ក្រុមហ៊ុនឡានតាក់ស៊ីឯកជន Uber បានជួលវិស្វករមកពីទីភ្នាក់ងារអវកាសស.រ.អា. NASA ធ្វើគម្រោងគំនិតផ្តួចផ្តើមថ្មីរបស់ក្រុមហ៊ុន Uber ចាប់ផ្តើមគម្រោងឧស្សាហកម្មឡានហោះ។ លោក Mark Moore វិស្វករមកពីទីភ្នាក់ងារអវកាសស.រ.អា. NASA បានចូលរួមក្នុងគម្រោងឈ្មោះ Uber Elevate ដែលមានគោលដៅគាំទ្រក្រុមហ៊ុននានាដែលកំពុងធ្វើរថយន្ត ហើយនឹងអ្នកធ្វើច្បាប់ និងរដ្ឋាភិបាល ដែលទាក់ទងនឹងការរៀបចំច្បាប់។
ក្រុមហ៊ុន Uber ចាត់ទុកខ្លួនឯងជាកាតាលីករគឺអ្នកផ្តួចផ្តើម ហើយបានចេញឯកសារស្រាវជ្រាវកាលពីឆ្នាំមុន ដោយនិយាយថា ឡានហោះរបស់ខ្លួនមានរួបរាងស្រដៀងគ្នានឹងឧទ្ធម្ភាគចក្រ តែមានសំឡេងស្ងាត់ជាង ហើយតម្លៃថោក ព្រោះប្រតិបត្តិការផលិតមានទ្រង់ទ្រាយធំ។
ឯកសារនេះនិយាយថា Uber ប្រាប់ឲ្យដឹងថា ឡានហោះរបស់ខ្លួនដែលប្រើថាមពលអគ្គិសនីនឹងហោះឡើងត្រង់ទៅលើពេលចេញដំណើរ និងចុះចតត្រង់ចុះមកក្រោមនៅកន្លែងចំណត។ ក្រុមហ៊ុននេះជឿថា ទស្សនវិស័យនេះអាចធ្វើបានក្នុងពេលមួយទសវត្សរ៍ទៀត ដោយមានកិច្ចសហការត្រឹមត្រូវ។
លោក Moore បានប្រាប់សារព័ត៌មាន Bloomberg ថា លោករំពឹងថា នឹងមានប្រភេទឡានហោះច្រើនប្រភេទ ដោយមានមនុស្សបើកក្នុងពេល១ឆ្នាំទៅ៣ឆ្នាំទៀត។
ក្រុមហ៊ុន Uber ឲ្យដឹងថា អ្នកដំណើរអាចជិះឡាន Uber រត់លើដីពីផ្ទះទៅចំណតដែលគេហៅថា Vertiport គឺចំណតឡាន Uber ហោះ។ ឡាន Uber ហោះនេះនឹងដឹកអ្នកដំណើរទៅចំណតឡាន Uber ហោះមួយដែលនៅជិតគោលដៅធ្វើដំណើររបស់ខ្លួន៕