ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

WHO៖ មនុស្ស​រាប់​លាន​នាក់​ដែល​មាន​ជំងឺ​ផ្លូវចិត្ត​ទទួល​បាន​ការ​ព្យាបាល​តិចតួច​ឬគ្មាន​សោះ

  • Lisa Schlein

មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​៤​នាក់​នៅ​ទូទាំង​ពិភព​លោក​ទទួល​រងជំងឺ​ផ្លូវ​ចិត្ត​នៅ​ដំណាក់​កាល​ណា​មួយ​នៃ​ជីវិតរបស់​គេ។ ក៏ប៉ុន្តែ​ មនុស្ស​បីនាក់​​ក្នុងចំណោម​មនុស្ស​៤​នាក់​ដែលមាន​​ជំងឺ​ផ្លូវចិត្តធ្ងន់ធ្ងរ​មិន​ទទួល​បាន​ការ​ព្យាបាលទេ។

អង្គការ​សុខភាព​ពិភពលោក​បាន​រាយការណ៍​ថា មាន​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភព​លោកដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត បាន​ទទួល​ការ​ព្យាបាល​តិចតួច ឬ មិន​បាន​ទទួល​សោះ។ ផែនទី​បង្ហាញ​ទិន្នន័យផ្សេង​ដែល​ទាក់ទង​នឹង​អ្នកមាន​ជំងឺ​ផ្លូវចិត្ត Mental Health Atlas ២០១៤ របស់​អង្គការ​សុខភាព​ពិភពលោក​បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​មាន​ចំនួន​ស្មើ​នឹង​១០​ភាគរយ​នៃ​បញ្ហា​សុខភាព​ដែល​ជា​បន្ទុក​របស់​ពិភពលោក។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ មាន​អ្នកជំងឺ​ចំនួន​តែ​១​ភាគ​រយ​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​និង​ធនធាន​មនុស្ស​ដែល​ពួក​គេ​ត្រូវ​ការ។​

ផែនទី​បង្ហាញ​ទិន្នន័យ ​The Atlas​ គឺជា​ការ​ពិនិត្យយ៉ាង​ដិត​ដល់​ទៅ​លើ​ស្ថានភាព​ជំងឺ​ផ្លូវចិត្ត​នៅ​ជុំវិញ​ពិភពលោក។ ផែនទី​បង្ហាញ​ទិន្នន័យ​នេះ​ធ្វើ​ឡើង​នៅក្នុង​ប្រទេស​ចំនួន​១៧១ ​ដែល​តំណាង​ឲ្យ៩៥​ភាគរយ​នៃ​ចំនួន​ប្រជាជននៅ​លើ​ពិភពលោក។

របាយការណ៍​រក​ឃើញ​ថា នៅ​គ្រប់​ប្រទេស គ្រប់​តំបន់ ក្រុមវ័យ និង​គ្រប់​ស្រទាប់​វណ្ណៈ​នៅ​ក្នុង​សង្គម​រងទុក្ខ​យ៉ាងខ្លាំង​ដោយសារ​ជំងឺ​ផ្លូវចិត្ត។ ប៉ុន្ដែ ​របាយការណ៍​នេះ​បាន​បង្ហាញ​ថា ការ​ចំណាយ​របស់​ពិភពលោក​ទៅ​លើ​បញ្ហា​សុខភាព​ផ្លូវចិត្ត​មាន​កម្រិត​ទាប​ខ្លាំង​ណាស់​ហើយ​បញ្ហា​នេះ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​គិលានុបដ្ឋាយិកា​និង​អ្នក​ជំនាញ​ផ្នែក​ថែទាំ​សុខភាព​ផ្សេង​ទៀត​ចំនួន​តិច​តួច​បំផុត។

របាយការណ៍​បាន​បង្ហាញ​ថា ការ​ថែ​ទាំ​សុខភាព​ផ្លូវ​ចិត្តនៅ​ទូទាំង​ពិភពលោក​រវាង​ប្រទេស​អ្នក​មាន​និង​ប្រទេស​អ្នក​ក្រ​មាន​គម្លាត​ខុស​គ្នា​យ៉ាង​ខ្លាំង។ របាយ​ការណ៍​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា​ សមាមាត្រ​នៃ​អ្នក​ដែល​ផ្តល់​សេវា​ថែ​ទាំសុខភាព​ផ្លូវចិត្ត​នៅ​ក្នុង​ប្រទេល​ដែល​មាន​ចំណូល​ទាប​និង​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​គឺ​មាន​តែ​ម្នាក់​បុណ្ណោះ​ក្នុង​ចំណោម​មនុស្ស​១សែន​នាក់​បើ​ប្រៀប​ធៀប​ទៅ​នឹងប្រទេស​ដែលមាន​ប្រាក់​ចំណូល​ខ្ពស់​គឺ​ម្នាក់​ក្នុង​ចំណោម​មនុស្ស​២.០០០នាក់។

ការ​ចំណាយ​របស់​សកល​លោក​លើ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ក៏​មាន​កម្រិត​ទាប​ខ្លាំង​ណាស់​ដែរ។ របាយការណ៍​នេះ​បាន​កត់​សម្គាល់​ថា ប្រទេស​ក្រីក្រ​ចំណាយ​ប្រាក់​តិច​ជាង​ 2 ដុល្លារ​ទៅ​លើ​មនុស្ស​ម្នាក់​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​សុខភាព​ផ្លូវចិត្ត ​បើ​ប្រៀបធៀប​ទៅ​នឹងប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ ​ដែល​ចំណាយ​ជាង​៥០ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់។

លោក Shekhar Saxena ​នាយក​ផ្នែក​សុខភាព​ផ្លូវចិត្ត​និង​ការប្រើ​ប្រាស់​គ្រឿងញៀន​នៃ​អង្គការ​ WHO​ បាន​ប្រាប់ ​VOA​ ថា​ មានសហគមន៍​និង​ប្រទេស​ជា​ច្រើន ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​គ្រប់គ្រាន់​ទៅលើ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ពីព្រោះ​តែពួក​គេ​មាន​ការ​រើស​អើង។ លោក​បាន​និយាយ​ថា មនុស្ស​ដែល​និយាយ​អំពី​បញ្ហា​នេះ​មាន​ចំនួន​តិច​ដោយ​សារ​តែ​ពួក​គេភ័យ​ខ្លាច​ពីការ​បាត់​បង់​ឋានៈ​នៅ​ក្នុង​សង្គម បាត់បង់​ការងារ​និង​ទំនាក់​ទំនង​របស់​ពួកគេ។

«មាន​ការ​យល់​ខុស​ថា ​នៅ​ពេល​ដែល​មនុស្ស​ម្នាក់​មាន​ជំងឺ​ផ្លូវ​ចិត្ត​ បុគ្គល​នោះ​នឹង​នៅ​តែ​មាន​ជំងឺផ្លូវចិត្ត​ជា​រៀង​រហូត​ហើយ​មិន​មាន​អ្វី​អាច​ជួយ​ពួក​គេ​បាន​នោះ​ទេ​ ដែល​ការ​យល់​ឃើញ​នេះ​ខុស​ពី​ការពិត។ ឯកសារ​របស់​អង្គការ​ WHO ​បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​ពិត​ដែល​ថា​ ភាគ​ច្រើន​នៃ​ជំងឺ​ផ្លូវចិត្ត​អាច​ព្យាបាល​បាន។ អ្នក​ជំងឺ​អាច​ជា​សះ​ស្បើយ​ទាំង​ស្រុង​រឺ​ធូរស្រាល​ហើយ​អាច​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​ អាច​ទទួល​ខុស​ត្រូវ​លើ​តួ​នាទី​ប្រចាំ​ថ្ងៃ​និង​អាច​ដំណើរ​ការ​បាន​ជា​ទី​គាប់​ចិត្ត»។

តួលេខ​ពីផែនទី​ទិន្នន័យ ​Atlas ​បាន​បង្ហាញ​ថា​ មាន​មនុស្ស​៩សែន​នាក់ ធ្វើ​អត្តឃាត​ជា​រៀងរាល់​ឆ្នាំ។ របាយ​ការណ៍​បន្ត​ថា​ ការ​ធ្វើ​អត្តឃាត​គឺជា​មូលហេតុ​ទូទៅ​បំផុត​ទីពីរ​នៃ​ការ​ស្លាប់ក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង។ របាយការណ៍​បាន​រក​ឃើញ​ថា មនុស្ស​បី​នាក់​ក្នុង​ចំណោម​មនុស្ស​បួន​នាក់​ដែល​មាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​មិនបាន​ទទួល​ការ​ព្យាបាល​ទេ ហើយ​អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​ទទួល​រង​ការ​រំលោភ​បំពាន​ខាង​ផ្នែក​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

អង្គការ ​WHO​ បាន​បង្ហាញ​ថា ការព្យាបាល​អ្នក​ដែល​មាន​ជំងឺ​ផ្លូវចិត្ត​នៅ​ក្នុង​សហគមន៍​គឺ​ប្រសើរ​ជាង​ការព្យាបាល​ពួកគេ​នៅ​ក្នុង​មន្ទីរពេទ្យ​ផ្លូវចិត្ត។ ជា​អកុសល របាយការណ៍​ក៏​បាន​កត់​សម្គាល់​ផងដែរ​ថា​ ការចំណាយ​ភាគ​ច្រើន​ដែល​មាន​ចំនួន​ដល់​ទៅ​៨២​ភាគរយ ត្រូវ​បាន​ចំណាយ​ទៅ​លើ​មន្ទីរពេទ្យ​ផ្លូវចិត្ត​ដែល​ព្យាបាល​អ្នកជំងឺ​បានតែ​មួយ​ភាគ​តូច​ប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ការ​ការ​ថែទាំ៕

ប្រែសម្រួល​ដោយ​ ផន​ បុប្ផា

XS
SM
MD
LG