ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ទេសចរ​ចាប់ផ្ដើម​ចាប់​អារម្មណ៍​លើ​ប្រវត្តិសាស្ត្រ​ឈឺចាប់​ដែល​កើត​ឡើង​លើ​កោះ Jeju ប្រទេស​កូរ៉េ​ខាង​ត្បូង


នេះ​ជា​ទិដ្ឋាភាព​របស់​អ្នក​ទេសចរ​នៅ​លើ​កោះ Jeju ក្នុង​ថ្ងៃ​ឈប់​សម្រាក​មួយ​ក្នុ​ង​ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។
នេះ​ជា​ទិដ្ឋាភាព​របស់​អ្នក​ទេសចរ​នៅ​លើ​កោះ Jeju ក្នុង​ថ្ងៃ​ឈប់​សម្រាក​មួយ​ក្នុ​ង​ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។

សកម្មជន​មួយ​ចំនួន​កំពុង​ជំរុញ​អ្នក​ទេសចរ​ឲ្យ​ទៅ​ទស្សនា​កន្លែង​សម្លាប់​រង្គាល​មនុស្ស​ដ៏​ឈឺចាប់​ខ្លោចផ្សា​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ ១៩៤៨ នៅ​លើ​កោះ Jeju នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ការ​សម្លាប់​នេះ​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ទៅ​លើ​អ្នក​បះបោរ​ប្រឆាំង​ទៅ​នឹង​ការ​បោះ​ឆ្នោត​មួយ​ដែល​ទទួល​ស្គាល់​ការ​បែងចែក​កូរ៉េ​ជា​ពីរ ដែល​កាល​នោះ​កូរ៉េ​ខាង​ជើង​គ្រប់គ្រង​ដោយ​សហភាព​សូវៀត ហើយ​កូរ៉េ​ខាង​ត្បូង​គ្រប់គ្រង​ដោយ​សហរដ្ឋ​អាមេរិក។

នៅ​រៀងរាល់​រដូវ​ក្ដៅ អ្នក​ទេសចរ​កូរ៉េ​ខាង​ត្បូង ចិន និង​ជប៉ុន​រាប់​ពាន់​នាក់ បាន​សម្រុក​ទៅ​ទស្សនា​កោះ Jeju នៅ​ភាគ​ខាង​ត្បូង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដោយសារតែ​កោះ​នេះ​មាន​ឆ្នេរ​សមុទ្រ និង​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត។ ប៉ុន្តែ សកម្មជន​ផ្នែក​យុត្តិធម៌​សង្គម​កំពុង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ទេសចរ​ទាំង​នោះ​ទៅ​ទស្សនា​ផង​ដែរ​នូវ​កន្លែង​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត​របស់​កោះ Jeju នេះ និង​រំឭក​ដល់​ជន​រងគ្រោះ​នៃ​ការ​សម្លាប់​រង្គាល​ប្រឆាំង​នឹង​ពួក​កុម្មុយនិស្ត ដែល​បាន​ចាប់ផ្ដើម​កាល​ពី​មុន​សម័យ​សង្គ្រាម​កូរ៉េ។

សព្វថ្ងៃ​នេះ កោះ Jeju ដែល​គេ​ស្គាល់​ថា​ជា​កោះ​ហាវ៉ៃ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង គឺ​ជា​កន្លែង​បេតិកភណ្ឌ​ពិភពលោក​ដែល​ល្បីល្បាញ​ដោយសារតែ​កោះ​នេះ​មាន​វាល​ផ្កា canola ពណ៌​លឿង​រីក​ព្រោងព្រាត ទឹក​សមុទ្រ​ពណ៌​ខៀវ​បៃតង​ភ្លឺ​ចិញ្ចាចចិញ្ចែង ទឹក​ជ្រោះ​ច្រើន​កន្លែង និង​តំបន់​អច្ឆរិយ​ធម្មជាតិ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដូចជា​ភ្នំ Seongsan Ilchulbong ដែល​មាន​រាង​ចោត​ដូចជា​បន្ទាយ​ជាប់​សមុទ្រ ដោយ​មាន​ថ្ម​ភ្នំ​ភ្លើង​ស្រួចៗ​រាប់​ពាន់​ដុះ​ចេញ​ពី​សមុទ្រ​ផង​ដែរ។

ប៉ុន្តែ កាល​ពី​ឆ្នាំ ១៩៤៨ កោះ Jeju គឺ​ជា​ទី​កន្លែង​នៃ​ចលនា​តវ៉ា​ហិង្សា​ដែល​មាន​ទំនោរ​ទៅ​រក​លទ្ធិ​កុម្មុយនិស្ត ប្រឆាំង​នឹង​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក ដែល​ការ​តវ៉ា​នេះ​បាន​រីក​រាលដាល​ទៅ​ជា​ការ​បះបោរ​ផ្ដាច់​ខ្លួន។ អ្នក​តវ៉ា​ទាំង​នោះ​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី ១០ ខែ​ឧសភា ឆ្នាំ ១៩៤៨ ដែល​ជា​ការ​បោះ​ឆ្នោត​មួយ​ទទួល​ស្គាល់​នូវ​ការ​បែងចែក​កូរ៉េ​ជា​ពីរ គឺ​កូរ៉េ​កុម្មុយនិស្ត​ខាង​ជើង និង​កូរ៉េ​មូលធន​និយម​ខាង​ត្បូង។

កាល​ពី​ថ្ងៃ​ទី ៣ ខែ​មេសា ឆ្នាំ ១៩៤៨ ពួក​ឧទ្ទាម​បាន​វាយ​ប្រហារ​ស្ថានីយ​ប៉ូលិស សម្លាប់​មន្ត្រី​ប៉ូលិស និង​ដុត​ស្ថានីយ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ដែល​នឹង​ចូល​មក​ដល់។

ការ​បះបោរ​កុម្មុយនិស្ត

រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​ដើម្បី​បង្ក្រាប​ការ​បះបោរ​នេះ។ ប៉ូលិស និង​កង​ជីវពល​ដែល​មាន​ទំនោរ​ទៅ​រក​រដ្ឋាភិបាល​រាប់​ពាន់​នាក់​ដែល​មក​ពី​ដែន​ដី​គោក​កូរ៉េ​បាន​ចូលរួម​នៅ​ក្នុង​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​ទ្រង់ទ្រាយ​ធំ​មួយ ដែល​បន្ត​រហូត​ទៅ​ដល់​ពេល​ចុង​បញ្ចប់​នៃ​សម័យ​សង្គ្រាម​កូរ៉េ។

របាយការណ៍​របស់​គណៈកម្មការ​ស្វែង​រក​ការ​ពិត​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​កាល​ពី​ឆ្នាំ ២០០៣ បាន​រក​ឃើញ​ថា កង​កម្លាំង​រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​សាហាវ​ឃោរឃៅ​របស់​ខ្លួន ដែល​ក្នុង​នោះ​មាន​ដូចជា​ការ​ដុត​បំផ្លាញ​ភូមិ​នៅ​លើ​កោះ Jeju នេះ ប្រហែល ៧០ ភាគរយ និង​ការ​សម្លាប់​មនុស្ស​ជាង ៣ ម៉ឺន​នាក់ ដែល​ស្មើ​នឹង ១០ ភាគរយ​នៃ​ប្រជាជន​សរុប​នៅ​លើ​កោះ​នេះ​ជា​ដើម។

លោក Hong Chun Ho វ័យ ៨១ ឆ្នាំ ដែល​ជា​អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​ហេតុការណ៍​ថ្ងៃ​ទី ៣ ខែ​មេសា ឆ្នាំ ១៩៤៨ នេះ បាន​និយាយ​ថា៖ «មនុស្ស​ត្រូវ​បាន​សម្លាប់​ដោយ​គ្មាន​ហេតុ​ផល។ នរណាៗ​ក៏​អាច​បាត់បង់​ជីវិត​បាន​ដែរ។ មិន​ថា​ជា​ទារក ជន​ពិការ អ្នក​មាន​ផ្ទៃ​ពោះ មនុស្ស​ចាស់​នោះ​ទេ គឺ​អាច​ត្រូវ​គេ​សម្លាប់​បាន​ទាំង​អស់។ ពួកគេ​សម្លាប់​មនុស្ស​មិន​រើស​មុខ​នោះ​ទេ»។

ទេសចរណ៍​ខ្មៅ​ងងឹត

នា​ពេល​បច្ចុប្បន្ន​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​មាន​ឈ្មោះ​ថា Jeju Dark Tours បាន​រៀបចំ​ដំណើរ​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ខ្មៅ​ងងឹត​នៃ​កោះ Jeju ដើម្បី​ឲ្យ​សាធារណជន​បាន​ដឹង​អំពី​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់​របស់​កោះ​នេះ និង​ជា​អ្វី​ដែល​អង្គការ​នេះ​យល់​ឃើញ​ថា​ជា​បញ្ហា​ដែល​មិន​ទាន់​ដោះស្រាយ​ទាក់ទិន​នឹង​ការ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​ការ​សម្លាប់​មនុស្ស​ស្លូតត្រង់​រាប់​ពាន់​នាក់។

លោក Baek Ga Yoon អ្នក​តំណាង​អង្គការ Jeju Dark Tours បាន​និយាយ​ថា៖ «វា​ពិតជា​សំខាន់​ណាស់​នៅ​ក្នុង​ការ​បញ្ជូន​សារ​ដែល​ថា យើង​នឹង​មិន​នៅ​ស្ងៀម​ទាក់ទិន​នឹង​ការ​ប្រើ​អំពើ​ហិង្សា​របស់​រដ្ឋ​នោះ​ទេ ហើយ​យើង​ក៏​នឹង​មិន​អនុញ្ញាត​ឲ្យ​ករណី​នេះ​កើត​ឡើង​ម្ដង​ទៀត​នោះ​ដែរ»។

ដំណើរ​ទេសចរណ៍​នេះ​នាំ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កន្លែង​ដែល​ការ​សម្លាប់​នោះ​កើត​ឡើង រណ្ដៅ​សាកសព​រួម​របស់​ជន​រងគ្រោះ​ដែល​ជា​ផ្នែក​មួយ​នៃ​ឧទ្យាន​សន្តិភាព​ថ្ងៃ ៣ មេសា និង​រូង​ភ្នំ​ដែល​អ្នក​ភូមិ​លាក់​ខ្លួន​ដើម្បី​គេច​ពី​កង​កម្លាំង​ប៉ូលិស និង​យោធា។

អ្នក​រិះគន់​លើ​តួនាទី​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​ជម្លោះ​នៅ​លើ​កោះ Jeju នេះ ក៏​បាន​រិះគន់​ផង​ដែរ​លើ​សហរដ្ឋ​អាមេរិក។ ពួកគេ​បាន​ចោទ​ប្រកាន់​កម្លាំង​យោធា​អាមេរិកាំង​ដែល​ត្រួតត្រា​នៅ​លើ​កោះ Jeju ថា​បាន​គាំទ្រ​ដោយ​ផ្ទាល់ ឬ​ក៏​អនុញ្ញាត​ឲ្យ​មាន​ការ​បង្ក្រាប​នេះ​កើត​ឡើង។ ប៉ុន្តែ​យោធា​សហរដ្ឋ​អាមេរិក​បាន​បដិសេធ​ថា ខ្លួន​គ្មាន​ការ​ពាក់ព័ន្ធ​ណា​មួយ​នៅ​ក្នុង​អំពើ​ឃោរឃៅ​ដែល​ប្រព្រឹត្តិ​ឡើង​នៅ​លើ​កោះ Jeju នោះ​ទេ។

អ្នក​គាំទ្រ​មួយ​ចំនួន​ចំពោះ​សម្ព័ន្ធ​ភាព​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ត្បូង មាន​ការ​ព្រួយ​បារម្ភ​ថា ក្រុម​ទេសចរណ៍​នៃ​អង្គការ Jeju Dark Tours នេះ គឺ​មិន​មែន​គ្រាន់តែ​សម្រាប់​ការ​ស្វែង​យល់​ពី​អតីតកាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្រាប់​ការ​ជំរុញ​ឲ្យ​មាន​របៀប​វារៈ​នយោបាយ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

លោក Kim Kwang Dong អ្នក​វិភាគ​ផ្នែក​សន្តិសុខ​នៃ​វិទ្យាស្ថាន​គោល​នយោបាយ Nara នៅ​ក្នុង​ទីក្រុង​សេអ៊ូល បាន​និយាយ​ថា៖ «ការ​អប់រំ និង​ដំណើរ​ទេសចរណ៍​ទាក់ទិន​នឹង​ព្រឹត្តិការណ៍​ថ្ងៃ ៣ មេសា ឆ្នាំ ១៩៤៨ នេះ អាច​ត្រូវ​បាន​គេ​ប្រើ​ក្នុង​គោល​បំណង​បង្ហាញ​ពី​ទស្សនៈ​អវិជ្ជមាន​ចំពោះ​យោធា​សហរដ្ឋ​អាមេរិក និង​ដើម្បី​បង្អាក់​ដល់​សម្ព័ន្ធ​ភាព​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង ដែល​អាច​ឈាន​ទៅ​ដល់​ការ​ដក​ទាហាន​សហរដ្ឋ​អាមេរិក​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​នេះ​នឹង​ក្លាយ​ទៅ​ជា​កំហុស​ធ្ងន់ធ្ងរ​មួយ​ជាក់​ជា​មិន​ខាន»។

កន្លង​មក ទិសដៅ​ទេសចរណ៍​របស់​អង្គការ Jeju Dark Tour ឬ​ក៏​កន្លែង​ដែល​រំឭក​ដល់​ប្រវត្តិសាស្ត្រ​ឈឺចាប់​នៃ​កោះ Jeju នេះ មិន​បាន​ក្លាយទៅជា​ទិសដៅ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ​នោះ​ទេ។ កាល​ពី​ឆ្នាំ ២០១៧ មាន​ជនជាតិ​កូរ៉េ​ប្រហែល​តែ ២,៣ ភាគរយ​ប៉ុណ្ណោះ បាន​ទៅ​ទស្សនា​កោះ Jeju ក្នុង​គោល​បំណង​វប្បធម៌ ឬ​ក៏​ការ​អប់រំ​ប្រវត្តិសាស្ត្រ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សមាគម​ទេសចរណ៍​ខេត្ត Jeju។

ប្រធានបទ​ដែល​គេ​ហាម​ឃាត់

ការ​បះបោរ និង​ការ​បង្ក្រាប​នៅ​លើ​កោះ Jeju នៅតែ​ជា​ប្រធានបទ​ដ៏​ប្រទាំង​ប្រទើស​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដដែល។ អ្នក​តស៊ូ​មតិ​អភិរក្ស​និយម​មួយ​ចំនួន​អះអាង​ថា ការ​បាត់បង់​ជីវិត​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដ៏​គួរ​ឲ្យ​ខ្លោចផ្សា​នេះ ត្រូវ​បាន​គេ​យក​លេស​ថា​បាន​កើត​ឡើង​ក្នុង​សម័យ​សង្គ្រាម និង​ជា​ការ​ធ្វើ​ឡើង​ដើម្បី​រារាំង​មិន​ឲ្យ​មាន​ការ​រីក​សាយភាយ​នូវ​លទ្ធិ​កុម្មុយនិស្ត។

អ្នក​ដែល​មាន​ទស្សនៈ​សេរី​និយម​ដាក់​ការ​ផ្ដោត​លើ​អំពើ​ឃោរឃៅ​ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​កង​កម្លាំង​រដ្ឋាភិបាល និង​ថា អ្នក​បះបោរ​ទាំង​នោះ​មិន​មាន​ទំនោរ​ទៅ​រក​លទ្ធិ​កុម្មុយនិស្ត​នោះ​ទេ ប៉ុន្តែ​គឺ​ជា​យុទ្ធជន​ប្រយុទ្ធ​ដើម្បី​សេរីភាព ដែល​ងើប​ឡើង​ប្រឆាំង​នឹង​ការ​បែងចែក​កូរ៉េ​ជា​ពីរ។

អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​គាប​សង្កត់ និង​ដាក់​កំហិត​លើ​ការ​ចែកចាយ​ព័ត៌មាន​អំពី​ប្រវត្តិសាស្ត្រ​ខ្មៅ​ងងឹត​របស់​កោះ Jeju នេះ។ គេ​ក៏​ឃើញ​មាន​ករណី​មួយ​ចំនួន​ផង​ដែរ ដែល​កូន​ចៅ​របស់​អ្នក​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​បះបោរ​នោះ បាន​ចោទ​ប្រកាន់​ថា ពួកគេ​ត្រូវ​បាន​គេ​រើសអើង​នៅ​ក្នុង​ការ​ទទួល​បាន​ការងារ និង​ករណី​មួយ​ចំនួន​ទៀត​ដែល​អ្នក​និពន្ធ​ណា​ដែល​សរសេរ​អំពី​ហេតុការណ៍​នោះ ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ជា​ដើម។

កាល​ពី​ឆ្នាំ ២០០៣ ក្រោយ​ពី​បាន​ស្ងៀមស្ងាត់​អស់​រយៈពេល​ជា​យូរ​មក​ហើយ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​សុំ​អភ័យ​ទោស​ជា​ផ្លូវការ ចំពោះ​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ការ​សម្លាប់​រង្គាល​នៅ​លើ​កោះ Jeju នេះ។ ប៉ុន្តែ អ្នក​តស៊ូ​មតិ​ឲ្យ​ជន​រងគ្រោះ​ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​សង​សំណង​ផង​ដែរ។

នៅ​ក្នុង​ឆ្នាំ​នេះ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In ដែល​ជា​អ្នក​មាន​ការ​អាណិត​អាសូរ​ចំពោះ​ការ​តស៊ូ​មតិ​របស់​ជន​រងគ្រោះ​នៃ​ការ​សម្លាប់​រង្គាល​នៅ​លើ​កោះ Jeju នេះ បាន​គាំទ្រ​ឲ្យ​មាន​ការ​ស្វែង​រក​ការ​ផ្សះផ្សា​អំពី​រឿង​នេះ​តាម​រយៈ​ការ​ពិភាក្សា និង​ការ​អប់រំ។

លោក Moon Jae In បាន​និយាយ​នៅ​ឯ​ពិធី​រំឭក​ដល់​ជន​រងគ្រោះ​នៃ​ហេតុការណ៍​នេះ នៅ​ក្នុង​ឆ្នាំ​នេះ​ថា៖ «ទោះបីជា​សោកនាដកម្ម​នេះ​បាន​អូស​បន្លាយ​យ៉ាង​យូរ ហើយ​ការ​ឈឺចាប់​នេះ​មាន​កម្រិត​ធ្ងន់ធ្ងរ ដែល​សូម្បីតែ​គ្រាន់​តែ​នឹក​ឃើញ​ក៏​អាច​បណ្ដាល​ឲ្យ​ស្រក់​ទឹក​ភ្នែក​ក៏​ដោយ ក៏​យើង​ឃើញ​ថា រដូវ​ផ្កា​រីក​នៅ​លើ​កោះ Jeju នេះ​នឹង​សម្បូរ​ទៅ​ដោយ​ផ្កា​រីក​ស្គុះស្គាយ​ព្រោងព្រាត»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG