ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូរ៉េខាង​ត្បូង​ និង​កូរ៉េខាងជើង​សម្រេច​កិច្ចព្រមព្រៀង​មួយ ​បន្ទាប់​ពី​មាន​ការ​ប្រឈមគ្នា


ទី​ប្រឹក្សា​សន្តិសុខ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Kim Kwan-jin (ខាងស្តាំ) ចាប់ដៃ​ជាមួយ​មន្រ្តី​នយោបាយ​ជាន់​ខ្ពស់​កូរ៉េខាងជើង​លោក Hwang Pyong So បន្ទាប់​ពី​ជំនួប​នៅ​ភូមិ​​ Panmunjom នៅ​ខេត្ត​ Paju ប្រទេស​កូរ៉េខាងត្បូង។

ប្រទេស​កូរ៉េខាង​ត្បូង​បាន​បិទ​ការ​ផ្សព្វផ្សាយ​ការ​ឃោសនា​របស់​ខ្លួនទៅ​កាន់​កូរ៉េខាង​ជើង​នៅ​ថ្ងៃ​អង្គារ​នេះ ​ដែល​ជាផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​ដើម្បី​បន្ធូរបន្ថយ​ភាព​តាន​តឹង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​លើឧបទ្វីប​កូរ៉េ។

​ចំពោះចំណែក​របស់​ខ្លួន​ ​កូរ៉េខាង​ជើង​បាន​សម្តែង​នូវការ​សោក​ស្តាយ​អំពី​ការ​ផ្ទុះ​គ្រាប់​មីន​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ដែល​បាន​ធ្វើ​ឲ្យ​ទាហាន​កូរ៉េខាង​ត្បូង​២​នាក់​ពិការ។ ​លោក Kim Kwan-jinទី​ប្រឹក្សាទទួល​បន្ទុក​ខាង​សន្តិសុខ​របស់​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង ​បាន​និយាយ​ថា ​កូរ៉េទាំង​២ ​ក៏​បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​ការ​ចរចា​នៅ​ពេល​ឆាប់​ៗ​នេះ​នៅ​ក្នុង​រដ្ឋ​ធានី​សេអ៊ូល ​ឬ​រដ្ឋ​ធានី​ព្យុង​យ៉ាង​អំពី​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ចំណង​ទាក់​ទង ​៦២ឆ្នាំ បន្ទាប់​ពីភាគី​ទាំង​២ ​បាន​បញ្ចប់​សង្គ្រាម​ ដោយការ​ផ្អាក​សង្គ្រាម​ប៉ុណ្ណោះ ​មិនមែន​ជា​សន្ធិសញ្ញា​សន្តិភាព​។ ​ភាគីទាំង​២ ​បាន​និយាយ​ថា ​ពួកគេ​នឹង​បន្ត​កម្មវិធីជួប​ជុំ​គ្រួសារ​ឡើង​វិញ​នៅ​ក្នុង​ខែ​កញ្ញា​សម្រាប់​ក្រុម​គ្រួសារ​ដែល​បាន​ខ្ចាត់​ព្រាត់​ដោយ​ជម្លោះ​សម័យ​សង្គ្រាម​ត្រជាក់។

​សហរដ្ឋ​អាមេរិក ​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាង​ត្បូង ​បាន​ស្វាគមន៍​កិច្ច​ព្រមព្រៀង​នោះ​ ហើយ​បាន​និយាយ​ថា ​ខ្លួន​សង្ឃឹម​ថា ​ភាព​តាន​តឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ​នឹង​ត្រូវ​បញ្ចប់។

​លោក John Kirbyអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេសសហរដ្ឋ​អាមេរិក ​បាន​ហៅ​កិច្ច​ព្រម​ព្រៀង​នោះថា ​ជា​ការ​សម្រប​សម្រួល​មួយ។​ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ឥឡូវនេះ ​វាអាស្រ័យ​លើ​កូរ៉េខាងជើង​ដើម្បី​អនុវត្ត ​ហើយ​មិនមែន​និយាយ​ឲ្យ​រួចតែ​ពី​មាត់​អំពី​សកម្មភាព​យោ​ធា​របស់​ខ្លួន​នៅ​តាម​បណ្តោយ​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ។

​មុនពេល​កិច្ច​ព្រម​ព្រៀង​នេះ ​លោកស្រី​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង Park Geun-hye ​បាន​ទាម​ទារ​ឲ្យ​មាន​ការ​សុំ​អភ័យទោស​ពី​កូរ៉េខាង​ជើង​ចំពោះ​ការ​របួស​ទាហាន​កូរ៉េខាង​ត្បូង​២​នាក់​ ដែលយាម​ល្បាត​នៅ​តាម​បណ្តោយ​ព្រំ​ដែន ​ដោយ​និយាយ​ថា ការ​សុំ​ទោស​នេះ ​ជាចំណាត់​ការ​ដ៏​សំ​ខាន់​មុនពេល​ប្រដាប់​បំពោង​សំឡេង​ឃោ​សនា​នៅឯ​ព្រំ​ដែន​ត្រូវ​បិទ។ កូរ៉េខាង​ជើង​បាន​បដិសេធ​ពុំ​ព្រម​ទទួល​ខុសត្រូវ​ចំពោះ​ឧបទ្ទវហេតុ​នេះ​ទេ។

លោក​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ Ban Ki-moon ​ដែល​ជាអតីតរដ្ឋ​មន្រ្តី​ការបរទេស​កូរ៉េខាង​ត្បូង ​បាន​ជំរុញ​ឲ្យ​ភាគី​ទាំង២​បង្កើន​កិច្ចខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ទ្វេ​ដង​ដើម្បី​ឈាន​ដល់​ការ​សម្រប​សម្រួល​ទៅ​វិញ​ទៅ​មក៕

XS
SM
MD
LG