ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​អាស៊ី​អាគ្នេយ៍​ព្យាយាម​ស្តារ​ឯកភាព​ឡើង​វិញ​នៅ​សន្និសីទ​កំពូល​ប្រចាំ​ឆ្នាំ

  • Daniel Schearf

កម្មករ​រៀបចំ​កន្លែង​​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ពេល​​ឆាប់ៗ​ខាង​មុខ​ នៅ​​ឯ​វិមាន​នាយករដ្ឋមន្ត្រី​ព្រុយណេ​ក្នុង​ក្រុង​ Bandar Seri Begawan។ (២៣ មេសា ២០១៣)
បាងកក៖ មេដឹកនាំ​អាស៊ី​អាគ្នេយ៍​នឹង​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ប្រទេស​ព្រុយណេ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ដើម្បី​ចូលរួម​សន្និសីទ​កំពូល​ប្រចាំ​ឆ្នាំ​របស់​សមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍។ ​ក្រុម​ក្នុង​តំបន់​នោះ​កំពុង​ព្យាយាមធ្វើ​ឲ្យ​ជឿនលឿនដល់​ផែនការ​សមាហរណកម្ម​សេដ្ឋកិច្ច​នឹង​ស្តារ​ទំនាក់ទំនង​ឡើង​វិញ​ក្រោយ​ពីមាន​ការទាស់​ទែង​គ្នា​អំពី​ជម្លោះ​ដែន​ដី​ជាមួយ​ចិន​ក្នុង​សមុទ្រ​ចិនខាង​ត្បូង។ ​អាស៊ាន​បាន​កំណត់​ពេល​វេលា​ដើម្បី​បង្កើត​សហគមន៍​សេដ្ឋកិច្ច​នៅ​ចុង​ឆ្នាំ​២០១៥ ស្រដៀង​គ្នា​និង​សហ​ភាព​អឺរ៉ុប។

ទោះ​បី​ ប្រទេស​ទាំង​នោះ ​បាន​កាត់​បន្ថយ​ពន្ធ​លើ​ទំនិញ​នាំ​ចេញ​ឬ​ចូល​ជា​ច្រើន​ក្នុង​ក្តី​សង្ឃឹម​ទុក​ចំពោះ​បញ្ចូល​គ្នា​ក៏​ដោយ ​អ្នក​វិភាគ​ខ្លះ​ចោទ​សួរ​ថា​តើ​តំបន់​នោះ ​ប្រុង​ប្រៀប​រៀប​ចំពេញ​លេញ​ដើម្បី​ដោះស្រាយ​បញ្ហា​លំហូរ​ទំនិញ​ សេវាកម្ម​និងពលកម្ម​ដោយ​សេរី​ហើយ​ឬ​នៅ?

លោក​ Rodolfo Severino ​ជា​អតីត​អគ្គលេខាធិការ​សមាគម​អាស៊ាន ​ហើយ​ឥឡូវ​នេះ​ជា​នាយកមជ្ឈមណ្ឌល​ការ​សិក្សា​អាស៊ាន​នៅ​វិទ្យាស្ថាន​ការ​សិក្សា​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​ប្រទេស​សឹង្ហបូរី។ ​លោក​ដាស់តឿន​មនុស្ស​ដែលនិយាយថា​ សមាហរណកម្ម​សេដ្ឋកិច្ច​នឹង​មាន​ចលនា​យឺត​ពេក។

«មនុស្ស​ខ្លះ​មិនមាន​ការ​អត់​ធ្មត់​ទាល់​តែ​សោះ។ ​ពួក​គេ​គិត​ថា​អាស៊ាន​គួរ​តែផ្លាស់​ប្តូរ​ជា​បន្ទាន់​នូវ​កិច្ចការ​ផ្ទៃ​ក្នុង​ដើម្បី​ឲ្យ​សម្រេច​គោលបំណង​សមាហរណកម្ម​សេដ្ឋកិច្ច។ ​ជា​ការណ៍​ពិត​វា ​នឹង​មិន​កើត​មាន​ឡើង​បាន​ទេ»។

ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ជួប​ប្រទះ​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​ដ៏​ខ្លាំង​ទោះ​បី​សេដ្ឋកិច្ច​សកល​លោក ​មិន​រីក​ចម្រើន​ក៏​ដោយ។ ប៉ុន្តែ​មាន​ការ​ព្រួយ​កង្វល់​ថា​តើ​ប្រទេសមាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ខ្លាំង​របស់​តំបន់​ដូច​ជា​សឹង្ហបូរី​និង​ព្រុយណេ ​អាច​បញ្ចូល​ប្រកប​ដោយ​ជោគជ័យ​ជាមួយ​ប្រទេស​ផ្សេងៗ​ដែល​ទើប​តែ​បើក​ចំហ​សេដ្ឋកិច្ច​កាល​ពី​ពេល​ថ្មីៗដល់​ការ​វិនិយោគទុន​ខាង​ក្រៅ​និង​ពាណិជ្ជកម្ម​បរទេស​ ដូច​ជា​ប្រទេសនិង​ភូមា។

សមាជិក​អាស៊ាន​ ក៏​រួម​មាន​ប្រទេស​កម្ពុជា​ ឥណ្ឌូណេស៊ី​ ឡាវ ​ហ្វី​លីពីន ថៃ​និង​វៀតណាម​ដែរ។

មេដឹកនាំ​អាស៊ាន​ក៏​ត្រូវ​គេ​រំពឹង​ធ្វើ​ការ​ជួសជុលការ​បែកបាក់ដែល​លេច​ឡើង​ក្នុង​អំឡុង​ពេលនៃ​ជំនួប​កាល​ពី​ឆ្នាំ​ទៅ​ក្នុង​រាជធានី​ភ្នំពេញ។

កម្ពុជា​ដែល​ជាម្ចាស់​ផ្ទះ បាន​គាំទ្រ​ប្រទេសចិន​ដើម្បី​រារាំងមិន​ឲ្យ​ចេញ​សេចក្តី​ថ្លែង​ការណ៍ដែល​សម្តែង​ការ​បារម្ភ​អំពី​ការ​ទាមទារ​យ៉ាង​គគ្លើនរបស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំងលើ​ដែនដីក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

វាជា​លើក​ទី​មួយក្នុង​ប្រវត្តិ​៤៥​ឆ្នាំ​របស់​អាស៊ានដែល​ខ្លួន ​ខកខាន​មិន​ចេញ​សេចក្តី​ថ្លែងការណ៍របស់​ប្រធាន​ដែល​សង្កត់ពី​ការ​មូលមតិ​របស់​ក្រុម​នោះ។

ចិនទាមទារ​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរ​តែ​ទាំង​អស់​ ដែល​ធ្វើ​ឲ្យ​មាន​ជម្លោះជាមួយ​នឹង​ការ​ទាមទារ​ជាន់​គ្នា​ដោយ​កោះ​តៃវ៉ាន់​ និង​ព្រុយណេ​ ម៉ាឡេស៊ី ​ហ្វីលិពីន​ និង​វៀតណាម។
លោក​ Prapat Thepchatree ​ជា​នាយក​មជ្ឈមណ្ឌលសម្រាប់​ការ​សិក្សា​អាស៊ាននៅ​សាកល​វិទ្យាល័យ Thammasat ​ក្នុង​ទី​ក្រុង​បាងកក។

«កាល​ពី​ឆ្នាំ​ទៅ​ជា​ការ​ដើរ​ថយ​ក្រោយ​សម្រាប់​អាស៊ាន​បើ​និយាយ​ពី​ការ​បែក​បាក់​គ្នា។ ​ប៉ុន្តែ​ឆ្នាំ​នេះ​ដូច​ដែល​យើង​អាច​មើល​ឃើញ​ពី​លទ្ធផល​នៃ​ជំនួប​របស់​រដ្ឋមន្រ្តីការ​បរទេស​អាស៊ាន​ដែលប្រុងប្រៀប​សម្រាប់​សន្និសីទ​កំពូល​ ​យើង​អាច​មើល​ឃើញ​ថា​អាស៊ាន​បាន​បង្ហាញ​ជំហរ​រួម​គ្នាម្តង​ទៀត»។

ជំនួប​រដ្ឋមន្រ្តី​ការ​បរទេសអាស៊ាន​ក្នុង​ប្រទេស​ព្រុយណេ​នៅ​ដើម​ខែ​នេះ ​បាន​ព្រមព្រៀង​គ្នា​ធ្វើ​ការ​សន្ទនាជាមួយ​ចិន​លើ​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិនខាង​ត្បូង។

ចិន​បាន​ការពារ​ការ​ទាមទារ​របស់​ខ្លួននៅ​ក្នុង​ដែនដី​ដែលសម្បូរ​ទៅ​ដោយ​រ៉ែ​ ប្រេងនិង​ត្រី​ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​ការ​បង្កើន​ការ​យាមល្បាតនិង​ការពារ​នាវា​នេសាទ​របស់​ខ្លួន។ ការ​លុកលុយ​ជា​ប្រចាំ​របស់​កប៉ាល់​ទាំង​នោះ ​បាន​បង្កើន​ការ​តាន​តឹង​ក្នុង​តំបន់។

អាស៊ានចង់​បានកិច្ច​ព្រមព្រៀង​មួយ​ដែលច្បាប់​តម្រូវ​ឲ្យ​ធ្វើ​តាមដើម្បី​បង្អាក់​ចំណាត់​ការ​ដ៏​គគ្លើនបែប​នេះ។ ​កិច្ច​ព្រមព្រៀង​នោះ ​នឹង​ជំនួសការ​សន្យារយៈ​ពេល​១០​ឆ្នាំ​ដោយ​ប្រទេស​ទាមទារ​តវ៉ា​មិន​បណ្តាល​ឲ្យ​មាន​ជម្លោះ​ ដែល​គេ​ស្គាល់​ថា ​សេចក្តី​ប្រកាស​ប្រតិបត្តិ​ (Declaration of Conduct)។​ ទោះ​បី​ភាព​ការ​តានតឹង​លើ​បញ្ហា​ដែនដី​បន្ត​មាន​ក៏​ដោយ​ ពួក​អ្នក​វិភាគ​នយោបាយ​និយាយ​ថា ​ព្រុយណេ​ដែល​ធ្វើ​ជា​ប្រធាន​អាស៊ាន ​ទំនង​ជា​វិល​ត្រឡប់​ទៅ​កាន់​ការ​មូល​មតិ​ដែលមាន​ជា​ប្រពៃណី ហើយ​ទំនង​ផ្តោត​លើ​កិច្ច​ព្រមព្រៀង​ដែល​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ផង។

ទោះ​បី​សន្និសីទ​កំពូល​អាស៊ាន​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​ទៅមាន​ការ​សៅហ្មង​ដោយ​ការ​តាន​តឹង​ជាមួយ​ចិន​ក៏​ដោយ ​ការ​ជោគជ័យ​មួយ​ គឺ​កិច្ច​ផ្តួច​ផ្តើមពាណិជ្ជកម្ម​សេរីដែល​គេ​ស្គាល់​ថា​ កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ធំ​ទូលាយ​ក្នុង​តំបន់​ ឬRCEP។​

RCEP ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​គូ​ប្រជែង​ដល់​កិច្ច​ព្រមព្រៀង​ដៃ​គូ​ឆ្លង​កាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ពេល​ដែល​អង្គការ​ទាំង​នោះ ​រួម​មាន​ទាំង​សមាជិក​អាស៊ាន​គឺ​ព្រុយណេ ​ម៉ាឡេស៊ី ​សឹង្ហបូរី​ និង​វៀតណាម​និង​អូស្ត្រាលី​ ញូវែលហ្សេឡង់​ ជប៉ុន​និង​កូរ៉េ។​

ប៉ុន្តែ​មិន​ដូច​ជា​កិច្ចព្រម​ព្រៀង​ TPP ​កិច្ច​ព្រមព្រៀងRCEP ​រួម​មាន​ចិន ​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទី​២​របស់​ពិភពលោក​ហើយ​ជា​ប្រទេស​មាន​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត។
អ្នក​វិភាគ​នយោបាយ​ Prapat ​បាន​ច្រាន​ចោល​សំណើ​ថា​កិច្ច​ព្រមព្រៀង​ប្រកួត​ប្រជែង​គ្នា ​ជា​សង្គ្រាម​ពាណិជ្ជកម្ម​តំណាង​ឲ្យ​ចិន​និង​សហរដ្ឋ​អាមេរិក។

«លោក​អ្នក ​អាច​មើល​ឃើញ​ថា ​សហរដ្ឋ​អាមេរិក​ជា​ស្នូល​មួយ​របស់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ​TPP ​ជា​មេដឹកនាំ​របស់​ TPP ​នេះ ​ជា​ការ​ច្បាស់​ណាស់។​ ប៉ុន្តែ ​ចំពោះ​អង្គការ​ FTA អាស៊ាន ​វា​មិន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថាចិន​នឹង​ក្លាយ​ជា​មេដឹក​នាំ​របស់​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្ម​សេរី FTA ​អាស៊ានទេ។ ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​អាស៊ាន​នឹង​ក្លាយ​ជា​ស្នូល​ដ៏​សំខាន់​មួយ។ អាស៊ាន ​នឹង​ក្លាយជា​អ្នកដឹកមុខ​របស់​កិច្ច​ព្រម​ព្រៀង​សេរី​អាស៊ាន»។

ក្រុម​ RCEP រួម​មានប្រទេស​ដែល​មាន​ប្រជា​ពល​រដ្ឋ៣.០០០​លាន​នាក់​ ដោយមាន​ផលិតផល​សរុប​ក្នុង​ស្រុក​២០​លាន​លាន​ដុល្លារ។ ​កិច្ច​ព្រមព្រៀង​នោះ​នឹង​រួម​បញ្ចូល​ទំនិញ ​សេវាកម្ម​ នីតិវិធី​ពាណិជ្ជកម្ម​សម្រាប់​ដោះ​ស្រាយជម្លោះ ​ការ​ការពារ​សិទ្ធិ​កម្មសិទ្ធិ​បញ្ញា​និង​បញ្ហា​ផ្សេងៗ​ទៀត៕

ប្រែ​សម្រួល​ដោយ ​ជឹង ប៉ូជីន
XS
SM
MD
LG