ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក ​Pompeo ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ឥណ្ឌូ​ណេ​ស៊ី​​ប៉ុន្តែ​បញ្ហា​កូរ៉េខាង​ជើង​នៅ​តែ​​ជា​ការ​ចាប់​អារម្មណ៍​ខ្លាំង


លោក Mike Pompeo ចាប់​ដៃ​ជាមួយ​លោក Ri Yong Ho រដ្ឋ​មន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង ក្នុង​ពេល​ជួប​គ្នា​នៅ​វេទិកា​តំបន់​អាស៊ាន​លើក​ទី​២៥​ នៅប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃទី​៤ សីហា ២០១៨។
លោក Mike Pompeo ចាប់​ដៃ​ជាមួយ​លោក Ri Yong Ho រដ្ឋ​មន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង ក្នុង​ពេល​ជួប​គ្នា​នៅ​វេទិកា​តំបន់​អាស៊ាន​លើក​ទី​២៥​ នៅប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃទី​៤ សីហា ២០១៨។

លោក​រដ្ឋមន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក​ Mike Pompeo ​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នៅ​ក្នុង​រដ្ឋ​ធានី​ហ្សាកាតា ​ក៏ប៉ុន្តែ ​បញ្ហា​កូរ៉េ​ខាង​ជើង​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ម្តង​ទៀត​កាល​ពី​ថ្ងៃ​សៅរ៍។

លោករដ្ឋ​មន្រ្តីការ​បរទេស ​Pompeo​ បាន​អញ្ជើញ​ទៅ​ដល់​រដ្ឋ​ធានី​ហ្សាកាតា​កាល​ពី​ថ្ងៃ​សៅរ៍ ​ដោយ​ចាក​ចេញ​ពី​ប្រទេស​សិង្ហបុរី ​ដែល​នៅ​ទី​នោះ​មាន​សារ​ចម្រុះ​ស្តី​ពី​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាងជើង​ នៅ​ពេល​ការ​ចរចា​អំពី​ការ​ធ្វើ​មិនឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ។​ នៅ​លើ​យន្ត​ហោះ​ទៅ​កាន់​រដ្ឋ​ធានី​ហ្សាកាតា ​លោក​ស្រី ​Heather Nauert​ អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា ​លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ Pompeo​ និង​លោក ​Ri Yong Hu​ រដ្ឋមន្រ្តី​ការបរទេស​កូរ៉េ​ខាង​ជើង បាន​ទៅ​ជិត​គ្នា​ក្នុង​អំឡុង​នៃ​ការ​ថត​រូប​គ្រួ​សារ​ ហើយ​បាន​ចាប់​ដៃ​គ្នា។

លោក​រដ្ឋមន្រ្តីការ​បរទេស​អាមេរិក​ Pompeo ​បាន​មាន​ប្រសាសន៍​ថា «យើង​នឹង​ចរចា​គ្នា​ម្តង​ទៀត» ​ហើយ​រដ្ឋ​មន្រ្តីការ​បរទេស​កូរ៉េខាង​ជើង ​Ri Yong Hu ​បាន​ឆ្លើយ​តប​ថា ​«ខ្ញុំ​យល់​ព្រម។ មាន​ការ​សន្ទនា​គ្នា​ប្រកប​ដោយ​ផ្លែ​ផ្កា​ដែល​បាន​ធ្វើ​ឡើង»។ បន្ទាប់​មក​លោក​ Sung Kim​ ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅប្រទេស​ហ្វីលីពីន​បាន​ប្រគល់​លិខិត​មួយ​ច្បាប់​មក​ពី​ប្រធានា​ធិបតី​អាមេរិក​ ដូណាល់ ​ត្រាំ​ ជូន​លោក ​Ri ​ដើម្បី​ប្រគល់​ជូន​មេដឹក​នាំ​កូរ៉េ​ខាង​ជើង គីម ​ជុង​អ៊ុន។ ​ខ្លឹមសារ​របស់​លិខិត​នោះ​មិនត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ទេ។

​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋបាល​អាមេរិក​ម្នាក់​បាន​និយាយ​ថា ការ​ជួប​គ្នា​រយៈ​ពេល​ខ្លី​រវាង​លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក ​Pompeo ​និង​រដ្ឋ​មន្រ្តី​ការបរទេស​កូរ៉េខាង​ជើង​មិន​មែន​ជា​ការ​ភ្ញាក់​ផ្អើល​ទេ ពីព្រោះ​នេះ​ជា​អ្វី​ដែល​គេ​រំពឹង​ថា​នឹង​កើត​មាន​ឡើង។ អន្តរាគមន៍​ភាគ​ច្រើន​មាន​ភាព​វិជ្ជមាន​ហើយ​ការណ៍​នេះ​មានភាព​ប្រសើរ​ឡើង​ជាង​កាល​ពី​អតីត​កាល។ យើង​កំពុង​ស្ថាប​នា​ទំនាក់​ទំនង​ជាមួយ​កូរ៉េ​ខាង​ជើង​បន្ទាប់​ពី​មាន​ទំនាក់​ទំនង​ដ៏​លំបាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ៕

XS
SM
MD
LG