ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិស័យ​អប់រំ​សិក្សា​ធិការ​នៅ​កម្ពុជា​កំពុង​ពុះពារ​ងើប​ឡើង​ ​តែ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ត្រូវធ្វើ


រូបឯកសារ៖ សិស្ស​ស្រី​កំពុង​សិក្សា​នៅ​ក្នុង​សាលា​បឋម​សិក្សា​កេសរារាម​ ក្រុង​សៀមរាប កាល​ពី​​ព្រឹក​ថ្ងៃសុក្រ ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា​/VOA)

ធនាគារ​ពិភពលោក​​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​កិច្ចខិតខំ​​ធ្វើឲ្យ​មាន​វឌ្ឍនភាព​នៃវិស័យ​អប់រំ​សិក្សាធិការ​នៅ​កម្ពុជា។ ​ក៏ប៉ុន្តែ​សិស្ស​សាលា​មួយ​ចំនួន​នៅ​ថ្នាក់​ទី២​​​មិន​ទាន់​អាច​ចេះ​អាន​អក្សរ​មួយ​ពាក្យ​នៅ​ឡើយ។ ​មន្ត្រី​សង្គម​ស៊ីវិល​ អះអាង​ថា​​ កំណែ​ទម្រង់​ក្នុង​វិស័យ​អប់រំ​ត្រូវតែ​បង្កើន​ឲ្យ​ខ្លាំង​ថែម​ទៀត​ នៅ​កម្រិត​បឋម​សិក្សា។

ប្រទេស​កម្ពុជា​ កំពុង​ខំពុះពារ​ដើម្បី​បង្កើតប្រព័ន្ធ​អប់រំ​សិក្សាធិការ​ល្អ​បំផុត​ ​បើ​ធៀប​ទៅ​នឹង​ប្រទេស ​និង​តំបន់រដ្ឋបាល​ពិសេស​ផ្សេងៗ​ទៀត​ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។​ នេះ​បើ​យោងតាម​របាយការណ៍​របស់​ធនាគារ​ពិភព​លោក​មាន​ចំណង​ជើង​ថា​«ភាព​ឈ្លាសវៃ​កាន់តែ​ប្រសើរ​ឡើង៖​ ការ​រៀន​សូត្រ​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌​ក្នុង​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក»​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា​នេះ។​

របាយ​ការណ៍​នេះបាន​បញ្ជាក់​ថា​ ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ​ និង​ផែន​ការ​យុទ្ធសាស្ត្រ​អប់រំ​សិក្សាធិការ​នៅ​កម្ពុជា​ បាន​បើក​ឲ្យ​ទទួល​បាន​ការ​អប់រំ​ សិក្សា​កាន់​តែ​ទូលាយ​ នៅ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​អត្រា​ចុះ​ឈ្មោះ​ចូលរៀន​ថ្នាក់​បឋម​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ដោយឥឡូវ​នេះ​ក្មេង​ស្រីមាន​ឱកាស​ស្មើ​ក្មេង​ប្រុស​ក្នុង​ការ​ទទួល​បាន​ការ​រៀន​សូត្រ។​ របាយ​ការណ៍​នេះ​បាន​បន្ត​ថា​ ប្រទេស​កម្ពុជា​បាន​ផ្តល់​ការ​សិក្សា​ដល់​សិស្សប្រមាណ​៣,៥​លាន​នាក់​ ពី​កម្រិត​មុន​ថ្នាក់​បឋម​ រហូត​ដល់​មហាវិ​ទ្យាល័យ​ និង​បាន​ផ្តល់​ការ​ងារ​ដល់​គ្រូ​បង្រៀន​ប្រមាណ​៨៥០០០​នាក់​ នៅ​ក្នុង​កម្រិត​មុន​បឋមសិក្សា​ទៅដល់​អនុ​វិទ្យាល័យ។​

