សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម ឬហៅថា International Federation of Red Cross និយាយថា ការឡើងកម្តៅនៅពេលបច្ចុប្បន្នក្នុងប្រទេសកូរ៉េខាងជើងធ្វើឱ្យមានការគំរាមកំហែងធ្ងន់ធ្ងរមួយដល់ពួកប្រជារាស្ត្រដែលងាយរងគ្រោះនិងដល់ការផ្គត់ផ្គង់ម្ហូបអាហាររបស់ប្រទេសនេះផងដែរ។
ក្រុមបុគ្គលិកកាកបាទក្រហមឆ្លើយតបនឹងភាពមានអាសន្នដែលមានម៉ាស៊ីនបូមទឹក បានជួយបូមទឹកបញ្ចូលវាលស្រែដែលរងគ្រោះខ្លាំងដោយសារការឡើងកម្តៅនៅក្នុងប្រទេសកូរ៉េខាងជើង។
បន្ថែមពីលើនេះ ពួកបុគ្គលិកនៃអង្គការ IFRC និងពួកអ្នកស្ម័គ្រចិត្តបានធ្វើយុទ្ធនាការមួយដើម្បីបង្កើនការយល់ដល់ពីសញ្ញា រោគសញ្ញា និងការព្យាបាលជំងឺទាក់ទិននឹងកំណើនកម្តៅ។
អង្គការ IFRC បាននិយាយនៅថ្ងៃសុក្រនេះថា កុមារនិងក្រុមមនុស្សចាស់ៗឋិតនៅក្នុងចំណោមពួកជនដែលងាយរងគ្រោះ «ប្រសិនបើគ្មានការចាត់វិធានការជាបន្ទាន់ទេនោះ»។
សីតុណ្ហភាពនៅទូទាំងប្រទេសកូរ៉េខាងជើងមានជាមធ្យមភាគ៣៩អង្សាសេ ហើយគ្មានភ្លៀងធ្លាក់ទេចាប់តាំងពីដើមខែកក្កដាមក ហើយគេមិនរំពឹងថានឹងមានភ្លៀងរហូតដល់ពាក់កណ្តាលខែសីហា។ អង្គការកាកបាទក្រហមបាននិយាយថា ការរាំងស្ងួតស្រដៀងគ្នាកាលពីឆ្នាំទៅមិញបានបណ្តាលឱ្យផលិតផលកសិកម្មចុះថយ៧,២ភាគរយនៅក្នុងប្រទេសមួយដែលប្រជារាស្ត្រភាគច្រើនពឹងពាក់លើជំនួយម្ហូបអាហារ៕