ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី៖​ព្រែកជីក​ហ្វូណន​តេជោ​គឺ​ជា​ឈ្នាន់​បម្រើ​នយោបាយ​វាតទី​និយម​របស់​ចិន


រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំង ថ្លែងនៅក្នុងបទសម្ភាសន៍មួយ នៅសណ្ឋាការ Gran Melia នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំង ថ្លែងនៅក្នុងបទសម្ភាសន៍មួយ នៅសណ្ឋាការ Gran Melia នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣។

អតីត​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​លោក ​សម រង្ស៊ី​ លើក​ឡើង​ថា​ គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​ នឹង​បម្រើ​ផល​ប្រយោជន៍​យុទ្ធ​សាស្ត្រ​វាតទី​និយម​របស់​ចិន​កុម្មុយនិស្ត​ ដែល​ត្រូវ​ការ​ពង្រឹង​ឥទ្ធិពល​ទៅ​ដល់​ឈូង​សមុទ្រ​ថៃ​ ដោយ​ឆ្លង​កាត់​ប្រទេស​លាវ​ និង​ប្រទេស​កម្ពុជា​ ដែល​ស្ថិត​ក្រោម​ឥទ្ធិ​ពល​ប្រទេស​ចិន​រួច​ទៅ​ហើយ។​

បើ​តាម​ផែនការ​មេ​ដែល​រដ្ឋាភិបាល​បាន​រចនា​រួច​ហើយ​នោះ​ ​ព្រែក​ជីក​ដែល​មាន​ប្រវែង​១៨០​គីឡូ​ម៉ែត្រ​នេះ​មាន​ចំណុច​ចាប់​ផ្តើម​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ ​ក្នុង​តំបន់​កំពង់ផែ​ស្វយ័ត​ស្រុក​កៀន​ស្វាយ​ ឆ្លង​កាត់​តាម​ព្រែក​តាឯក​នៃ​ទន្លេ​បាសាក់ ​រួច​ចូល​តាម​ព្រែក​តា​ហ៊ីង​នៃ​ទន្លេ​បាសាក់​ ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប។

រដ្ឋាភិបាល​អះអាង​ថា​ ប្រជាជន​សរុប​ប្រមាណ​១,៦​លាន​នាក់​ រស់​នៅ​អម​សង​ខាង​ផ្លូវ​ទឹក​មួយ​នេះ ​ហើយ​ព្រែក​ជីក​មួយ​នេះ​នឹង​បង្កើត​ការងារ​សម្រាប់​ពួក​គេ​ផង​ដែរ។​

ផ្ទុយ​ពី​ការ​ពន្យល់​របស់​រដ្ឋាភិបាល​ លោក​សម រង្ស៊ី​បាន​ផ្តល់​ការ​អត្ថាធិប្បាយ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃទី​២៤ ​ខែ​មេសា ​ឆ្នាំ​២០២៤​ថា​ ព្រែក​ជីក​នេះ​មិន​មែន​ជា​លាភ​សម្រាប់​កម្ពុជា​ តែ​វា​នឹង​នាំ​គ្រោះ​មក​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​វិញ។​

សាឡង់បើកតាមដងទន្លេមេគង្គ កន្លែងដែលព្រែកជីកហ្វូណនត្រូវសាងសង់ ។ (ស៊ុន ណារិន/វីអូអេ)
សាឡង់បើកតាមដងទន្លេមេគង្គ កន្លែងដែលព្រែកជីកហ្វូណនត្រូវសាងសង់ ។ (ស៊ុន ណារិន/វីអូអេ)

លោក​លើក​ឡើង​ថា៖​«គម្រោង​ជីកព្រែក​ភ្ជាប់​ទីក្រុង​ភ្នំពេញ​ទៅ​ដល់​សមុទ្រ​ អាច​នាំមក​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ​និង​ជីវភាព​រស់​នៅ​ប្រជា​ពលរដ្ឋ​ខ្មែរ។​ របប​ ហ៊ុន សែន​បាន​សម្រេច​ធ្វើ​តាម​សំណើ​ចិន​កុម្មុយនិស្ត ​យ៉ាង​តក់​ក្រហល់ ​និង​គ្មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ ជីក​ព្រែក​បែប​នេះ​ដោយ​មិន​ទាន់​បាន​ធ្វើការ​សិក្សា ​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ»។​

