សិស្សានុសិស្ស និងឪពុកម្តាយមួយចំនួនដែលមានកូនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬកម្រិតថ្នាក់ទី១២ និងអ្នកធ្វើការលើវិស័យអប់រំ បានបង្ហាញមតិចម្រុះលើការសម្រេចរបស់ក្រសួងអប់រំឲ្យសិស្សថ្នាក់ទី១២ ជាប់ដោយស្វ័យប្រវត្តិ មិនបាច់ឆ្លងដំណាក់កាលប្រឡងដ៏សំខាន់។
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សិស្សានុសិស្សដែលប្រឡងបាក់ឌុបឆ្នាំនេះជាប់ជាស្ថាពរ ដោយសារពិបាករៀបចំការប្រឡងថ្នាក់ទី១២ ក្នុងពេលមានវិបត្តិជំងឺកូវីដ១៩នេះ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នេះគឺជាជម្រើសដ៏ល្អបំផុត ដើម្បីទប់ស្កាត់ការរីករាលជំងឺ។
បន្ទាប់ពីការថ្លែងរបស់នាយករដ្ឋមន្ត្រី ក្រសួងអប់រំ កាលពីល្ងាចថ្ងៃពុធ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញបត្រមធ្យមសិក្សាបឋមភូមិឆ្នាំនេះ កំណត់ឲ្យជាប់ជាស្ថាពរចំពោះបេក្ខជនដែលបានចុះឈ្មោះប្រឡង ដោយពុំមានការកំណត់និទ្ទេស។
នេះជាលើកទីមួយហើយដែលរដ្ឋាភិបាលសម្រេចឲ្យសិស្សជាប់ទាំងអស់ ដោយមិនឆ្លងកាត់ការប្រឡងចាំបាច់មួយ ដែលក្រសួងអប់រំ បានរឹតបន្តឹង ក្រោមពាក្យស្លោក«អ្នកចេះ ជាប់» ចាប់តាំងពីឆ្នាំ២០១៤មក។
ការសម្រេចនេះ នាំឲ្យមានមតិចម្រុះ ដោយអ្នកខ្លះបង្ហាញការពេញចិត្ត។ ចំណែកអ្នកខ្លះទៀតបង្ហាញការអាក់អន់ចិត្ត ប៉ុន្តែពួកគេត្រូវតែទទួលយកនៅពេលនេះ។
កញ្ញា ប៊ុន ជីងស៊ាង អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២នៃសាលារៀនអន្តរទ្វីបអាមេរិកកាំងបាន និយាយថា កញ្ញាសាទរការសម្រេចនេះ ប៉ុន្តែបង្ហាញការសោកស្តាយ ដោយសារមិនបានបញ្ចេញសមត្ថភាពប្រឡង ដើម្បីទទួលនិទ្ទេស។ កញ្ញាបញ្ជាក់ថាកញ្ញាមានបំណងចង់ទៅរៀននៅបរទេស ដូច្នេះនិទ្ទេសនេះ មានសារសំខាន់ណាស់សម្រាប់ចូលរៀនមហាវិទ្យាល័យនៅក្រៅប្រទេស។
កញ្ញា ប៊ុន ជីងស៊ាង ប្រាប់ VOA ថា៖ «គឺខ្ញុំសប្បាយចិត្តជាមួយនឹងការឲ្យសិស្សជាប់ទាំងអស់ ប៉ុន្តែសម្រាប់ខ្ញុំ គឺនិទ្ទេសសំខាន់ក្នុងការចូលរៀននៅមហាវិទ្យាល័យ ដោយសារបើបាននិទ្ទេសល្អ គឺយើងអាចចំណេញ១ឆ្នាំនៅក្នុងមហាវិទ្យាល័យ។ បើអត់បាននិទ្ទេសល្អទេ មហាវិទ្យាល័យអាចឲ្យយើងសិក្សាបន្ថែម នាំឲ្យយើងខាតពេលវេលាច្រើន»។
ចំណែកកញ្ញា ជា ដាលីន ជាសិស្សរៀនថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ និយាយថា កញ្ញាធ្លាក់ទឹកចិត្តបន្តិចដែរចំពោះការឲ្យជាប់ស្ថាពរនេះ។ ទោះបីជាយ៉ាងណាក៏ដោយ កញ្ញាលើកឡើងថា ចំណេះដឹងដែលកញ្ញាបានរៀននោះ ក៏ជាគោលគ្រឹះយ៉ាងសំខាន់សម្រាប់បន្តការសិក្សាថ្នាក់ឧត្តម។
កញ្ញានិយាយថា៖ «ខ្ញុំក៏ជាមនុស្សមួយខិតខំរៀនដែរ។ ខ្ញុំក៏បាក់ទឹកចិត្តបន្តិចបន្តួច ក៏ប៉ុន្តែខ្ញុំមានការលើកទឹកចិត្តពីមិត្តភ័ក្តិ ពីលោកគ្រូ អ្នកគ្រូច្រើនដោយឲ្យយើងទុកចំណេះដឹងហ្នឹង។ យើងខំរៀនពិតមែន។ យើងចេះ យើងអាចយកទៅអនុវត្តបាន។ ទោះឥឡូវ យើងមិនអាចប្រឡងបាក់ឌុបដើម្បីទទួលនិទ្ទេសតេស្តសមត្ថភាពមែន ក៏ប៉ុន្តែមានចំណេះដឹងជាប់ខ្លួន មានជោគជ័យទៅថ្ងៃមុខ»។
ឪពុកម្តាយមួយចំនួនដែលមានកូនប្រឡងថ្នាក់ទី១២ លើកឡើងថាពួកគេចង់ឃើញសមត្ថភាពរបស់កូនក្នុងការប្រឡងតេស្តសមត្ថភាពនៅពេលណាមួយ។
លោក គឹម សាន អាជីវករលក់ដូរក្នុងទីក្រុងភ្នំពេញ ឲ្យដឹងថាកូនរបស់លោកនិងមិត្តភ័ក្តិរបស់គេមួយចំនួន ដែលខំប្រឹងរៀន បានលើកឡើងថាពួកគេ«បាក់ទឹកចិត្តខ្លះដែរ» ដែលមិនបានបញ្ចេញសមត្ថភាពក្នុងការប្រឡង ដើម្បីបានទទួលបានអាហារូបករណ៍។
លោកបន្តថា ក្រសួងអប់រំគួរតែធ្វើតេស្តសមត្ថភាពរកអ្នករៀនពូកែ ដើម្បីផ្តល់អាហារូបករណ៍ ដែលជាក្តីស្រមៃរបស់សិស្ស។
លោកមានប្រសាសន៍ថា៖ «ក្រសួងអប់រំឲ្យឧត្តមសិក្សា ឬសាកលវិទ្យាល័យណាផ្សេងៗ បង្កើតឲ្យមានតេស្តសមត្ថភាពស្ម័គ្រចិត្តហ្នឹងមួយ។ អ្នកដែលគេជើងខ្លាំង គេអត់ខ្លាចចុះឈ្មោះទៅប្រឡងសាកល្បង ដើម្បីបានអាហារូបករណ៍នោះទេ»។
កាលពីខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំបានប្រកាសម្តងហើយឲ្យសាលាទាំងអស់នៅទូទាំងប្រទេសផ្អាកការសិក្សាមួយរយៈ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ ក្រសួងក៏បានចាប់ផ្តើមឲ្យសាលាបើកដំណើរការដំណាក់កាលដំបូងក្នុងខែសីហា ដោយបង្រៀនផ្ទាល់ខ្លះនិងតាមអនឡាញខ្លះ។
