សាស្រ្តាចារ្យកំពុងសាកល្បងបង្រៀនមេរៀនគំនូសតាងធាតុផ្សំមូលីគុល DNA ដោយគូសតាងលើក្តារខៀនតាមប្រព័ន្ធអ៊ីនធឺណិត។
ប៉ុន្តែរូបភាពដែលនិស្សិតមើលឃើញបែរទៅជាឃើញកូនរបស់សាស្រ្តាចារ្យនោះដែលទើបចេះដើរមកដណ្តើមឆក់យកហ្វឺត និងក្តារខៀនទៅវិញ។
និស្សិតឈ្មោះ Moazam Haider ដែលចូលចិត្តកំប្លែងមុខស្ងួតរៀននៅសាកលវិទ្យាល័យRiphah International University ក្នុងរដ្ឋ Faisalabad ប្រទេសបាគីស្ថាន សរសេរក្នុងបណ្តាញសង្គម Twitter ថា«ឱ្យពួកយើងរៀនតាមប្រព័ន្ធអ៊ីនធឺណិតម្តេចកើត»ដោយភ្ជាប់ចុងឃ្លាជាមួយសញ្ញាទ្រុងជ្រូក ឬ Hashtag ថា «យើងចង់សម្រាកវិស្សមកាល» (#We_Want_Semester_Break )។
វាមិនទាស់ខុសអ្វីទេដែលនិយាយត្រឹមពាក្យប៉ុននេះ សមតែលើសពីនេះ ឬកាន់តែលើសឆ្ងាយជាងនេះផង និស្សិតមិនទទួលយកការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតទេនៅពេលដែលការសិក្សារៀនសូត្រធម្មតានៅតាមបន្ទប់រៀនក្នុងសាកលវិទ្យាល័យផ្អាកដោយសារជំងឺ COVID-19 រាតត្បាតនោះ។
និស្សិតម្នាក់ទៀតឈ្មោះ Shahzaib Rizvi សិក្សាជំនាញវិស្វកម្មអេឡិចត្រូនិក នៃសាកលវិទ្យាល័យIndus University Karachi បង្ហោះរូបថតស្ពានសង់លើផ្ទៃទឹកដែលផ្នែកសងខាងស្ពានសល់គម្លាត២-៣ម៉ែត្រទៀតទើបបានជាប់គ្នា។
ផ្នែកសងខាងស្ពាននេះ មិនភ្ជាប់ស៊ីគ្នាទេ។
និស្សិត Rizvi សរសេរជាឃ្លាកំប្លែងសើចលើរូបស្ពាននេះថា ការគណនារបស់ខ្ញុំចូលត្រឡោកហើយ។ និស្សិតនេះ ក៏បានបន្ថែមខាងចុងឃ្លាជាមួយនឹងសញ្ញាទ្រុងជ្រូកឬ Hashtagថា «យើងបដិសេធការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត យើងចង់សម្រាកវិស្សមកាល» (#WeRejectOnlineClasses #We_Want_Semester_Break)។
តាមរយៈសារវីដេអូឆ្លើយតបនឹងការតវ៉ារបស់និស្សិត លោក Hassan Muhammad Khan អធិការបតីនៃសាកលវិទ្យាល័យ Riphah International University ប្រទេសបាគីស្ថាន បកស្រាយថា៖ «ការប្តូរទៅសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត មិនងាយស្រួលឡើយ លើកលែងតែដេប៉ាតឺម៉ង់បច្ចេកវិទ្យាព័ត៌មាននៃសាកលវិទ្យាល័យដែលនៅដំណើរការមានប្រសិទ្ធភាពល្អ គុណភាពនៃការអប់រំក៏ពុំថយចុះដែរ បើទោះជាក្នុងអំឡុងពេលផ្ទុះជំងឺនេះក៏ដោយ។ ប៉ុន្តែពេលរឿងខ្លះយើងត្រូវតែកែសម្រួលតាមដំណើរ គឺធ្វើដូចគេដូចឯងដែរ»។
