ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​និង​ប្រទេស​ដៃគូ​នឹង​ពិភាក្សា​កិច្ចការ​សន្តិសុខ


ទង់ជាតិ​​នៃ​ប្រទេស​សមាជិក​​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន) ត្រូវ​បាន​គេ​បង្ហូត​​ឡើង​នៅ​ក្នុង​ទី​ក្រុង Bandar Seri Begawan កាល​ពី​​ថ្ងៃ​​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៣។
ទង់ជាតិ​​នៃ​ប្រទេស​សមាជិក​​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន) ត្រូវ​បាន​គេ​បង្ហូត​​ឡើង​នៅ​ក្នុង​ទី​ក្រុង Bandar Seri Begawan កាល​ពី​​ថ្ងៃ​​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៣។
រដ្ឋមន្ត្រី​ការបរទេស​ពី​បណ្តា​ប្រទេស​សមាជិក​សមាគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​អាស៊ាន ក៏​ដូច​ជា​បណ្តា​ប្រទេស​ដៃគូ​របស់​ពួក​គេ​នឹង​ជួបប្រជុំ​គ្នារយៈពេល​៣​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ព្រុយនេដោយ​ចាប់​ពី​ថ្ងៃ​ទី​២៩​ខែ​មិថុនា​ទៅ។ កិច្ច​ប្រជុំ​អាស៊ាន​ទាំងនេះត្រូវ​គេ​រំពឹង​ថា​នឹង​មានការ​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​និង​សេដ្ឋកិច្ច​ជា​ច្រើន។

អ្នក​ការ​ទូត​ជាន់​ខ្ពស់​ដែល​តំណាង​ឲ្យ​សមាគមអាស៊ាន បណ្តា​ប្រទេស​អាស៊ី​និងបស្ចិមប្រទេស​ចំនួន​១៦​ទៀត ក៏​ដូច​ជា​តំណាង​សហគមន៍​អឺរ៉ុប​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​ព្រុយណេ ដែល​ជា​ប្រទេស​ស៊ុលតង់​ស្ថិត​នៅ​កោះ​ Borneo ហ៊ុំ​ព័ទ្ធ​ដោយ​ប្រទេស​ម៉ាឡេស៊ី។

កិច្ច​ប្រជុំ​វេទិកា​តំបន់​អាស៊ាន (ASEAN Regional Forum) ដែល​មាន​រយៈ​ពេល៣​ថ្ងៃ​នេះ នឹងពិភាក្សា​អំពី​ក្តី​បារម្ភ​នានា​អំពីរឿង​សន្តិសុខ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក៏​ដូច​ជា​ពិភាក្សា​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​ខាង​នយោបាយ​និង​សេដ្ឋកិច្ច​ផង​ដែរ។

ក្រុម​អ្នក​វិភាគ​និយាយ​ថា បញ្ហា​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ទំនង​ជា​ត្រូវ​គេ​លើក​យក​មក​ពិភាក្សា។ កាល​ពីខែ​កុម្ភៈ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ទី​៣​របស់​ខ្លួន ហើយ​មួយ​ខែ​បន្ទាប់​មក​បាន​គំរាម​ប្រកាស​សង្គ្រាម​នុយក្លេអ៊ែរ​ប្រឆាំង​កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋអាមេរិក។

ជា​ទូទៅ អ្នក​តំណាង​មក​ពី​ប្រទេស​ទាំង​៣តែង​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​តំបន់​អាស៊ាន​នេះ។

លោក Murray Hiebert ជា​អ្នក​ជំនាញ​ខាង​កិច្ចការ​អាស៊ី​អាគ្នេយ៍​នៅ​ឯ​វិទ្យាស្ថាន​ស្រាវជ្រាវ​ផ្នែក​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ CSIS ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក​ថា​ ថ្វី​ត្បិត​បញ្ហា​នុយក្លេអ៊ែរ​នេះ​ជា​អាទិភាព​មួយ​ក្តី ក៏​សមាគម​អាស៊ាន​ទំនង​ជា​ផ្តោត​អារម្មណ៍​ខ្លាំង​ជាង​ទៅ​លើបញ្ហាភាព​តានតឹង​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​ពន្យល់​ថា៖ «វា​ប្រាកដ​ណាស់​ថា ពួក​គេក៏​នឹង​ផ្តោត​អារម្មណ៍​ទៅ​លើស្ថានភាព​ការ​រីកសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​កូរ៉េ​ខាង​ជើង​ផង​ដែរ ក៏​ប៉ុន្តែ​ខ្ញុំ​យល់​ថា​បញ្ហា​មួយ​ដែល​យើង​គួរ​តាមដាន​មើល​មែនទែន​ គឺ​ការ​ពិភាក្សា​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ ព្រោះ​ថា​ កាល​ពី​ឆ្នាំ​មុន​ពួក​គេ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​កម្ពុជា​ជា​ប្រធាន​អាស៊ាន។ ហើយ​កិច្ច​ប្រជុំ​នៅ​ពេល​នោះមាន​ភាព​រកាំ​រកូសគ្នា​មែនទែន​រហូត​ដល់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​មិន​អាច​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​បាន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។»

