ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​មិន​យល់​ស្រប​នឹង​មធ្យោបាយ​ដោះស្រាយ​របស់​អាស៊ាន


មេដឹកនាំ​កំពូល​អាស៊ានជួបប្រជុំ⁣នៅ⁣វិមានសន្តិភាព ទីក្រុង⁣ភ្នំពេញ កម្ពុជា។
មេដឹកនាំ​កំពូល​អាស៊ានជួបប្រជុំ⁣នៅ⁣វិមានសន្តិភាព ទីក្រុង⁣ភ្នំពេញ កម្ពុជា។
ភ្នំពេញ៖ រដ្ឋមន្ត្រី​ការ​បរទេស​ហ្វ៊ី​លី​ពី​ន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ច​ន្ទ​ទី​១៩ ខែវិច្ឆិកា​ថា ហ្វ៊ីលីពីន​មិន​បាន​យល់ព្រម​ក្នុង​ការ​មិន​ដាក់​ការ​ដោះស្រាយ​ជម្លោះ​ដែនដី​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​ជា​លក្ខណៈ​អន្តរជាតិ​នោះ​ទេ។
កាលពី​ថ្ងៃអាទិត្យ​លោក​កៅ​ គឹ​ម​ហួ​ន​ រដ្ឋលេខាធិការ​ក្រសួងការបរទេស​បាន​ប្រាប់​អ្នក​យកព័ត៌មាន​ថា​ក្រុម​មេដឹកនាំ​កំពូល​អាស៊ាន​បាន​សម្រេច​រួម​គ្នា​ថា នឹង​មិន​ធ្វើ​អន្តរជាតូបនីយកម្ម​ជម្លោះ​នៅ​ដែន​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ។
​លោក​បញ្ជាក់​ថា អាស៊ាន​នឹង​ដោះស្រាយ​បញ្ហា​នេះ​តាម​យន្តការ​ដែល​មាន​ស្រាប់​ជា​មួយ​ប្រទេស​ចិន។ ក៏​ប៉ុន្តែ​លោក​រដ្ឋមន្ដ្រី​ការ​បរទេស​ហ្វ៊ីលីពីន ឡលប៊ត ដែល រ៉ូសារ៉ូយ៉ូ (Albert Del​ Rosario)​ បាន​ថ្លែង​នៅ​ថ្ងៃនេះ​ថា​យ៉ាង​ហោច​ណាស់​មាន​ហ្វ៊ីលីពីន និង​ប្រទេស​មួយទៀត​ដែរ​ដែល​មិន​យល់​ស្រប​នឹង​ជំហ​ខាងលើ។​
​លោក​ឡលប៊ត ដែល រ៉ូសារ៉ូយ៉ូ មិន​បាន​បញ្ជាក់​ថា ប្រទេស​មួយទៀត​គឺជា​ប្រទេស​ណា​នោះ​ទេ​ក៏​ប៉ុន្តែ​នា​ពេល​កន្លង​មក​ហ្វ៊ីលីពីន ​និង​វៀតណាម​គឺជា​ប្រទេស​ពីរ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ជម្លោះ​ដែនដី​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​បាន​តវ៉ា​យ៉ាង​ខ្លាំងក្លា​ឲ្យ​យក​បញ្ហា​ដ៏​ចម្រូងចម្រាស់​នេះ​ទៅ​ដោះស្រាយ​ក្នុង​រង្វង់​អាស៊ាន​ទាំងមូល។​
​លោក​រដ្ឋមន្ដ្រី​ការ​បរទេស​ហ្វ៊ី​លី​ពី​ន​ លើក​ឡើង​ថា​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក បេនីហ្គណូ អាហ្គីណូ (Benigno​ Aquino) ក៏​បាន​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​នៅ​ថ្ងៃនេះ​ដែរ​ថាហ្វ៊ីលីពីន​មិន​យល់ព្រម​មិន​ដាក់​ការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជា​លក្ខណៈ​អន្តរជាតិ​នោះ​ដោយ​ផ្អែក​លើ​ផលប្រយោជន៍​ប្រទេស​ជប៉ុន។​
​ដំណាលគ្នា​នេះ​លោកនាយក​រដ្ឋមន្ដ្រី​ជប៉ុន​យ៉ូស៊្សីកូ ណូដា (Yoshiko​ Noda) បាន​លើក​អំពី​កង្វល់​របស់​ជប៉ុន​ក្នុង​ជំនួប​កំពូល​អាស៊ាន​ជប៉ុន​ដែរ​។ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ស្ថានទូត​ជប៉ុន​លោក​ណូដា​បញ្ជាក់​ថា ជម្លោះ​នេះ​អាច​នាំ​ឲ្យ​មានការ​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ស្ថិរភាព​និង​សន្តិភាព​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ីហ្វិក។ លោកនាយក​រដ្ឋមន្ដ្រី​ជ​ប៉ុន​បាន​ស្នើ​ឲ្យ​ភាគី​មាន​ជម្លោះ​ដោះស្រាយ​បញ្ហា​តាម​គោល​ការ​ច្បាប់​អន្តរជាតិ។
​លោក​ម៉ា​ទី​ ណា​តា​ឡេ​ហ្គា​វ៉ា​ រដ្ឋមន្ដ្រី​ការ​បរទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​បញ្ជាក់​បន្ថែម​ពី​ជំហរ​បស់​ជប៉ុន​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ជប៉ុន។ លោក​ម៉ា​ទី​បញ្ជាក់​ថា
«ជប៉ុន​បាន​បង្ហាញ​ជា​មូលដ្ឋាន​នូវ​កង្វល់​របស់​ខ្លួន​អំពី​កា​រវិ​វត្ត​នៅ​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ហើយ​ជប៉ុន​សង្ឃឹមថា​បញ្ហា​នេះ​នឹង​ត្រូវ​បាន​ដោះស្រាយ​តាម​រយៈ​សេចក្តី​ប្រកាស​នៃ​ក្រម​ប្រតិបត្តិ​និង​ក្រម​ប្រតិបត្តិ​ស្តី​ពី​ជម្លោះ​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង»៕
XS
SM
MD
LG