និស្សិតមួយចំនួនទទូចឱ្យសាកលវិទ្យាល័យបិទថ្នាក់សិក្សាតាមប្រព័ន្ធអ៊ីនធឺណិត និងព្យួរឆមាសសិក្សានេះ រហូតដល់ស្ថានការណ៍ប្រសើរឡើងវិញ។ និស្សិតទាំងនោះ តួយ៉ាងនិស្សិតឈ្មោះ Logan Stafford សុខចិត្តធ្លាក់ បើមានសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត។ អីចឹងហើយ គាត់បានបង្ហោះសារបន្ថែមចុងឃ្លានឹងសញ្ញាទ្រុងជ្រូកឬ Hashtag ថា «យើងចង់សម្រាកវិស្សមកាល» (#WeWantSemesterBreak) ហើយនិស្សិតផ្សេងៗទៀតក៏ពេញចិត្តនឹងឃ្លាហ្នឹងដែរ។
«ការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត មិនមែនជាតម្រូវការសម្រាប់ការអប់រំរបស់ពួកយើងទេ» នេះជាពាក្យត្អូញត្អែររបស់និស្សិតឈ្មោះ Stafford រៀនឆ្នាំទី២ជំនាញគ្រប់គ្រងធុរកិច្ច នៃសាកលវិទ្យាល័យ University of Memphis ក្នុងរដ្ឋ Tennessee សហរដ្ឋអាមេរិក។
និស្សិតរូបនេះ បន្ថែមថា៖ «សូមបួងសួងដល់មិត្តរួមថ្នាក់ដែលធ្លាក់។ ពេលនេះ យើងកំពុងបង្ហាត់បង្រៀនខ្លួនឯងនូវអ្វីដែលពួកយើងមិនធ្លាប់ដឹង»។
កាលពីពាក់កណ្តាលខែមីនា តាមរយៈការស្ទង់មតិនិស្សិតជាង២.៥០០នាក់ធ្វើឡើងដោយក្រុមប្រឹក្សាជាន់ខ្ពស់និស្សិតនៃមហាវិទ្យាល័យMalayan Colleges Laguna (@MCLkamalayan ប្រទេសហ្វីលីពីន បង្ហាញថា និស្សិតជិត៦០ភាគរយដែលសិក្សាតាមប្រព័ន្ធអ៊ីធឺណិត យល់ឃើញថា ពួកគេមិនមានអារម្មណ៍ជឿជាក់បន្តការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតឡើយ។
និស្សិត១៥ភាគរយ និយាយថាពួកគេ "មិនមានសម្ភារឧបករណ៍គ្រប់គ្រាន់” និងជាង១២ភាគរយ និយាយថា ពួកគេ "មានការលំបាកក្នុងស្ថានភាពការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត”។
មាននិស្សិតត្រឹមតែ៦,៨១ភាគរយប៉ុណ្ណោះ ឆ្លើយថា "មិនមានបញ្ហាអ្វីឡើយ"។
និស្សិតដែលចូលរួមក្នុងការស្ទង់មតិ ព្យាយាមបញ្ចុះបញ្ចូលបុគ្គលិកផ្នែករដ្ឋបាលសាកលវិទ្យាល័យ ដោយអះអាងថាការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតគួរតែនឹងត្រូវព្យូរសិន រង់ចាំពេលមានការរៀបចំត្រីមាសសិក្សា និងគោលការណ៍ណែនាំមេរៀនថ្មីផ្សេងៗទៀតរៀបចំស្រេចបាច់សិន...”។
និស្សិតឈ្មោះStafford បានបង្ហោះលើបណ្តាញសង្គម Twitterថា៖«និយាយត្រង់ ខ្ញុំនឹងមិនរៀនតាមប្រព័ន្ធអ៊ីនធឺណិតអីទេ... ទៅប្រឹងខ្វល់ខ្វាយរឿងGPAធ្វើស្អី នៅពេលដែលមានជំងឺរាតត្បាតជុំវិញសកលលោក»។
