែបនេះមិនមែនជារឿងខុសប្លែកពីធម្មតានោះទេ។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ការធ្វើអត្តឃាតទំនងជាកើតឡើងនៅក្នុងគុកតាមស្រុកច្រើនជាងពីរដងនៃការធ្វើអត្តឃាតនៅពន្ធនាគារឬនៅក្នុងចំណោមប្រជាជនទូទៅ។ គុកគឺជាកន្លែងដែលជនជាប់ចោទទទួលបានការណែនាំអំពីប្រព័ន្ធតុលាការព្រហ្មទណ្ឌ ចំណែកឯពន្ធនាគារគឺសម្រាប់ឃុំឃំាងអ្នកដែលមានពេលវេលាច្រើនត្រូវសម្របទៅនឹងជីវិតនៅពីក្រោយចម្រឹងដែក។
លោក Tom Ellis អ្នកចិត្តសាស្ត្រនិងជាអ្នកជំនាញផ្នែកអត្តឃាតនៅគ្លីនិក Menninger ដ៏ល្បីល្បាញលើពិភពលោកមានមូលដ្ឋាននៅទីក្រុង Houston បាននិយាយថា ការដែលត្រូវបានដាក់ឲ្យនៅក្នុងគុក គឺជារឿងដ៏គួរឲ្យរន្ធត់មួយ។
«ស្ថានភាពមួយដែលអាចជាបញ្ហាប្រឈមមួយចំពោះបុគ្គលម្នាក់ ឬជាប្រភពនៃទុក្ខលំបាកមួយ អាចជាមហន្តរាយមួយសម្រាប់មនុស្សម្នាក់ផ្សេងទៀត»។
លោកបានបន្តថា មនុស្សដែលជាប់នៅក្នុងគុកត្រូវបានកាត់ផ្តាច់យ៉ាងឆាប់រហ័សចេញពីពិភពលោក ដែលពួកគេបានស្គាល់។ ការគិតនិងអារម្មណ៍អវិជ្ជមានអាចកើតមានច្រើនលើសលប់។
«អារម្មណ៍របស់មនុស្សពេលនៅតែម្នាក់ឯងក្នុងពិភពទុក្ខវេទនានិងការឈឺចាប់ និងស្ថានភាពពេលនោះ គឺពិតជាបានជំរុញដ៏ខ្លាំងក្លាឲ្យមានការចង់ធ្វើអត្តឃាត»។
លោក Ellis បានលើកឡើងថា ការបង្ខាំងឲ្យនៅដាច់ដោយឡែក អាចនាំឲ្យមានការគិតដល់ការធ្វើអត្តឃាត។ ឆ្មាំគុកបានដាក់នាង Sandra Bland នៅក្នុងបន្ទប់ឃុំឃាំងតែម្នាក់ឯង និងបានទៅពិនិត្យមើលនាងជាទៀងទាត់។ ប៉ុន្តែ លោកបាននិយាយថា នៅពេលដែលគេយល់ឃើញថា អ្នកណាម្នាក់កំពុងប្រឈមមុខនឹងការធ្វើអត្តឃាតនោះ ការត្រួតពិនិត្យយ៉ាងខ្ជាប់ខ្ជួនអាចជាការចាំបាច់។ ប៉ុន្តែធ្វើដូច្នេះ អាចធ្វើឲ្យប៉ះពាល់ដល់ធនធានរបស់គុកតូចៗនៅតាមមូលដ្ឋាន។
ឆ្មាំគុកបានឲ្យនាង Sandra Bland បំពេញលិខិតវាយតម្លៃសុខភាពនៅពេលដែលនាងត្រូវបានដាក់ក្នុងបន្ទប់ឃុំឃាំងកាលពីថ្ងៃទី១០ខែកក្កដា។ នៅលើលិខិតនោះ នាងបានបញ្ជាក់ថា នាងបានព្យាយាមសម្លាប់ខ្លួនម្តងរួចមកហើយកាលពីមុន។ នាងក៏បានបង្ហាញឲ្យដឹងដែរថា នាងបានទទួលរងគ្រោះពីជំងឺស្កន់ ឬឆ្កួតជ្រូកផងដែរ។
លោកបណ្ឌិត Nathan Foundtain សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Virginia ដែលជាប្រធានក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់មូលនិធិជំងឺស្កន់ បានមានប្រសាសន៍ថា អ្នកដែលមានជំងឺនេះ មានអត្រានៃការធ្លាក់ទឹកចិត្តខ្ពស់ជាងមនុស្សភាគច្រើនផ្សេងទៀតនៅក្នុងចំណោមប្រជាជនទូទៅ។
លោកបានបន្តថា ជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់សម្លាប់ខ្លួន ងាយនឹងមើលឃើញកាន់តែច្បាស់ចំពោះអ្នកជំងឺដែលមានភាពស្មុគស្មាញក្នុងលក្ខណៈជាក់លាក់ណាមួយ។
«ជំងឺស្កន់ឬឆ្កួតជ្រូកមានស្ថានភាព និងលក្ខណៈមួយចំនួន ដែលមានជាប់ទាក់ទងខ្លាំងទៅនឹងជំងឺធ្លាក់ទឹកចិត្តជាជាងជំងឺផ្សេងទៀត ដោយសារលក្ខណៈទាំងនោះជាប់ពាក់ព័ន្ធនឹងផ្នែកមួយនៃខួរក្បាលដែលបណ្តាលឲ្យធ្លាក់ទឹកចិត្តនោះ»។
លោកបណ្ឌិត Fountain បាននិយាយថា ថ្នាំដែលត្រូវបានប្រើដើម្បីការពារកុំឲ្យកើតជំងឺស្កន់ ទំនងជាមិនបណ្តាលឲ្យកើតជំងឺធ្លាក់ទឹកចិត្តទេ ហើយថ្មាំនេះគួរតែចែកឲ្យអ្នកទោសប្រើប្រាស់។
នៅពេលនេះ មានការស៊ើបអង្កេតពីរដាច់ដោយឡែកពីគ្នាទៅលើអ្វីដែលកើតឡើងចំពោះនាង Bland ក៏ប៉ុន្តែ ទោះបីជាទីបំផុត មានការបញ្ជាក់ថា ការធ្វើអត្តឃាតគឺជាមូលហេតុនៃការស្លាប់របស់នាងឬយ៉ាងណានោះ ក៏កាលៈទេសៈនៃការចាប់ខ្លួននិងការបង្ខាំងនាង អាចធ្វើឲ្យនាងស្ថិតក្នុងភាពគ្រោះថ្នាក់ដែលឈានទៅដល់ការសម្លាប់ខ្លួនឯង៕
ប្រែសម្រួលដោយ ហង្ស វុទ្ធិកា