អតីត​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​អះអាង​ថា​ មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ក៏​នឹង​ដាក់​ប្រទេស​កម្ពុជា​ឱ្យ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​ផង​ដែរ​ ព្រោះ​លោក​យល់​ឃើញ​ថា​ ទីតាំង​នោះ​ក៏​នឹង​រួម​ចំណែក​បម្រើ​ដល់​យុទ្ធសាស្ត្រ​វាតទី​និយម​របស់​ចិន។

លោក​ថ្លែង​ថា៖ ​«មូលដ្ឋាន​សឹក​របស់​ចិន​នៅ​រាម​ក៏​ជា​ឈ្នាន់​ដើម្បី​បម្រើ​នយោបាយ​វាតទី​និយម​របស់​ចិន។​ របប​ហ៊ុន សែន​ និង​ ហ៊ុន ម៉ាណែត​អាច​នាំ​មក​គ្រោះ​ថ្នាក់​ប្រទេស​កម្ពុជា ​ដូច​កាល​ពី​សម័យ​ ប៉ុល ពត​ ដែល​បាន​ទៅ​អែប​ប្រទេស​ចិន​ ដើម្បី​ចិន​ ជួយ​ការពារ​អំណាច​ផ្តាច់​ការ​របស់​ខ្លួន»។​

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លោក ​សម រង្ស៊ី​ នាយក​រដ្ឋមន្ត្រី​ថ្មី ​លោក ​ហ៊ុន ម៉ាណែត​ បាន​បង្ហោះ​សារ​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នា​ថ្ងៃ​ទី​២៦​ ខែ​មេសា ​ឆ្នាំ​២០២៤ ​ថា​«ប្រជាជន​កម្ពុជា​មួយ​ប្រទេស​បាន​យល់​អំពី​អត្ថ​ប្រយោជន៍​ចំពោះ​សេដ្ឋកិច្ច​និង​សង្គម​ជាតិ​កម្ពុជា​ ដែល​គម្រោង​ព្រែក​ជីក​ហ្វូណនតេជោ​នឹង​ផ្ដល់​សម្រាប់​ប្រទេស​និង​ប្រជាជន​ខ្មែរ​ ប៉ុន្តែ​បែរ​ជា សម រង្ស៊ី​ ដែល​ជា​អ្នក​នយោបាយ​ចាស់​វស្សា​ដែល​តែង​តែ​តាំង​ខ្លួន​ជា​អ្នក​ស្រឡាញ់​ជាតិ​ មិន​មាន​សមត្ថភាព​ក្នុង​ការ​មើល​ឃើញ ​ឬ​ទទួល​ស្គាល់​នូវ​អ្វី​ដែល​ល្អ​សម្រាប់​ខ្មែរ​ទៅ​វិញ»។​

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចាប់ដៃស្វាគមន៍គ្នា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (AKP via AP)
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចាប់ដៃស្វាគមន៍គ្នា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (AKP via AP)

លោក​ ហ៊ុន ម៉ាណែត​ បញ្ជាក់​ថា៖​«តើ​គាត់​ជា​មនុស្ស​ល្ងង់​ពិត​ប្រាកដ ​ឬ​ជា​មនុស្ស​ចេះ​ប៉ុន្តែ​ចេះ​ល្ងង់។​ ជា​មនុស្ស​ប្រឆាំង​ដើម្បី​ប្រឆាំង​ ​ប្រឆាំង​គ្មាន​រើស​ពេល​វេលា ​ឬ​ប្រធាន​បទ។ ​ប្រឆាំង​សូម្បី​តែ​សមិទ្ធផល​សម្រាប់​ជាតិ​និង​ប្រជាជន​ខ្មែរ​ខ្លួន​ឯង​ក៏​ដោយ»។​

