ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​ត្រូវ​បាន​បង្គាប់​ឱ្យ​បង់​ប្រាក់​ចំនួន​៥០០.០០០​ដុល្លារ​ដែល​ប្រើ​សម្រាប់​កែច្នៃ​ផ្ទះ​របស់​លោក​មក​ឲ្យរដ្ឋាភិបាល​វិញ


ប្រធានាធិបតី​អាហ្រ្វិក​ខាង​ត្បូង Jacob Zuma កំពុងបដិសេដការប្រព្រឹត្តិអំពើពុករលួយ។
ប្រធានាធិបតី​អាហ្រ្វិក​ខាង​ត្បូង Jacob Zuma កំពុងបដិសេដការប្រព្រឹត្តិអំពើពុករលួយ។

រតនាគារ​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​កំណត់​ថា​ប្រធានាធិបតី​លោក​ Jacob ​Zuma ​​ត្រូវ​តែ​បង់​ប្រាក់​ត្រឡប់​ចូល​រដ្ឋ​វិញ​ប្រហែល​ ៥០០.០០០​ដុល្លារ ​ឬ​បី​ភាគរយ​នៃ​មូលនិធិ​សាធារណៈ​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​កែ​ច្នៃ​ផ្ទះ​ផ្ទាល់​ខ្លួន​របស់​លោក។ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​លោក​ប្រធានាធិបតី​និយាយ​ថា​ពួក​គេ​នៅ​តែ​មិន​សប្បាយ​ចិត្ត។

នៅ​ពេល​តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បញ្ចប់​ការ​កាត់​សេចក្តី​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ លោក​ប្រធានាធិបតី​ Jacob ​Zuma​ មាន​រយៈពេល​៤៥​ថ្ងៃ​ទៀត​ដើម្បី​បង់​ប្រាក់​ប្រហែល​កន្លះ​លាន​ដុល្លារ​ទៅ​ក្នុង​ថវិកា​ជាតិ​របស់​ប្រទេស​នេះ។​

រតនាគារ​របស់​អាហ្វ្រិក​ខាង​ត្បូង​បាន​រក​ឃើញ​ថា ​នោះ​គឺ​ជា​ទឹក​ប្រាក់​ដែល​លោក​ Jacob Zuma ​ជំពាក់​យក​ទៅ​កែ​ច្នៃ​ផ្ទះ​របស់​គាត់​នៅ​ជនបទ​ជា​លក្ខណៈ​គ្រួសារ​ដែល​ហៅ​ថា​ Nkandla។

នៅ​ឆ្នាំ​២០១៤​ អង្គភាពប្រឆាំងអំពើពុក​រលួយជាន់ខ្ពស់បំផុតរបស់ប្រទេសនេះបានកំណត់ថាលោ​ក ​Zuma បាន ​«ទទួលប្រយោជន៍ហួសហេតុ» ដោយការប្រើប្រាស់ទឹកប្រាក់របស់រដ្ឋាភិបាល​ប្រមាណ២៣លានដុល្លារដើម្បីកែ​ច្នៃ​ផ្ទះ​របស់​លោក។

អ្នក​គាំទ្រ​របស់​លោក​ Zuma​ បាន​ឱ្យ​ដឹង​ថា​ការ​កែ​លម្អ​នេះ​ជា​វិធានការ​សន្តិសុខ​ចាំបាច់​សម្រាប់​ប្រមុខ​រដ្ឋ។ មន្រ្តី​ការពារ​ប្រយោជន៍​សាធារណៈ​អ្នកស្រី​ Thuli ​Madonsela មិន​យល់​ស្រប​នឹង​គំនិត​នោះ​ដោយ​និយាយ​ថា​លោក​ប្រធានាធិបតី​មិន​គួរ​ប្រើប្រាស់​មូលនិធិ​សាធារណៈ​សម្រាប់​អាង​ហែល​ទឹក កន្លែង​ចិញ្ចឹម​សត្វ កន្លែង​ចិញ្ចឹម​មាន់ ឆាក​សម្តែង និង មជ្ឈមណ្ឌល​អ្នក​ទស្សនា​នោះ​ទេ។

របាយការណ៍​របស់​អ្នក​ស្រី​បាន​បង្ហាញ​ថា​ លោក​ប្រហែល​ត្រូវ​បង់​ប្រាក់​ត្រឡប់​មក​វិញ​ចំនួន​៦៥០.០០០​ដុល្លារ។

ប្រធាន​អង្គការ​ឃ្លាំមើល​អំពើ​ពុករលួយ​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ Johannesburg ​លោក ​David​ Lewis ​បាន​និយាយ​ថា​អាហ្វ្រិក​ខាង​ត្បូង​ចង់​បាន​ច្រើន​ទៀត​ពី​ប្រធានាធិបតី​របស់​ពួក​គេ។

«ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ចំពោះ​តួលេខ​នេះ​ទេ។ ខ្ញុំ​គិត​ថា​សាធារណជន​នឹង​មិន​ពេញ​ចិត្ត​នឹង​តួលេខ​នោះ​ទេ ហើយ​ពួក​គេ​មិន​ពេញ​ចិត្ត​ច្បាស់​ណាស់។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ប្រសិន​បើ​គាត់​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​បង់​ត្រឡប់​ទៅ​វិញ​នូវ​ទឹក​ប្រាក់​ចំនួន​៥.២៥លាន​ដុល្លារ សាធារណៈជន​នឹង​នៅ​តែ​មិន​ជឿ​ ដោយសារ​គេ​មាន​ជំនឿ​ថា ប្រធានាធិបតី​បាន​ផល​ប្រយោជន៍​ហួសហេតុ​ពេក​ពី​ធនធាន​សាធារណៈ​ពី​ទាហាន​ជួរ​មុខ​ ហើយ​វា​គឺ​ជា​ការ​យល់ឃើញ​ដ៏​ត្រឹមត្រូវ​មួយ ​បើ​និយាយ​ដោយ​ស្មោះ​ត្រង់»។

នេះ​មិន​មែន​ជា​ការ​ចោទ​ប្រកាន់​លើ​បញ្ហា​អំពើ​ពុករលួយ​តែ​មួយ​ទៅ​លើ​លោក​ប្រធានាធិបតី​នោះ​ទេ។ នៅ​ឆ្នាំ ​២០០៧​ គាត់​បាន​ប្រឈម​នឹង​ករណី​តុលាការ​មួយ​លើ​ការ​ចោទ​ប្រកាន់​ការ​លួច​បន្លំ​លុយ​ និង​អំពើ​ពុក​រលួយចំនួន​៧៨៣ករណី​លើ​កិច្ចព្រមព្រៀង​ទិញ​ដូរ​អាវុធ។ តុលាការ​នេះ​បាន​ទម្លាក់​ចោលការចោទ​ប្រកាន់​នៅ​ឆ្នាំ​២០០៩​ដែល​ជា​ការ​ឈូស​ឆាយ​ផ្លូវ​សម្រាប់​ការ​បោះ​ឆ្នោត​របស់​លោក។ ករណី​នេះ​ត្រូវ​បាន​លើក​ឡើង​វិញ​នៅ​ឆ្នាំ​នេះ​ហើយ​នៅ​ទី​បំផុត​ លោក Zuma ​នឹង​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ដោយ​សារ​ការ​ចោទ​ប្រកាន់​ទាំង​នោះ។

គណបក្ស​សម្ព័ន្ធប្រជាធិបតេយ្យ​ (Democratic ​Alliance) ដែល​ជា​គណបក្ស​ប្រឆាំង​ បាន​ទទូច​ថា​ លំនាំ​ចោទ​ប្រកាន់​អំពើ​ពុករលួយ​ទៅ​លើ​លោក​ Zuma ​គឺ​ជា​មូលដ្ឋាន​សម្រាប់​ការ​ផ្លាស់​ប្តូរ​គាត់​ចេញ។

កាល​ពី​ខែ​មេសា​ គណបក្ស​ប្រឆាំង​បាន​ប្រមូល​ផ្តុំ​បញ្ហា​ប្រឈម​ដែល​បរាជ័យ​ក្នុង​ការ​ចោទ​ប្រកាន់​លើ​ការ​កែ​ច្នៃ​ផ្ទះ​របស់​លោក។ វិធានការ​នេះ​បាន​ទទួល​បរាជ័យ ដោយសារ​តែ​គណបក្ស​របស់​លោក Zuma​ គឺ​គណបក្ស​សមាជ​ជាតិ​អាហ្វ្រិក ​មាន​សំឡេង​ច្រើន​លើស​លប់។

លោក Mabine Seabe អ្នក​នាំពា​ក្យ​ម្នាក់​របស់​គណបក្ស​ប្រឆាំង​ បាន​និយាយ​ថា​គណបក្ស​លោក​នឹង​បន្ត​ចោទ​ប្រកាន់​អំពី​អំពើ​ពុក​រលួយ​ផ្សេង​ទៀត​ប្រឆាំង​នឹង​លោក ​Zuma។ លោក​បាន​ឱ្យ​ដឹង​ថា​គណបក្ស​នេះ​មិន​គិត​ថា​ប្រាក់​ដែល​បង់​ត្រឡប់​ទៅ​ឲ្យ​រតនាគារ​គ្រប់គ្រាន់​នោះ​ទេ។

«បាទ ​ក្នុង​នាម​ជា​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ (Democratic Alliance) យើង​បាន​សន្មត​ថា​លោក​ប្រធានាធិបតី​ជំពាក់​ប្រាក់​យ៉ា​ង​ហោច​ណាស់​៣.៥​លាន​ដុល្លារ សម្រាប់​ការ​កែច្នៃ​លើ​ប្រព័ន្ធ​សុវត្ថិភាព។ យើង​ចង់​ឲ្យ​ប្រធានាធិបតី​បង់​ត្រឡប់​មក​វិញ នូវ​ទឹក​ប្រាក់ ​Nkandla ​ទាំង​អស់​នេះ​ ប៉ុន្តែ​រតនាគារ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​រួច​ទៅ​ហើយ»។

ប៉ុន្តែ​៥០០.០០០​ដុល្លារ​អាច​ទិញ​បាន​អ្វី​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ដែល​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មិន​ស្មើ​ភាព​គ្នា​បំផុត​ជាច្រើន​នៅ​ក្នុង​ពិភពលោក។

វា​គ្រាន់​តែ​តិច​ជាង​បី​ដង​នៃ​ប្រាក់​ប្រចាំ​ឆ្នាំ​របស់​លោក​ប្រធានាធិបតី​ Zuma ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​យោង​តាមទីភ្នាក់ងារ​ស្ថិតិ​របស់​ប្រទេស​នេះ​ វា​ត្រូវ​ការ​ពេល​ជាង​៣៧០​ឆ្នាំ​សម្រាប់​ប្រជាជន​មធ្យម​ក្នុង​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង ដើម្បី​រក​ប្រាក់​ចំណូល​បាន​៥០០.០០០​ដុល្លារ។​

ការិយាល័យ​របស់​លោក​ Zuma ​មិន​បាន​ទទួល​ទូរស័ព្ទ​ដែល​ទាមទារ​ចង់​បាន​ការ​អត្ថាធិប្បាយ​នោះ​ទេ​ ប៉ុន្តែ​ការិយាល័យ​របស់​លោក​បាន​ចេញ​សេចក្តី​ប្រកាស​ជូន​ដំណឹង​ដល់​ប្រជាជន​អាហ្វ្រិក​ខាង​ត្បូង​អំពី​គម្រោង​ការ​ក្បត់​បែប​ប្រលោម​លោក​ថ្មី​មួយ ដែលជា​គណនី​ក្លែងក្លាយ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ប្រមូល​ប្រាក់​សម្រាប់​លោក Zuma​ បង់​វិក័យបត្រ។

ការិយាល័យ​របស់​លោកដាស់​តឿន​ប្រជាជន​ អាហ្វ្រិក​ខាង​ត្បូង​មិន​ឱ្យ​ធ្លាក់​ចូលទៅ​ក្នុង​អំពើ​ឧក្រិដ្ឋ​បែប​នេះ។

ប្រែ​សម្រួលដោយ​ ផន​ បុប្ផា

XS
SM
MD
LG