ក្រុមហ៊ុនStuDocu ជាក្រុមហ៊ុនហូឡង់ដែលបង្កើតនៅឆ្នាំ២០១៣ដោយនិស្សិត៤រូបដែលមានបេសកកម្ម «ផ្តល់ភាពអង់អាចដល់និស្សិតដើម្បីបង្កើនប្រសិទ្ធភាពការសិក្សាតាមរយៈការផ្តល់ឧបករណ៍ឬបច្ចេកទេសដល់និស្សិតឱ្យសិក្សាកាន់តែមានប្រសិទ្ធិភាព»។ ក្រុមហ៊ុននេះ បានធ្វើការស្ទង់មតិនិស្សិតជាង២.០០០នាក់ក្នុងប្រទេសអ៊ីតាលី ហូឡង់ និងសហរដ្ឋអាមេរិក ដែលសុទ្ធតែជាតំបន់រងផលប៉ះពាល់ពីជំងឺ COVID-19 ក្នុងគោលបំណងវាស់វែងប្រសិទ្ធិភាពការសិក្សារៀនសូត្ររបស់និស្សិត។
តាមការស្ទង់មតិនេះ ក្នុងចំណោមនិស្សិតអាមេរិកាំង ៣២ភាគរយនិយាយថា ពេលពួកគេរៀនតាមប្រព័ន្ធអ៊ីនធឺណិត ពួកគេមានការរំខានពី "សមាជិកក្រុមគ្រួសារ ឬសត្វចិញ្ចឹមរបស់គេ ងាកសម្រាកៗ ហើយដំអក់ច្រើន"។
ពាក់កណ្តាលចំនួននិស្សិតអាមេរិកាំងដែលចូលរួមការស្ទង់មតិ ឆ្លើយថា ពួកគេមិនមានអារម្មណ៍ខ្នះខ្នែងប៉ុន្មានទេ ហើយ១៩ភាគរយឆ្លើយថាពេលមុនពេលផ្ទុះជំងឺពួកគេមានអារម្មណ៍ខ្នះខ្នែងរៀនសូត្រជាង។
សម្រាប់និស្សិតហូឡង់៧១ភាគរយ ឆ្លើយថា ពួកគេមានពេលតិចតួចជាងមុនឆ្លងឆ្លើយជាមួយសាកលវិទ្យាល័យដើម្បីធ្វើឱ្យការសិក្សារៀនសូត្ររបស់ពួកគេមានប្រសិទ្ធិភាព ក្រុមនិស្សិតនេះ ក៏បញ្ជាក់ថាការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឱ្យពួកគេមានបទពិសោធន៍បន្ថែមលើការហូបម្ហូបអាហារដាំស្លនៅផ្ទះខ្លួនឯង។
និស្សិតអាមេរិកាំង ៥៣ភាគរយ ឆ្លើយថា ពួកគេពេញចិត្តការគ្រប់គ្រងការបើកភ្លើងពន្លឺ និងស៊ីតុណ្ហភាពតាមតម្រូវការខ្លួន និង៥៤ភាគរយ ឆ្លើយថា ពេញចិត្តនឹងសិក្សារៀនសូត្រតាមកាលវិភាគខ្លួន។
ចំពោះសំណួរទៅកាន់អ្នកចូលរួមការស្ទង់មតិ ថាតើឧបករណ៍ឬបច្ចេកទេស (កម្មវិធី)ណាដែលប្រសើរបំផុតសម្រាប់ការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត? ពួកគេឆ្លើយថា មានដូចជា Moodle, Blackboard, Google Classroom, Brightspace, Canvas and Youtube, StuDocu។ នៅសហរដ្ឋអាមេរិក និស្សិតប្រើប្រាស់បច្ចេកទេស CourseHero, LinkedIn Learning និងCoursera ។ កម្មវិធីប្រាស្រ័យឆ្លើយឆ្លងគ្នាដែលគ្រូបង្រៀន និងអ្នករៀនសូត្រពេញនិយម មានដូចជា កម្មវិធីZoom, Microsoft Teams, Cisco Webex និងGoogle Hangouts ។
ទោះជាយ៉ាងនេះក្តី បើមើលលើបណ្តាញសង្គម នៅតែមានការតវ៉ាប្រឆាំងការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតដដែល។
«តើចត្តាឡីស័កឬការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេពេលណាចប់ ដូច្នេះខ្ញុំមិនចាំបាច់ត្រូវរៀនតាមប្រព័ន្ធអ៊ីនធឺណិតអ្វីទៀតទេ?» នេះជាពាក្យពេចន៍បង្ហោះដោយនិស្សិតឈ្មោះ Anysa ដែលទំនងអាចជាតំណាងឱ្យគំនិតនិស្សិតគ្រប់គ្នាៗ៕
ប្រែសម្រួលដោយ កោះ សុគន្ធី