ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ NASA សម្លឹង​ទៅ​រក​វិស័យ​ឯកជន​សម្រាប់​ការ​ធ្វើ​ដំណើរ​ក្នុង​អវកាស​នា​ពេល​អនាគត


ការ​បង្ហោះ​គ្រាប់​រ៉ូកែត Alliance Atlas V ជាមួយ​នឹង​យាន Magnetospheric Multiscale (MMS) របស់​អង្គការ NASA ស្ថានីយ​អវកាស Cape Canaveral នៅ​រដ្ឋ Florida នា​ថ្ងៃ​ទី​១២ ខែមិនា ឆ្នាំ​២០១៥។ អង្គការ​ NASA សម្លឹង​ទៅ​រក​វិស័យ​ឯកជន​សម្រាប់​ការ​ធ្វើ​ដំណើរ​ក្នុង​អវកាស​នា​ពេល​អនាគត។
ការ​បង្ហោះ​គ្រាប់​រ៉ូកែត Alliance Atlas V ជាមួយ​នឹង​យាន Magnetospheric Multiscale (MMS) របស់​អង្គការ NASA ស្ថានីយ​អវកាស Cape Canaveral នៅ​រដ្ឋ Florida នា​ថ្ងៃ​ទី​១២ ខែមិនា ឆ្នាំ​២០១៥។ អង្គការ​ NASA សម្លឹង​ទៅ​រក​វិស័យ​ឯកជន​សម្រាប់​ការ​ធ្វើ​ដំណើរ​ក្នុង​អវកាស​នា​ពេល​អនាគត។

ក្រុមហ៊ុន​ជាច្រើន​កំពុង​ឆ្លៀត​យក​ចំណេញលើ​អនាគត​នៃ​ការ​ធ្វើ​ដំណើរ​ក្នុង​លំហកាស​ដោយសារ​តែ​ការ​វិវត្ត​ទៅ​មុខ​នៃ​ភាព​ជា​ដៃគូ​រវាង​ក្រុម​ហ៊ុន​ទាំង​នោះ​ជាមួយ​នឹង​ទីភ្នាក់ងារ​អវកាស​ស.រ.អា ហៅ​កាត់​ថា ណាសា (NASA)។ ក្រុម​អ្នក​ជំនាញ​មក​ពី​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​បាន​ជួបប្រជុំគ្នា​នា​ពេល​ថ្មីៗ​នេះ​នៅ​ឯ​សន្និសីទ​សាកលនៅ​វិទ្យាស្ថាន​ Milken ក្រុង Los Angeles ដើម្បី​ពិភាក្សា​អំពី​អនាគត​នៃ​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​អវកាស។

មន្រ្តី​អង្គការ ​NASA លោក William Gerstenmaier និយាយ​ថា សែសិប​ប្រាំ​មួយ​ឆ្នាំ​បន្ទាប់​ពី​អង្គការ​ NASA ​បាន​នាំ​យក​មនុស្ស​ដំបូង​ទៅ​ដល់​ឋាន​ព្រះច័ន្ទ​ មានការ​ផ្លាស់ប្តូរ​ជា​ច្រើនទាក់​ទិន​នឹងការ​ធ្វើ​ដំណើរ​នៅ​ក្នុង​លំហ​ខាង​ក្រៅ។

«មាន​បរិយាកាស​ធំ​សម្បើម​ថ្មី​មួយ​នៅ​ពេល​នេះ ដែល​មិន​ត្រឹម​តែ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​ទេដែល​កំពុង​ព្យាយាម​សម្រេច​ឲ្យ​បាន​ វិស័យ​ឯកជនក៏​ចង់​ធ្វើ​ដូច្នេះ​ដែរ។ ដូច្នេះ​ ការងារ​របស់​ខ្ញុំ​នៅ​ខាង​ភាគី​រដ្ឋាភិបាល​ គឺ​ស្វែង​រក​វិធី​ដែល​ខ្ញុំ​អាច​សហការ​ជាមួយ​នឹង​វិស័យ​ឯកជន ដែល​មានភាព​រហ័សរហួន និង​មាន​ស្មារតី​ជា​សហគ្រិន និង​ជា​ភាគី​ដែល​ខ្ញុំ​អាច​សហការ​ជាមួយ និង​ប្រើ​ប្រាស់​សមត្ថភាព​របស់​ពួក​គេ​ជាមួយ​នឹង​ភាគី​រដ្ឋាភិបាល​ ដើម្បី​ធ្វើដំណើរ​ទៅ​មុខ​យ៉ាង​ពិត​ប្រាកដ»។

អង្គការ​ NASA និង​តួអង្គ​មួយ​ចំនួន​នៅ​ក្នុង​វិស័យឯកជន​បាន​ជួបជុំគ្នានៅ​ក្រុង Los Angeles ដើម្បី​ពិភាក្សា​ពីអនាគត​នៃ​ការ​រុករក​នៅ​ក្នុង​លំហ​អាកាស។ លោក Naveen Jain សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​អវកាស​ Moon Express មាន​ក្តី​សង្ឃឹម​ខ្ពស់​ថា ទេសចរណ៍​លំហ​អាកាស​នឹង​រីកចម្រើន​យ៉ាង​ខ្លាំង។

«ប្រសិន​បើ​អ្នក​នឹង​រៀបការ ឬនឹង​ភ្ជាប់​ពាក្យ ហេតុ​អ្វី​បាន​ជា​អ្នក​ឲ្យ​មនុស្ស​ម្នាក់​នូវ​គ្រាប់ពេជ្រ​មួយ​គ្រាប់? ប្រសិន​បើ​អ្នក​ស្រឡាញ់​នាង​ខ្លាំង​មែន​នោះ អ្នក​នឹង​ឲ្យ​ព្រះច័ន្ទ​ទៅ​នាង»។

ក៏ប៉ុន្តែ​ លោក​ Michael Hawes នៃ​ក្រុមហ៊ុន Lockheed Martin បាន​និយាយ​ថា ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ឋាន​ព្រះច័ន្ទ​ប្រហែល​មិន​អាច​មាន​លទ្ធភាពទេ​នៅ​ពេល​នេះ។

«ខ្ញុំ​គិត​ថា ការ​ធ្វើ​ដំណើរ​ជា​ប្រចាំ​ទៅ​ឋាន​ព្រះច័ន្ទ គឺ​នៅ​តែ​ជា​រឿង​ប្រឌិត​បែប​វិទ្យាសាស្រ្ត​នៅ​ឡើយ​ ហើយ​វា​នឹង​មិន​អាចកើតឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ ក៏​ប៉ុន្តែ​ភាគច្រើន​គឺ​មិន​មែនដោយសារ​បញ្ហា​បច្ចេកទេស​ទេ​ ក៏ប៉ុន្តែ​ខ្ញុំ​មិន​ឃើញ​មាន​តម្រូវការ​កើត​មាន​ឡើងឆាប់​រហ័ស​ដូច​តម្រូវ​ការ​ទីផ្សារ​ផ្សេង​ទៀត​នោះទេ។ នេះ​ដោយសារ​តែ​ការ​ធ្វើដំណើរ​នោះ​ត្រូវ​ការ​ចំណាយ​ច្រើន​ខ្លាំង​ណាស់»។

កិច្ចការ​នានា​កំពុង​ធ្វើ​ឡើង​ដើម្បី​ការ​ធ្វើដំណើរទៅ​កាន់​លំហ​អាកាស​យ៉ាង​ជ្រៅ​នា​ពេល​នា​អនាគត។ លោក Hawes បាន​កត់​សម្គាល់​ថា អង្គការ​ NASA បាន​សាកល្បង​ការ​ហោះ​ហើរ​ដោយ​យាន​អវកាស Orion ​ដែល​ជា​យាន​អវកាស​ជំនាន់​ក្រោយ​ ដោយ​ជោគជ័យ​ ដែល​យាន​នេះ​នឹង​ធ្វើ​ដំណើរ​សិក្សា​នៅ​ឋាន​ព្រះច័ន្ទ និង​ទី​តាំង​ក្រៅ​ពី​នេះ។ អង្គការ​ NASA ក៏​កំពុង​សម្លឹង​ទៅ​រកវិស័យ​ឯកជន​ដើម្បី​បម្រើការ​ស្ថានីយ​អវកាស​អន្តរជាតិ។

«ដូចនេះ​ ពួកគេ​មាន​ក្រុមហ៊ុន​ចំនួន​ពីរ​ដែល​ផ្តល់​ទំនិញ។ ពួកគេ​មាន​ក្រុមហ៊ុន​ពីរ​ទៀត​ ដែល​បាន​ចុះ​កិច្ចសន្យា​ក្នុង​ការ​ផ្តល់​អាកាសយានិក​នា​ពេល​អនាគត»។

អង្គការ​ NASA ក៏​កំពុង​សម្លឹង​ទៅ​រក​វិស័យឯកជន​សម្រាប់​ការ​ស្រាវជ្រាវ​អវកាស ដែល​អាច​មាន​ផល​ប្រយោជន៍​ដល់​ផែនដី​ផង​ដែរ។

ផល​ប្រយោជន៍​ទាំង​នោះ​រួម​មាន​ ការ​បោះ​ជំហាន​ទៅ​មុខផ្នែក​បច្ចេកវិទ្យា ដូច​ជា កាម៉េរ៉ា​ដ៏​តូច​នៅ​លើ​ទូរស័ព្ទ​ដៃ និង​ការ​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​សុខភាព​នៅ​ក្នុង​លំហ​អាកាស ដែល​អាច​ជួយ​មនុស្ស​នៅ​លើ​ភពផែនដី។

«អ្វី​ដែល​យើង​ឃើញ​នៅ​ក្នុង​លំហ​អាកាស​ គឺ​ជា​រាងកាយ​មនុស្ស ហើយ​មាន​ការ​បាត់បង់​ឆ្អឹង​យ៉ាង​ច្រើន​ដោយ​ហេតុផល​ណា​មួយ។ ​ឆ្អឹង​របស់​អ្នក​អាច​បាត់បង់​ក្នុង​រយៈពេល​មួយ​ខែ​នៅ​ក្នុង​លំហអាកាស​ តាម​លំដាប់ពី​២០ទៅ​៣០ភាគរយ​ ប្រសិន​បើ​អ្នក​មិន​ធ្វើ​លំហាត់​ប្រាណ​រាង​កាយ​បែប​ណា​មួយ​ទេ។ បញ្ហា​នេះ​កើត​មាន​ឡើង​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​វ័យ​ជរា»។

លោក John Elbon នៃ​ក្រុមហ៊ុន​ Boeing បាន​និយាយ​ថា ​ឱកាស​ក្នុង​ការ​ស្រាវជ្រាវ​គឺ​ពិត​ជា​គួរ​ឲ្យ​រីរាយណាស់​ ក៏ប៉ុន្តែ​ ការ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​លំហអាកាស​ គឺ​ត្រូវ​ការ​ពេលវេលា។

«នៅ​ក្នុង​រយៈ​ពេល​មួយ​រយ​ឆ្នាំ​ចាប់​តាំង​ពី​ពេល​នេះ​ទៅ​ នឹង​មាន​ឧស្សាហកម្ម​ផ្នែក​ពាណិជ្ជកម្ម​នៅ​ទីអវកាស​មួយ​ដែល​អ្នក​មិន​អាច​ស្រម៉ៃ​នឹក​ដល់នា​ពេល​បច្ចុប្បន្ន​ ថា​តើ​វា​នឹង​មានទម្រង់​យ៉ាង​ដូចម្តេច បើធៀប​ទៅ​នឹងអ្វី​ដែល​យើង​មាន​នា​ពេល​ឥឡូវ​នេះ។ យើង​ត្រូវ​មាន​ការ​ប្រយ័ត្នប្រយែង​កុំ​ឲ្យ​មើល​រំលង​ការលំបាក​នៅ​ក្នុង​ការ​បង្កើត​អ្វីៗ​ទាំង​អស់​នេះ ហើយ​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​អំពី​ការ​លំបាក​នៅ​ក្នុង​ការ​បំពេញ​ការងារ​នៅ​ក្នុង​លំហ​ខាង​ក្រៅ។ នៅ​គ្រា​នេះ​ដែរ យើង​ក៏​មិន​អាច​បាត់បង់​ក្តី​សោមនស្ស​របស់​យើង​ទេ​ ពីព្រោះ​នឹង​មាន​ឱកាស​ជា​ច្រើន​សម្រាប់​យើង​នៅ​ខាង​មុខ»។

ក្រុម​អ្នក​ជំនាញ​ផ្នែក​អវកាស​និយាយថា ​ឱកាស​នោះ​ថែម​ទាំង​អាច​នាំ​ឲ្យ​មាន​ការ​តាំង​ទី​លំនៅ​លើភព​ព្រះ​អង្គារ​ទៀត​ផង៕

ប្រែសម្រួលដោយ៖ ណឹម​ សុភ័ក្រ្តបញ្ញា

XS
SM
MD
LG