ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​ដាក់​ចេញ​ផែន​ការ​ដើម្បី​ពន្លឿន​ការ​ឆ្លើយ​តប​សង្រ្គោះ​បន្ទាន់​ផ្នែក​សុខភាព


ឈាម​របស់​អ្នក​នៅ​រស់​បន្ទាប់​ពី​ឆ្លង​ជំងឺ​អេបូឡា​ត្រូវ​បាន​គេ​បូម​ដើម្បី​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ជំងឺ​នេះ​ នៅ​ឯ​មន្ទីរពេទ្យ​ Liberia's John F. Kennedy នៅ​ក្នុង​ក្រុង​ម៉ុងរ៉ូវីយ៉ា (Monrovia) ប្រទេស​លីបេរីយ៉ា កាលពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥។
ឈាម​របស់​អ្នក​នៅ​រស់​បន្ទាប់​ពី​ឆ្លង​ជំងឺ​អេបូឡា​ត្រូវ​បាន​គេ​បូម​ដើម្បី​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ជំងឺ​នេះ​ នៅ​ឯ​មន្ទីរពេទ្យ​ Liberia's John F. Kennedy នៅ​ក្នុង​ក្រុង​ម៉ុងរ៉ូវីយ៉ា (Monrovia) ប្រទេស​លីបេរីយ៉ា កាលពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥។

អង្គការ​សុខភាព​ពិភព​លោក​បាន​លើក​ឡើង​ថា ​ខ្លួន​កំពុងធ្វើ​ផែនការ​កំណែ​ទម្រង់​លើ​សមត្ថភាព​របស់​អង្គការ​នេះ​ដើម្បីឆ្លើយតប​ឲ្យ​បាន​ឆាប់រហ័ស ​និង​មាន​ប្រសិទ្ធិភាព​ចំពោះ​ការសង្គ្រោះ​បន្ទាន់​ផ្នែក​សុខភាព​អន្តរជាតិ។

ការ​ធ្វើ​កំណែ​ទម្រង់​ទាំង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រង​ការ​រិះគន់​នៅ​ទូទាំង​ពិភព​លោក​អំពី​ការ​ឆ្លើយ​តប​យឺតយ៉ាវ​របស់​អង្គការ​សុខភាព​ពិភពលោក​ចំពោះ​ជំងឺ​អេបូឡា​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច។

លោក​ស្រី​ Margaret​ Chan​ អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក​មិន​បាន​ប្រកាស​ថា ជំងឺ​អេបូឡាជា​បញ្ហា​អាសន្ន​ផ្នែក​សុខភាព​សាធារណៈ​អន្តរ​ជាតិ​ឡើយ​ រហូត​ដល់​ថ្ងៃ​ទី​៨​ ខែ​សីហា​ ឆ្នាំ​២០១៤​ ដែល​នេះ​មាន​រយៈពេល​ជាង​បួន​ខែ​ បន្ទាប់​ពី​ប្រទេស​ហ្គីណេ​ (Guinea) បាន​ប្រកាស​ថា​ ជំងឺ​អេបូឡា ​ជា​បញ្ហា​អាសន្ន​ផ្នែក​សុខភាព​ជាតិ។ មេរោគ​ដ៏​ប្រល័យ​នេះ​បាន​រីក​រាលដាល​ទៅ​ដល់​ប្រទេស​សៀរ៉ាឡែអូន​ (Sierra Leone)​ និង​ប្រទេស​លីបេរីយ៉ា​ (Liberia)​ ហើយ​បាន​សម្លាប់​មនុស្ស​ជិត​១.០០០នាក់​រួច​ទៅ​ហើយ​នៅ​ក្នុង​តំបន់​នេះ​ នៅ​ពេល​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​ឆ្លើយតប​នឹង​បញ្ហា​នេះ។

លោកស្រី​បណ្ឌិត​ Chan​ បាន​ឲ្យ​ដឹង​ថា​ អង្គការ​សុខភាព​ពិភពលោក​នឹង​អនុវត្ត​កំណែ​ទម្រង់​ នៅ​ក្នុង​វិស័យ​សំខាន់​ចំនួន​ប្រាំមួយ។

«ជាដំបូង ​យើង​ត្រូវ​បង្កើត​ឡើង​កម្មវិធី​រួម​គ្នា​មួយដើម្បី​សង្គ្រោះ​បន្ទាន់​ ហើយ​យើងកំពុង​ព្យាយាម​អនុវត្ត​ឲ្យបាន​លឿន​ជាង​មុន​នៅ​ក្នុង​អង្គការ​ជាមុន​សិន​ ដូចជា​នីតិវិធី​ផ្ទៃ​ក្នុង​សម្រាប់​ការ​ផ្គត់ផ្គង់​ដែល​មាន​លក្ខណៈ​ងាយ​ស្រួល​ច្រើន​ជាងមុន​ ការ​ការ​ដាក់​ពង្រាយ​បុគ្គលិក​ និង​ការ​គ្រប់គ្រង​ធនធាន​ជា​សកល​របស់​យើង​ដើម្បី​ពន្លឿន​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​សង្គ្រោះ​បន្ទាន់​ណា​មួយ។ យើង​បាន​ឃើញ​លទ្ធផល​ដែល​មាន​ភាព​ល្អ​ប្រសើរនៃ​ការ​ឆ្លើយតប​របស់​យើង​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​ និង​ការ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​យេម៉ែន​ នេប៉ាល់​ និង​សាធារណ​រដ្ឋ​កូរ៉េ»។

អង្គការ​សុខភាព​ពិភពលោក​បាន​បន្ថែម​ថា​ ខ្លូន​ក៏​មាន​ផែនការជួយ​បង្កើត​ប្រព័ន្ធ​ការពារ​សុខភាព​ដ៏​រឹងមាំ​ដែល​ធន់​នឹង​ការ​រងគ្រោះ​ផង​ដែរ។ អង្គការ​នេះនឹង​បង្កើត​កងកម្លាំង​ការងារ​សង្គ្រោះ​បន្ទាន់​ផ្នែក​សុខភាព​សកល​ ដែល​អាច​ឆ្លើយតប​យ៉ាង​ឆាប់​រហ័ស​ទៅ​នឹង​បញ្ហា​អាសន្ន​ផ្នែក​សុខភាព​អន្តរជាតិ​ផ្សេងៗ។

លោកស្រី​បណ្ឌិត​ Chan​ បាន​មាន​ប្រសាសន៍​ថា​ ចំណុច​ទី​បួន​នៃ​ការងារ​របស់​អង្គការ​អ្នកស្រី​មាន​គោល​បំណង​ពង្រឹង​ការ​អនុវត្ត​បទ​ប្បញ្ញត្តិ​សុខភាព​អន្តរជាតិ។

«ខ្ញុំ​ចង់​មាន​ន័យ​ថា​ យើង​ត្រូវ​ការ​បង្កើត​យន្តការ​មួយ​ដើម្បីជូន​ដំណឹង​ជា​មុន​ឲ្យ​បាន​ឆាប់​រហ័ស​អំពី​ភាព​អាសន្ន​ និង​កំណត់​យន្តការ​ណា​មួយ។ ខ្ញុំ​ចង់​បាន​ន័យ​ថា​តើ​យើង​អាច​មាន​វិធី​បង្កើត​យន្តការ​មួយ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​បណ្តា​ប្រទេស​ទាំង​អស់រាយការណ៍​ការ​ផ្ទុះ​ឡើង​នៃជំងឺ​នោះ​ឲ្យ​បាន​ឆាប់​រហ័ស​ដែរ​ឬ​ទេ»។

លោកស្រី​បណ្ឌិត​ Chan​ បាន​ឲ្យ​ដឹង​ថា​ អង្គការ​សុខភាព​ពិភព​លោក​នឹង​បន្ត​ការ​ស្រាវជ្រាវ ​និង​ផលិត​វ៉ាក់សាំងបង្ការ​ និង​ការ​ព្យាបាល​ជំងឺ​ដែល​កំពុង​កើត​មាន​នា​ពេល​បច្ចុប្បន្ន​ និង​ជំងឺ​ដែល​នឹងលេច​ឡើង​នា​ពេល​អនាគត។

លោកស្រី​បាន​យល់​ស្រប​ថា​ ការ​អនុវត្ត​កំណែ​ទម្រង់​ទាំង​នេះ​នឹង​ត្រូវ​ការ​ចំណាយ​យ៉ាង​ច្រើន។ ប៉ុន្តែ​លោក​ស្រី​បាន​បញ្ជាក់​ថា​ លោក​ស្រី​មាន​ទំនុក​ចិត្ត​ជា​ខ្លាំង​ថា​ នឹង​មាន​ថវិកា​សម្រាប់​ផែន​ការ​នេះ​យ៉ាង​ពិត​ប្រាកដ៕

ប្រែសម្រួល​ដោយ​ ហង្ស វុទ្ធិកា

XS
SM
MD
LG