រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson កាលពីថ្ងៃអង្គារម្សិលមិញ បានស្នើឲ្យមានការចាប់ផ្ដើមការចរចាជាមួយនឹងប្រទេសកូរ៉េខាងជើងដោយមិនមានការដាក់លក្ខខណ្ឌជាមុន ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ ក៏បានស្នើឲ្យប្រទេសចិនបង្កើនការដាក់សម្ពាធលើរដ្ឋាភិបាលក្រុងព្យុងយ៉ាង ដែលក្នុងនោះមានទាំងការហាមឃាត់ការនាំចូលប្រេងទាំងស្រុងទៅកាន់ប្រទេសកូរ៉េខាងជើង ស្របពេលដែលភាពតានតឹងកាន់តែកើនឡើងនៅឧបទ្វីបកូរ៉េ។
លោក Tillerson បាននិយាយនៅឯវេទិការវាងអង្គការ Atlantic Council និងអង្គការ Korea Foundation កាលពីថ្ងៃអង្គារម្សិលមិញថា៖ «សហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់ក្នុងការចរចានៅពេលណាដែលកូរ៉េខាងជើងចង់ចរចា។ ហើយសហរដ្ឋអាមេរិកក៏ត្រៀមខ្លួនរួចរាល់ផងដែរក្នុងការជួបចរចាលើកដំបូងដោយមិនមានការដាក់លក្ខខណ្ឌទុកជាមុននោះទេ»។
លោកបានបន្ថែមថា មុនពេលការចរចាអាចចាប់ផ្ដើមបាន ស្ថានការណ៍ត្រូវតែស្ងប់ស្ងាត់ជាមុនសិន បើមិនដូច្នោះទេ វានឹងមានការលំបាកខ្លាំងជាទីបំផុតក្នុងការមានកិច្ចពិភាក្សាមួយប្រកបដោយផ្លែផ្កា។
លោក Tillerson បានបន្តទៀតថា៖ «លោកប្រធានាធិបតី ដូណាល់ ត្រាំ ចង់ឃើញប្រទេសចិនកាត់ផ្ដាច់ការនាំចេញប្រេងទៅកាន់ប្រទេសកូរ៉េខាងជើង» ដោយលោកបានបន្ថែមថា កាលពីលើកចុងក្រោយបំផុតដែលកូរ៉េខាងជើងមកកាន់តុចរចា គឺដោយសារតែចិនបញ្ឈប់ការផ្គត់ផ្គង់ប្រេងទៅឲ្យកូរ៉េខាងជើង។
អតីតមន្ត្រីរដ្ឋាភិបាលអាមេរិកមួយចំនួនបានប្រាប់ VOA កាលពីថ្ងៃអង្គារម្សិលមិញថា ការស្នើឡើងដូចនេះរបស់លោក Tillerson គឺមានលក្ខណៈស្មោះត្រង់មិនធម្មតាមួយ ស្របពេលដែលមានការកើនឡើងនូវការគំរាមកំហែងពីការរីកសាយភាយនូវអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង៕