ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន និង​ចិន​មិន​ទាន់​ព្រមព្រៀង​គ្នា​ស្តី​ពី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​


ប្រទេស​ទាំង​១០​នៃ​សមាគម​អាស៊ាន​មិន​បាន​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​ណា​មួយ លើ​ក្រមប្រតិបត្តិ​ជាមួយ​ប្រទេស​ចិន​ស្តី​អំពី​ជម្លោះ​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

ថ្លែង​ក្រោយ​ពី​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ និង​មន្ត្រី​ជាន់ខ្ពស់​ការបរទេសនៃ​សមគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ចិន​នៅ​ល្ងាច​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ លោកស្រី ហ្វ៊ុ យីង (Fu Ying) អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​បានប្រាប់​អ្នកយក​ព័ត៌មានថា​សមាគម​អាស៊ាន និង​ចិន​នៅ​ខ្វែងគំនិត​គ្នា​នៅ​ឡើយ។

«មាន​សំណើ​ពី​រដ្ឋមន្ត្រី​នៃ​ប្រទេស​អាស៊ាន​ឲ្យ​ចាប់ផ្តើម​ពិភាក្សា​អំពី​ក្រមប្រតិបត្តិ។ ដូច្នេះ​រដ្ឋមន្ត្រី​ចិន​ចង់​ឲ្យ​មាន​ការគិតគូរ​ឲ្យ​បានម៉ឺងម៉ាត់​លើ​សំណើរ​នេះ។ ​គាត់​ចង់​បាន​ស្ថានភាពចាស់​ទុំ ដើម្បី​ស្វែងរក​លទ្ធភាព​ជជែក​ពិភាក្សា​គ្នា។ លោក​រដ្ឋមន្ត្រី​ចិន​សង្កត់​ធ្ងន់​ថា ដើម្បី​ទទួល​បាន​ផលល្អ​ក្នុង​ការជជែក​ក្នុង​ពេល​អនាគត​លើ​ក្រមប្រតិបត្តិ​ វា​មាន​សារៈសំខាន់​ដែល​ថា​សេចក្តីប្រកាស​ប្រតិបត្តិ​ត្រូវ​បានអនុវត្ត​ដោយ​គ្រប់​ភាគី​ទាំង​អស់។ ប្រសិន​បើ​សមាជិក​មួយ​ចំនួន​បំពាន​សេចក្តី​ប្រកាស​ប្រតិបត្តិ មិនមែន​ជា​បច្ច័យល្អ​សម្រាប់​ធ្វើ​ឲ្យ​ប្រសើរ​លើ​ការ​ជឿជាក់ ការ​យល់​គ្នា និង​ទុកចិត្ត​គ្នា​នោះ​ទេ»។

មាន​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​បួន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ជម្លោះ​ដែនសមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​នឹង​ទីក្រុង​ប៉េកាំង ក្នុង​នោះ​មាន​តែ​វៀតណាម និង​ហ្វីលីពីន​ទេ​ដែល​ធ្វើ​ការ​តវ៉ា​យ៉ាងខ្លាំងក្លា​ជាមួយ​នឹង​ចិន។

ក្រុម​រដ្ឋមន្ត្រី​ការបរទេស​នៃ​សមាគម​អាស៊ាន​បានអនុម័ត​គោលការណ៍​គន្លឹះ​មួយចំនួន​លើ​ក្រមប្រតិបត្តិ​សម្រាប់​យក​មកពិភាក្សា​ជាមួយ​នឹង​ចិន។ ក៏ប៉ុន្តែ​ក្នុង​ចំណោម​នោះ មាន​ភាព​ចម្រូងចម្រាស់​មួយ​ចំនួន បាន​ទាញ​ថយក្រោយ​មិន​ឲ្យ​ក្រមប្រតិបតិ្ត​នេះ​សម្រេច​គោលដៅ​របស់​ខ្លួន។

យោងតាម​លោក ស៊ុរីន ពិតស៊ុវ៉ាន (Surin Pitsuwan) អគ្គលេខាធិការ​សមាគម​អាស៊ាន​ការប្រើប្រាស់​ដែនសមុទ្រ ការ​ធ្វើ​នាវាចរណ៍ និង​ការ​ដឹក​ជញ្ជូន គឺ​ជា​ផ្នែកមួយ​នៃ​ការ​ជជែក​គ្នា​យ៉ាង​តានតឹង​នៅ​ក្នុង​ក្រមខណ្ឌ​នៃ​ក្រមប្រតិបត្តិ​នេះ។

លោក ម៉ាទី ណាតាឡេហ្កាវ៉ា (Marty Natalegawa) រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​មាន​ប្រសាសន៍​ថា​មាន​យន្តការ​គន្លឹះ​ចំនួនពីរ​ដែល​ត្រូវ​បានសម្លឹង​ឃើញ គឺ​ក្រមប្រតិបត្តិ និង​ការទូត។ គេ​ត្រូវរង់ចាំ​ការសម្រេច​ចិត្ត​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន។

«ឥឡូវ​នេះ​យើង​កំពុងរង់ចាំ​មើល​ថា​តើ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នឹង​ត្រូវ​ឆ្លើយតប​យ៉ាង​ដូចម្តេច​ចំពោះ​គោលការណ៍​ដែល​ក្រុម​មន្ត្រី​ជាន់ខ្ពស់​អាស៊ាន​បាន​សម្រេច​រួច​ហើយ​ដូចជា​ថា​តើ​ពួកគាត់​កត់​សម្គាល់​លើ​បញ្ហា​ទាំង​នេះ​ឬទេ? ហើយ​ស្នើ​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​ចាប់​ផ្តើម​ជជែក​ជាមួយចិន។ ប៉ុន្តែ​បញ្ហា​នេះ ត្រូវ​រង់ចាំ​ការសម្រេច​ជាផ្លូវការ​នៅ​ឡើយ»។

ក្រៅ​ពី​ការជជែក​ទៅ​លើ​ក្រមប្រតិបត្តិ​ស្តីពី​បញ្ហា​ជម្លោះ​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង ក្រុម​មន្ត្រី​ជាន់ខ្ពស់​ការបរទេស និង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ក៏បានជជែក​អំពី​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន និង​អាស៊ាន អំពី​បញ្ហា​បណ្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ចិន និង​កិច្ចសហប្រតិបត្តិការ​គ្នា​នៅ​ក្នុង​តំបន់៕

XS
SM
MD
LG