ប៉ុន្តែ​ប្រទេសកម្ពុជាកំពុង​ស្វះស្វែង​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​សិក្សា​ល្អ​បំផុត​ ធៀប​នឹង​ប្រទេស​ក្បែរខាង​ ក៏ដូច​ជាបណា្ត​ប្រទេស និង​តំបន់រដ្ឋបាល​ពិសេសដទៃ​ ​នៅ​ក្នុង​តំបន់​អាស៊ីខាង​កើត​ និង​ប៉ាស៊ីហ្វិក។​

របាយ​ការណ៍​របស់​ធនាគារ​ពិភពលោក​ ដែល​បាន​ចេញផ្សាយ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ តំបន់​អាស៊ីខាង​កើត​ និង​ប៉ាស៊ីហ្វិក​ជា​កន្លែង​ប្រមូល​ផ្តុំ​នូវ​ប្រព័ន្ធ​អប់រំ​សិក្សាធិការ​ចំនួនប្រាំពីរ​ ក្នុង​ចំណោម​ប្រព័ន្ធ​អប់រំ​មាន​ដំណើរការ​ខ្ពស់​ចំនួន​១០​ ​នៅ​ទូទាំង​ពិភពលោក ដែលក្នុង​នោះ​ ប្រទេស​ចិន​ និង​ប្រទេស​វៀតណាម​ បាន​បង្ហាញ​វឌ្ឍនភាព ជា​ដុំ​កំភួនក្នុង​ការ​បង្កើន​គុណភាព​ បង្រៀន​នៅ​តាម​សាលា​រៀន​នៅ​ក្នុង​ប្រទេស​រៀងៗ​ខ្លួន។ ​វឌ្ឍនភាព​នេះ​ ជា​សមិទ្ធផល​ធំធេង​មួយ​ ដែល​ផ្តល់​មេរៀន​មាន​សារៈ​សំខាន់​ដល់​បណ្តា​ប្រទេស​ឯ​ទៀត​ នៅ​ជុំវិញ​ពិភព​លោក។​

របាយ​ការណ៍​នេះបាន​សរសរ​ក្នុង​ន័យ​ដើម​ថា៖​

«យ៉ាង​ណាក៏ដោយ​ មួយ​ផ្នែក​ធំនៃ​តំបន់​នេះ​ នៅ​មាន​សិស្ស​រហូត​ដល់​ទៅ​ ៦០​ភាគ​រយ​ ដែល​កំពុង​រៀន​នៅ​តាម​សាលា​ដែល​ដំណើរការ​ខ្វះ​គុណភាព​ ក្នុងការ​បំពាក់​ឲ្យ​ពួក​គេ​នូវជំនាញ​ចាំបាច់​ សម្រាប់​ឈាន​ទៅ​សម្រេច​ជោគជ័យ​ នា​ពេល​អនាគត»។​

ប្រព័ន្ធ​អប់រំ​សិក្សាធិការ​ដែល​ល្អ​បំផុត​ឈរ​ក្នុង​លំដាប់​កំពូល​ចំនួន​៧ ​រួមមាន​ ប្រទេស​ជប៉ុន ​សាធារណរដ្ឋ​កូរ៉​ ប្រទេស​សិង្ហបុរី ​កោះ​តៃវ៉ាន់​ តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ តំបន់​រដ្ឋបាល​ពិសេស​ ម៉ាកាវ ​និង​តំបន់​រដ្ឋបាល​ពិសេស​សៀងហៃ។​

របាយ​ការណ៍​ឲ្យដឹង​ថា​ ប្រទេស​កម្ពុជា​ឋិត​ក្នុង​ប្រទេស​ដែល​កំពុង​ខំប្រឹង​បង្កើត​ប្រព័ន្ធ​ល្អ​មួយ​នៅ​ក្នុង​តំបន់។ ​ប្រទេស​ដទៃ​ដែល​មានស្ថានភាព​ដូចគ្នា​នឹង​កម្ពុជា​ ក្នុង​នោះ​ រួម​មាន​ប្រទេស​លាវ​ ម៉ុងហ្គោលី ​មីយ៉ាន់ម៉ា​ ឬភូមា​ ប៉ាពួរញូវគីណេ​ (Papua New Guinea) ​និង​ ទីម័រខាង​កើត​ (Timor-Leste) ​ជាដើម។​

លោក​ ​Michael Crawford ​អ្នក​ជំនាញ​នាំមុខក្នុង​វិស័យ​អប់រំ​សិក្សាធិការ​របស់​ធនាគារ​ពិភព​លោក​ ថ្លែង​ថា​ មាន​ការ​ប្រសើរ​ឡើងនៅ​ក្នុង​កិច្ចការ​អប់រំ​សិក្សាធិការនៅ​ក្នុង​រយៈ​ពេល​បីឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយសារ​ការ​កែប្រែ​គោល​នយោបាយ​ដែល​កំពុង​បន្តកើត​មាន​ ហើយ​ថា​ កិច្ចការ​អប់រំ​សិក្សាធិការ​នៅ​កម្ពុជា​កំពុង​ឆ្ពោះទៅរក​គោល​ដៅ​ត្រឹមត្រូវ​មួយ។ ​លោក​ថា​ មាន​ភាព​ប្រសើរ​ឡើង​មិន​ត្រឹម​តែ​សម្រាប់​សិស្ស​ដែល​កំពុង​រៀន​ក្នុង​សាលា​នោះ​ទេ​ ក៏ប៉ុន្តែ​កិច្ចការ​អប់រំ​សិក្សាធិការ​ក៏​បាន​គ្រប​ដណ្តប់​លើ​ការ​អប់រំ​ក្មេងៗ​តាំងពី​កុមារភាព។​

រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​សាលា​សហគមន៍​ឈ្មោះ​ថា​ «​សាលា​បឋម​សិក្សា​យឺនចាស់​» ក្នុង​ភូមិយឺន​ ឃុំកក់​ ស្រុក​បរកែវ​ ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧។ (VOA)
រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​សាលា​សហគមន៍​ឈ្មោះ​ថា​ «​សាលា​បឋម​សិក្សា​យឺនចាស់​» ក្នុង​ភូមិយឺន​ ឃុំកក់​ ស្រុក​បរកែវ​ ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧។ (VOA)

យ៉ាងណាមិញ លោក​ថា ​កម្ពុជា​ត្រូវ​ធ្វើ​កិច្ចការ​បន្ថែម​ទៀត​ ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ​សិក្សាធិការ​របស់​ខ្លួន​ ក្នុងនោះ​គឺ​ផ្តល់​ហិរញ្ញប្បទាន​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​បម្រើ​ដល់​កិច្ចការ​អប់រំ​សិក្សាធិការ​ និង​ការ​បន្ត​ហ្វឹកហ្វឺន​គ្រូ​ដែល​កំពុង​បំពេញ​ការងារ​ជាដើម។​

លោក​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ធ្វើ​ឡើង​កាល​ពីថ្ងៃ​ទី​១៥ ​ខែ​ មីនា​ក្នុង​ទីក្រុង​ភ្នំពេញ​យ៉ាង​ដូច្នេះ៖​

«ចាំចាច់​ត្រូវតែ​មាន​ទំនាក់​ទំនង​រួមគ្នា​រវាង​គោល​នយោបាយ​នានា។ ​តួយ៉ាង​ ការ​ជ្រើស​រើស​តែ​គ្រូ​បង្រៀន​មិនគ្រប់គ្រាន់​ទេ​ ប៉ុន្តែ​ត្រូវ​បំប៉ន​គ្រូបន្ថែម​ទៀត​ ក្នុង​ពេល​បំពេញ​វិជ្ជាជីវៈ។ ​ការ​ធ្វើឲ្យ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​មិនគ្រប់​គ្រាន់​ទេ​ តែ​ត្រូវ​នាំ​យក​ហិរញ្ញប្បទាន​មក​ប្រើ​ដោយ​សមធម៌​ ​សម្រាប់​សិស្ស​ដែល​រៀន​មិន​ទាន់​គេ​ និង​ការ​ផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ​ និង​គ្រូ​ទៅឲ្យ​សាលា​ដែល​អាច​នឹង​បរាជ័យ»។​

ទោះបី​របាយ​ការណ៍​ធនាគារ​ពិភពលោក​បាន​បង្ហាញ​ឲ្យ​ឃើញការ​កើន​ឡើង​នៃ​ភាព​ប្រសើរ​ក្នុង​វិស័យ​អប់រំ​សិក្សាធិការ​នៅ​កម្ពុជា​ និង​តំបន់​អាស៊ីខាង​កើត​ និង​ប៉ាស៊ីហ្វិក​ក៏ដោយ ​ក៏​ប៉ុន្តែ​របាយ​ការណ៍នេះ​ក៏​បានបង្ហាញឲ្យ​ឃើញ​នូវ​ចំណុច​ដែល​គួរ​ឲ្យ​បារម្ភ​ផង​ដែរ។​

របាយ​ការណ៍​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​ជាង​៤០​ភាគ​រយ​នៃ​កុមារ​គ្រប់​អាយុ​ចូល​រៀន​ ចំនួន​ប្រមាណ​៣៣១​លាន​នាក់​នៅ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​បាន​ចូល​រៀន​ក្នុង​ប្រព័ន្ធ​សាលា​ដែល​ដំណើរការ​ល្អ​ និង​អនុញាត​ឲ្យ​ពួកគេ​រៀន​បាន​ច្រើន​ជាង​សិស្ស​ជាច្រើន​ទៀត​ នៅ​កន្លែង​ផ្សេង​ក្នុង​ពិភពលោក។​ ក៏​ប៉ុន្តែ​ សិស្សរាប់​រយលាន​នាក់​បាន​ទៅតែ​សាលា​ តែ​មិន​បាន​រៀន​ឲ្យ​ដិតដល់​ស្រប​តាម​និយាម​កំណត់​នោះ​ទេ។​

របាយ​ការណ៍​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«សិស្ស​ចំនួន​ដល់​ទៅ​ជិត​៦០​ភាគ​រយ​បាន​ចូលក្នុង​ប្រព័ន្ធ​សាលា​ដែល​មាន​ដំណើរ​ការ​មិន​ល្អ។ ​សិស្ស​ទាំងនេះ​ភាគច្រើនបាន​ផ្តល់​លទ្ធផលក្រោម​កម្រិត​ប្រើការ​បាន​ ឬ​មិន​ចេះ​តែ​ម្តង​ សម្រាប់មុខ​វិជ្ជា​សំខាន់ៗ»។​

រូបឯកសារ៖ សិស្សជនជាតិ​ដើម​ភាគ​តិច​នៃ​សាលា​សហគមន៍​ឈ្មោះ​ថា​ «សាលា​បឋម​សិក្សា​យឺនចាស់» ក្នុង​ភូមិយឺន​ ឃុំកក់​ ស្រុក​បរកែវ​ ខេត្ត​រតនគិរី កាលពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧។ (VOA)
រូបឯកសារ៖ សិស្សជនជាតិ​ដើម​ភាគ​តិច​នៃ​សាលា​សហគមន៍​ឈ្មោះ​ថា​ «សាលា​បឋម​សិក្សា​យឺនចាស់» ក្នុង​ភូមិយឺន​ ឃុំកក់​ ស្រុក​បរកែវ​ ខេត្ត​រតនគិរី កាលពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧។ (VOA)

របាយ​ការណ៍​បាន​លើក​ជា​ឧទាហរណ៍​ថា នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ ពិន្ទុ​ធ្វើ​តេស្ត​បាន​ឲ្យ​ដឹង​ថា​ សិស្ស​នៅក្នុង​ប្រទេស​ទាំង​នោះ​រៀន​យឺត​ជាង​បីឆ្នាំ​ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​សិស្ស​ ស្របាល​គ្នា​ ដែល​រៀន​ចេះ​ស្ទាត់​ជំនាញ​ នៅ​ក្នុង​ប្រទេស​ឯ​ទៀត​ក្នុង​តំបន់​នេះ។​ នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ តួយ៉ាង​ «កម្ពុជា​ និង​ទីម័រ​ខាងកើត មួយ​ភាគ​បី​ ឬ​លើស​នេះ​នៃ​សិស្ស​ថ្នាក់​ទី​២​ នៅតែ​មិន​អាចអាន​ដាច់​សូម្បី​តែមួយ​ពាក្យ​ក្នុង​ការ​ធ្វើ​តេស្ត​អំណាន​នោះ»។​

រូបឯកសារ៖​ លោក​ រ៉ុង ឈុន​ ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ។
រូបឯកសារ៖​ លោក​ រ៉ុង ឈុន​ ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ។

លោក​ រ៉ុង ឈុន​ ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​ ថ្លែង​ថា​ កំណែ​ទម្រង់​នៅ​កម្រិត​បឋម​សិក្សា​ ជា​ផ្នែក​សំខាន់​មួយ​ ដើម្បី​ពង្រឹង​គុណភាព​អប់រំ​សិក្សាធិការ។ ​លោក​បញ្ជាក់​ថា ​កិច្ច​ខិតខំ​របស់​ក្រសួង​អប់រំក្នុង​ការ​ពង្រឹង​សិស្ស​នៅ​ថ្នាក់​វិទ្យាល័យ​នោះ​ មិន​គ្រប់គ្រាន់​ឡើយ។​

«សំខាន់​ក្រសួង​អប់រំ​ ក៏​ដូច​ជា​រដ្ឋាភិបាលយើង​ត្រូវ​សម្លឹង​មើល​នៅ​ថ្នាក់​កម្រិត​បឋម​សិក្សា​ ពីព្រោះ​បឋម​សិក្សា​ជាមូលដ្ឋាន​គ្រឹះ។​ យើង​មិន​ត្រូវ​តែ​ទៅ​ពង្រឹង​នៅ​តែ​ពេល​ប្រឡង​បាក់​ឌុប​នោះ​ទេ​ ពីព្រោះ​មូលដ្ឋាន​គ្រឹះ​គឺ​នៅ​កម្រិត​បឋម។​ បើ​សិន​ជាបឋម​ហ្នឹង​មាន​កំណែ​ទម្រង់​ឲ្យ​បាន​ល្អ​ ហើយ​សិស្ស​មាន​គុណភាព​ពី​បឋម​ទៅ​ អីចឹង​បាក់​ឌុប​វា​ទៅ​ automatic ​[ស្វ័យប្រវត្តិ] ​ហើយ ​ពីព្រោះ​បឋម​យើង​ត្រូវ​ធ្វើ​ម៉េច​ ឲ្យ​គ្រូ​អីហ្នឹង​យក​ចិត្ត​ទុក​ដាក់»។​

លោក​ រ៉ុង ឈុន​ បាន​បន្ត​ទៀត​ថា​ សិស្ស​សាលា​នៅ​កម្ពុជា​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការ​គ្មាន​បន្ទប់​រៀន​សូត្រ​ឲ្យ​បាន​ត្រឹម​ត្រូវ​ផង​ដែរ ​ហើយ​ក៏​មាន​ការ​រើស​អើង​ខាង​នយោបាយ​នៅ​តាម​សាលារៀន ដែល​លោក​ថា​ ការ​រើសអើង​បែប​នេះ​ គួរតែ​ត្រូវ​បាន​បញ្ចប់។​ លោក​ថ្លែង​យ៉ាង​ដូច្នេះ៖​

«យើង​មើល​ឃើញ​ ខេត្ត​ដាច់​ស្រយាល​មួយ​ចំនួន​ សូម្បីតែ​សាលា​ បន្ទប់​រៀន​ហ្នឹង​ ក៏​មិន​ទាន់​គ្រប់​គ្រាន់​ដែរ​ ឃើញ​រៀន​នៅក្រោម​ដើម​ឈើ​ ដើមអី​នៅ​ឡើយ​ទេ។ អីចឹង​ត្រូវ​ធ្វើ​ម៉េច​ ផ្តល់​សាលារៀន​ ផ្តល់​សម្ភារៈ​សិក្សា​អីហ្នឹង​ ឲ្យបាន​គ្រប់​ជ្រុង​ជ្រោយ​ ហើយ​ពិនិត្យ​ ពង្រឹង​ទៅ​លើ​ពេល​វេលា​ វិន័យ​ ហើយ​មាន​ការ​លើក​ទឹកចិត្ត​ដល់​គ្រូប​ង្រៀន។​ ហើយ​កុំ​ឲ្យ​វា​មាន​ការ​រើស​អើង​ ត្រូវ​តែ​ធ្វើ​ម៉េច​ ឲ្យ​វា​មាន​តម្លា​ភាព​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ ដាក់​វិន័យ​ទៅលើ​គ្រូ​ណា​ម្នាក់​ កុំ​ដាក់​តែ​ ​គ្រូ​មិន​គាំទ្រ​ខ្លួន​បាន​ទទួល​ទណ្ឌកម្ម​ ឯគ្រូ​ដែល​គាំទ្រ​ខ្លួន​ ទោះបី​មាន​កំហុស​បែប​ម៉េច​ក៏​ដោយ​ បែរ​ជា​មិន​បាន​ដាក់​ទណ្ឌកម្ម​ មិន​បាន​ណែនាំ​អី»។​

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​ ហង់ ជួនណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ តែ​លោក​មិន​លើក​ទូរស័ព្ទ។​

ក៏ប៉ុន្តែ​ ​យោងតាម​សុន្ទរកថា​របស់លោក​ ហង់ ជួនណារ៉ុន​ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និបាត​ប្រចាំ​របស់​ក្រសួង​អប់រំ​កាលពី​ពេល​ថ្មីៗ​នេះ​ ​ វិស័យ​អប់រំ​សិក្សាធិការ​នៅ​កម្ពុជា​បាន​រីកចម្រើន​គួរ​ជា​ទីមោទនៈ​ ដោយសារ​ការ​ឧបត្ថម្ភ​គាំទ្រ​គ្រប់​បែប​យ៉ាង​ពី​សំណាក់​រាជរដ្ឋាភិបាល​ ក៏ដូចជា​ការ​ចូលរួម​ពី​សហគមន៍​ជាតិ​ អន្តរជាតិ​ ដៃ​គូ​អភិវឌ្ឍ ​អាជ្ញាធរ​ដែនដី​ សប្បុរជន​ យុវជន​ មាតា​បិតា​ និង​សិស្ស ​និស្សិតទាំង​អស់។​

រូបភាព​ឯកសារ៖ លោក​ ហង់ ​ជួនណារ៉ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​និស្សិត​ឈ្មោះ​នូ ស៊ីធា​ដែល​បាន​ប្រឡង​ជាប់​ទៅ​សិក្សា​នៅ​សាលា​បច្ចេកទេសដ៏​ល្បី​នៅ​ប្រទេស​បារាំង​ «Ecole Polytechnique»​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី ១៦​ ខែសីហា​ ឆ្នាំ​២០១៦។ (VOA)
រូបភាព​ឯកសារ៖ លោក​ ហង់ ​ជួនណារ៉ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​និស្សិត​ឈ្មោះ​នូ ស៊ីធា​ដែល​បាន​ប្រឡង​ជាប់​ទៅ​សិក្សា​នៅ​សាលា​បច្ចេកទេសដ៏​ល្បី​នៅ​ប្រទេស​បារាំង​ «Ecole Polytechnique»​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី ១៦​ ខែសីហា​ ឆ្នាំ​២០១៦។ (VOA)

សុន្ទរកថា​របស់​លោក ​ហង់ ជួនណារ៉ុន​ បាន​ឲ្យ​ដឹង​ថា​ តាម​លទ្ធផល​ដែល​សម្រេច​បាន​ពី​ឆ្នាំ​២០១៦​ ​និង​ ២០១៧​ កម្ពុជា​មាន​សាលា​មត្តេយ្យ​សិក្សា​ និង​សាលារៀន​ចំណេះ​ទូទៅ​ទាំង​សាធារណៈ​ និង​ឯកជន​សរុប​ចំនួន​១៤១៨៩​ ​រួម​មាន​សាលា​មត្តេយ្យចំនួន​៤៦៣២ ​សាលា​បឋមសិក្សា​មាន​ចំនួន​៧៦២១​ អនុ​វិទ្យាល័យ​១៣០៣ ​និង​វិទ្យាល័យ​៦៣៣។ ​ជាមួយ​នេះ​ មត្តេយ្យ​សិក្សា​សហគមន៍​មាន​ចំនួន​២៩៥៥​កន្លែង ​កុមារ​ចូល​រៀន​ចំនួន​៦៧៣៩៣ ​ក្នុង​នោះ​មាន​កុមារី​ ៥១,៣៣​ភាគ​រយ។​

លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ហង់ ជួនណារ៉ុន​ បាន​ឲ្យដឹង​តាម​សុន្ទរកថា​របស់​លោក​ថា​ បច្ចុប្បន្ន​កុមារ​អាយុ​៥​ឆ្នាំ​បាន​ចូលរៀន​នៅ​មត្តេយ្យ​សិក្សា​គ្រប់រូបភាព ​បាន​កើន​ដល់​៦៨,៥​ភាគរយ​ ​ដែលមាន​កុមារី​៦៩,៧​ភាគរយ។ ​អត្រាពិត​នៃ​ការ​សិក្សា​នៅ​បឋម​សិក្សា​សាធារណៈ​ និង​ឯកជន​មាន​៩៧,៨​ ភាគ​រយ​ (ស្រី​៩៨,១​ភាគរយ)​ ​ស្ថិត​ក្នុង​ស្តង់ដារ​ និង​ក្នុង​កម្រិត​ប្រហាក់​ប្រហែល​ប្រទេស​ក្នុង​តំបន់។​

សុន្ទរកថា​ របស់​លោក​ ហង់ ជួនណារ៉ុន​ បាន​សរសរ​ក្នុង​ន័យ​ដើម​ថា៖​

«ឆ្នាំ​២០១៨​នេះ​ ជា​ឆ្នាំ​ចុងក្រោយ​នៃ​ការ​អនុវត្ត​ «ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​សិក្សាធិការ​ឆ្នាំ​២០១៤-២០១៨» ​ដែល​បាន​ផ្តោតការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ដល់ការ​ពង្រីក​ការ​រៀន​សូត្រ​របស់កុមារ​តូច​ ការ​បង្កើន​លទ្ធភាព​ទទួល​បាន​ការ​សិក្សា​នៅ​កម្រិត​មធ្យម​សិក្សា​ និងក្រោយ​មធ្យម​សិក្សា​ ព្រមទាំង​លើក​កម្ពស់​គុណភាព​អប់រំ​នៅ​គ្រប់​កម្រិត​ ជាមួយ​នឹង​ការ​ពង្រីក​ កម្មវិធី​សិក្សា​ក្រៅ​ប្រព័ន្ធ​ ការ​សិក្សា​បច្ចេកទេស​ ​ការ​អភិវឌ្ឍ​ការងារ​យុវជន​ និង​ការ​អប់រំកាយ​ និង​កីឡា​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​ និង​អាទិភាព​អប់រំ​សិក្សាធិការ​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​ឆ្នាំ​២០១៤-២០១៨»។​

យ៉ាងណាក្តី​ ​ធនាគារ​ពិភពលោក​បាន​រក​ឃើញ​ថា​ ប្រព័ន្ធ​អប់រំ​ ដែល​មាន​ដំណើរ​ការ​ល្អ​ ចាយ​ថវិកា​ប្រកប​ដោយ​ប្រសិទ្ធ​ផល​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាលា​រៀន​ និង​ទៅលើ​គ្រូ​ មាន​នីតិវិធីជ្រើស​រើស​បុគ្គលិក​ សម្រាប់​ធ្វើ​យ៉ាង​ណា​ ទាក់​ទាញ​ឲ្យ​បាន​បេក្ខ​ជន​ល្អ​បំផុត​ យក​មក​បង្រៀន​ និង​មាន​រចនា​សម្ព័ន្ធ​ប្រាក់​បៀវត្សរ៍​មួយ​ ដែល​ផ្តល់​រង្វាន់​គ្រូបង្រៀន​ណា​ ដែល​បំពេញ​កិច្ចការ​បាន​ល្អ​នៅក្នុង​ថ្នាក់រៀន។​

របាយ​ការណ៍​ដដែល​របស់​ធនាគារ​ពិភពលោក​ក៏បាន​ឲ្យដឹង​ដែរ​ថា​ មុខ​របរ​គ្រូ​បង្រៀន​នៅ​ប្រទេស​កម្ពុជា​ គឺ​ជា​មុខរបរ​ដែល​មិន​មាន​ការទាក់​ទាញ​ដល់​អ្នក​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅកម្រិត​ឧត្តម​សិក្សា​ ដោយសារ​តែ​ប្រាក់ខែ​មាន​កម្រិត​ទាប។​

របាយ​ការណ៍​បានឲ្យ​ដឹង​ថា​ អ្នក​ទទួល​ការ​បណ្តុះ​បណ្តាល​ធ្វើ​ជា​គ្រូ​បង្រៀន​ស្ទើរ​តែ​ទាំង​អស់​ ដែល​បាន​ចុះ​ឈ្មោះ​ទទួល​ការ​បណ្តុះ​បណ្តាល​នៅ​តាម​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​គឺ​ជា​អ្នក​ដែល​ធ្វើ​បាន​ល្អ​ក្នុង​កម្រិត​កណ្តាល​នៅ​ក្នុង​ការ​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២។​

លោក ​រ៉ុង ឈុន​ ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ ​បាន​ថ្លែង​បន្ថែម​ថា​ លោក​ទទួល​ស្គាល់​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​ និង​ប្រាក់​បៀវត្សរ៍​ដល់​គ្រូ​បង្រៀន​ ដែល​រហូត​មកដល់​ពេល​នេះ​ បានជាង​មួយ​លាន​រៀល​ បើ​បូក​បន្ថែម​នឹង​ប្រាក់​បំណាច់​ផ្សេង​ទៀត។ ​លោកអះអាង​ថា ​ការ​ដំឡើង​ប្រាក់​ខែ​នេះ​មិន​គ្រប់​គ្រាន់​សម្រាប់​គ្រូ​បង្រៀន​នោះទេ​ ពោល​គឺ​រដ្ឋាភិបាល​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​នូវការ​ឡើង​ថ្លៃ​ទំនិញ​ទីផ្សារ​ផង​ដែរ។​ លោក​មាន​ប្រសាសន៍​ថា​ ទោះបីប្រាក់​ខែ​គ្រូ​ឡើង​ដល់​បីលាន​រៀល​ក៏​ដោយ​ចុះ​ ក៏​វា​គ្មាន​ន័យ​ ប្រសិន​បើ​តម្លៃ​ទំនិញ​ទីផ្សារ​ឡើង​តាម​ដែរ​នោះ៕

XS
SM
MD
LG