ទោះបីជាការសិក្សានៅក្នុងការសាលាត្រូវបានផ្អាកដោយសារបញ្ហាជំងឺកូវីដ ១៩ក៏ដោយយុវជន ហេង សេងហួត ដែលជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យព្រះយុគន្ធរ ក្នុងក្រុងភ្នំពេញនៅតែត្រៀមចិត្ត និងប្តេជ្ញាថា នឹងប្រឹងប្រែងរហូតដល់ប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ។
យុវជនអាយុ១៨ឆ្នាំរូបនេះ ដែលមានបំណងក្លាយទៅជាវេជ្ជបណ្ឌិតបាននិយាយថា ខ្លួនកំពុងជួបប្រទះការលំបាកខ្លះនៅក្នុងការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត ដែលត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។
«ខ្ញុំរៀនជាមួយលោកគ្រូនោះ រៀនផ្សេង។ ហើយខ្ញុំរៀនជាមួយគ្រូតាម E-learning រៀនផ្សេង។អ៊ីចឹងពេលខ្លះ ខ្ញុំអត់យល់តែម្តង។ មិនត្រឹមតែថា រាងស្រពិចស្រពិលទេ គឺអត់យល់តែម្តង»។
យុវជនរូបនេះបន្ថែមទៀតថា៖ «អារម្មណ៍របស់ខ្ញុំផ្ទាល់នៅពេលដែលជិតឈានទៅដល់ថ្ងៃប្រឡងបាក់ឌុបហ្នឹង វាពិតជាមានអារម្មណ៍ភ័យព្រួយខ្លះដែរ ព្រោះយើងរៀនមិនបានដិតដល់»។
ខណៈដែលគ្រឹះស្ថានសិក្សានៅបិទទ្វារដោយសារចំណាត់ការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ សិស្សថ្នាក់ទី១២បង្ហាញការព្រួយបារម្ភដូចជា ការសិក្សាពីចម្ងាយមានការលំបាក បញ្ហាក្នុងការទាក់ទងទៅគ្រូបង្រៀនផ្ទាល់ ការឆ្លើយតបយឺតយ៉ាវពីគ្រឹះស្ថានសិក្សា ឬគ្រូបង្រៀន និងកង្វះខាតសម្ភារៈបច្ចេកទេសសម្រាប់គ្រូបង្រៀននៅតាមខេត្តជាដើម។
ស្របពេលដូចគ្នានេះដែរ សេងហួត បានលើកឡើងថា កម្មវិធីបង្រៀនផ្សាយវីដេអូបង្រៀនរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា គឺមិនគ្រប់គ្រាន់នោះទេ ដើម្បីឲ្យសិស្សថ្នាក់ទី១២ អាចត្រៀមលក្ខណៈបានពេញលេញសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។
សេងហួតថា មិត្តភក្តិមួយចំនួនរបស់ខ្លួនក៏មានការបារម្ភចំពោះការប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះដែរ ដោយសារការរៀបចំរៀនសូត្រមិនទាន់បានដិតដល់នៅឡើយ។
យុវជន សេងហួត ក៏បានអំពាវនាវឲ្យក្រសួងអប់រំ យុវជន និងកីឡា ពន្យារពេលការប្រឡងផងដែរ ដើម្បីឲ្យខ្លួនអាចសិក្សាបន្ថែម និងត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់។
រដ្ឋាភិបាលកម្ពុជាបានសម្រេចបិទសាលាគ្រប់កម្រិតមួយរយៈនៅទូទាំងប្រទេសកាលពីពាក់កណ្តាលខែមីនា ជាកិច្ចការពារកុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ១៩។
យុវតី ខាត់ ស្រីណា ជាសិស្សថ្នាក់ទី ១២ នៅវិទ្យាល័យសិរីមង្គល នៅឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។
ស្រីណា អាយុ ១៨ឆ្នាំបានប្រាប់ VOA ថា នាពេលបច្ចុប្បន្ន ខ្លួនកំពុងសិក្សាជាមួយគ្រូតាមប្រព័ន្ធអ៊ីនធឺណិតតាមទូរស័ព្ទដៃស្មាតហ្វូននៅពេលរាត្រី។
ទោះបីជានាងអាចរៀនតាមប្រព័ន្ធអ៊ីនធឺណិតក៏ដោយ ក៏មេរៀនដែលនាងអាចរៀនបាននោះគឺ បានតែមុខវិជ្ជាគណិតវិទ្យាតែប៉ុណ្ណោះតាមប្រព័ន្ធ Zoom គឺកម្មវិធីប្រជុំជាវីដេអូ តែសម្រាប់មុខវិជ្ជាផ្សេងទៀតគ្រូបានត្រឹមផ្ញើលំហាត់មកឲ្យធ្វើតែប៉ុណ្ណោះ។
ស្រីណាបានបង្ហាញក្តីកង្វល់ពីការរៀនតាមប្រព័ន្ធអ៊ីនធឺណិត ដោយហេតុថា នាងមានការពិបាកទាក់ទងទៅសួរគ្រូ និងមិនទទួលបានការឆ្លើយតបភ្លាមៗទេនៅពេលនាងមានចម្ងល់។ ហើយនៅពេលដែលនាងមានចម្ងល់ស្រីណាសម្រេចកត់ទុកនូវចម្ងល់ទាំងនោះ ហើយងាកទៅសួរទៅមិត្តភក្តិរបស់នាងវិញ។
នៅពេលសួរថានាងរំពឹងថា ទទួលបានលទ្ធផលល្អនោះទេស្រីណាបានប្រាប់ VOA ថា នាងមិនប្រាកដនោះទេ ព្រោះមានចំណុចសិក្សាជាច្រើនដែលនាងគិតថាពិបាកសម្រាប់នាង។
«ពិបាកនិយាយដែរបង អាហ្នឹង។វាអត់ប្រាកដអ៊ីចឹងណា៎បង ព្រោះថាវាមានចំណុចខ្លះពិបាកច្រើនដែរ។ អ៊ីចឹងណា៎បង»។
ស្រីណាបានប្រាប់ VOA បន្តទៀតថា មិត្តភក្តិមួយចំនួនរបស់នាងក៏ជួបការលំបាកផងដែរដោយសារតែពួកគេមិនអាចរៀនទាន់ និងមិនយល់ឲ្យបានច្បាស់ តាមរយៈការរៀនតាមប្រព័ន្ធអ៊ីនធឺណិត។
«ខ្ញុំគិតថាអាចជួយបានតែមនុស្សមួយចំនួនទេបង ព្រោះថា ខ្ញុំរៀនផ្ទាល់ជាមួយពួកគាត់តែហ្មងនៅសាលា បង។ ហ្នឹងខ្ញុំនិយាយតាមត្រង់ លោកគ្រូគាត់ដាក់កំហិតផងអីផងនៅមានអ្នកខ្លះគាត់រាងយ៉ាប់អ៊ីចឹងហ្អា»។
បន្ថែមពីនេះទៀត ស្រីណាគិតថាប្រសិនបើសាលារៀនបើកទ្វារឡើងវិញជាការប្រសើរព្រោះនាងអាចមានលទ្ធភាពទៅរៀនគួរបន្ថែម។
យុវតី លីលីហួរ ជាសិស្សថ្នាក់ទី១២ មួយរូបទៀតនៅសាលាឯកជនប៊ែលធីសាខាឫស្សីកែវ ក្នុងក្រុងភ្នំពេញ។
លី ហួរ បានប្រាប់ VOA ថា ការរៀនសូត្ររបស់នាងកំពុងប្រឈមនឹងការលំបាក ដោយសារតែត្រូវរៀនតាមប្រព័ន្ធអ៊ីនធឺណិត និងឆ្ងាយពីគ្រូ។ ដូច្នេះ នាងមានការពិបាកនៅក្នុងការទាក់ទងសួរគ្រូ ប្រសិនបើនាងជួបបញ្ហាផ្សេងៗពាក់ព័ន្ធនឹងមេរៀន។
«ចំពោះការរៀន វាពិបាកបន្តិចហើយបងព្រោះដោយសារតែយើងនៅឆ្ងាយពីគ្រូ។ ហើយយើងមានកត្តាជាច្រើនដែលយើងត្រូវពង្រឹងខ្លួនឯង ព្រោះ ធម្មតាទេ បើយើងនៅរាងឆ្ងាយពីគ្រូអត់មានគ្រូនាំមុខអាហ្នឹងវាពិបាកចំពោះខ្លួនឯងហើយ»។
ខុសពីស្រីណា ទោះបីជាត្រូវរៀនតាមប្រព័ន្ធអ៊ីនធឺណិតក៏ដោយយុវត្តីលីហួរដែលកំពុងរៀននៅសាលាឯកជន ទទួលបានការបង្រៀនគ្រប់មុខវិជ្ជាទាំងអស់តាមប្រព័ន្ធកម្មវីធីផ្ញើសារ Telegram និងកម្មវិធី Zoom លើកលែងតែមុខវិជ្ជាភាសាអង់គ្លេសតែប៉ុណ្ណោះ។ ហើយនាងរៀនពីថ្ងៃច័ន្ទដល់សុក្រ ចាប់ពីម៉ោង៧កន្លះដល់ម៉ោង១១ព្រឹក។
ពីដំបូងឡើយ លីហួរ មានសង្ឃឹមខ្លាំងនៅក្នុងការទទួលបានលទ្ធផលល្អចំពោះការប្រឡងថ្នាក់ទី១២ខាងមុខ។ យ៉ាងណាក្តី នាងនៅតែមានការបារម្ភចំពោះការប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ ដោយសារតែមុខវិជ្ជាខ្លះតម្រូវឲ្យនាងរៀនគួរបន្ថែម។
«ដំបូងឡើយ ខ្ញុំរាងសង្ឃឹមរាងខ្លាំងព្រោះកាលឆមាសទីមួយគឺ អាហ្នឹងបានល្អ។ នៅពេលដែលយើងរៀនបានដិតដល់រៀនបានជាប់ជាមួយគ្រូ នៅជិតគ្រូយើងមានការយល់ច្បាស់ពីមេរៀន។ ដល់ពេលចាប់ពីគេឈប់មក គឺ អីៗវាដូចមិនសូវអំណោយផលទេបង»។
ស្របពេលដូចគ្នានេះនាងបានប្រាប់ VOA ថានាងមិនមានពេលគ្រប់គ្រាន់ ដើម្បីមើលវីដេអូបង្រៀនចាក់ផ្សាយតាមទូរទស្សន៍នោះទេព្រោះជាន់ពេលវេលាដែលនាងត្រូវជួយម្តាយមីងក្នុងហាងអ៊ុតសក់។
លីហួររៀនខ្សោយផ្នែកភាសាខ្មែរ។ ប៉ុន្តែនៅពេលរៀនជាមួយគ្រូផ្ទាល់ លីហួរ សង្កេតឃើញថាការរៀនរបស់នាងបានប្រសើរឡើងជាមុន។យ៉ាងណាក៏ដោយ មួយរយៈនេះការសិក្សាផ្នែកភាសាខ្មែររបស់នាងហាក់ដូចជាថមថយទៅវិញ។
បន្ថែមពីលើនេះទៀត យុវតី លី ហួរ បាននិយាយថា មិត្តភក្តិរបស់នាងសឹងតែគ្រប់គ្នាកំពុងជួបការលំបាកក្នុងការសិក្សាដូចនាងផងដែរដូចជា ការរៀនមិនបានដិតដល់ ការរៀនមិនទាន់ និងការលំបាកក្នុងការប្រាស្រ័យទាក់ទងទៅអ្នកដទៃនៅពេលមានចម្ងល់ក្នុងលំហាត់។
គ្រូបង្រៀនជាច្រើនយល់អំពីការលំបាកនិងការប្រឈមដែលសិស្សមិនធ្លាប់ជួបប្រទះ។ យ៉ាងណាក្តី ពួកគាត់នៅតែបន្តខិតខំបង្រៀនតាមប្រព័ន្ធអ៊ីនធឺណិត និងលើកទឹកចិត្តឲ្យសិស្សបន្តខិតខំសិក្សារៀនសូត្រ។
អ្នកគ្រូ គឹម សុត្ថារី ជាគ្រូមួយរូបនៅសាលារៀនជំនាន់ថ្មីក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងក្រុងភ្នំពេញ។អ្នកគ្រូបានបង្រៀនមុខវិជ្ជាជីវវិទ្យានៅសាលារៀនជំនាន់ថ្មីអស់រយៈពេលបីឆ្នាំមកហើយ។
នៅខណៈពេលកម្ពុជាកំពុងព្យាយាមការពារការរាតត្បាតជំងឺកូវីដ១៩ អ្នកគ្រូបានលើកទឹកចិត្តឲ្យសិស្សបន្តការសិក្សានៅផ្ទះ ហើយអំពាវនាវឲ្យឪពុកម្តាយលើកទឹកចិត្ត និងផ្តល់ឱកាសឲ្យកូនរបស់ខ្លួនអាចរៀនសូត្រនៅផ្ទះ។
នាពេលបច្ចុប្បន្ន អ្នកគ្រូ សុត្ថារី បានឲ្យដឹងថា អ្នកគ្រូបានប្រើប្រាស់កម្មវិធីផ្ញើសារ Telegram និងកម្មវិធីប្រជុំជាវីដេអូ Zoom ដើម្បីធ្វើការបង្រៀន។ អ្នកគ្រូបានបន្តថា នៅពេលដែលកូនសិស្សមានបញ្ហា អ្នកគ្រូនឹងធ្វើការទាក់ទងទៅកូនសិស្សផ្ទាល់ ហើយក្នុងករណីដែលកូនសិស្សតាមមិនទាន់ អ្នកគ្រូបានធ្វើការពន្យល់ជាលក្ខណៈឯកជនផងដែរ។
«ចា៎ ទាក់ទងនឹងកូនសិស្សដែលតាមអត់ទាន់ អ៊ីចឹង ខ្ញុំអាចពន្យល់គាត់ជាលក្ខណៈឯកជន មានន័យថាដូចជាតាមកម្មវិធី Telegram អ៊ីចឹង។ ពេលដែលគាត់មើលវីដអូអ៊ីចឹង គាត់តាមអត់ទាន់គាត់នឹង Chat (ផ្ញើសារ) ឯកជនមកខ្ញុំហើយ។ អ៊ីចឹងខ្ញុំអាចពន្យល់គាត់អាចជាសូរសំឡេង ឬក៏ថតជា វីដេអូ ឬក៏តេទៅគាត់ផ្ទាល់តែម្តងហើយ និយាយជាមួយគាត់ ពន្យល់គាត់អ៊ីចឹង»។
យ៉ាងណាក្តីអ្នកគ្រូ សុត្ថារី បានទទួលស្គាល់ថាការបង្រៀននៅសាលា និងតាមប្រព័ន្ធអ៊ីនធឺណិតមិនដូចគ្នានោះទេ ប៉ុន្តែយ៉ាងហោចណាស់ វាជួយឲ្យគ្រូបង្រៀនអាចបន្តការបង្រៀនរបស់ខ្លួន និងមិនបោះបង់ការបង្រៀន។
អំឡុងពេលរដ្ឋាភិបាលផ្អាកការសិក្សាតាមគ្រឹះស្ថានអប់រំនានានៅប្រទេសកម្ពុជា លោក ទូច រដ្ឋានី ដែលជាគ្រូបង្រៀនគណិតវិទ្យាម្នាក់ នៅវិទ្យាល័យព្រះកុសុមៈ ក្នុងទីរួមខេត្តក្រចេះបាន សម្រេចចិត្តថតវីដេអូបង្រៀនបង្ហោះតាមកម្មវិធី YouTube ដើម្បីឲ្យសិស្សអាចចូលមើល និងសិក្សាបាន។
ក្រៅពីអំពាវនាវឲ្យមានការចូលរួមពីសិស្សទាំងអស់ លោកគ្រូ រដ្ឋានី បានលើកឡើងផងដែរថានាពេលបច្ចុប្បន្ន លោក និងគ្រូបង្រៀនមួយចំនួនទៀតកំពុងជួបប្រទះការខ្វះខាតសម្ភារៈ និងសុំឲ្យមានការផ្គត់ផ្គង់សម្ភារៈពីក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
«ចំពោះការបង្រៀននៅតាមឡាញ ឬផេករបស់គ្រូជួបការលំបាកខ្លះដូចជា បញ្ហាការថត។ ការថតយើងខ្វះសម្ភារៈបច្ចេកទេសផ្ទាល់ខ្លួន។ ចំពោះក្រសួងគាត់មានសម្ភារៈរបស់គាត់ហើយ។ តែចំពោះផ្ទាល់ខ្លួនរបស់គ្រូៗរាងពិបាកបន្តិចដែរ»។
គ្រូគណិតវិទ្យា រូបនេះដែលបានបង្រៀនអស់រយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ក៏បានលើកឡើងពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងសិស្សផងដែរដូចជា សិស្សក្រីក្រមិនអាចមានលទ្ធភាពទិញទូរស័ព្ទស្មាតហ្វូនយកមកប្រើប្រាស់ដើម្បីសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។លើសពីនេះទៀត សិស្សមួយចំនួនមិនយល់ និងមិនអាចដោះស្រាយលំហាត់ ដែលលោកដាក់ឲ្យ នៅពេលត្រូវរៀននៅផ្ទះដោយខ្លួនឯង។
លោកគ្រូរដ្ឋានីយល់ថាសិស្សថ្នាក់ទី១២មួយចំនួននឹងមិនអាចទទួលបានលទ្ធផលល្អនោះទេចំពោះការប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។
«បើតាមការសង្កេតរបស់ខ្ញុំខ្ញុំឃើញថា យើងប្រហែលមិនបានប្រសើរទេ ព្រោះថា បើយើងនៅបង្រៀនផ្ទាល់ យើងអាចដឹកដៃសិស្ស។ បើសិស្សហ្នឹងមិនយល់ យើងអាចណែនាំជំរុញសិស្សហ្នឹងបាន។ បើសិនជាប្រយោលអ៊ីចឹង យើងរាងពិបាកដែរ»។
ស្របពេលដូចគ្នានេះដែរលោក រដ្ឋានី ក៏បានសំណូមពរឲ្យក្រសួងបង្កើនកម្មវិធីផ្សព្វផ្សាយអំពីការបង្រៀន និងផ្តល់ជាការលើកទឹកចិត្តដល់គ្រូបង្រៀនដែលបានចំណាយពេលបង្រៀនសិស្សតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ VOA ថា ក្រសួងអប់រំ យុវជន និងកីឡាបានដឹងពីបញ្ហាផ្សេងៗពាក់ព័ន្ធនឹងការសិក្សាពីចម្ងាយ។
លោក សុវាចា បានលើកឡើងថាចំពោះបញ្ហាសិស្សគ្មានលទ្ធភាពទិញទូរស័ព្ទស្មាតហ្វូន ឬមិនមានទូរទស្សន៍ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវឲ្យសិស្សសុំមើលទូរទស្សន៍ពីសំណាក់អ្នកជិតខាងជាដំណោះស្រាយបណ្តោះអាសន្នសិន ស្របពេលអនុវត្តការរក្សាគម្លាតពីគ្នាផងដែរ។
«ហើយចំពោះសិស្សានុសិស្ស ដែលមិនទាន់មានលទ្ធភាព មានទូរទស្សន៍នៅតាមគេហដ្ឋានរបស់គាត់ ក្រសួងអប់រំ យុវជន និងកីឡាលើកទឹកចិត្តឲ្យគាត់ទស្សនាទូរទស្សន៍ ទទក ២ ដែលជា ប៉ុស្តិ៍ទូរទស្សន៍ថ្មីរបស់ទូរទស្សន៍ជាតិកម្ពុជាស្តីពីការអប់រំ ដែលមាននៅតាម ...ជាមួយអ្នកជិតខាងរបស់គាត់សិន»។
ខណៈពេលដូចគ្នានេះដែរ លោក សុវាចា ក៏បានស្នើឲ្យមានអន្តរាគមន៍ពីគ្រូបង្រៀនតាមមូលដ្ឋានដើម្បីជួយទៅដល់សិស្សដែលកំពុងជួបប្រទះបញ្ហានៅក្នុងការរៀនសូត្រពីចម្ងាយ។
កាលពីដើមខែមិថុនានេះ ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចឲ្យមានការប្រឡងតាមប្រព័ន្ធអ៊ីនធឺណិតចំពោះការប្រឡងបញ្ចប់ការសិក្សា និងការប្រឡងចូលថ្នាក់ឧត្តមសិក្សា ខណៈកាលបរិច្ឆេទប្រឡងនឹងត្រូវកំណត់ឡើងវិញនាពេលក្រោយ។
ជាផ្នែកមួយនៃការដោះស្រាយទៅលើការផ្អាកការសិក្សានៅតាមសាលារៀន នាពេលបច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញលើការសិក្សាពីចម្ងាយ ដោយមានការចាក់ផ្សាយវីដេអូបង្រៀនតាមប៉ុស្តិ៍ទូរទស្សន៍ តាមបណ្តាញសង្គមហ្វេសប៊ុក និងតាមកម្មវិធី (APP) សិក្សា ដែលទាញយកបានក្នុងទូរស័ព្ទស្មាតហ្វូនផងដែរ។
ស្របពេលដូចគ្នានេះដែរ នៅក្នុងសន្នីសិទសារព័ត៌មានមួយកាលពីខែឧសភា លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបាននិយាយថាក្រសួងកំពុងពិចារណាលុបចោលការចេញលទ្ធផលប្រឡងជានិទ្ទេសសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិពោលគឺលទ្ធផលមានតែជាប់ ឬធ្លាក់តែប៉ុណ្ណោះ។
យុវជនហេង សេង ហួត ដែលចង់ក្លាយទៅជាវេជ្ជបណ្ឌិតកំពុងបារម្ភនឹងការប្រឡងមធ្យមសិក្សាទុតិយភូមិនៅពេលខាងមុខនេះ។ សេតហួតក៏មានក្តីកង្វល់ផងដែរក្នុងការត្រៀមលក្ខណៈបានគ្រប់គ្រាន់នៅក្នុងការប្រឡងជាប់ដើម្បីចូលរៀនពេទ្យ ដែលជាក្តីស្រមៃរបស់ខ្លួន។
«ការតាំងចិត្តវារាងខ្ពស់តែដោយសារតែបរិយាកាសសង្គមវាត្រូវបានរអាក់រអួលដោយសារកូវីដ១៩ បានវាយលុកចូលក្នុងពិភពលោកយើងហ្នឹង ដូចជា ប្រទេសកម្ពុជាជាដើមធ្វើឲ្យការសិក្សាតាមមុខវិជ្ជាមួយៗរបស់ខ្ញុំហ្នឹងនៅមានកម្រិត»៕