មន្ត្រីម្នាក់ផ្នែកការពារប្រទេសស.រ.អា.បាននិយាយប្រាប់វីអូអេថា កូរ៉េខាងជើងសឹងតែមិនបានផ្តល់ព័ត៌មានដើម្បីជួយឱ្យដឹងអត្តសញ្ញាណអដ្ឋិធាតុទាហានដែលបានត្រូវបញ្ជូនមកកាន់ស.រ.អា.។
មន្ត្រីរូបនេះដែលបាននិយាយដោយមានលក្ខខណ្ឌមិនឱ្យគេបញ្ចេញឈ្មោះបានថ្លែងថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានដាក់ស្លាកសម្គាល់ឈ្មោះទាហានតែមួយគត់ជាមួយប្រអប់ធាតុទាហាន៥៥។
មន្ត្រីរូបនេះថ្លែងថា គ្មានព័ត៌មានបន្ថែមបានត្រូវផ្តល់ឱ្យដើម្បីជួយពួកអ្នកជំនាញខាងកោសល្យវិច័យស.រ.អា.សម្រាប់កំណត់ថាតើធាតុនរណានៅក្នុងប្រអប់ទាំងនោះទេ។
មន្ត្រីខាងការពារប្រទេសអាមេរិកាំងរូបនេះបាននិយាយថា «គេត្រូវចំណាយពេលច្រើនខែឬច្រើនឆ្នាំដើម្បីឱ្យដឹងអត្តសញ្ញាណទាហានទាំងនេះ»។
រហូតមកដល់ពេលនេះ ធាតុទាំងនេះមិនទាន់បានត្រូវបញ្ជាក់ថាប្រាកដជាធាតុទាហានអាមេរិកាំងនៅឡើយទេ។
លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា. Jim Mattis បានមានប្រសាសន៍ប្រាប់ពួកអ្នកកាសែតនៅឯក្រសួងការពារប្រទេសអាមេរិកាំងកាលពីថ្ងៃសុក្រថា «យើងមិនដឹងថាជាថាជាធាតុនរណានៅក្នុងប្រអប់ទាំងនោះទេ»។ លោកបាននិយាយបន្ថែមថា ធាតុទាំងនេះអាចជាធាតុរបស់ទាហានអូស្ត្រាលី បារាំងឬជាធាតុទាហាននៃប្រទេសឯទៀតៗដែលបានប្រយុទ្ធជាមួយទាហានអាមេរិកាំងនៅក្នុងសង្គ្រាមកូរ៉េ។
មានក្រុមទាហានរបស់ប្រទេសទាំងអស់១៧ជាសមាជិកអ.ស.ប.ដែលបានប្រយុទ្ធក្នុងនាមនៃប្រទេសកូរ៉េខាងត្បូងក្នុងសង្គ្រាមនោះ៕