កម្ពុជាបានកោះហៅឯកអគ្គរាជទូតរបស់ខ្លួនឲ្យវិលត្រឡប់ពីប្រទេសហ្វ៊ីលីពីនវិញបន្ទាប់ពីលោកបានរិះគន់ជំហរបស់ទីក្រុងម៉ានីល និងក្រុងហាណូយ ជុំវិញជម្លោះដែនសមុទ្រចិនខាងត្បូង។ ជម្លោះនេះ ដែលបានហែកប្រទេសសមាជិកអាស៊ានឲ្យបរាជ័យក្នុងការចេញសេចក្ដីថ្លែងការណ៍រួមក្រោយពីកិច្ចប្រជុំកំពូលរបស់រដ្ឋមន្ដ្រីការបរទេសរបស់ខ្លួនកាលពីខែមុន។
ក៏ប៉ុន្តែពុំមានការពន្យល់ផ្លូវការណាមួយអំពីការដកឯកអគ្គរាជទូតខ្មែរពីប្រទេសហ្វ៊ីលីពីននេះទេ។
លោក រ៉ាអ៊ុល ហឺណានដេហ្ស (Raul Hernandez) អ្នកនាំពាក្យក្រសួងការបរទេសហ្វ៊ីលីពីនបានប្រាប់វីអូអេតាមសារអេឡិចត្រូនិចនៅថ្ងៃសុក្រនេះថា ក្រសួងការបរទេសកម្ពុជាបានជូនដំណឹងអំពីការកោះហៅឯកអគ្គរាជទូតរបស់ខ្លួន លោក ហើស សិរីធន់ ឲ្យត្រឡប់មកវិញកាលពីថ្ងៃចន្ទ ទី៦ ខែសីហា។ ប៉ុន្តែលោកមិនបានបង្ហាញពីការផ្តល់ហេតុផលជាក់លាក់របស់ប្រទេសកម្ពុជានោះទេ។
«បាទ ខ្ញុំអាចផ្ញើសេចក្តីថ្លែងការណ៍ទៅជូនលោកបាន»។
លោក រ៉ាអ៊ុល ហឺណានដេហ្ស បានបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជាបានជូនដំណឹងផងដែរថា ឯកអគ្គរាជទូតថ្មីត្រូវបានស្នើឲ្យជំនួសលោកឯកអគ្គរាជទូតបច្ចុប្បន្នរួចហើយ។
បណ្តាញផ្សព្វផ្សាយបរទេសផ្សេងៗបានឲ្យដឹងថា លោកឯកអគ្គរាជទូត ហើស សិរិធន់នឹងត្រូវចាកចេញពីទីក្រុងម៉ានីល នៅថ្ងៃទី១៧ ខែសីហានេះ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មិនអាចទាក់ទងបានទេដោយសារតែទូរសព្ទរបស់លោករោទិ៍ជាច្រើនដងដោយគ្មានអ្នកទទួល។
កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលនៃរដ្ឋមន្ត្រីការបរទេសសមាគមប្រជាជាតិអាស៊ីអគ្នេយ៍កាលពីខែកក្កដា ប៉ុន្តែប្រទេសនេះបានបរាជ័យក្នុងការធ្វើសេចក្ដីប្រកាសរួមដោយសារតែមានភាពមិនចុះសម្រុងជាមួយប្រទេសហ្វ៊ីលីន និងប្រទេសវៀតណាម។ ប្រទេសទាំងពីរបានទទូចឲ្យដាក់បញ្ហាជម្លោះដែនទឹកសមុទ្រចិនខាងត្បូងក្នុងសេចក្ដីថ្លែងការណ៍ ក៏ប៉ុន្តែកម្ពុជាដែលជាប្រធានប្តូរវេនរបស់អាស៊ាន បានច្រានចោល។
លោក ហើស សិរីធន់ បានធ្វើសេចក្ដីអត្ថាធិប្បាយមួយកាលពីខែមុនថា វៀតណាម និងហ្វ៊ីលីពីនបានព្យាយាមធ្វើវិច្ឆេទកម្ម និងយកកិច្ចប្រជុំកំពូលនៃរដ្ឋមន្ដ្រីការបរទេសអាស៊ានជាចំណាប់ខ្មាំងខណៈដែលប្រទេសទាំងពីរទទូចឲ្យដាក់បញ្ហាសមុទ្រចិនខាងត្បូងក្នុងសេចក្ដីថ្លែងការណ៍រួមនោះ។
ក្រសួងការបរទេសហ្វ៊ីលីពីនបានកោះអញ្ជើញលោកហើស សិរីធន់ ឲ្យចូលបំភ្លឺកាលពីសប្តាហ៍មុនក៏ប៉ុន្តែលោកមិនបានចូលខ្លួននោះទេ ដោយសារតែបញ្ហាសុខភាព។
ទំនាស់នៅសមុទ្រចិនខាងត្បូងជាប់ពាក់ព័ន្ធជាមួយវៀតណាម ហ្វ៊ីលីពីន ម៉ាឡេស៊ីនិងប្រ៊ុយណេ។ មានកង្វល់ពីការបែកបាក់ផ្ទៃក្នុង ក្នុងចំណោមសមាជិកអាស៊ានទាំងដប់ប្រទេសដោយសារតែការប្រកាន់ជំហរក្នុងជម្លោះនេះ។ ការកោះហៅអ្នកការទូតរបស់ខ្លួនឲ្យវិលត្រឡប់មកវិញរបស់ប្រទេសកម្ពុជាត្រូវគេមើលឃើញថា អាចជាការព្រួយបារម្ភចំពោះភាពផុយស្រួយនៃទំនាក់ទំនងទ្វេភាគីរវាងទីក្រុងភ្នំពេញជាមួយក្រុងម៉ានីល។
ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសហ្វ៊ីលីពីន លោក រ៉ាអ៊ុល ហឺណានដេហ្ស មានប្រសាសាន៍ថា ទំនាក់ទំនងប្រទេសទាំងពីរ «មានការរីចម្រើនទៅមុខ» ហើយប្រទេសទាំងពីរបានរក្សាចំណងមិត្តភាពទ្វេភាគីចាប់តាំងពី៥៥ឆ្នាំមកហើយ៕