នៅថ្ងៃពុធនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បាននិយាយថា លោកនិងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងចាត់ «វិធានការម៉ឺងម៉ាត់» នៅក្នុងជំនួបកំពូលរបស់លោកទាំងពីរដែលនឹងចូលមកដល់នៅខែក្រោយនេះ ដើម្បីបញ្ចប់ជាផ្លូវការនូវសង្គ្រាមរយៈពេល ៦ ទសវត្សរ៍រវាងប្រទេសទាំងពីរ។
លោក Moon Jae In បានប្រកាសដូចនេះនៅក្នុងទីក្រុងសេអ៊ូល នៅក្នុងពិធីប្រារព្ធខួបលើកទី ៧៣ នៃការរំដោះឧបទ្វីបកូរ៉េពីការត្រួតត្រារបស់អាណានិគមជប៉ុន។
រដ្ឋាភិបាលកូរ៉េទាំងពីរបានប្រកាសកាលពីដើមសប្ដាហ៍នេះថា លោក Moon Jae In និងលោក គីម ជុងអ៊ុន នឹងជួបប្រជុំគ្នានៅក្នុងទីក្រុងព្យុងយ៉ាងនៅខែក្រោយ។ មេដឹកនាំទាំងពីរបានជួបគ្នាពីរដងរួចមកហើយនៅក្នុងឆ្នាំនេះនៅភូមិ Panmunjom នៃព្រំដែនរវាងកូរ៉េទាំងពីរ។
នៅក្នុងអំឡុងពេលជំនួបលើកដំបូងរបស់ពួកគេកាលពីខែមេសា លោកទាំងពីរបានឯកភាពគ្នានៅក្នុងការឈានទៅដល់ការបញ្ចប់សង្គ្រាមកូរ៉េដែលបានកើតឡើងពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ដែលកាលនោះសង្គ្រាមនេះបានបញ្ចប់ដោយការផ្អាកសង្គ្រាម មិនមែនដោយសារសន្ធិសញ្ញាសន្តិភាពនោះទេ ដែលនេះមានន័យថា ប្រទេសទាំងពីរនៅតែមានសង្គ្រាមជាមួយនឹងគ្នា។
លោក Moon Jae In បាននិយាយថា ទោះបីជា «ការបង្រួបបង្រួមនយោបាយ» រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងមិនអាចសម្រេចបានក្នុងពេលឆាប់ៗនេះក៏ដោយ ក៏ការបង្កើតសន្តិភាព ការអនុញ្ញាតឲ្យមានការធ្វើដំណើរទៅវិញទៅមករវាងកូរ៉េទាំងពីរ និងការបង្កើតនូវសហគមន៍សេដ្ឋកិច្ចរួមគ្នាមួយ «នឹងក្លាយជាការរំដោះដ៏ពិតប្រាកដរបស់ពួកយើង»៕