ក្រុមហ៊ុនផលិតយានអវកាស SpaceX របស់អាមេរិកបានបាញ់គ្រាប់រ៉ុកកែត Falcon 9 សម្រាប់ផ្ទុកទំនិញដែលគ្មានមនុស្សបើករបស់ខ្លួនដោយជោគជ័យពីក្នុងបរិវេណនៃមជ្ឈមណ្ឌលអវកាស Kennedy ក្នុងទីក្រុង Cape Canaveral រដ្ឋ Florida។
គ្រាប់រ៉ុកកែតផ្ទុកទំនិញនោះកំពុងតែដឹកជញ្ជូនស្បៀងអាហារ និងសម្ភារៈមួយចំនួនទៅឲ្យអវកាសយានិកនៅឯស្ថានីយ៍យានអវកាសអន្តរជាតិ។ នេះគឺជាបេសកកម្មទី១០ នៃបេសកកម្មទាំង២០ដែលក្រុមហ៊ុន SpaceX ជាប់កុងត្រាជាមួយនឹងទីភ្នាក់ងារអវកាស NASA។
នេះគឺជាជោគជ័យទី ១ របស់ក្រុមហ៊ុន SpaceX នៅក្នុងរដ្ឋ Florida ចាប់តាំងពីគ្រាប់រ៉ុកកែតមួយគ្រាប់របស់ក្រុមហ៊ុននេះបានផ្ទុះកាលពីខែកញ្ញាឆ្នាំ២០១៦រួចមក។ ទីតាំងសម្រាប់បាញ់គ្រាប់រ៉ុកកែតនេះត្រូវបានប្រើប្រាស់លើកចុងក្រោយបង្អស់សម្រាប់បេសកកម្មយានអវកាសចុងក្រោយបង្អស់របស់ទីភ្នាក់ងារ NASA កាលពីជិត៦ឆ្នាំមុន។
កាលពីថ្ងៃទី១៨ ខែមករា ក្រុមហ៊ុន SpaceX បានបាញ់គ្រាប់រ៉ុកកែត Falcon 9 មួយគ្រាប់របស់ខ្លួនដោយជោគជ័យពីមូលដ្ឋានទ័ពផ្លូវអាកាស Vandenberg នៅ Southern California៕