លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវដល់បុគ្គលពាក់ព័ន្ធ ដែលរួមមានទាំងប្រព័ន្ធផ្សព្វផ្សាយ និងអង្គការមិនមែនរដ្ឋាភិបាលផងនោះ រួមគ្នាធានាឱកាសអប់រំឲ្យមានគុណភាពប្រកបដោយសមធម៌។
ការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឡើង តាមសារលិខិតមួយដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១ ខែវិចិ្ឆកា ដោយមានអមជាមួយវីដេអូមួយ ដើម្បីអបអរសាទរថ្ងៃបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩។
លោកហ៊ុន សែន លើកឡើងក្នុងសារលិខិតនោះថា ក្នុងអាណត្តិទី៦នេះ លោកបានដាក់ចេញយុទ្ធសាស្រ្តចតុកោណលើកទី៤ ដោយបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១។ លោកបន្ថែមថា ធនធានមនុស្សដែលមានចំណេះដឹងទូលំទូលាយនិងមានជំនាញច្បាស់លាស់ គឺមានសារៈសំខាន់ណាស់ក្នុងការប្រកួតប្រជែងផ្នែកឧត្តមភាពសម្រាប់ប្រទេស។
លោកបញ្ជាក់ថា៖ «ក្នុងយុគសម័យសេដ្ឋកិច្ចពុទ្ធិ និងបច្ចេកវិទ្យាព័ត៌មាននាពេលបច្ចុប្បន្ន និងទៅអនាគត ធនធានមនុស្សដែលមានចំណេះដឹង ចំណេះធ្វើទូលំទូលាយ មានភាពច្នៃប្រឌិតខ្ពស់ និងមានជំនាញច្បាស់លាស់ កាន់តែមានសារៈសំខាន់ក្នុងការបង្កើនឧត្តមភាពប្រកួតប្រជែងរបស់ប្រទេសជាតិ ជាពិសេសក្នុងស្ថានភាពដែលកម្ពុជាត្រូវប្រឹងរស់ងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យ និងសន្តិភាពរបស់ប្រទេស»។
លោកហ៊ុន សែន បានអំពាវនាវដល់ក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធទាំងឡាយ ត្រូវពិនិត្យឡើងវិញនូវគោលនយោបាយ ក្របខណ្ឌច្បាប់ ដើម្បីដឹកនាំ អនុវត្តឲ្យមានប្រសិទ្ធភាព និងធានានូវលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
លោកក៏បានអំពាវនាវដល់គ្រឹះស្ថានសិក្សាគ្រប់រូបភាព រួមទាំងវត្តអារាម ត្រូវធានាលទ្ធភាពក្នុងការផ្ដល់ការអប់រំពេញលេញនិងមានគុណភាព។ ចំណែកគ្រូបង្រៀនត្រូវប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែមទៀតដើម្បីយកចំណេះដឹងថ្មីៗមកបង្ហាត់បង្រៀនសិស្សបន្តទៀត។
សម្រាប់អាណាព្យាបាលសិស្ស និងសហគមន៍ ត្រូវរួមចំណែកឲ្យបានខ្លាំងក្លាបន្ថែមទៀតប្រកបដោយនិរន្តរភាពក្នុងការជួយអប់រំកូនចៅទាំងផ្នែកសុខភាពចំណេះដឹង និងសីលធម៌។ ហើយសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្ជួនព្រមទាំងចូលរួមគ្រប់សកម្មភាពនានា ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសាលារៀននិងសង្គមជាតិ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកហ៊ុន សែន ក៏បានស្នើអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ចូលរួមគាំទ្រឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រផ្សេងៗទៀតសម្រាប់គ្រប់លទ្ធភាព ព្រមទាំងជំរុញសិស្ស និងយុវជនដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សាឲ្យមានឱកាសទទួលបានការរៀនសូត្រសារជាថ្មី។
ចំណែកប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជនទាំងអស់ សូមជួយផ្សព្វផ្សាយ និងបញ្ជ្រាបឲ្យបានកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំ ស្របពេលដែលដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ត្រូវបង្កើនកិច្ចសហការ និងពង្រឹងភាពជាដៃគូកាន់តែខ្លាំងបន្ថែមទៀតក្នុងការជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីអប់រំនានា ជាពិសេសនៅកន្លែងដែលមានសេវាអប់រំពិបាកទៅដល់ ឬក្រុមសិស្សដែលជួបការលំបាក។
ការអំពាវនាវរបស់លោកហ៊ុន សែន ដែលបានកាន់អំណាចជានាយករដ្ឋមន្ត្រីជាងបីទសវត្សរ៍មកនោះ ឲ្យមានការរួមគ្នាដើម្បីជំរុញ និងពង្រឹងគុណភាពអប់រំនៅកម្ពុជា ត្រូវបានអ្នកឃ្លាំមើលសង្គមយល់ឃើញថា អាចទទួលបានប្រសិទ្ធភាព លុះត្រាតែរដ្ឋាភិបាលដែលជាក្បាលម៉ាស៊ីនដឹកនាំ ខិតខំប្រឹងប្រែង និងមានឆន្ទៈពិតប្រាកដក្នុងការកែទម្រង់។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាប្រាប់ VOA ថា វិស័យអប់រំនៅកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពវិវត្តទៅមុខយឺត និងគួរឲ្យបារម្ភ បើធៀបនឹងការអប់រំតាមបណ្តាប្រទេសជាច្រើនទៀត ដែលបណ្តាប្រទេសទាំងនោះ បាននិងកំពុងវិវត្តទៅមុខប្រកបដោយគុណភាព។ លោកបន្តថា ការអប់រំដែលសំខាន់បំផុត គឺត្រូវផ្តើមពីកម្រិតបឋមសិក្សា ហើយថាឆន្ទៈនយោបាយក្នុងការកែទម្រង់របស់មេដឹកនាំ គឺជាចំណុចស្នូលក្នុងការពង្រឹងគុណភាពអប់រំនៅកម្ពុជា។
លោកបញ្ជាក់ថា៖ «តួអង្គឆន្ទៈកម្រិតនយោបាយ។ សួរថាតើកម្រិតនយោបាយ ឬក៏អ្នកនយោបាយដែលដឹកនាំប្រទេសហ្នឹងមានឆន្ទៈពិតប្រាកដ នៅក្នុងការលើកកម្ពស់គុណភាពវិស័យអប់រំ ឬទេ? ខណៈពេលដែលកិច្ចការទាំងឡាយដែលក្រៅតែពីការជំរុញឲ្យសិស្សចូលរៀនហ្នឹង ថាតើការជំរុញ ការទាមទារ ការបង្កើតនូវយន្តការផ្សេងៗ ដើម្បីឲ្យសិស្សដែលទៅរៀនហ្នឹងមានសមត្ថភាពពេញលេញ»។
លោក សន ជ័យ បន្ថែមថា ការអប់រំដែលមានសមធម៌ គឺត្រូវយកចិត្តទុកដាក់លើសិស្សតាមតំបន់ដាច់ស្រយ៉ាល និងសិស្សដែលជាជនជាតិដើមភាគតិច តាមរយៈការកាត់បន្ថយគម្លាតស្តង់ដារសិក្សាដែលកំពុងឃ្លាតគ្នាយ៉ាងឆ្ងាយរវាងសិស្សនៅជនបទ និងសិស្សក្នុងទីក្រុង។
ក្នុងឆ្នាំដំបូងដែលមានកំណែទម្រង់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានចាប់ផ្តើមអនុវត្តដោយលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ពោលគឺឆ្នាំ២០១៤ អត្រាសិស្សប្រឡងធ្លាក់ មានរហូតដល់៧០ភាគរយនៃចំនួនសរុបនៃសិស្សថ្នាក់ទី១២ទាំងអស់។ មុនមានកំណែទម្រង់នេះ សិស្សស្ទើរតែទាំងអស់ អាចលួចចម្លង សូកសំណូកមេប្រយោគជាដើម ដែលមានសិស្សពីឆ្នាំកន្លងៗទៅបានធ្វើដើម្បីជាប់ការប្រឡងសញ្ញាប័ត្រនេះ។
ក្រោយពីមានកំណែទម្រង់អស់រយៈកាលកន្លងទៅ លទ្ធផលនៃការប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិមានការកើនឡើងជាបន្តបន្ទាប់។ ការអនុវត្តរបស់ លោក ហង់ ជួន ណារ៉ុន ត្រូវបានគេកត់សម្គាល់ថា ហាក់ទទួលបានជោគជ័យ គឺនៅចុងឆ្នាំ២០១៨នេះ ដោយអត្រាសិស្សជាប់សឹងតែពីរភាគបី នៃបេក្ខជនទាំងអស់។
យ៉ាងណាក្តី អ្នកធ្វើការផ្នែកលើកកម្ពស់សិទ្ធិគ្រូបង្រៀនតែងលើកឡើងជាច្រើនដងថា ការពង្រឹងគុណភាពអប់រំអាចមានប្រសិទ្ធភាពបាន ដរាបណាគ្រូបង្រៀនទទួលបានប្រាក់បៀវត្សរ៍សមរម្យ ដើម្បីផ្តោតការយកចិត្តទុកដាក់ក្នុងការបង្រៀន។
បើតាមរបាយការណ៍ឆ្នាំ២០១៨ របស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានឈ្មោះថា «Growing Smarter Learning and Equitable Development in East Asia and Pacific» បង្ហាញថា គ្រូបង្រៀននៅកម្ពុជាទទួលបានប្រាក់ខែតិចហើយតែងយឺតយ៉ាវ ដែលកត្តានេះជំរុញឲ្យមានការបើកបង្រៀនគួរក្រៅម៉ោងដើម្បីរកប្រាក់បន្ថែមសម្រាប់ផ្តត់ផ្គង់ជីវភាព៕