ការបើកដំណើរការសាលាទើបតែបានមួយរយៈ រដ្ឋាភិបាលក៏ប្រកាសឲ្យផ្អាកម្តងទៀត ដោយសារបារម្ភការឆ្លងជំងឺកូវីដ១៩។ បន្ទាប់មក រដ្ឋាភិបាលក៏បានប្រកាសឲ្យបើកដំណើរការសាលារៀនឡើងវិញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ក៏ប៉ុន្តែផ្អាកវិញ ក្រោយមានការឆ្លងក្នុងសហគមន៍លើកដំបូង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។
លោកស្រី ជី វ័ន្ត ជាគ្រូបង្រៀនថ្នាក់ទី១២ មុខវិជ្ជាជីវវិទ្យានៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ មានប្រសាសន៍ថា ការប្រឡងដើម្បីបាននិទ្ទេស គឺជាការចង់បានរបស់សិស្សដែលខំរៀនសូត្រ។ ប៉ុន្តែលោកស្រីថា ក្នុងកាលៈទេសៈនៃការឆ្លងជំងឺកូវីដនេះ សិស្សានុសិស្ស គួរតែយោគយល់។
លោកស្រីលើកទឹកចិត្តដល់សិស្សថាចំណេះដឹងដែលបានមកពីការខិតខំនោះ មិនអត់ប្រយោជន៍សម្រាប់ពួកគេនោះទេ ទោះមិនបានប្រឡង។
លោកស្រីមានប្រសាសន៍ថា៖ «កូនសិស្សខ្លះទៅ គ្នាអន់ចិត្ត គ្នានឹកឃើញថាគ្នាខំប្រឹងយូរហើយ។ អ៊ីចឹងដូចទម្លាក់ដៃ ទម្លាក់អ៊ីចឹង។ លែងសូវចង់រៀនដល់ពេលក្រោយមកចឹងទៅដូចថាធ្វើចិត្តបាន ពីព្រោះអីធ្វើម៉េចកាលៈទេសៈ វាអ៊ីចឹង តម្រូវឲ្យអញ្ចឹងទៅហើយ ហើយចេះតែលួងសិស្សបន្តទៀតទៅថាសមត្ថភាពយើងនៅតែសមត្ថភាពយើងទេ។ វាអត់ទៅណាទេ។ យើងប្រឹងរៀនយូរហើយ មិនមែនជាការអត់ប្រយោជន៍នោះទេ ទៅរៀនមហាវិទ្យាល័យ ក៏ស្រួលជាងគេដែរ។
ជារៀងរាល់ឆ្នាំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិធ្វើឡើងនៅក្នុងខែសីហា។ ដោយសារមានការគំរាមគំហែងពីជំងឺកូវីដ១៩ការប្រឡងសញ្ញាបត្រនេះក្នុងឆ្នាំសិក្សា២០១៩-២០២០ ត្រូវបានលើកទៅដល់ខែធ្នូ ក៏ប៉ុន្តែការផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍ បានធ្វើអោយមានការលើកការប្រឡងសញ្ញាបត្រនេះរហូតដល់ខែមករា២០២១។ កាលបរិច្ឆេកចុងក្រោយនៃការប្រឡងនេះក៏ស្ថិតនៅក្នុងភាពស្រពិចស្រពិលផងដែរ។
លោកស្រី សុខ ចាន់នឿន ប្រធានប្រចាំប្រទេសកម្ពុជានៃអង្គការមូលនិធិកុមារកម្ពុជាដែលធ្វើការលើវិស័យអប់រំ ថ្លែងប្រាប់ VOA ថា ការកំណត់ច្បាស់លាស់របស់ក្រសួងអប់រំបែបនេះ ជាការប្រសើរ ជាជាងអូសបន្លាយការប្រឡងម្តងហើយម្តងទៀត។ លោកស្រីបញ្ជាក់ថា ភាពជោគជ័យរបស់សិស្ស មិនមែនស្ថិតនៅត្រឹមការជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនោះទេ។
លោកស្រីមានប្រសាសន៍ថា៖ «ជោគជ័យ ឬក៏បរាជ័យរបស់យុវជនយើងម្នាក់ៗ វាអត់ស្ថិតនៅលើខ្សែបន្ទាត់កាត់នៅត្រឹមបាក់ឌុបហ្នឹងទេ។ ថាបើអ្នកខ្លាំង គាត់នៅតែអាចបន្តខ្លាំងទៅ University [សាកលវិទ្យាល័យ]។ ចំណែកឯប្អូនៗដែលមិនខ្លាំង ក៏មិនមែនមានន័យថាគាត់មិនមានឱកាសដើម្បីបន្ត grow [រីកចម្រើន]ខ្លួនឯងបន្តទៅមុខដែរ។ អ៊ីចឹងខ្ញុំគិតថាវាជារឿងល្អដែរ ដែលពួកគាត់សុទ្ធតែមានឱកាសអាចរត់មកដល់ហ្នឹងទាំងអស់គ្នា។ អ៊ីចឹងតទៅមុខ ទៅឆ្ងាយ ឬក៏ជិត វាអាស្រ័យនៅលើប្អូនៗទាំងអស់គ្នា គាត់ជាអ្នកបន្តទៅមុខទៀត»។
ជាមួយគ្នានេះដែរ លោក តែ ឡូរិន នាយកនៃសាលាវេស្ទើនអន្តរជាតិ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សា ក៏បានបង្ហាញការគាំទ្រពីការបញ្ចប់ភាពមិនច្បាស់ក្នុងការប្រឡងថ្នាក់ទី១២ឆ្នាំនេះ។
លោកមានប្រសាសន៍ថា៖ «វាជាការងារមួយគួរតែអបអរសាទរទៅកុំឲ្យសិស្សយើងគាត់ព្រួយបារម្ភខ្លាំងពេក ពីព្រោះរយៈពេលនេះ បើគិតពីការរៀនសូត្ររបស់គាត់វិញ គឺចង់១ឆ្នាំកន្លះហើយ។ ខំរៀនត្រៀម ដើម្បីប្រឡងៗ តែចេះតែលើកពេលរហូត។ ជាកិច្ចការមួយល្អប្រសើរវិញទេ ធ្វើម៉េចបើកូវីដ វាកកូរកកាយយើងអ៊ីចឹង គួរតែអធ្យាស្រ័យ១ឆ្នាំចោលទៅ វាមិនស្អីទេចាំពេលកូវីដចប់ ចាំយើងពង្រឹងឡើងវិញទៅពីការអប់រំនេះ»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ មានប្រសាសន៍ថាការសម្រេចរបស់រដ្ឋាភិបាលផ្តោតសំខាន់លើសុខភាព និងសុវត្ថិភាពជាចម្បង។ លោកសង្ឈឹមថាសិស្សានុសិស្ស ឬឪពុកម្តាយនឹងយោគយល់លើបញ្ហានេះ។
លោកថ្លែងប្រាប់ VOA ថា៖ «ក្រសួងអប់រំ យុវជននិងកីឡា យល់ពីការមើលឃើញផ្សេងៗពីគ្នាពីសំណាក់ភាគីពាក់ព័ន្ធ ជាពិសេសគឺសិស្សានុសិស្ស មាតាបិតាចំពោះករណីនិទ្ទេស។ ប៉ុន្តែចំពោះមុខនេះ អ្វីដែលសម្តេចតេជោ បានសម្រេចហើយ គឺផ្តល់អទិភាពទៅលើការការពារអាយុជីវិតមិនឲ្យឆ្លងរោគកូវីដ១៩។ ដូចនេះសូមសិស្សានុសិស្ស ក៏ដូចជាមាតាបិតាទាំងអស់ យោគយល់ ហើយជាពិសេសនោះ គឺខំប្រឹងប្រែងបន្តទៀតនៅក្នុងការរៀនសូត្រនៅចំពោះមុខ»។
អំឡុងពេលការផ្អាកការសិក្សានៅថ្នាក់រៀន សិស្សានុសិស្សទាំងអស់ ត្រូវរៀនតាមអនឡាញ គឺត្រូវមានអ៊ិនធឺណិត។ សម្រាប់សិស្សនៅទីក្រុងភ្នំពេញ មិនសូវមានបញ្ហាក្នុងការសិក្សាបែបនេះនោះទេ ក៏ប៉ុន្តែសម្រាប់សិស្សនៅជនបទខ្វះខាតឧបករណ៍រៀនសូត្រ ដូចជាទូរស័ព្ទដៃ កុំព្យូទ័រ អាយផេត (Ipad) និងបញ្ហាអគ្គិសនីជាដើម។ ទាំងអស់នេះធ្វើឲ្យសិស្សទាំងនោះ បាត់បង់ឱកាសរៀន។
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group ដែលគ្រប់គ្រងសាលារៀន Westline និងជាប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានមានប្រសាសន៍ថាការសម្រេចឲ្យសិស្សជាប់ជាស្ថាពរដោយពុំមាននិទ្ទេសនេះ បង្ហាញពីភាពយុត្តិធម៌សម្រាប់សិស្សដែលពុំមានឧបករណ៍គ្រប់គ្រាន់ក្នុងសិក្សាអនឡាញ កាលពីកន្លងទៅ។
លោកមានប្រសាសន៍ថា៖ «មិនចាំបាច់មាននិទ្ទេស សិស្សខ្លះគាត់ថាគាត់ខំរៀន តែអត់បាននិទ្ទេស ក៏ប៉ុន្តែមានសិស្សពូកែដទៃទៀត គាត់គួរតែបាននិទ្ទេសល្អ ក៏ប៉ុន្តែដោយសារមធ្យោបាយនៃការរៀនសូត្ររបស់គាត់ នៅមានកំណត់ ពិបាកដែលមិនបានមករៀនផ្ទាល់ វាអាចអយុត្តិធម៌ចំពោះគ្នាខ្លះដែរហ្នឹង។ គិតថាយកជាប់ធ្លាក់ទៅ មិនបាច់យកនិទ្ទេសឆ្នាំហ្នឹង ក៏វាមិនទាន់ជាឆ្នាំចុងក្រោយនៃការវាយតម្លៃចំណេះរបស់មនុស្សម្នាក់»។
លោក ហេង វ៉ាន់ដា ជានាយកវិទ្យាស្ថានវ៉ាន់ដាគណនេយ្យនិងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាបានមានប្រសាសន៍ថាសិស្សដែលមានសមត្ថភាពខ្ពស់ នៅតែទទួលបានប្រយោជន៍ពីការសិក្សាដដែល។
លោកបញ្ជាក់ថា៖ «កុំឲ្យបាក់ទឹកចិត្ត យើងរៀនបានប៉ុណ្ណឹង រៀនពូកែ យើងចូលដល់មហាវិទ្យាល័យ បើយើងនៅតែពូកែទៀត គេក៏មានអាហារូបករណ៍ឲ្យយើងដែរ។ អ្នកណាដែលពូកែខ្លាំង សាលាខ្លះគេបញ្ជូនទៅរៀននៅបរទេស គេចេញលុយឲ្យ។ សាលាខ្ញុំអីចឹង បើដឹងថាអ្នកហ្នឹងរៀនពូកែ ជូនការបញ្ចុះថ្លៃ៥០% ពេលខ្លះ៧០%អីចឹង»។
គួរបញ្ជាក់ថា ការប្រឡងថ្នាក់ទី១២ឆ្នាំមុន មានបេក្ខជនសរុបប្រមាណ១១ម៉ឺន៥ពាន់នាក់ ហើយបេក្ខជនប្រឡងជាប់ មានចំនួនប្រមាណ៨ម៉ឺននាក់ គឺជិត៧០ភាគរយ។ ចំណែកក្នុងឆ្នាំសិក្សាដែលគំរាមកំហែងដោយជំងឺកូវីដនេះ បេក្ខជនដែលបានចុះឈ្មោះប្រឡង មានចំនួនសរុបជាង១២ម៉ឺននាក់៕