ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​ហ៊ុន សែន ​ឱ្យ​​អាជ្ញាធរ​​ស្វែង​រក​​អ្នក​​រិះគន់​​លោក​​រឿង​​ព្រែក​​ជីក​​ហ្វូណន​​តេជោ​


រូបឯកសារ៖ ប្រធាន​ព្រឹទ្ធសភាជាតិ​លោក ហ៊ុន សែន ថ្លែងនៅក្នុង​សម័យ​ប្រជុំ​មួយ នៅ​វិមាន​ព្រឹទ្ធសភា ក្នុង​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ (Photo by Handout / Cambodia Senate / AFP)
រូបឯកសារ៖ ប្រធាន​ព្រឹទ្ធសភាជាតិ​លោក ហ៊ុន សែន ថ្លែងនៅក្នុង​សម័យ​ប្រជុំ​មួយ នៅ​វិមាន​ព្រឹទ្ធសភា ក្នុង​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ (Photo by Handout / Cambodia Senate / AFP)

អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ​ហ៊ុន សែន ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធ​សភា​ បាន​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម​តាម​រក​អ្នក​ដែល​រិះគន់​លោក​តាម​ឃ្លីប​វីដេអូ​មួយ​ចំនួន​លើ​បណ្តាញ​សង្គម​តិកតុក​ ដែល​លោក​សង្ស័យ​ថា​ ទំនង​ជា​អាច​មាន​ការ​ពាក់ព័ន្ធ​រឿង​ព្រែក​ជីក​ហ្វូណន​តេជោ។ ​នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​ហ៊ុន សែន។​

ព្រែក​ជីក​ហ្វូណន​តេជោ​កំពុង​ក្លាយ​ជា​ចំណុច​រសើប​មួយ​នៅ​ក្នុង​ទំនាក់​ទំនង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ​និង​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ ដោយ​ភាគី​វៀតណាម​បាន​វាយ​តម្លៃ​ជាបន្ត​បន្ទាប់​ថា​ ព្រែក​នោះ​អាច​នឹង​ក្លាយ​ជា​ច្រក​ចេញ​ចូល​របស់​កងទ័ព​ចិន​ ដែល​ផ្ទុយ​ពី​ការ​អះអាង​របស់​កម្ពុជា ​ដែល​ថា ​ព្រែកដែល​មាន​ប្រវែង​១៨០​គីឡូ​ម៉ែត្រ​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​លែង​ពឹង​ផ្អែក​ខ្លាំង​លើ​វៀតណាម​ ក្នុង​ការ​ដឹក​ទំនិញ​ចេញ​ចូល​ប្រទេស​នេះ​តាម​ផ្លូវ​ទឹក។ ​

នៅ​ក្នុង​ការ​អត្ថាធិប្បាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ លោក ​ហ៊ុន សែន ​បាន​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល ​ក្រោយ​បាន​ឃើញ​ជនជាតិ​វៀតណាម​មួយ​ចំនួន​ធំ​ធ្វើការ​រិះគន់​លោក​ចំៗ​ក្នុង​ឃ្លីប​វីដេអូ​ចំនួន ​៤ ​ដែល​លោក​បាន​បង្ហោះ​នៅ​លើ​តិកតុក។​

បើ​តាម​សារ​ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​ ១៩​ ខែ​ឧសភា​ ឆ្នាំ​ ២០២៤ ​លោក​ ហ៊ុន សែន​បាន​លើក​ឡើង​ថា​ លោក​មិន​ស្គាល់​អត្ត​សញ្ញាណ​ជន​ជាតិ​វៀតណាម​ដែល​រិះគន់​លោក​នោះ​ទេ ​ហើយ​លោក​ក៏​មិន​ទាន់​បាន​ដឹង​អំពី​មូលហេតុ​នៅ​ពីក្រោយ​ការ​រិះគន់​នោះដែរ តែ​លោក​មាន​មន្ទិល​ថា ​វា​អាច​កើត​ឡើង​ ​ក្រោយ​លោក​និយាយ​រឿង​ព្រែក​ជីកហ្វូណន​តេជោ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​មិន​ប្រាកដ​ថា​ វៀតណាម​នេះ​ជា​អ្នក​ណា?​ វៀតណាម​នៅ​ក្នុង​ប្រទេស​វៀតណាម​ឬ​វៀតណាម​នៅ​ក្រៅ​ប្រទេស​ដែល​មាន​ខ្លះ​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម​ ឬ​អាណិកជន​វៀតណាម​នៅ​កម្ពុជា ​ឬ​បងប្អូន​ខ្មែរ​ក្រោម​ដែល​មាន​គណនី​តិកតុក​និង​ចេះ​វាយ​អក្សរ​វៀតណាម​ផង​និង​ចេះ​អាន​អក្សរ​ខ្មែរ​ផង»។​

លោក​បន្ថែម​ថា​ លោក​មិន​បាន​ចោទ​ប្រកាន់​ថ្នាក់​ដឹកនាំ​វៀតណាម​ថា​ ប្រើប្រាស់​មនុស្ស​ឱ្យ​ចូល​មក​ជេរ​ប្រមាថ​លោក​នោះ​ទេ​ ហេតុ​នេះ​ទើប​លោក​ស្នើ​សុំ​កិច្ច​សហការ​ស្រាវជ្រាវ​ពី​ភាគី​វៀតណាម​ដើម្បី​វែក​មុខ​ជន​ឆ្លៀត​ឱកាស​បង្ក​សកម្ម​ភាព​បំបែក​បំបាក់​ទំនាក់​ទំនង​កម្ពុជា​ និង​វៀតណាម។​

ជុំវិញ​ករណី​នេះ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ​ទូច សុខៈ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​មន្រ្តី​ជំនាញ​នៃ​ក្រសួង​មហាផ្ទៃ​កំពុង​តែ​ពិនិត្យ​ និង​សិក្សា​ស្រាវជ្រាវ​ទៅ​តាម​នីតិវិធី​ដើម្បី​ស្វែង​រក​ជន​ដែល​បង្ក​ការ​រំខាន​ដល់​ថ្នាក់​ដឹកនាំ​កម្ពុជា​តាម​រយៈ​បណ្តាញ​សង្គម។​

លោក​ថ្លែង​ថា៖​ «ក្រសួង​មហាផ្ទៃ​គឺ​បាន​ឃើញ​ហើយ​មន្ត្រី​ជំនាញ​ក៏​បាន​ទទួល​នូវ​សារ​របស់​លោក​ ហើយ​កំពុង​តែ​ពិនិត្យ​សិក្សា​ដើម្បី​ធ្វើ​កិច្ចការ​ងារ​តាម​ជំនាញ ​តាម​នីតិ​វិធី​ជា​បន្ត​បន្ទាប់​ ដែល​យើង​មិន​ទាន់​អាច​និយាយ​បាន​អំពី​លទ្ធផល​នៅ​ឡើយ​ទេ​បាទ»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ទេ ​នៅ​ថ្ងៃ​ចន្ទ​នេះ។​

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លោក ​គិន ភា ​យល់​ថា ​ការ​រិះគន់​របស់​ជនជាតិ​វៀតណាម​មួយ​ក្ដាប់​តូច​នេះ​គឺ​ជា​ឥរិយាបថ​ដែល​មើល​ស្រាល​លើ​អធិប​តេយ្យ​ភាព​កម្ពុជា​ ហើយ​វា​ក៏​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ប្រទេស​ដែល​មាន​ភូមិផង​របង​ជាមួយ​គ្នា​ទាំង​ពីរ​នេះ​ផង​ដែរ។​ ​

លោក​ប្រាប់​វីអូអេ​ថា៖​ «សារ​ទាំង​អស់​នេះ​វា​បង្ហាញ​ពី​ភាព​ច្រឡោង​ខាម​របស់​ប្រជាជន​វៀតណាម​មួយ​ក្ដាប់​តូច​នោះ​ដែល​មិន​គោរព​ទៅ​នឹង​អធិប​តេយ្យ​ ឯករាជ្យ ​បូរណ​ភាព​ទឹកដី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ​ពួក​គេ​ខ្វះ​ចំណេះ​ដឹង​ប្រវត្តិ​សាស្រ្ដ​អំពី​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ»។​

មុន​ពេល​មាន​ប្រតិកម្ម​នឹង​ការ​រិះគន់​របស់​ពលរដ្ឋ​វៀតណាម​មួយ​ចំនួន​នេះ​ លោក ​ហ៊ុន សែន ​បាន​បកស្រាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ព្រែក​ជីក​ហ្វូណន​ជា​ «គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​សុទ្ធសាធ» ​ហើយ​លោក​ស្នើ​ឱ្យ​ឈប់​យក​កម្ពុជា​មក​ប្រើប្រាស់​ក្នុង​ភូមិ​សាស្រ្ត​នយោបាយ​ ដែល​លោក​ថា​ មាន​ទំនោរ​ប្រឆាំង​នឹង​ចិន។

សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​ លោក ​ឯម សុវណ្ណារ៉ា ​ប្រាប់​វីអូអេ​ថា​ ការ​បញ្ចេញ​មតិ​រិះគន់​របស់​ពលរដ្ឋ​វៀតណាម​មួយ​ចំនួន​នៅ​លើ​គណនី​តិកតុក​របស់​លោក ​ហ៊ុន សែន ​កើត​ឡើង​ ដោយ​សារ​ពួក​គេ​មើល​ឃើញ​ថា​ គម្រាង​ព្រែក​ជីក​នេះ​មិន​ផ្ដល់​ប្រយោជន៍​ដល់​វៀតណាម​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​ពួក​គេ។​

លោក​ថ្លែង​ថា៖​ «ការ​យល់​ឃើញ​របស់​ខ្ញុំ​ដូច​ជា​អត់​មាន​បញ្ហា​អី​ទេ ព្រោះ​គេ​និយាយ​ជា​រឿង​របស់​គេ។​ យើង​វា​អត់​បាន​ផល​ប្រយោជន៍​ទៅ​លើ​គេ​ គេ​និយាយ​អ៊ីចឹង​ហើយ»។​

ដោយ​ឡែក​ក្នុង​ជំនួប​មួយ​ជាមួយ​ឯកអគ្គ​រដ្ឋទូត​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ប្រចាំ​កម្ពុជា ​ថ្ងៃ​ទី ២០​ ខែ​ឧសភា​ ឆ្នាំ​ ២០២៤​ នេះ​ រដ្ឋមន្ត្រី​ការ​បរទេស ​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​លោក​ សុខ ចិន្តាសោភា ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ផ្តល់​កិច្ច​សហការ​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​កំណត់​ អត្តសញ្ញាណ​ជន​ដែល​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​មក​រិះគន់​ថ្នាក់​ដឹកនាំ​កម្ពុជា​ ដើម្បី​ទប់​ស្កាត់​ការ​ប៉ុនប៉ង​ណាមួយ​សំដៅ​បំផ្លាញ​ចំណង​មិត្តភាព​រវាង​ថ្នាក់​ដឹក​នាំ ​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។​

ជា​ការ​ឆ្លើយ​តប​ ឯកអគ្គ​រដ្ឋទូត​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ថា​ ចាំបាច់​ត្រូវ​មាន​កិច្ច​សហការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​ប្រទេស​ទាំងពីរ​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ជន​ដែល​នៅ​ពី​ក្រោយ​សកម្ម​ភាព​ទាំង​នោះ​ឱ្យ​បាន។ ​នេះ​បើ​តាម​អង្គភាព​ព័ត៌មាន​ក្នុងស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល។​

គួរ​បញ្ជាក់​ថា ​កាល​ពី​ឆ្នាំ​ ២០១៦-២០១៧​ លោក ​ហ៊ុន សែន ​ក៏ធ្លាប់​ត្រូវ​បាន​មនុស្ស​ជាង​ ២.០០០​ នាក់​ចូល​មក​រិះគន់​លោក​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ​ ដោយ​ក្នុង​នោះ​មាន​ម្នាក់​ជា​លេខា​បក្ស​ស្រុក​ពាក់​ព័ន្ធ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង ​ប៉ុន្តែ​បាន​ស្ងាត់​ទៅ​វិញ ​ក្រោយ​លោក​ប្រាប់​អគ្គលេខា​បក្ស​វៀតណាម ​ងៀង ហ្វូចុង ​ឱ្យ​ធ្វើ​អន្តរាគមន៍​ក្នុង​រឿង​នោះ។​ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក ​ហ៊ុន សែន។​

គម្រោង​ព្រែក​ជីក​ហ្វូណន​ដែល​ក្រុមហ៊ុន​ចិន​វិនិយោគ​ក្នុង​តម្លៃ​ទឹក​ប្រាក់​ប្រមាណ​ ១.៧០០​ លាន​ដុល្លារ ​នឹង​មាន​ការ​តភ្ជាប់​ពី​ទន្លេ​មេគង្គ​ទៅ​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​កែប ​នឹង​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​កំពង់​ផែ​វៀតណាម ​ប្រមាណ​ ៧០%។ ​នេះ​បើ​តាម​ការ​អះអាង​របស់​លោក ​ស៊ុន ចាន់ថុល ​ឧប​នាយក​រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ព្រែក​ជីក​នេះ។​

លោក​ ហ៊ុន សែន​ បាន​ជំរុញ​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​កូន​ប្រុស​របស់​លោក​ ឱ្យ​បើក​ការដ្ឋាន​ព្រែក​ជីក​ហ្វូណន​នេះ​ឱ្យ​បាន​ឆាប់​ដើម្បី​បញ្ឈប់​ការ​រិះគន់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG