ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Tillerson សង្ឃឹម​ថា វិធីសាស្ត្រ​ការទូត​អាច​ទប់ទល់​នឹង​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​បាន


រដ្ឋលេខាធិការ​អាមេរិក​ Rex Tillerson ថ្លែង​នៅ​ក្នុង​វាទិកាមូលនិធិ​ក្រុម​ប្រឹក្សា​កូរ៉េ 2017 ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​១២ ធ្នូ ២០១៧។
រដ្ឋលេខាធិការ​អាមេរិក​ Rex Tillerson ថ្លែង​នៅ​ក្នុង​វាទិកាមូលនិធិ​ក្រុម​ប្រឹក្សា​កូរ៉េ 2017 ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​១២ ធ្នូ ២០១៧។

«សហរដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​ពិភាក្សា​នៅ​ពេល​ណា​ដែល​កូរ៉េ​ខាង​ជើង​ចង់​ពិភាក្សា។ ហើយ​សហរដ្ឋ​អាមេរិក​ក៏​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ផង​ដែរ​ក្នុង​ការ​មាន​ជំនួប​ជា​លើក​ដំបូង​ជាមួយ​កូរ៉េ​ខាង​ជើង​ដោយ​មិន​មាន​ការ​ដាក់​លក្ខខណ្ឌ​ជា​មុន។ យើង​អាច​ជួប​ពិភាក្សា​គ្នា​បាន ដោយ​យើង​អាច​និយាយ​អំពី​ធាតុ​អាកាស​ក៏​បាន​ប្រសិន​បើ​អ្នក​ចង់។ យើង​ក៏​អាច​ពិភាក្សា​គ្នា​អំពី ថា​តើ​យើង​គួរ​ផ្ដោត​ការ​ពិភាក្សា​បែប​តុ​មូល ឬ​ក៏​តុ​ជ្រុង​ក៏​បាន ប្រសិន​បើ​នេះ​ជា​អ្វី​ដែល​អ្នក​ចង់​បាន»។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទំនងជា​ផ្ដល់​នូវ​ក្ដី​សង្ឃឹម​ថ្មី​ឡើង​វិញ​សម្រាប់​ដំណោះស្រាយ​ការទូត​ចំពោះ​បញ្ហា​ជាប់​គាំង​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ និង​ការ​សាកល្បង​មីស៊ីល​របស់​ប្រទេស​នេះ នៅ​ក្នុង​អំឡុង​ពេល​លោក​ថ្លែង​សុន្ទរកថា​នៅ​ឯ​វេទិកា​ស្ដី​ពី​បញ្ហា​កូរ៉េ ដែល​ធ្វើ​ឡើង​នៅ​អង្គការ Atlantic Council ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ។

លោក Tillerson បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​ពិភាក្សា​នៅ​ពេល​ណា​ដែល​កូរ៉េ​ខាង​ជើង​ចង់​ពិភាក្សា។ ហើយ​សហរដ្ឋ​អាមេរិក​ក៏​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ផង​ដែរ​ក្នុង​ការ​មាន​ជំនួប​ជា​លើក​ដំបូង​ជាមួយ​កូរ៉េ​ខាង​ជើង​ដោយ​មិន​មាន​ការ​ដាក់​លក្ខខណ្ឌ​ជា​មុន។ យើង​អាច​ជួប​ពិភាក្សា​គ្នា​បាន ដោយ​យើង​អាច​និយាយ​អំពី​ធាតុ​អាកាស​ក៏​បាន​ប្រសិន​បើ​អ្នក​ចង់។ យើង​ក៏​អាច​ពិភាក្សា​គ្នា​អំពី ថា​តើ​យើង​គួរ​ផ្ដោត​ការ​ពិភាក្សា​បែប​តុ​មូល ឬ​ក៏​តុ​ជ្រុង​ក៏​បាន ប្រសិន​បើ​នេះ​ជា​អ្វី​ដែល​អ្នក​ចង់​បាន»។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​ជា​ច្រើន​លើក​ច្រើន​សារ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដែល​នៅ​ក្នុង​ការ​សាកល្បង​មួយ​កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​អះអាង​ថា គ្រាប់​មីស៊ីល​របស់​ខ្លួន​មាន​សមត្ថភាព​អាច​ហោះ​ដល់​ដែនដី​ទាំង​មូល​របស់​សហរដ្ឋ​អាមេរិក​បាន។ ចំណុច​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ថា សង្គ្រាម​នុយក្លេអ៊ែរ​ដ៏​ប្រល័យ​អាច​នឹង​កើត​ឡើង​នៅ​ឧបទ្វីប​កូរ៉េ។ លោក Tillerson បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ពិភាក្សា​អាច​ចាប់ផ្ដើម​បាន​នៅ​ពេល​ណា​ដែល​កូរ៉េ​ខាង​ជើង​ឈប់​សាកល្បង​គ្រាប់​មីស៊ីល​តែ​ប៉ុណ្ណោះ។

លោក Tillerson បាន​និយាយ​ថា៖ «វា​នឹង​ពិបាក​ក្នុង​ការ​ពិភាក្សា ប្រសិនបើ​អ្នក​សម្រេច​ចិត្ត​បាញ់​សាកល្បង​គ្រាប់​មីស៊ីល ឬ​អាវុធ​នុយក្លេអ៊ែរ ពេល​ដែល​ការ​ពិភាក្សា​កំពុងតែ​ដំណើរការ​នោះ។ ដូច្នេះ ខ្ញុំ​គិត​ថា កូរ៉េ​ខាង​ជើង​យល់​យ៉ាង​ច្បាស់​ថា ស្ថានការណ៍​ត្រូវតែ​ស្ងប់ស្ងាត់​ជា​មុន​សិន មុន​នឹង​យើង​អាច​ចាប់ផ្ដើម​ការ​ពិភាក្សា​បាន»។

ទោះបីជា​លោក Tillerson ចង់​បាន​អ្វី​ដែល​លោក​ហៅ​ថា​ជា «វិធានការ​ដោយ​សន្តិវិធី» នោះ​ក៏​ដោយ ក៏​លោក​បាន​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ និង​វិធានការ​ផ្សេងៗ​ទៀត អាច​ទទួល​ជោគជ័យ​បាន គឺ​ដោយសារតែ​យោធា​សហរដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​រួចរាល់​តែ​ប៉ុណ្ណោះ នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​ណា​មួយ​ក្នុង​ស្ថានការណ៍​ដែល​វិធីសាស្ត្រ​ការទូត​ទទួល​បរាជ័យ។

លោក Tillerson ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា ប្រទេស​ចិន​បាន​ចាត់​វិធានការ​នានា​រួច​មក​ហើយ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​លំហូរ​ដ៏​ច្រើន​នៃ​ជន​ភៀស​ខ្លួន​កូរ៉េ​ខាង​ជើង​ដែល​អាច​កើត​មាន នៅ​ក្នុង​ករណី​ដែល​មាន «អស្ថិរភាព» កើត​ឡើង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG