ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​កូរ៉េ​ខាង​ត្បូង​រង​ការ​រិះគន់​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ទៅ​លើ​អ្នក​រត់​គេច​ពី​កូរ៉េ​ខាង​ជើង

  • Brian​ Padden

អ្នក​ស្រី​ Kim Ryon-Hui និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​ រៀប​ចំដោយ​លោក Tomas Ojea Quintana អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាង​ជើង ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃទី​១៤ ខែ​ធ្នូ។

នីតិ​វិធី​សម្ងាត់​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ពាក់ព័ន្ធ​នឹង​អ្នក​រត់​គេច​ពី​កូរ៉េ​ខាង​ជើង​គឺ​ជា​ចំណុច​ផ្ដោត​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាង​ជើង។

អ្នក​ជំនាញ​ឯករាជ្យ​ម្នាក់​របស់​អង្គការ​សហប្រជាជាតិ​ដែល​ធ្វើ​ការ​លើ​រឿង​រំលោភ​សិទ្ធិ​មនុស្ស​របស់​កូរ៉េ​ខាង​ជើង​បាន​រង​ការ​ចោទ​សួរ​យ៉ាង​ច្រើន​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​កន្លង​ទៅ​នេះ នៅ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​មិន​មាន​តម្លាភាព​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ទៅ​លើ​ជន​ដែល​រត់​គេច​ខ្លួន​ពី​កូរ៉េ​ខាង​ជើង។

លោក Tomás Ojea Quintana មេធាវី​ការពារ​សិទ្ធិ​មនុស្ស​ជន​ជាតិ​អាហ្សង់ទីន​ដែល​ត្រូវ​បាន​តែង​តាំង​កាល​ពី​ឆ្នាំ ២០១៦ ឲ្យ​ធ្វើ​ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាង​ជើង បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ក្រោយ​ពី​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤ ថ្ងៃ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​កន្លង​ទៅ​នេះ។ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក​បាន​ជួប​ជា​មួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​រូប អង្គការ​ផ្តល់​ជំនួយ និង​អ្នក​រត់​គេច​ខ្លួន​ពី​កូរ៉េ​ខាង​ជើង។

អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន

នៅ​ក្នុង​ការ​ថ្លែង​របស់​លោក​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ លោក​បាន​លើក​ឡើង​ពី​ករណី​ស្ត្រី​កូរ៉េ​ខាង​ជើង​បម្រើការ​តាម​ភោជនីយដ្ឋាន​ចំនួន ១២ នាក់ ដែល​បាន​រត់​គេច​ខ្លួន​ពី​ប្រទេស​ចិន​ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ឆ្នាំ ២០១៦ ដែល​ករណី​នេះ​គឺ​បាន​កើត​ឡើង​ភ្លាមៗ​ក្រោយ​ពី​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ចំនួន​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ពាក់ព័ន្ធ​ទៅ​នឹង​ការ​សាក​ល្បង​នុយក្លេអ៊ែរ​កាល​ពី​ដើម​ឆ្នាំ ២០១៦ របស់​រដ្ឋាភិបាល​នេះ។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ទាមទារ​ឲ្យ​មាន​ការ​បញ្ជូន​ក្រុម​អ្នក​រត់​គេច​ទាំង​នេះ​ត្រឡប់​ទៅ​វិញ ដោយ​បាន​ចោទ​ប្រកាន់​ថា អ្នក​ទាំង​នេះ​ត្រូវ​បាន​ភ្នាក់ងារ​កូរ៉េ​ខាង​ត្បូង​ចាប់​ពង្រត់​ទៅ។

លោក Quintanaបាន​និយាយ​ថា លោក​ចង់​ជួប​ជាមួយ​នឹង​ស្ត្រី​ទាំង​នោះ​ដើម្បី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ដោយ​ឯករាជ្យ​ថា ពួក​គេ​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដោយ​ខ្លួន​ឯង ប៉ុន្តែ​លោក​មិន​អាច​ធ្វើ​ដូច្នេះ​នោះ​ទេ។

នៅ​ពេល​ដែល​សួរ​ថា តើ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​រារាំង​លោក​មិន​ឲ្យ​ជួប​ជាមួយ​ស្ត្រី​ទាំង​នោះ​ឬ​ក៏​យ៉ាង​ណា​នោះ លោក​បាន​ឆ្លើយ​តប​យ៉ាង​ប្រយ័ត្ន​ប្រយែង​ថា៖ «ខ្ញុំ​អាច​និយាយ​បាន​ថា រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​មិន​រារាំង​ខ្ញុំ​ក្នុង​ការ​សម្ភាស​ពួក​គេ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ថា មាន​ការ​កម្រិត​មួយ​ចំនួន​ទាក់ទិន​នឹង​ការ​រៀបចំ​ឲ្យ​មាន​ការ​ជួប​ជាមួយ​នឹង​ស្ត្រី​ទាំង​នោះ»។

ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​រឿយៗ​នឹង​មិន​បញ្ចេញ​ព័ត៌មាន​ណា​មួយ​ពាក់​ព័ន្ធ​នឹង​អ្នក​រត់​គេច​ខ្លួន​ទាំង​នេះ​នោះ​ទេ ដោយ​បាន​អះអាង​ថា ខ្លួន​ធ្វើ​យ៉ាង​នេះ​គឺ​ដើម្បី​ការពារ​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​នេះ​ពី​ការ​ធ្វើទុក្ខ​បុកម្នេញ​ដោយ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង ដោយសារ​ក្រុម​គ្រួសារ​របស់​ពួកគេ​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ឡើយ។

របាយការណ៍​ឆ្នាំ ២០១៤ ស្ដី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាង​ជើង របស់​គណៈកម្មការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ស៊ើប​អង្កេត​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង បាន​កត់​ត្រា​អំពី​ករណី​បញ្ជូន​ក្រុម​គ្រួសារ​របស់​អ្នក​រត់​គេច​ពី​ប្រទេស​កូរ៉េ​ខាង​ជើង ដែល​ក្នុង​នោះ​មាន​ទាំង​កុមារ​ផង​ដែរ ទៅ​កាន់​ជំរំ​គុក ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​ទោស​ទណ្ឌ​រួម​សម្រាប់​បទ​ល្មើស​ដែល​ត្រូវ​បាន​ចោទ​ថា​ប្រឆាំង​នឹង​រដ្ឋ។

អង្គការ​សិទ្ធិ​មនុស្ស​នានា​បាន​និយាយ​ថា អ្នក​ជាប់​ឃុំ​ទាំង​នោះ ប្រឈម​នឹង​ស្ថានភាព​អាក្រក់​នានា ការ​សម្លាប់ ការ​ចាប់​រំលោភ ការ​វាយដំ និង​ការ​ធ្វើ​ទារុណកម្ម​ដែល​ធ្វើ​ឡើង​ដោយ​ឆ្មាំ​សន្តិសុខ និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ហើយ​ពេល​ខ្លះ​ក្នុង​ស្ថានភាព​ដែល​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ថែម​ទៀត​ផង។

លោក Tomás Ojea Quintana ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាង​ជើង។
លោក Tomás Ojea Quintana ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាង​ជើង។

អ្នក​រត់​គេច​ពី​កូរ៉េ​ខាង​ជើង​ដែល​អស់​សង្ឃឹម

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​អង្គការ​សហ​ប្រជា​ជាតិ​នោះ​ផង​ដែរ អ្នកស្រី Kim Ryon-hui ដែល​ជា​អ្នក​រត់​គេច​ពី​កូរ៉េ​ខាង​ជើង​ម្នាក់ បាន​និយាយ​ថា អ្នកស្រី​ត្រូវ​បាន​គេ​រារាំង​មិន​ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ ផ្ទុយ​ពី​ឆន្ទៈ​របស់​អ្នកស្រី។ អ្នក​ស្រី​ក៏​បាន​សួរ​លោក Quintana ផង​ដែរ​អំពី​ការ​វាយ​តម្លៃ​របស់​លោក​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​បែប​នេះ​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង។

លោក Quintana បាន​ឆ្លើយតប​ដោយ​បញ្ជាក់​ឡើង​វិញ​អំពី​អាណត្តិ​របស់​លោក​ក្នុង​ការ​វាយតម្លៃ​អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​របស់​កូរ៉េ​ខាង​ជើង មិន​មែន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​កូរ៉េ​ខាង​ត្បូង​នោះ​ទេ។

លោក Quintana ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​មាន​តួនាទី​ដែល​អាច​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អ្នកស្រី​បាន​ទេ»។

ដំណើរ​រឿង​របស់​អ្នកស្រី Kim Ryon-hui មាន​ភាព​ស្រពិចស្រពិល។ អ្នកស្រី​បាន​និយាយ​ថា អ្នកស្រី​បាន​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី ៧ ឆ្នាំ​មុន ដើម្បី​ព្យាបាល​ជំងឺ ប៉ុន្តែ​មេ​ខ្យល់​ម្នាក់​ដែល​អ្នកស្រី​បាន​ប្រគល់​ប្រាក់​ទៅ​ឲ្យ​ដើម្បី​ឲ្យ​ជួយ​អ្នកស្រី​បាន​រត់​គេច​ខ្លួន​នោះ បាន​បោក​ប្រាស់​អ្នកស្រី ដោយ​ធ្វើ​ឲ្យ​អ្នក​ស្រី​គិត​ថា អ្នកស្រី​អាច​ត្រឡប់​ទៅ​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ​ពេល​ណា​ក៏​បាន។

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ស្រី​បាន​និយាយ​ថា រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​រារាំង​អ្នកស្រី​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ​ដើម្បី​បាន​ជួបជុំ​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​អ្នកស្រី ដោយ​បាន​លើក​ឡើង​ពី​ច្បាប់​សន្តិសុខ​ជាតិ​ដែល​ហាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កូរ៉េ​ខាង​ជើង។ អ្នក​រត់​គេច​ខ្លួន​ផ្សេង​ទៀត​ដែល​ចង់​ត្រឡប់​ទៅ​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ ក៏​ប្រឈម​នឹង​ការ​ត្រួត​ពិនិត្យ​តឹងតែង​ផង​ដែរ ដោយ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បារម្ភ​ថា ពួក​គេ​អាច​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ស៊ើប​ការណ៍​សម្ងាត់​សម្រាប់​ប្រទេស​កូរ៉េ​ខាង​ជើង។

អ្នកស្រី Kim Ryon-huiនិយាយ​ថា អ្នកស្រី​បាន​ព្យាយាម​ធ្វើ​ពុត​ថា​ខ្លួន​ជា​គិញ​សម្ងាត់​របស់​កូរ៉េ​ខាង​ជើង​ដើម្បី​ឲ្យ​គេ​ដេញ​អ្នក​ស្រី​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ។ អ្នកស្រី​ត្រូវ​បាន​គេ​ចាប់​ខ្លួន ប៉ុន្តែ​អ្នកស្រី​បាន​និយាយ​ថា រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​ទម្លាក់​ចោល​នូវ​ការ​ចោទ​ប្រកាន់​អ្នកស្រី​ថា​ជា​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​បរទេស។

អ្នកស្រី​និយាយ​ថា៖ «សាលក្រម​តុលាការ​បាន​សេរសេរ​ថា មនុស្ស​ម្នាក់​នេះ​មក​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដោយ​អចេតនា ប៉ុន្តែ​មិន​អាច​បញ្ជូន​ត្រឡប់​ទៅ​វិញ​បាន​ទេ​ដោយ​សារតែ​គ្មាន​មូលហេតុ​អ្វី​ដែល​ត្រូវ​បញ្ជូន​អ្នក​នេះ​ត្រឡប់​ទៅ​វិញ។ ច្បាប់​បាន​ទទួល​ស្គាល់​ថា ខ្ញុំ​បាន​មក​ដល់​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ​ដោយ​មិន​មែន​កើត​ឡើង​ពី​ឆន្ទៈ​របស់​ខ្ញុំ​នោះ​ទេ»។

ជន​ជាតិ​កូរ៉េ​ខាង​ជើង​រាប់​ពាន់​នាក់​បាន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ មាន​អតីត​ជន​ជាតិ​កូរ៉េ​ខាង​ជើង​ជាង ៣ សែន ៨ រយ​នាក់ កំពុង​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ចាប់​តាំង​ពី​ឆ្នាំ ២០១២ មក មាន​ករណី​អ្នក​រត់​គេច​ខ្លួន​ពី​កូរ៉េ​ខាង​ជើង​ចំនួន ២៥ នាក់ ដែល​ត្រូវ​បាន​គេ​បញ្ជាក់​ថា បាន​ត្រឡប់​ទៅ​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ។ ក្នុង​ចំណោម​នោះ មាន ៥ នាក់​បាន​ប្តូរ​ចិត្ត​របស់​ខ្លួន​នា​ពេល​បន្ទាប់​មក ហើយ​បាន​រត់​ចូល​ទៅ​កូរ៉េ​ខាង​ត្បូង​ម្ដង​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​បង្រួប​បង្រួម​កូរ៉េ​ទាំង​ពីរ​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។

កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ ករណី​អ្នក​រត់​គេច​ខ្លួន​ឈ្មោះ Lim Ji-hyun ដែល​បាន​ក្លាយ​ជា​អ្នក​មាន​ភាព​ល្បី​ល្បាញ​លើ​កញ្ចក់​ទូរទស្សន៍​កូរ៉េ​ខាង​ត្បូង ហើយ​ក្រោយ​មក​បាន​ត្រឡប់​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ​នោះ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ចម្ងល់​ថា​តើ​នាង​ត្រូវ​បាន​ចាប់​ពង្រត់​ដោយ​កូរ៉េ​ខាង​ជើង ឬ​ក៏​យ៉ាង​ណា​នោះ។

នៅ​ពេល​បញ្ចប់​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នេះ អ្នក​សារព័ត៌មាន​នានា​បាន​ប្រមូល​ផ្ដុំ​គ្នា​ជុំវិញ​អ្នក​រត់​គេច​ខ្លួន​កូរ៉េ​ខាង​ជើង​រូប​នោះ ដើម្បី​ស្ដាប់​ការ​រិះគន់​របស់​នាង​លើ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង ជាជាង​ផ្ដោត​លើ​របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​អំពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដោយ​កូរ៉េ​ខាង​ជើង៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG