ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្កាយរណប​​ព្យាករណ៍​អាកាសធាតុ​អាច​​ព្យាករណ៍​ការ​រាតត្បាត​នៃ​ជំងឺ


អ្នកវិទ្យាសាស្ត្រ​កំពុង​ប្រើប្រាស់​ផ្កាយរណ​ដែល​វិលជុំវិញ​ផែនដី ដើម្បី​ដឹង​ពី​ស្ថានភាព​ដែល​អាច​នាំ​ដល់​ការ​ផ្ទុះឡើង​នៃ​ជំងឺ។
អ្នកវិទ្យាសាស្ត្រ​កំពុង​ប្រើប្រាស់​ផ្កាយរណ​ដែល​វិលជុំវិញ​ផែនដី ដើម្បី​ដឹង​ពី​ស្ថានភាព​ដែល​អាច​នាំ​ដល់​ការ​ផ្ទុះឡើង​នៃ​ជំងឺ។

ការផ្ទុះ​ឡើង​នៃ​ជំងឺ​រលាក​ស្រោមខួរ​កំពុង​រាតត្បាត​នៅ​ពាសពេញទ្វីប​អាហ្រ្វិក​ភាគ​ខាង​លិច។ ជំងឺ​ខួរក្បាល​ដ៏​ប្រល័យ​មួយ​នេះ​ គឺជា​ការ​គំរាម​កំហែង​ប្រចាំ​ឆ្នាំ​មក​លើ​ប្រទេស​ចំនួន២១​ក្នុងទ្វីប​អាហ្រ្វិក​ ដែល​គេហៅ​ថា ​«ខ្សែក្រវ៉ាត់​នៃ​ជំងឺ​រលាកស្រោម​ខួរ»។ ឥឡូវ​នេះ អ្នក​វិទ្យាសាស្រ្ត​កំពុង​រកឃើញ​ថា​ ពួកគេ​អាច​ព្យាករណ៍ និង​ត្រៀម​លក្ខណៈ​សម្រាប់​ជំងឺ​នេះ​ និង​ជំងឺ​ដទៃ​ទៀត​ ដោយ​ប្រើប្រាស់​ផ្កាយ​រណប​ដែល​វិល​ជុំវិញ​ផែនដី។

ជា​រៀងរាល់​ឆ្នាំ​ ព្យុះ​ធូលី​បាន​បោក​បក់​ឆ្លង​កាត់​តំបន់​វាល​ខ្សាច់ Sahel​ នៃ​ទ្វីប​អាហ្រ្វិក។ ហើយ​ជារៀង​រាល់​ឆ្នាំ​ ជំងឺ​រលាក​ស្រោមខួរ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ព្យុះ​ធូលី​នោះ។ នេះ​បើ​យោង​តាម​អ្នកវិទ្យាសាស្រ្ត​បរិយាកាស​របស់​អង្គការ ​NASA​ លោក​ Carlos Perez Garcia-Pando។

«ជំងឺ​រលាក​ស្រោមខួរ​គឺ​ជាជំងឺ​គួរ​ឲ្យ​ខ្លាច​បំផុត​មួយ​ក្នុង​ចំណោម​ជំងឺ​ជាច្រើន ​ដែល​កើតឡើង​នៅ​រដូវ​ប្រាំង​ក្នុង​ទ្វីប​អាហ្វ្រិក​ អស់​រយៈ​ពេល​ជា​យូរយា​ណាស់​មក​ហើយ»។

នៅ​តំបន់​វាលខ្សាច់​ Sahel​ ពី​ប្រទស​សេណេហ្កាល់ ដល់​ប្រទេស​អេត្យូពី មនុស្ស​រាប់​ម៉ឺន​នាក់​បាន​កើត​ជំងឺ​នេះ​ជា​រៀង​រាល់​ឆ្នាំ។ ក្នុងនោះ​ ​អ្នក​ជំងឺ​ប្រហែល​១០​ភាគរយបាន​បាត់បង់​ជីវិត។ ហើយអ្នក​ជំងឺ​១០​ទៅ​២០​ភាគរយ​ទៀត​ ទទួល​រង​ការ​ខូច​ខួរក្បាល​ ឬ​សរសៃ​ប្រសាទ​ជា​អចិន្ត្រៃយ៍។

លោក ​Perez Garcia-Pando និយាយ​ថា​ អ្នក​ស្រាវ​ជ្រាវ​មិន​ដឹង​ពីមូលហេតុ​នៃ​ជំងឺ​ខួរក្បាល​ដ៏​កាច​សាហាវ​នេះ​ទេ ​ដែល​ហាក់កើត​ឡើង​ក្រោយ​ពីមាន​ព្យុះធូលី​តាម​រដូវ​នៃ​តំបន់​នេះ។ ប៉ុន្តែ​លោក​បាន​បន្ត​ថា​ ក្រុម​អ្នក​ជំនាញ​មាន​ឧបករណ៍​ដើម្បី​តាម​ដាន​ព្យុះ​នោះ។ ផ្កាយរណប​អាច​តាម​មើល​ការ​ករ​កើត​ និង​ត្រួតពិនិត្យ​លក្ខខណ្ឌ​ដែល​បង្កើត​ឲ្យ​មាន​ព្យុះ​ទាំង​នោះ​ឡើង។

ការ​តាម​ដាន​ព្យុះ​ធូលី​នេះ​ គឺ​ជា​ឯកទេស​របស់​លោក ​Perez Garcia-Pando។ ក៏ប៉ុន្តែ​ លោក​បានប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ Skype ​ថា​ លោក​មិន​បាន​ធ្វើការលើ​រោគ​រលាក​ស្រោមខួរ​ទេ​ នៅ​មុន​ពេល​អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​អំពាវនាវ។

«ខ្ញុំ​បាន​ចាប់​ផ្តើម​ធ្វើការ​លើ​បញ្ហា​នេះ​ភ្លាម ​ព្រោះ​ថា​សក្តានុពល​ដែល​អាច​យក​ទៅ​ប្រើក្នុង​សង្គម​បាន​ គឺ​ធំធេង​ណាស់»។

ដោយសារ​កង្វះខាត​វ៉ាក់ស៊ាំង​បង្ការ​រោគ​សម្រាប់​មនុស្ស​គ្រប់គ្នា​ក្នុង​តំបន់​នោះ​ លោក​និយាយថា​ ការ​យល់​ដឹង​ថា​តើ​ជំងឺ​នេះ​នឹង​រាតត្បាត​នៅ​ពេល​ណា​ និង​នៅ​ទីណា​ នឹងជួយ​ដល់​កិច្ច​ការពារ​ជំងឺ​នេះ។

ហេតុ​ដូច្នេះ​ហើយ​ ទើប​លោក​ និង​ក្រុមការងារ​របស់លោក​បាន​បង្កើត​ប្រព័ន្ធ​មួយ​ដែល​វិភាគ​ការ​វាស់​ស្ទង់​របស់​ផ្កាយរណប​ទៅ​លើ​ធូលី​ ខ្យល់​ និង​សំណើម​នៅ​ទូទាំង​តំបន់​ Sahel។ ដោយ​បាន​បំបែក​ចំនួន​ករណី​ដែល​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​នោះ​ទៅ​ជា​កត្តា​ កាល​ពី​ចុង​ឆ្នាំ​នេះ​ ពួកគេ​រក​ឃើញ​ថា ពួកគេ​អាច​ព្យាករណ៍​ទុក​មុនអំពី​កម្រិតស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​រលាក​ស្រោមខួរ​នា​រដូវ​កាល​ក្រោយ​បាន។

វា​គ្រាន់តែ​ជា​វិធី​មួយ​ក្នុងចំណោម​វិធី​មួយ​ចំនួន​ទៀត​ ដែល​អ្នក​ជំនាញ​ប្រើប្រាស់​លំហអាកាស​ដើម្បីព្យាករណ៍​ការផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្សេងៗ។

អ្នក​សិក្សា​រោគ​រាតត្បាត​ម្នាក់​គឺ​អ្នកស្រី​ Nita Bharti ​នៃ​មហាវិទ្យាល័យ​ Penn State University​ ស្ថិតនៅ​រដ្ឋ​ Pennsylvaniaនៃ​ស.រ.អា.​បាន​និយាយ​ថា​ អ្នក​ស្រី​អាច​ប្រមើល​មើល​ការ​កើត​មាន​ឡើង​នៃរោគ​កញ្ជ្រិល​ ដោយ​ការ​សង្កេត​មើល​ពន្លឺ​នៅ​ទីក្រុង​ គឺ​នៅ​ពេល​ដែល​ពន្លឺ​ទាំង​នោះ​ភ្លឺ​ជាង​មុន។

«ការ​ប្រែប្រួល​កម្រិត​នៃ​ពន្លឺ​បង្ហាញ​ប្រាប់​យើង​អំពី​ការ​កើនឡើង​ និង​ការថយចុះ​នៃ​ការ​ប្រមូល​ផ្តុំ​របស់​មនុស្ស​ ហើយ​វា​ទំនង​នឹង​អាច​ជា​កត្តា​មួយ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ​កញ្ជ្រិល​នៅ​ក្នុង​ទីក្រុង​នោះ»។

អ្នក​ស្រី​បាន​ប្រាប់​វីអូអេតាម​ប្រព័ន្ធ​ ​Skype​ ​ថា​ មេរោគ​កញ្ជ្រិល​ចូល​ចិត្ត​ក្រុម​មនុស្ស​ដែល​នៅជុំគ្នា​ណាស់។ ហើយ​នៅ​រដ្ឋធានី​ Niamey​ ​នៃ​ប្រទេស​នីហ្សេ ​ចំនួន​ប្រជាជន​បាន​កើន​ឡើង​នៅ​រដូវប្រាំង​ ជា​ពេល​ដែល​កសិករ​ចាក​ចេញ​ពី​ស្រុកស្រែ​ចំការ​មក​ស្វែងរ​ក​ការងារ​នៅ​ទី​ក្រុង។

ការ​រំលេចឡើងនៃ​ពន្លឺ​អគិ្គសនី​ និង​ភ្លើង​ចំអិន​អាហារ​របស់​អ្នក​ចំណូល​ស្រុក​ទាំង​នេះ​ ​បង្កើត​បាន​ជារូបភាព​ដែល​ថត​ដោយ​ផ្កាយ​រណប។ អ្នក​ស្រី​ Bharti​ និង​ក្រុម​ការងារ​របស់​អ្នក​ស្រី​រក​ឃើញ​ថា​ ពួកគេ​អាច​ព្យាករណ៍​ទិស​ដៅ​នៃ​ការ​រាលដាល​ជំងឺ​កញ្ជ្រិល​នៅ​ក្នុង​រដ្ឋធានី ​Niamey ​ ដោយ​ការ​សង្កេត​មើល​ផ្នែក​ផ្សេងៗ​នៃ​ទីក្រុង​ដែល​មាន​ពន្លឺ​ភ្លឺ​ខ្លាំង​ជាង។

«ផ្កាយរណប​អាច​ជា​ឧបករណ៍​ដ៏ខ្លាំងក្លា​មួយសម្រាប់​វិស័យ​សុខាភិបាល​សធារណៈ»។

អ្នកស្រី​ Rita Colwell គឺជា​អ្នក​សិក្សា​ស្រាវជ្រាវអំពី​ជំងឺ​អាសន្នរោគ​នៅ​សាកល​វិទ្យាល័យ ​University of Maryland។ ក្រុម​ការងារ​របស់​អ្នក​ស្រី​បាន​រកឃើញ​ថា​ ក្រុម​ការងារ​របស់​អ្នក​ស្រី ​អាច​ព្យាករណ៍​ការរាតត្បាត​នៃ​ជំងឺ​ដ៏ប្រល័យ​នេះ​នៅ​ប្រទេស​បង់ក្លាដែស​ ​ដោយ​ការប្រើប្រាស់​ទិន្នន័យ​ផ្កាយរណប​អំពី​ស្ថានភាព​នៅ​ឈូង​សមុទ្រ​ Bengal។

បាក់តេរី​អាសន្នរោគ​នោះ​រស់​នៅ​ក្នុង​សត្វ​សមុទ្រ​តូចៗ​ដែល​ស៊ី​ប្លង់តុង​ជា​អាហារ។ អ្នកស្រី​ Colwell និង​ក្រុម​អ្នក​សហការ​នៅ​អង្គការ​ NASA​ បាន​គិតថា​ ពួក​គេ​អាច​ប្រមើល​មើល​ទុក​មុន​នូវ​ការ​កើន​ឡើង​នៃករណី​ជំងឺ​អាសន្នរោគ​បាន​ តាម​រយៈ​ការតាម​ដាន​កម្រិត​ប្លង់តុងនៅ​តំបន់​ឈូង​សមុទ្រ​នោះ។

«ខ្ញុំ​នឹង​មិន​អាច​ភ្លេច​ឡើយ​ កាល​ដែល​ពួក​យើង​កំពុង​ធ្វើ​ការ​គណនា​ ហើយ​វាអស្ចារ្យ​ណាស់​ វា​ពិត​ជា​ត្រឹមត្រូវ​មែន។ វាពិតជា​គួរ​ឲ្យ​រំជួល​ចិត្ត​មែនទែន»។

ក្រុម​ការងារ​របស់​អ្នកស្រី​ Colwell និង​អ្នក​ស្រាវជ្រាវ​ឯទៀតៗ​សង្ឃឹម​ថា​ ពួក​គេ​នឹង​អាច​ប្រើ​ប្រាស់​ផ្កាយរណប​ដើម្បី​ព្យាករណ៍​ការរីក​រាលដាល​នៃជំងឺ​ឲ្យ​បាន​ទៀងទាត់​ប្រៀប​ដូច​ជា​ការ​ព្យាករណ៍​ឧតុនិយម៕

ប្រែ​សម្រួល​ដោយ​ វិញ សុជាតា

XS
SM
MD
LG