ប្រទេស​ចិន​បាន​ទាមទារ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរ​តែ​ទាំង​មូល ដែល​ការ​ទាមទារ​នេះ​ធ្វើ​ឲ្យ​ប្រទេស​ចិន​ត្រូវ​មានជម្លោះ​ជាមួយ​នឹង​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​គឺ ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ក៏​ដូច​ជា​កោះ​តៃវ៉ាន់ ​ដែល​មាន​ការ​ទាមទារ​ត្រួត​ស៊ី​គ្នា​លើ​តំបន់​នេះ​ដែរ។

ភាព​ជិតស្និទ្ធ​របស់​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ចិនត្រូវ​គេ​បន្ទោស​ថា​ ជា​កត្តា​ដែល​បាន​ធ្វើ​ឲ្យ​សមាគម​អាស៊ាន​ខកខាន​មិន​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង ​អំពី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង (Code of Conduct)។

ក្រម​ប្រតិបត្តិ​នេះ​មាន​តួនាទី​គ្រប់គ្រង​សកម្មភាព​របស់​ភាគីជម្លោះ​នៅ​ក្នុង​តំបន់​ដែន​ទឹក​ត្រួត​ស៊ី​គ្នា​ ដើម្បី​បង្ការភាព​តានតឹង​ដែល​អាច​នាំ​ដល់​ជម្លោះ​ប្រដាប់​អាវុធ។

ប្រទេស​ថៃ​ជា​ប្រទេសសម្រប​សម្រួល​ទំនាក់​ទំនងរវាង​អាស៊ាន​និង​ចិន​ ប៉ុន្តែមិន​បាន​សម្រេច​អ្វី​ជា​ដុំ​កំភួន​ទេ​រហូត​មក​ដល់​ពេល​នេះ​ទាក់ទង​នឹង​រឿង​នេះ។ អ្នក​វិភាគ​នយោបាយ​និយាយ​ថា ដោយ​សារ​ប្រទេស​ថៃ​ជា​សមាជិក​អាស៊ាន​ដែល​មិនមែន​ជា​ភាគី​ជម្លោះ ប្រទេស​នេះ​អាច​ជា​អ្នក​សម្រប​សម្រួល​ដែល​ភាគី​ជម្លោះ​អាច​ទុក​ចិត្ត​បាន​ ក៏​ប៉ុន្តែ​ប្រទេស​ថៃ​មិន​ខិតខំ​ល្មម​គ្រប់​គ្រាន់​ទេ។

លោក Thitinan Pongsudhirak ជានាយក​វិទ្យាស្ថានសន្តិសុខ​និង​កិច្ចការ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ Chulalongkorn ក្នុង​ទី​ក្រុង​បាងកក។ លោក​និយាយ​ថា ប្រទេស​ថៃ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ផ្នែក​ការ​ទូត​ដ៏​លំបាក​មួយ។

លោក​ថ្លែង​ថា៖ «ម៉្យាង​ទៀត​គឺយើង​មាន​ប្រទេស​ចិន​ដែល​ជា​មហាអំណាច​ក្នុង​តំបន់។ ប្រទេស​ថៃ​ជិត​ដិត​នឹង​ប្រទេស​ចិន។ ដូច្នេះ​វា​ជា​រឿង​ដើរ​នយោបាយ​ផ្លូវ​កណ្តាល​រវាង​ចិន​និង​អាស៊ាន។ វា​ជា​ការ​លំបាក​ពេក​ណាស់​ទៅ​ហើយ​ក្នុង​ការ​ដើរ​នយោបាយ​ផ្លូវ​កណ្តាលនេះ ទម្រាំបន្ត​ដើរ​ផ្លូវ​កណ្តាល​នេះ ហើយ​ថែម​ទាំងលើក​តម្កើង​នយោបាយ​នេះ​ថែម​ទៀត​និង​សម្រេច​ឲ្យ​បាន​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ នេះ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ។»

រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​បាន​ធ្វើ​ឲ្យ​យឺត​យ៉ាវ​ដល់​ការ​ចរចា​នេះ ហើយក្នុង​រយៈ​ពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ឥរិយបទ​គឃ្លើន​ជាង​មុន​ក្នុង​ការ​ការពារ​ដែនទឹក​ដែល​ខ្លួន​ទាមទារ​ ដោយ​មាន​ប្រើ​នាវា​ដើម្បី​ល្បាតផ្ទៃ​សមុទ្រ​និង​ការពារ​ទូក​នេសាទ​របស់​ខ្លួន។

ការប្រជែងកាន់​តែ​ខ្លាំង​ដើម្បីដណ្តើម​កាន់កាប់​ធនធាន​ត្រី​និង​ប្រេង​កាត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​ពេល​កន្លង​ទៅ​នេះ ជា​រឿយៗបានបណ្តាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ​និង​ការ​ចាប់​អ្នក​នេសាទ។

កាល​ពី​ខែ​មុន ប្រទេស​វៀតណាម​បាន​ទាមទារ​សំណង​ ក្រោយ​ពេល​នាវា​ចិន​មួយ​បាន​បុក​ទូក​នេសាទ​វៀតណាម​មួយ។ នៅ​ក្នុង​ខែ​មីនា រដ្ឋាភិបាល​ទី​ក្រុង​ហាណូយ​បានចោទ​ប្រកាន់​ថា​ នាវា​ចិន​មួយ​បាន​បាញ់​ទៅ​លើ​អ្នក​នេសាទ​វៀតណាម​នៅ​ជិត​ប្រជុំ​កោះ Paracel ដែល​មាន​ជម្លោះ។ ប្រទេស​ទាំង​ពីរ​ទាមទារ​ប្រជុំ​កោះ​ Paracels នេះ ក៏​ប៉ុន្តែ​ប្រទេស​ចិន​បាន​កាន់កាប់ប្រជុំ​កោះ​នេះ​ចាប់​តាំង​ពីក្រោយ​ពេល​មាន​ការប៉ះទង្គិច​យោធា​ជាមួយ​វៀតណាម​ក្នុង​ទសវត្សរ៍​១៩៧០​មក​ម៉្លេះ។

កាល​ពី​ខែ​មុន នាវា​ហ្វីលីពីន​និង​ចិន​បានប្រឈម​មុខ​គ្នា​នៅ​តំបន់​ប្រជុំ​កោះ​ Spratly។ ភាព​តានតឹងរវាង​ប្រទេស​ទាំង​ពីរ​នេះ កាល​ពី​ឆ្នាំ​មុន​មាន​រយៈ​ពេល​ដល់​រាប់​ខែ ហើយ​បាន​បង្កើន​លទ្ធភាព​នៃ​ការ​ទាញ​សហរដ្ឋ​អាមេរិក​ឲ្យ​ចូល​ពាក់ព័ន្ធ​ក្នុងជម្លោះ​នេះ ដោយ​សារ​ប្រទេស​ហ្វីលីពីន​មាន​សន្ធិសញ្ញា​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក។

កន្លង​មក សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា វា​ជា​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន​ក្នុង​ការ​ថែ​រក្សា​សន្តិភាព​និង​សន្តិសុខ​ និង​សេរីភាព​នាវាចរណ៍​នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។
រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក John Kerry ​ត្រូវ​គេ​រំពឹង​ថា​ នឹង​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ក្នុង​ប្រទេស​ព្រុយណេនេះ​ជា​លើក​ទី​មួយ។

អ្នក​វិភាគ​នយោបាយ​លោក Thitinan Pongsudhirak ​និយាយ​ថា លោក Kerry កំពុង​ចូល​ទៅ​ក្នុង​ឆាក​នយោបាយ​ស្មុគស្មាញ​ជាង​អាណត្តិ​រដ្ឋមន្ត្រី​មុន​គឺ​លោក​ស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton)។

លោក​ពន្យល់​ថា៖ «បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ឥឡូវ​នេះ​មាន​ភាព​ក្តៅ​គគុក​ជាង​កាល​ពី​សម័យលោក​ស្រី​គ្លីនតុន​ខ្លាំង​ណាស់។ ដូច្នេះ​វា​បង្ក​ការ​លំបាក​ច្រើន​ជាង​មុន​សម្រាប់​សហរដ្ឋ​អាមេរិកដើម្បី​អាចបន្ត​ដើរ​តួ​ជា​មហាអំណាច​ក្នុង​តំបន់ ឬ​ជា​អ្នក​សម្របសម្រួល​ដែល​មិន​លម្អៀង​ ជាមួយ​នឹង​ប្រទេស​ជាមិត្ត​ឬ​ប្រទេស​សម្ព័ន្ធភាព​ ដោយ​មិន​ធ្វើ​ឲ្យ​ទើស​មុខ​ទើស​មាត់​ប្រទេស​ចិន ដែល​ជា​មហាអំណាច​កំពុង​លេច​ឡើង»។

នៅ​ក្នុង​កិច្ច​ប្រជុំ​ដាច់​ដោយ​ឡែក​មួយ​ទៀត​នៅ​ក្នុង​ប្រទេស​ព្រុយណេ រដ្ឋមន្ត្រី​អាស៊ាន​ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្តោត​ទៅ​លើ​បញ្ហា​នានា​ទាក់ទង​នឹង​សមាហរណកម្ម​សេដ្ឋកិច្ច។
ប្រទេស​សមាជិក​ទាំង​១០​នៃ​សមាគម​អាស៊ាន​មាន​គម្រោង​នឹង​បង្កើត​សហគមន៍​សេដ្ឋកិច្ច​នៅ​ដំណាច់​ឆ្នាំ​២០១៥ ដោយ​បន្ថយ​របាំង​ពាណិជ្ជកម្មនិង​លំហូរ​ពលករ។

ប៉ុន្តែលោក Hiebert និយាយ​ថា ថ្វី​បើ​អាស៊ាន​អះអាង​ថា​ខ្លួន​ធ្វើ​កិច្ចការ​ឆ្ពោះ​ទៅ​សមាហរណកម្ម​សេដ្ឋកិច្ច​នេះ​បាន​សម្រេច​៧៤%​ហើយ​ក្តី ក៏​មាន​ប្រទេស​សមាជិក​ខ្លះ​បាន​ធ្វើ​ឲ្យ​យឺតយ៉ាវ​ដល់​ដំណើរការ​នេះ។ លោក​ថា ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​នៅ​អាស៊ាន ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​បង្កើត​វិធានការ​រិតត្បិត​ចំពោះ​ការ​នាំ​កសិផល​ពី​បរទេស។

លោក​ថា៖ «ដូច្នេះ​បញ្ហា​ចោទ​សំខាន់​មួយ​គឺ​ តើ​អ្នក​នឹង​ធ្វើយ៉ាង​ម៉េចជាមួយ​នឹង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​នេះ ដែល​មាន​ទំហំ​ផលិតផល​សរុប​ក្នុង​ស្រុក GDP សើ្ម​នឹង​ពាក់​កណ្តាល​របស់​អាស៊ី​អាគ្នេយ៍។ បន្ថែម​លើ​នេះ យើង​ក៏​នៅ​មាន​ប្រទេស​សមាជិក​ដែល​នៅ​ក្រីក្រ​ជាង​ខ្លាំង​ណាស់ គឺ ភូមា (មីយ៉ាន់ម៉ារ) ឡាវ និង​កម្ពុជា ដែល​ប្រទេស​ទាំង​នេះ​នៅមាន​ការ​អភិវឌ្ឍយឺតយ៉ាវ​ជាង​គេ​ខ្លាំង​ណាស់ ហើយ​មិន​មាន​សមត្ថភាព​បុគ្គលិក​និង​បច្ចេកវិទ្យា​គ្រប់គ្រាន់»។

លោក Hiebert និយាយ​ថា ប្រទេស​ព្រុយណេត្រូវ​គេ​ដាក់​សម្ពាធ​ខ្លាំង​ឲ្យ​សម្រេច​កិច្ចការ​ច្រើន​នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​ហេតុ​ប្រទេស​ភូមា​នឹងធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​២០១៤។ មាន​ការ​បារម្ភ​ច្រើន​ថា​ ប្រទេស​ភូមា​ដែល​កំពុង​ធ្វើ​កំណែ​ទម្រង់​នេះ នឹង​មាន​កិច្ចការ​មមាញឹក​ច្រើន​ពេក​ ហើយ​មិន​អាច​ជំរុញ​កិច្ចការ​អាស៊ាន​ឲ្យ​សម្រេច​បាន​ច្រើន​ទេ​នៅ​ឆ្នាំ​ក្រោយ។

ប្រទេស​ព្រុយណេ​ក៏​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ចុង​ក្រោយ​មួយទៀត​នៅ​ក្នុង​ខែ​តុលា ជាមួយ​នឹង​មេដឹកនាំ​អាស៊ី​បូព៌ា​ ហើយ​បូក​រួម​ជាមួយ​ប្រទេស​អូស្ត្រាលី ឥណ្ឌា នូវែលសេឡង់ រុស្ស៊ី និង​សហរដ្ឋ​អាមេរិក។

សមាជិក​អាស៊ាន​ទាំង​១០គឺ ព្រុយណេ ភូមា កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ​ និង​វៀតណាម។

ប្រែ​សម្រួល​ដោយ សឹង សុផាត

អត្ថបទ​ទាក់ទង

XS
SM
MD
LG