ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាមដាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ព័ត៌មាន​សំខាន់​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​គម្រោង​ព្រែក​ជីក​ហ្វូណន


ទិដ្ឋភាពនៃ​ទីតាំង​ការដ្ឋានរបស់​ព្រែកជីក​ហ្វូណនតេជោ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / ក្រសួងសាធារណការនិងដឹកជញ្ជូន)
ទិដ្ឋភាពនៃ​ទីតាំង​ការដ្ឋានរបស់​ព្រែកជីក​ហ្វូណនតេជោ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / ក្រសួងសាធារណការនិងដឹកជញ្ជូន)

នៅ​ថ្ងៃ​ទី​៥ ខែ​សីហា កម្ពុជា​នឹង​ចាប់​ផ្តើម​បើក​ការ​ដ្ឋាន​ព្រែក​ជីក​ហ្វូណន​។ ប៉ុន្តែ​ព័ត៌មាន​សំខាន់ៗ​ដូច​ជា​ក្រុមហ៊ុន​ខ្មែរ​ដែល​វិនិយោគ​នៅ​ក្នុង​គម្រោង​នេះ និង​របាយការណ៍​វាយ​តម្លៃ​ហេតុប៉ះពាល់​បរិស្ថាន ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ឡើយទេ។

អ្នក​តាម​ដាន​មួយ​ចំនួន​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​បង្ហាញ​ព័ត៌​មាន​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ ដូចជាឯកសារ​សង្ខេប​នៃ​កិច្ច​ព្រម​ព្រៀងវិនិយោគ​រវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯក​ជន​ របាយ​ការណ៍​សិក្សាអំ​ពី​ផល​ប៉ះពាល់​បរិស្ថាន ​និង​ការ​ដោះ​ស្រាយ​សំណងសម្រាប់​ប្រជា​ពល​រដ្ឋ​ដែលរងផល​ប៉ះពាល់។

កាល​ពី​ខែ​មិថុនា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើក​ឡើង​ថា ​គម្រោង​វិនិយោគ​នេះ មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​ខ្មែរ​ចំនួន ៥១% ច្រើន​ជាង​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ចិន​ក្នុង​ទំហំ​ទឹក​ប្រាក់​វិនិយោគ​សរុប​ប្រមាណ​ ១.៧០០ ​លាន​ដុល្លារ​អាមេរិក ដើម្បី​សាង​សង់ព្រែក​ជីក​ប្រវត្តិ​សាស្ត្រ​របស់​កម្ពុជា ​ប្រវែង​ ១៨០ ​គីឡូម៉ែត្រ​ ដែល​ត​ភ្ជាប់​ពី​ប្រព័ន្ធ​ដៃ​ទន្លេ​មេគង្គ​រហូត​ដល់​សមុទ្រ​ខេត្ត​កែប​។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្រ្តី​មិន​បាន​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន​ខ្មែរ​ដែល​ចូលរួម​វិនិយោគ​នោះ​ឡើយ។

លោក ឡាំ សុជាតិ នាយក​ប្រតិ​បត្តិ​នៃ​វិទ្យា​ស្ថាន​តស៊ូ​មតិ​និង​គោល​នយោ​បាយ ​យល់​ឃើញ​ថា ​គម្រោង​ព្រែក​ជីក​ហ្វូណន​នេះ គឺ​ជា​គម្រោង​ដ៏​ធំ​ដែលរដ្ឋ​បាន​វិនិយោគ​ជាមួយ​វិស័​យ​ឯកជន ដូច្នេះ​រដ្ឋា​ភិបាល​គួរតែ​បើក​ចំហ និង​ផ្តល់​ព័ត៌​មាន​សំខាន់ដើម្បីឱ្យ​ពលរដ្ឋ​បាន​ដឹង​ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ទុន​វិនិយោគ និង​ឯកសារសង្ខេប​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​វិនិយោគ​រវាងរដ្ឋាភិបាល និង​ក្រុមហ៊ុន​ជន​ទាំង​នោះ។

លោក​បន្ថែម​ថា ​រដ្ឋ​ធម្មនុញ​កម្ពុជា​ចែង​ថា​ប្រជាពលរដ្ឋមានសិទ្ធិ​ទទួល​បាន​ព័ត៌​មាន​សាធារណៈ​ផង​ដែរ​។

លោក​ប្រាប់​វីអូអេ​ថា៖ «គម្រោង​នេះ​ជា​គម្រោង​របស់​រដ្ឋ ​ដែល​វិនិយោគ​ជាមួយ​វិស័យ​ឯកជន ដូច្នេះ​ពលរដ្ឋ​គួរ​ទទួល​បាន​ព័ត៌​មាន​សាធារណៈ​ពី​គម្រោង​វិនិយោគ​របស់​រដ្ឋ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ជាតិ និង​អន្តរ​ជាតិ ដែល​រដ្ឋ​ត្រូវ​បញ្ចេញ​ឯកសារ​សង្ខេប​ពី​ព័ត៌មាន​សាធារណៈ ​ជាពិសេស​លក្ខខណ្ឌ​សំខាន់ៗ​របស់កិច្ចព្រម​ព្រៀង​រវាង​រដ្ឋ ​និង​ក្រុមហ៊ុន​ឯកជន​»​។

​បន្ថែម​ពី​នេះ លោក ឡាំ សុជាតិ ក៏​ចង់​ឃើញ​រដ្ឋាភិបាល​បង្ហាញ​ឯកសារ​អំពី​ការ​សិក្សា​ផល​ប៉ះពាល់​បរិស្ថានដែរ។

លោក​បញ្ជាក់​ថា៖ «ហើយឯកសាររបាយ​ការណ៍​សិក្សា​ផល​ប៉ះពាល់​បរិស្ថាន ​សង្គម ​សេដ្ឋ​កិច្ច ផល​ប្រយោ​ជន៍ ផល​ប៉ះពាល់​វិជ្ជមាន​ និង​អវិជ្ជមាន​ផង​ដែរ ​ព្រមទាំង​ឈ្មោះ​និង​ភាគ​ទុន​របស់​ក្រុម​ហ៊ុន​ជាតិ ​និង​អន្តរជាតិ​ ដែល​បាន​ចូលរួម​ ជាពិសេស​ចូលរួម​ជា​ផ្លូវការ​រួចហើយ​ហ្នឹង»។

គម្រោង​ព្រែក​ជីក​មួយ​នេះ​បាន​បង្ក​ក្តី​ព្រួយ​បារម្ភ​ពី​សំណាក់​ភាគី​វៀតណាម។ វៀតណាម​បាន​សុំ​ឯកសារ​បន្ថែម​ពី​កម្ពុជា តាម​រយៈ​យន្តការ​គណៈ​កម្មការ​ទន្លេមេគង្គ​ដែល​វៀតណាម​និង​កម្ពុជា​ជា​សមាជិក។ ប៉ុន្តែ​អ្នកនាំពាក្យ​របស់​គណៈ​កម្មការ​ទន្លេមេគង្គ ​ហៅ​កាត់​ថា ​MRC (​Mekong River Commission) ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​ថា ​ភាគី​កម្ពុជា​មិន​បាន​ផ្តល់​ឯកសារ​អ្វី​បន្ថែម​ឡើយ​រហូត​មក​ដល់​ពេល​នេះ ក្រៅ​តែ​ពី​ការ​ជូន​ដំណឹង​អំពី​ការ​ស្ថាបនា​គម្រោង​ព្រែក​ជីក​នេះ។

លោក ហេង គឹមហុង ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ ដែល​តាម​ដាន​គម្រោង​ព្រែក​ជីក​ហ្វូណន​នេះ ​ចង់​ឃើញ​រដ្ឋាភិបាល​ផ្សព្វផ្សាយរបាយ​ការណ៍​ស្តី​ពី​ការ​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន។

