ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ភាព​អត់​ឃ្លាន​ចំពោះ​កុមារ​ក្នុង​ប្រទេស​ម៉ាឡាវី​កំពុង​កើន​ឡើង​ក្រោយ​​គ្រោះ​រាំង​ស្ងួត


បុគ្គលិក​ពេទ្យ​ម្នាក់​កំពុង​ថ្លឹង​ទម្ងន់​កុមារ​ម្នាក់​ដែល​មាន​កង្វះ​អាហារូបត្ថម្ភ​ នៅ​ឯ​មណ្ឌល​សុខភាព​មួយ​ក្នុង​ស្រុក Balaka ប្រទេស​ម៉ាឡវី។

កង្វះ​ចំណី​អាហារ​កំពុង​តែ​កើត​មាន​កាន់​តែ​អាក្រក់​ទៅៗ​នៅ​ក្នុង​ប្រទេស​ម៉ាឡាវី ខណៈ​ពេល​ដែល​ផល​ដំណាំ​ពី​ការ​ដាំដុះ​ក្នុង​ឆ្នាំ​នេះ​ ត្រូវ​បាន​បរិភោគ​អស់​ហើយ​សម្រាប់​គ្រួសារ​កសិករ​ខ្នាត​តូច​ជា​ច្រើន។

នៅ​ក្នុង​ស្រុក​ Balaka ពលរដ្ឋ ​៤៧​ភាគ​រយ​កំពុង​ប្រឈម​មុខ​នឹង​កង្វះ​ស្បៀង​អាហារ។ នេះ​ជា​តួលេខ​ដ៏​ខ្ពស់​ក្នុង​ចំណោម​ស្រុក​ទាំង​អស់​ទូទាំង​ប្រទេស​ដែល​រង​ការ​ប៉ះ​ពាល់។​ មនុស្ស​ជា​ច្រើន​បាន​កាត់​បន្ថយ​របប​អាហារ​របស់​ពួក​គេ​មក​នៅ​ត្រឹម​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ។

អ្នក​ស្រី Anne Matebule គឺ​ជា​ម្តាយ​ដែល​ចិញ្ចឹមកូន​បួន​នាក់​តែ​ម្នាក់​ឯង។

អ្នក​ស្រី​និយាយ​ថា​ ដោយ​សារ​តែ​គ្រោះ​រាំង​ស្ងួត​ ឆ្នាំ​នេះ​អ្នក​ស្រី​អាច​ប្រមូល​ផល​ដំណាំ​ពោត​បាន​តែ​មួយ​បាវ​គត់​ដែល​មាន​ចំណុះ​៥០​គីឡូក្រាម។ ជា​ធម្មតា​ អ្នកស្រី​ប្រមូល​ផល​បាន​២៥​បាវ​ក្នុង​មួយ​ឆ្នាំ។

អ្នក​ស្រី​និយាយ​ថា​អ្នក​ស្រី​ពឹង​លើ​ការ​ធ្វើ​ការ​ជា​អ្នក​ថែ​សួន​និង​ការងារ​មិន​ពិត​ប្រាកដ​ផ្សេង​ទៀតដើម្បី​ចិញ្ចឹម​កូន​របស់​គាត់។​

អ្នក​ស្រី​និយាយ​ថា៖ «កូន​របស់​ខ្ញុំ​កំពុង​តែរង​ទុក្ខ​ពី​ការ​ដាច់​ស្បៀង​នេះ។ យើង​ញ៉ាំ​អាហារ​តែ​មួយ​ពេល​ទេ​ក្នុង​មួយ​ថ្ងៃ។ យើង​អាច​ញ៉ាំ​២​ដង​ក្នុង​មួយ​ថ្ងៃ​នៅ​ពេល​ណា​ខ្ញុំ​ទទួល​បាន​ដំឡូង​បារាំង​ផ្អែម​ជា​កម្រៃ​ក្នុង​ការ​ធ្វើ​ការងារ​អ្វី​មួយ»។

លោក​ Thomas Biseck គឺ​ជា​មន្ត្រី​សុខាភិបាលម្នាក់​នៅ​ក្នុង​ស្រុក​នេះ។ លោក​ប្រាប់​ VOA ថាចំនួន​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភក្នុង​ស្រុក​នេះ​បាន​កើន​ឡើង​រហូត​ដល់​ទៅ​៤​ដង។

«កម្រិត​នៃកង្វះ​អាហារូបត្ថម្ភ​ក្នុង​ស្រុក​ Balaka​ ពិត​ជា​គួរ​ឲ្យ​បារម្ភ​យ៉ាង​ខ្លាំង​មែន​ទែន​បើ​យើង​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន។ ក្នុង​អំឡុង​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​មុន​ យើង​ឃើញ​មាន​ការ​ខ្វះ​ខាត​តែ​១២​ភាគ​រយ​ប៉ុណ្ណោះ។​ ប៉ុន្តែ​ឆ្នាំ​នេះ​ កុមារ​ដែល​មាន​កង្វះ​អាហារូបត្ថម្ភ​មាន​ប្រហែល​៥២​ភាគ​រយ​ ដែល​នេះ​មាន​ន័យ​ថា​ តួលេខ​នេះ​នឹង​កើនឡើងទៅ​កាន់​ខែ​មីនា​ឆ្នាំ​ក្រោយ​ ហើយ​ស្ថានភាព​នេះ​នឹង​ធ្វើ​ឲ្យ​យើង​មិន​អាច​គ្រប់​គ្រង​បាន»។

ផល​ប៉ះពាល់​នៃ​កង្វះ​អាហារូបត្ថម្ភ​ចំពោះ​កុមារ​អាច​មាន​ពេញ​មួយ​ជីវិត​របស់​ពួក​គេ។​ ផល់​ប៉ះពាល់​ទាំង​នោះ​អាច​រារាំង​ដល់​ការ​លូតលាស់និង​ភាពយឺតយ៉ាវ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន ដ៏​ដូច​ជា​មាន​ឥទ្ធិពល​លើ​លទ្ធភាព​ក្នុង​ការ​រក​ចំណូល​របស់​កុមារ​ទាំង​នោះ​នា​ពេល​អនាគត។

កម្មវិធី​ស្បៀងអាហារ​ពិភពលោករបស់​អង្គការ​សហប្រជាជាតិ​កំពុង​ផ្តល់​ជំនួយ​ដល់​កម្មវិធី​ផ្គត់​ផ្គង់​អាហារ​បន្ថែម​ទៀត​នៅ​គ្រប់​មណ្ឌល​សុខភាព​ទាំង​១៣​នៅ​ក្នុង​ស្រុក​ Balaka។

អ្នក​ទទួល​ផល​ពី​កម្មវិធី​នេះ​ ទទួល​បាន​អាហារ​ធ្វើ​ពី​ពោត​លាយ​និង​សណ្តែក​សៀង​សរុប​៤.៥​គីឡូក្រាម​រៀង​រាល់​២​សប្តាហ៍​ម្តង។

អ្នក​ស្រី Chrissy Mkwamba និយាយ​ថា ​អ្នក​ស្រី​បាន​ចាប់​ផ្តើម​ទទួល​យកម្សៅ​សណ្តែក​សៀង​សម្រាប់​កូន​ស្រី​ដែល​មាន​អាយុ​២​ឆ្នាំ​របស់​អ្នក​ស្រី ដោយសារ​តែ​កូន​នោះ​មាន​ទម្ងន់​មិន​គ្រប់​គីឡូ។ អ្នក​ស្រី​និយាយ​ថា​ ពេល​នេះ​ខ្ញុំ​ឃើញ​ថា ​នាងបាន​លូត​លាស់​ធំ​ជាង​មុន​ខ្លះ​ហើយ។ អ្នកស្រី​និយាយ​ថា កូន​ស្រី​របស់​គាត់​បាន​ឡើង​ទម្ងន់​មួយ​គីឡូ​ក្រាម​ ហើយ​ឥឡូវ​នេះ​នាង​មាន​ទម្ងន់៦​គីឡូក្រាម។

លោក ​Coco Ushiyama​ នាយក​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​និយាយ​ថា​ ទីភ្នាក់ងារ​នេះ​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​កសិករ​ក្នុង​ស្រុក​ Balaka​ ដាំ​ដំណាំ​ខុសៗ​គ្នា​ផង​ដែរ។

«បើ​សិន​ជា​ពួក​គេ​អាច​ផ្សព្វផ្សាយ​បន្ត​ថាមិន​មែន​មាន​តែ​ពោត​ទេ​ដែល​ជា​អាហារ​នោះ​ មាន​អាហារ​ផ្សេងៗ​ទៀត​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​មនុស្ស​អាច​បរិភោគ​បាន។ ចំណុច​ទាំង​នេះ​គឺ​ជា​អ្វី​ដែល​យើង​មាន​សន្ទុះ​ទឹក​ចិត្ត​ចង់​បន្ត​ទៅ​មុខ​ទៀត»។

ប្រទេស​ម៉ាឡាវី​ (Malawi) បាន​ប្រកាស​ពី​គ្រោះ​មហន្តរាយ​ថ្នាក់​ជាតិ​កាល​ពី​ខែ​មេសា។ ចាប់​តាំង​ពី​ពេល​នោះ​មក​ តម្លៃ​ពោត​និង​អាហារ​ដទៃ​ទៀត​នៅ​ក្នុង​ទីផ្សារ​បាន​កើន​ឡើង​៣​ដង។

រដ្ឋាភិបាល​ប្រទេស​ម៉ាឡាវី​និយាយ​ថា​ មនុស្ស​ចំនួន​៨.៤​លាន​នាក់​ដែល​ប្រហាក់​ប្រហែល​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប​ កំពុង​ត្រូវ​ការ​ជំនួយ​ស្បៀង​អាហារ៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG