ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រឡង​ត្រូវ​បាន​រឹត​បន្តឹង​ដោយ​ពុំ​មាន​ ACU


ទិដ្ឋភាពបេក្ខជនចាប់ផ្តើមចូលមណ្ឌលប្រឡងមណ្ឌលប្រឡងវិទ្យាល័យព្រះយុគន្ធរ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ (ប៊ុន សុខា/VOA)
ទិដ្ឋភាពបេក្ខជនចាប់ផ្តើមចូលមណ្ឌលប្រឡងមណ្ឌលប្រឡងវិទ្យាល័យព្រះយុគន្ធរ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ (ប៊ុន សុខា/VOA)

នៅ​ថ្ងៃ​នេះ​ សិស្សា​នុសិស្ស​ជាង​១១​ម៉ឺន​នាក់​​បាន​ចាប់​ផ្តើម​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ដែល​គេ​ស្គាល់​ថា ​ប្រឡង​បាក់​ឌុប។ ​ការ​ប្រឡង​ឆ្នាំ​នេះ​ត្រូវ​បាន​រឹត​បន្តឹង​ ប៉ុន្តែ​មិន​មាន​ការ​ចូល​រួម​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​​រលួយ​នោះ​ទេ។

សិស្សា​នុសិស្ស​ជាង​១១៧០០០​នាក់នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​ចូល​អង្គុយ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឬប្រឡង​បាក់​ឌុប​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដែល​ជា​ជំហាន​មួយ​អនុញ្ញាត​ឲ្យ​ពួក​គេ​បន្ត​ការ​សិក្សា​នៅ​កម្រិត​ឧត្តម​សិក្សាបន្ដ​ទៀត។​

អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ លោក ​រស់ សុវាចា​ បាន​លើក​ឡើងថា​ ភាព​ជោគ​ជ័យ​របស់​បេក្ខជន​នីមួយៗ​គឺ​ស្ថិត​លើការ​ប្រឹងប្រែង​និង​សមត្ថ​ភាព​របស់​ពួក​គេ ​ស្រប​ទៅ​តាមពាក្យ​ស្លោក​របស់​ក្រសួង​អប់រំ​ យុវជន​និង​កីឡាថា​«អ្នក​ចេះ​ ​ទើប​ជាប់»។

លោក​បាន​ថ្លែង​ថា៖ ​

«ប៉ុន្តែ​បើ​យើង​ពិនិត្យ​ទៅ​លើ​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​ប្អូន​ដែល​ជា​បេក្ខជន​ប្រឡង​ផ្ទាល់​ ​យើង​សង្ឃឹម​ថា ​ជោគជ័យ​នឹង​ឆ្លើយ​តប​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​របស់​ប្អូនៗ​ដូច​ជា​ការ​ចូល​រួម​បង្រៀន​ផ្ទាល់​ពី​សំណាក់​លោក​គ្រូ​អ្នក​គ្រូហើយ​នឹង​គណៈ​គ្រប់គ្រង​សាលា​រៀន​នៅ​កម្រិត​ទូទាំង​ប្រទេស​ បាទ»។​

បេក្ខជន​ប្រឡង​ទាំង​ជាង​១១៧០០០​នាក់ក្នុង​មណ្ឌល​ប្រឡង​សរុប​ចំនួន​២០២​នៅ​ទូទាំង​ប្រទេស​កម្ពុជា​នឹង​ត្រូវប្រកួត​ប្រជែង​រយៈ​ពេល​ពីរ​ថ្ងៃ​លើ​វិញ្ញា​សារជា​ច្រើន​ដូចជា​ផែនដី​និង​បរិស្ថាន​វិទ្យា​ ​ភូមិ​វិទ្យា​ ប្រវត្តិវិទ្យា ​ភាសា​បរទេស ​អក្សរ​សាស្ត្រ​ខ្មែរ​ គណិត​វិទ្យា​ គីមី​វិទ្យា​ ​រូប​វិទ្យា​ ជីវវិទ្យា​ និង​សីលធម៌។ ​នេះ​បើ​ផ្អែក​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា។

ឯកសារ​ផ្សេងៗ ​ទូរស័ព្ទ​ដៃ ​និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ទៀត​ត្រូវ​ហាម​មិន​ឲ្យ​យក​តាម​ខ្លួន​ចូល​បន្ទប់​ប្រឡង​ទេ។​

ក្នុង​ពេល​ដែល​លោក​ចុះ​ត្រួត​ពិនិត្យ​មណ្ឌល​ប្រឡង​ លោក​ ហង់ ជួនណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា ​បេក្ខជន​ប្រឡង​ដែល​រក​ឃើញ​ថា​ បានក្លែង​បន្លំ​ នឹង​ត្រូវ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ។

លោក ​គីម វុទ្ធី​ អនុរក្ស​ម្នាក់​ក្នុង​មណ្ឌល​ប្រឡង​វិទ្យាល័យ​យុគន្ធរ​ បាន​ប្រាប់​VOA​ កាលពី​រសៀល​ថ្ងៃ​ច័ន្ទនេះ​ថា ​មិន​មាន​អ្វី​មិន​ប្រក្រតី​កើត​ឡើង​នោះ​ទេ​ ដោយ​សារ​ស្ថាន​ការណ៍​ប្រឡង​នៅ​ព្រឹក​នេះ​មានភាព​ល្អ​ប្រសើរ​ ​ទោះ​មិន​មាន​ការ​ចូល​រួម​ត្រួត​ពិនិត្យ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ACU​ ដែល​ធ្លាប់​ចូល​រួម​ត្រួត​ពិនិត្យ​លើ​បេក្ខជន​ប្រឡង​ចាប់​តាំង​ពី​ឆ្នាំ​២០១៣​ ក៏ដោយ។​

ប៉ុន្តែ​ក្នុង​ឆ្នាំ​នេះ​ ​ក្រសួង​អប់រំ​ជំនួស​មក​វិញ​នូវ​ការ​បង្កើន​ចំនួន​អប្បមាទ​ ឬ​អ្នក​អង្កេត​ការណ៍​ដល់​ចំនួន​៦០៦​នាក់​និង​ជំនួយ​ការ​នៃ​អប្បមាទ​រហូត​ដល់​ជាង​២០០០​នាក់។​

អប្បមាទ​ទាំង​នេះភាគ​ច្រើន​គឺជា​ក្រុម​យុវជន​ដែល​មាន​តួនាទី​ដើរ​ត្រួត​ពិនិត្យ​ និង​អង្កេត​ការណ៍​ក្នុង​បន្ទប់​ប្រឡង​ក៏ដូច​ជា​នៅ​ក្នុង​មណ្ឌល​ប្រឡង​ផង​ដែរ។​

នាង បូរិន ពិសី យុវតី​អាយុ​១៧​ឆ្នាំ​ដែល​មក​ពី​វិទ្យាល័យប៊ុនរ៉ានី​វត្តភ្នំ​ កំពុង​ឈរ​ចាំ​នៅ​ខាង​មុខ​របង​វិទ្យាល័យ​ព្រះយុគន្ធរជាមួយ​ម្តាយ​ កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ​ដើម្បី​ចូលបន្ទប់​ប្រឡង​វគ្គ​ទី​ពីរ​ក្នុង​ថ្ងៃ​ទី​មួយ​នេះ។ ​នាង ​ពិសី សង្កេត​ឃើញ​ថា​ ​ការ​រឹត​បន្តឹង​នេះ​នៅ​តែ​ដូច​ឆ្នាំ​មុនៗ​ដែរ។

យុវតីអាយុ១៧ ឆ្នាំ បូរិន ពិសី មកពីវិទ្យាល័យប៊ុនរានីវត្តភ្នំនិយាយជាមួយវីអូអេនៅក្នុងថ្ងៃប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៩ថ្ងៃទី០១នៅមុខមណ្ឌលប្រឡងវិទ្យាល័យយុគន្ធរ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ (ប៊ុន សុខា/VOA)
យុវតីអាយុ១៧ ឆ្នាំ បូរិន ពិសី មកពីវិទ្យាល័យប៊ុនរានីវត្តភ្នំនិយាយជាមួយវីអូអេនៅក្នុងថ្ងៃប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៩ថ្ងៃទី០១នៅមុខមណ្ឌលប្រឡងវិទ្យាល័យយុគន្ធរ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ (ប៊ុន សុខា/VOA)

​នាង​បាន​និយាយ​ថា៖ ​

«ខាង​ក្រុម​ ACU ​គាត់​អត់​បាន​មក​សហការជាមួយ​មែន​ ក៏​ប៉ុន្តែ​នៅ​តែ​មាន​អ្នក​ត្រួត​ពិនិត្យ​អី​ច្បាស់​លាស់​ដដែល​ទេ​បង»។​

បន្ទាប់​ពី​ឃើញ​ ពិសី ​បាន​ដើរ​ចូល​បន្ទប់​ប្រឡង​រួច​ ​អ្នក​ស្រី លាង ស៊ីវន ជាម្តាយ​យុវតី ​បូរិន ពិសី បាន​និយាយ​ប្រាប់​ VOA ​ថា ​អ្នក​ស្រី​មាន​ភាព​ជឿជាក់​លើ​កូន​ស្រី​របស់​ខ្លួន​ ដោយ​បាន​សង្កេត​ឃើញ​ថា​ នាង​បាន​ប្រឹង​ប្រែង​ខ្លាំង។​

ម្តាយយុវតីអាយុ១៧ ឆ្នាំ បូរិន ពិសី មកពីវិទ្យាល័យប៊ុនរានីវត្តភ្នំនិយាយជាមួយវីអូអេនៅក្នុងថ្ងៃប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៩ថ្ងៃទី០១នៅមុខមណ្ឌលប្រឡងវិទ្យាល័យយុគន្ធរ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ (ប៊ុន សុខា/VOA)
ម្តាយយុវតីអាយុ១៧ ឆ្នាំ បូរិន ពិសី មកពីវិទ្យាល័យប៊ុនរានីវត្តភ្នំនិយាយជាមួយវីអូអេនៅក្នុងថ្ងៃប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៩ថ្ងៃទី០១នៅមុខមណ្ឌលប្រឡងវិទ្យាល័យយុគន្ធរ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ (ប៊ុន សុខា/VOA)

​អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា៖​

«យល់​ឃើញ​ថា​ ច្បាប់​ទម្លាប់​គេ​នៅ​នេះ ​វា​គិត​ថា​ មាន​ច្បាប់​ទម្លាប់​តឹងរ៉ឹង​ ដូច​ថា​ ​យើង​អាច​ទទួល​យក​បាន។​ ការគ្រប់គ្រង​របស់​សាលា​មាន​អ្នក​ឆែក​អ្នក​អី​អ៊ីចឹង​ យើង​អត់​អាច​យក​ស្អីចូល​ទៅ​បាន។​ ចង់​និយាយ​អ៊ីចឹង​ណា៎»។​

នេះ​គឺ​ជា​ឆ្នាំ​ទី៦​ហើយ​នៃ​ការ​កែ​ទម្រង់​ការ​សិក្សា​ និង​ការ​ប្រឡង​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយ​មាន​ការ​រឹត​បន្តឹង​ការ​ប្រឡង ដើម្បី​ទទួល​បាន​បេក្ខជន​ដែល​មាន​សមត្ថភាព​ក្រោម​ពាក្យ​ស្លោក​ថា​«អ្នក​ចេះ​ ​ទើប​ជាប់»។ ​បេក្ខជន​ប្រមាណ​៦៦​ភាគរយ​ក្នុង​ចំណោម​បេក្ខជន​សរុប​១១៧០៦១​ទទួល​បាន​ជោគជ័យ​កាលពី​សម័យ​ប្រឡង​ទុតិយភូមិ​ឆ្នាំ​២០១៨។​ ក្នុង​នោះ​បេក្ខជន​ចំនួន​៤០៨​នាក់​ទទួល​បាន​ចំណាត់​ថ្នាក់អេ (A)៕

XS
SM
MD
LG