លោក​ប្រាប់​វីអូអេ​ថា៖ «អ្វី​ដែល​យើង​ចង់​បាន​ គឺ​ទី ១ ​ឱ្យ​មាន​ការ​គិត​គូរ​អំពី​លទ្ធភាព​ក្នុងការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​របាយ​ការណ៍ ​EIA​ [ការ​វាយតម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន​] អំពី​ការ​ពិគ្រោះ ការ​វាយ​តម្លៃ​លើ​ស្ថាន​ភាព​ទាំង​មូល។ ទី ២ ​ខ្ញុំ​យល់​ថា ​ប្រហែល​ជា​រដ្ឋា​ភិបាល​ពន្លឿន​លទ្ធភាព​ក្នុង​ការ​ដោះ​ស្រាយ​សំណង​ឱ្យ​ភាគី​ពាក់ព័ន្ធ និង​អាច​មាន​ការ​ណែនាំ​កម្រិត​បច្ចេក​ទេស​បន្ថែម​ទៀត ទៅ​ដល់​ភាគី​ពាក់​ព័ន្ធ»។

ទិដ្ឋភាពនៃ​ទីតាំង​ការដ្ឋានរបស់​ព្រែកជីក​ហ្វូណនតេជោ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / ក្រសួងសាធារណការនិងដឹកជញ្ជូន)
ទិដ្ឋភាពនៃ​ទីតាំង​ការដ្ឋានរបស់​ព្រែកជីក​ហ្វូណនតេជោ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / ក្រសួងសាធារណការនិងដឹកជញ្ជូន)

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ថ្លែង​ថា ​លោក​មិន​ទាន់ឃើញ​អាជ្ញាធរ ឬ​រដ្ឋា​ភិបាល​បង្ហាញ​អំពី​យន្តការ​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​ដល់​ប្រជា​ពល​រដ្ឋ​ និង​ព័ត៌​មាន​លម្អិត​អំពី​ដៃគូ​វិនិយោគ​លើ​គម្រោង​នេះ​នៅឡើយទេ​។ លោក​យល់​ថា​ការ​បង្ហាញ​ព័ត៌​មាន​នានា​ឱ្យ​សាធារណជន​បាន​ដឹង នឹងបង្កើន​ទំនុក​ចិត្ត​ និង​ដើម្បី​កុំ​ឱ្យ​ប្រជា​ពលរដ្ឋទន្ទឹង​រង់​ចាំ​ពាក់​ព័ន្ធ​សំណង​ដែល​ពួកគេ​ទទួល​បាន។

លោក​ប្រាប់វីអូអេ​ថា៖ ​«ខ្ញុំ​គិត​ថា​គម្រោង​ព្រែក​ជីកហ្វូណន​នេះ​ជា​គម្រោង​ធំដែល​មាន​លក្ខណៈ​ជាប្រវត្តិ​សាស្ត្រ​សម្រាប់​កម្ពុជា​។ អ៊ីចឹង​យើង​បាន​ដឹង​អំពី​ដំណើរ​ការ​ អំពី​ផែនការ​ដែល​ចាប់​ផ្តើម​ដំណើរ​ការ​ជីក​នៅ​ដើម​ខែ​សីហា​ខាង​មុខ​នេះ​។ ប៉ុន្តែ​ព័ត៌មាន​មួយ​ចំនួន​ទៀត ​ទាក់​ទង​ព័ត៌​មាន​លម្អិត​ទាក់​ទង​ដៃគូ​វិនិយោគ ​ពាក់​ព័ន្ធ​ជាមួយ​ហ្នឹង​វិធានការផ្សេង​ៗ​សម្រាប់​ការ​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​ជាមួយ​ប្រជា​ពល​រដ្ឋ​ ខ្ញុំគិត​ថា ​[​រដ្ឋ​] គួរ​តែ​ជាការ​ចាប់ផ្តើម​បង្ហាញ​ដែរ ​ដើម្បី​ឱ្យ​កាន់​តែ​មាន​ការ​យកចិត្ត​ទុក​ដាក់ ឬការ​ដឹង​ឮ​បាន​ទូលំ​ទូលាយ»។

លោក ​សន ជ័យ បន្ថែម​ថា​ការ​រៀបចំ​វេទិកាសួរ​ដេញ​ដោល ក៏​ជា​មធ្យោបាយ​ល្អ ដើម្បី​វែក​ញែក និង​បំភ្លឺ​បន្ថែម​ទៀត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ «​កំពង់​ផែ​ពហុ​បំណង​កំពត»​ កាល​ពី​ថ្ងៃទី​ ៦ ខែមិថុនា​ថា ក្រុម​ហ៊ុន​ខ្មែរ​នឹង​ដាក់​ទុន​វិនិយោគ​គម្រោង​ព្រែក​ជីក​ហ្វូណន​ចំនួន​ ៥១% ​ដែល​រួម​មានកំពង់​ផែ​ស្វយ័តព្រះ​សីហនុ ​និង​កំពង់​ផែ​ភ្នំពេញជា​ដើម។

លោក​ថ្លែង​ថា៖ «ឥឡូវ​ខ្ញុំ​សូម​បញ្ជាក់​អ៊ីចេះ ​គម្រោង​នេះ​លែង​ ១០០% ​បរទេស​ទៀត​ហើយ​ គម្រោង​នេះ​នឹង​មាន​វិនិយោ​គិនពី​ខ្មែរ​យើង​ ៥១% ...​គម្រោង​នេះ ​កម្ពុជា​យើង​នឹង​ចូលរួម​នៅ​ក្នុង​រូបភាព​ជា​អ្នក​កាន់​ភាគ​ច្រើន​នៅ​ក្នុង​ការ​វិនិយោគ​នេះ​តែ​ម្តង។ ហើយ​នៅ​ក្នុង​ក្រុមហ៊ុន​វិនិយោគ​ខ្មែរ​ដែល​បង្កើត​នេះ ​យើង​មាន​ក្រុមហ៊ុន​រដ្ឋ​របស់​យើង​បាន​ន័យ​ថា ​ក្រុមហ៊ុន​គ្រឹះ​ស្ថាន​សាធារណៈ​របស់​រដ្ឋ ដែល​មាន​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ និងកំពង់ផែ​ភ្នំពេញ [ដែល​]ពីរនេះ គឺជា​អ្នក​ចូលរួម​វិនិយោគ​ជាមួយ​នឹង​ក្រុមហ៊ុន​ឯកជន​មួយ​ទៀត ​ដោយ​ក្រុមហ៊ុន​រដ្ឋពីរនេះ ​គឺជា​អ្នក​កាន់​ភាគ​ច្រើន​នៃ​ក្រុមហ៊ុន​ខ្មែរនេះ​ផង​ដែរ»​។

​បើតាម​លោក ហ៊ុន ម៉ាណែត ​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​នេះ គឺជា​ការវិនិយោគ​ក្នុង​ទម្រង់ ​BOT ដូច​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ក្រុង​ព្រះសីហនុ​ដែរ ដោយរដ្ឋាភិបាល​កម្ពុជា​មិន​ត្រូវ​ចំណាយ​ថវិកា​អ្វី​ឡើយ។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា៖ «វិនិយោគិន​ឯកជន ខ្ចី​លុយពី​ធនាគារ​ខ្លួន​ឯងមក​វិនិយោគ ​ដើម្បី​កសាង​ ហើយ​សុំ​សិទ្ធិ​ដើម្បី​ប្រតិបត្តិ​នៅ​ក្នុង​រយៈ​ពេល ៥០ ​ឆ្នាំ​។ រយៈ​ពេល​មួយ​នោះ ដែល​យើង​ចរចា​ជាមួយ​គ្នា ដើម្បី​បាន​ផល [ហើយ​] ​ចប់​ពីហ្នឹង​គឺ​ផ្ទេរ​ឱ្យ​រាជ​រដ្ឋា​ភិបាល​របស់​យើង​គ្រប់​គ្រង​ នេះគេ​ហៅ​ថា​គម្រោង ​BOT។ ប្រជា​ពល​រដ្ឋ រដ្ឋាភិបាល​យើង​ អត់​ចាយ​លុយ​ក្នុង​ការ​សង់​ទេ ​ប៉ុន្តែ​ក្រុម​ហ៊ុន​ជា​អ្នក​ទទួល​ខុស​ត្រូវ។ យើង​នឹង​មាន​ឱកាស​ប្រើ​ប្រាស់ ដើម្បី​ផល​ប្រយោ​ជន៍​ទាំង​អស់​គ្នា»​។

ក្រុម​ហ៊ុន​ចិន​ដែល​សិក្សា​គម្រោង​ព្រែក​ជីកនេះ ​រួម​មាន​ក្រុមហ៊ុ​ន​ CCCC Water Transportation Consultants Co.Ltd និង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​ (CRBC)​។ នេះ​បើ​តាម​លោក ស៊ុន ចាន់ថុល អនុ​ប្រធាន​ទី​១នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​ទទួល​បន្ទុក​កិច្ចការ​ព្រែក​ជីក​នេះ​ដែល​ធ្លាប់​បាន​លើក​ឡើង​កាល​ពី​ខែ​ឧសភា ឆ្នាំ​ ២០២៤។

លោក ស៊ុន ចាន់ថុល បាន​ឱ្យ​ដឹង​ថា​គម្រោង​ព្រែក​ជីក​នេះ​ បាន​ប៉ះពាល់​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ជាង ​១.៥០០ ​ខ្នង ដី​ស្រែ​ជិត​ ៣​ ម៉ឺន​ហិកតា និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ទៀត​។

វីអូអេ​មិន​ទាន់​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ស៊ុន ចាន់ថុល ​បាន​នៅ​ឡើយ​ទេ។

លោក ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន បដិ​សេធ​មិន​អត្ថាធិប្បាយ​បន្ថែម ​ដោយ​លោក​ថា លោក​នាយក​រដ្ឋ​មន្ត្រី និង​លោក ស៊ុន ចាន់ថុល បាន​ពន្យល់ និង​បកស្រាយ​ជា​បន្ត​បន្ទាប់​ហើយ។

គម្រោង​ព្រែក​ជីក​នេះ​នឹង​ប្រើ​រយៈ​ពេល​សាង​សង់​ប្រមាណ​ ៤ ឆ្នាំ​។ នេះ​បើ​តាម​ក្រសួង​សាធារណៈ​ការ និង​ដឹក​ជញ្ជូន​។

គម្រោង​ព្រែក​ជីក​នេះ​ត្រូវ​បាន​សារព័ត៌មាន​បរទេស​មួយ​ចំនួន​ចុះ​ផ្សាយ​ថា​អាច​បង្ក​ជា​ក្តី​បារម្ភ​ផ្នែក​សន្តិសុខ​ដល់​រដ្ឋាភិបាល​ក្រុង​ហាណូយ ​ពាក់ព័ន្ធ​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន ​ប្រសិន​បើ​ផ្លូវ​ទឹក​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ​ប្រើ​ប្រាស់​លើស​ពី​ក្រប​ខណ្ឌ​ពាណិជ្ជ​កម្ម​។

ទោះជា​យ៉ាងណា លោក ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​ធ្លាប់​ថ្លែង​ថា​ព្រែក​ជីក​ហ្វូណន​ជា​ «គំនិត​ផ្តួច​ផ្តើម​របស់​កម្ពុជា​សុទ្ធសាធ»​។ លោក​ស្នើ​ឱ្យ​ឈប់យក​កម្ពុជា​មក​ប្រើប្រាស់​ក្នុង​ភូមិ​សាស្រ្ត​នយោ​បាយ​ ដែល​លោក​ថា​ មាន​ទំនោរ​ប្រឆាំង​នឹង​ចិន​។ លោក​បន្ថែម​ថា ព្រែក​ជីក​ហ្វូណន​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង ​ដើម្បី​ផល​ចំណេញ​ខាង​សេដ្ឋកិច្ច និង​ «ឯករាជ្យ​ភាព​នយោ​បាយ» ​លើ​បញ្ហា​នៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG