ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ បានចាប់ផ្តើមកាលព្រឹកថ្ងៃចន្ទនេះ ដោយមានចំនួនសិស្សានុសិស្សច្រើនជាងឆ្នាំមុនៗ និងស្ថានភាពល្អប្រសើរតាមមណ្ឌលប្រឡងនានា។ នេះបើយោងតាមការឱ្យដឹងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ រដ្ឋមន្ត្រីនៃក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ថ្លែងថា នៅក្នុងការប្រឡងក្នុងឆ្នាំ២០១៨នេះ មានបេក្ខជនចំនួន១១៧.០៦១នាក់ ដែលមានកំណើនប្រមាណ១៣.៩៤៩នាក់។ លើសពីនេះទៀត មណ្ឌលប្រឡងបានកើនឡើងពីចំនួន១៥០ ដល់១៩៦កន្លែងនៅទូទាំងប្រទេស។
លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថា៖
«ហើយឆ្នាំនេះ យើងឃើញថា ចំនួនសិស្សមានការកើនឡើង រាល់ដងមានសិស្សតែប៉ុន្មាន៨ម៉ឺននាក់ ឆ្នាំនេះឡើងដល់១១៥.០០០នាក់ជាង។ ហើយមណ្ឌលក៏កើនឡើងដែរ។ កាលពីឆ្នាំ២០១៤ យើងមានមណ្ឌលប្រមាណជា១៥០ ឥឡូវនេះមណ្ឌលឡើងដល់១៩៦»។
បើទោះបីជាមានមតិមួយចំនួនដែលលើកឡើងថា ក្រសួងបានបន្ធូរកម្រិតវិញ្ញាសារប្រឡងយ៉ាងណាក៏ដោយ ក៏ក្រសួងនៅតែបន្តរៀបចំការប្រឡងនេះជាមួយស្តង់ដារដែលខ្លួនបានអះអាង។
ព័ត៌មាន ដែលចុះផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ បានឱ្យដឹងថា ការប្រឡងឆ្នាំនេះ មិនមានស្ថានការណ៍ណាមួយដែលខុសប្រក្រតីនៅឡើយទេ។
នេះគឺជាឆ្នាំទី៥ហើយនៃការកែទម្រង់ការសិក្សា និងការប្រឡងក្នុងប្រទេសកម្ពុជា ដោយមានការរឹតបន្តឹងការប្រឡង ដើម្បីទទួលបានបេក្ខជនដែលមានសមត្ថភាពក្រោមពាក្យស្លោកថា«អ្នកចេះ ទើបជាប់»។
ចាប់តាំងពីឆ្នាំ២០១៤មក មានកំណែទម្រង់ និងការរឹតបន្តឹងដំណើរការប្រឡងទូទាំងប្រទេសកម្ពុជា ដែលបេក្ខជនប្រឡងនិយមតែចម្លងតាមសំណៅឯកសារផ្សេងៗធ្វើឱ្យអត្រាបេក្ខជនដែលប្រឡងមិនជាប់ គឺមានប្រមាណ៧០ភាគរយ ក៏ប៉ុន្តែឆ្នាំទៅមិញ ពីរភាគបីនៃចំនួនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺទទួលជោគជ័យ។
ក្នុងដំណើរការប្រឡងថ្ងៃទី១នេះ បេក្ខជនប្រឡងមានចំនួនសរុបចំនួន១១៥.២៦៨នាក់ ស្រី៥៨.១៥៨នាក់ អវត្តមានសរុបចំនួន១.៧០៨នាក់ ស្រី ៦៩២នាក់។
ក្នុងកិច្ចសម្ភាសន៍ជាមួយ VOA នៅថ្ងៃចន្ទដែលជាថ្ងៃទី១ បេក្ខជនមួយចំនួនបានបង្ហាញពីភាពសុទិដ្ឋិនិយមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ។ ពួកគេសុទ្ធតែគិតថា ការប្រឡងឆ្នាំនេះមិនពិបាក ហើយក៏មិនងាយស្រួលប៉ុន្មានដែរ។
កញ្ញា មាស ចាន់ថន ជាបេក្ខនារីមកពីវិទ្យាល័យឫស្សីកែវ ហើយត្រូវប្រឡងនៅមណ្ឌលបឋមសិក្សាចតុមុខ បាននិយាយថា វិញ្ញាសារប្រឡងព្រឹកនេះគឺជាអ្វីដែលនាងបានរៀនរួច ប៉ុន្តែស្ថានភាពក្នុងបន្ទប់ប្រឡងមានការតឹងតែង។
«អនុរក្សគាត់នៅឈរមើលយើង២៤ម៉ោងហ្មង ចង់និយាយអីចឹងណា៎។ ហើយគ្រូ គាត់ដើរទៅដើរមកមើលការប្រឡងរបស់យើងរហូត។ ពេលខ្លះទៅ ចង់និយាយថា ងាកខ្លួនមិនរួចហ្មងណា៎»។
ចាន់ថន បានបន្ថែមថា នាងសង្ឃឹមថា វិញ្ញាសារបន្ទាប់នឹងចេញចំមេរៀនដែលនាងបានរំឭកនិងត្រៀមរួចនោះ។
ចំណែកកញ្ញា រស្មី ដារ័ត្ន មកពីវិទ្យាល័យឫស្សីកែវ ដែលបានប្រឡងនៅមណ្ឌលដូចគ្នានេះ និយាយថា នាងមិនមានការភិតភ័យនោះទេ ដោយសារតែនាងធ្វើបានច្រើន។
«ពេលដែលចូលទៅហ្នឹង ខ្ញុំអត់បានរំពឹងថា នឹងសុំបន់ឲ្យចេញវិញ្ញាសារដែលខ្លួនឯងបានមើលទេ ព្រោះអីមានអារម្មណ៍ថា ដូចខ្ញុំប្រាប់បងអីចឹងណា៎ ថា ធម្មតា ចូលទៅប៉ះសំណួរណាធ្វើសំណួរហ្នឹងតែម្តង។ ហើយអឺ អាចនិយាយបានថា សំណួរខ្លះបើកមកទៅ គឺវាចំជាមួយនឹងសំណួរមួយហើយនឹងលំហាត់មួយៗដែលធ្លាប់មើល»។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសកម្ពុជារយៈពេលពីរថ្ងៃ នឹងត្រូវបញ្ចប់នៅរសៀលថ្ងៃអង្គារខាងមុខ ហើយលទ្ធផលនៃការប្រឡងនឹងត្រូវប្រកាសនៅខែកញ្ញាខាងមុខ៕