នាយក​រដ្ឋមន្ត្រី​វ័យ​ក្មេង​ដែល​កាន់​អំណាច​បាន​ជាង​៨​ខែ​រូប​នេះ​ចោទ​ជា​សំណួរ​ថា៖​ «តើ​អ្នក​នយោបាយ​ចាស់​វស្សា​ម្នាក់​នេះ​ជា​មនុស្ស​ល្ងង់ ​ឬ​ជា​មនុស្ស​ចេះ​ធ្វើ​ល្ងង់?»​

លោក ​សម រង្ស៊ី ​ប្រាប់​វីអូអេ​តាម​សារអ៊ីម៉ែល​បន្ថែម​ថា​ លោក​ ហ៊ុន សែន​ និង​លោក ​ហ៊ុន ម៉ាណែត​ កំពុង​តែ​ដើរ​តាម​គន្លង​ដ៏​គ្រោះថ្នាក់​របស់​ ប៉ុល ពត ​និង​ថាពួកគេ​ទាំង​ពីរ​បម្រើ​ប្រយោជន៍​ចិន​ ដោយ​ការ​បំផ្លាញ​ប្រយោជន៍​កម្ពុជា។​
លោក​បញ្ជាក់​ថា៖​«មិន​មាន​ការ​សិក្សា​ហ្មត់ចត់​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​លើ​ផល​ប៉ះពាល់​នៃ​ព្រែក​ជីក​ដែល​បាន​គ្រោង​ទុក​នេះ ​ដែល​មាន​គោល​បំណង​សំខាន់​ដើម្បី​ផ្តល់​ឱ្យ​ប្រទេស​ចិន​នូវ​ច្រក​ចូល​ជា​យុទ្ធ​សាស្ត្រ​ទៅ​កាន់​ឈូង​សមុទ្រ​ថៃ ​ដើម្បី​បំពេញ​តម្រូវ​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​ និង​ពី​ប្រទេស​ចិន​ ដើម្បី​គាំទ្រ​ដល់​មូលដ្ឋាន​យោធា​ចិន​នៅ​រាម​ដោយ​សុវត្ថិភាព»។​

គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម​(Belt and Road Initiative​ ឬ​ BRI)​ របស់​រដ្ឋាភិបាល​ចិន។ ​គម្រោង​ដ៏​មាន​មហិច្ឆតា​របស់​កម្ពុជា​មួយ​នេះ​ក៏​កំពុង​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្តរជាតិ​មួយ​ចំនួន​រាយ​ការណ៍​ថា​ វា​អាច​បង្ក​ជា​ក្តី​បារម្ភ​ផ្នែក​សន្តិសុខ​ដល់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ ប្រសិន​បើ​វា​ត្រូវ​បាន​ប្រើប្រាស់​លើស​ពី​ក្របខណ្ឌ​ពាណិជ្ជ​កម្ម។​ ​

បញ្ញវន្ត​វៀតណាម​ជា​ច្រើន​នាក់​ក៏​បាន​ធ្វើ​ការ​ពិភាក្សា​យ៉ាង​ផុល​ផុស​លើ​គម្រោង​នេះ​ថា​ អាច​នាំមក​នូវ​វត្តមាន​យោធា​របស់​កងទ័ព​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​នៅ​កម្ពុជា។​ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​វៀតណាម​ដែល​ជា​មិត្ត​ប្រពៃណី​របស់​កម្ពុជា។​

អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ចការ​អន្តរជាតិ​ និង​បញ្ញជន​ខ្លះ​នៅ​ប្រទេស​កម្ពុជា​ក៏​បាន​ពិនិត្យ​លើ​គម្រោង​ និង​បាន​ធ្វើ​ការ​វិភាគ​ថា​ គម្រោង​នេះ​ ទំនង​ជា​អាច​ជួយ​កម្ពុជា​បន្ថយ​ការ​ពឹង​ផ្អែក​លើ​វៀតណាម​ បើ​ទោះ​បី​ជា​វា​កំពុង​ក្លាយ​ជា​ចំណុច​រសើប​មួយ​ក្នុង​ទំនាក់​ទំនង​កម្ពុជា​វៀតណាម។

សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​ លោក ​ឯម សុវណ្ណារ៉ា ​ប្រាប់​វីអូអេ​ថា​ ការ​លើក​ឡើង​ចំណុច​រសើប​របស់​អ្នក​នយោបាយ​គឺ​ដើម្បី​បង្កើត​ព្រឹត្តិ​ការណ៍​នយោបាយ​ ដែល​លោក​ថា​ ដើម្បី​ប្រយោជន៍​នយោបាយ​រៀងៗ​ខ្លួន​ មិន​មែន​ប្រយោជន៍​ជាតិ​ឡើយ។​

លោក​ ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យា​សាស្ត្រ​នយោបាយនៃសាកលវិទ្យាល័យអន្តរជាតិ ក្នុងរាជធានីភ្នំពេញ។ (Facebook/Em Sovannara)
លោក​ ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យា​សាស្ត្រ​នយោបាយនៃសាកលវិទ្យាល័យអន្តរជាតិ ក្នុងរាជធានីភ្នំពេញ។ (Facebook/Em Sovannara)

បើ​តាម​អ្នក​វិភាគ​រូប​នេះ​ ការ​លើក​ឡើង​របស់​លោក ​សម រង្ស៊ី​ ពាក់ព័ន្ធ​ជាមួយ​អនុត្តរភាព​របស់​ចិន​គឺ​មិន​មាន​អំណះ​អំណាង​អ្វី​ទេ​ និង​ថា​ ការ​លើក​ឡើង​ថា​ គម្រោង​ព្រែកជីក​មាន​សារៈ​សំខាន់​ខ្លាំង​ក្លា​ ក៏មិន​សំខាន់​ដែរ​ ដោយ​ហេតុថា​បើ​សិន​ជា​សំខាន់​មែន​ កម្ពុជា​នឹង​ធ្វើ​ដោយ​ខ្លួន​ឯង​ ដោយ​មិន​ទុក​ឱ្យ​ចិន​ធ្វើ​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​ «បើ​យើង​ទុក​ឱ្យ​ចិន​ធ្វើ​ យើង​នៅ​តែ​កម្ចី​លុយ​ចិន​ ហើយ​យើង​ត្រូវ​ការ​ថវិកា​ ត្រូវការ​ពេល​វេលា​៥០​ឆ្នាំ។ ​អ៊ីចឹង​ប្រយោជន៍​ហ្នឹង​វា​មិន​សូវ​បាន​មក​ឱ្យ​យើង​ប៉ុន្មាន​ទេ។បើ​សិន​បាន​មក​យើង​ក៏​យើង​ហ្នឹង​ម្ចាស់​ការ​មាំទាំ​ ហើយ​ថវិកា​ប្រើ​ដោយ​តម្លាភាព​ណាស់​ អា​ហ្នឹង​បាន​យើង​អាច​ទាញ​យក​អត្ថ​ប្រយោជន៍​ពិត​ប្រាកដ»។​

បើ​តាម​លោក​ ឯម សុវណ្ណារ៉ា​ ការ​កសាង​ព្រែក​ជីក​មិន​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​តែ​ធ្វើនោះ​ទេ​ ដោយ​សារ​តែ​កម្ពុជា​មិន​មែន​ជាដែន​ដី​បិទ​ជិត​(landlock) ​ដូចឡាវ​ទេ​ និង​ថា អ្វី​ដែល​កម្ពុជា​ត្រូវ​ធ្វើ​នោះ​គឺ​ការ​បង្កើន​ផលិតផល​ ផ្លូវ​ដឹក​ជញ្ជូន​ឱ្យ​មាន​គ្រប់​តំបន់​សំខាន់ៗ។​

លោក​បន្ថែម​ថា​ ការ​បណ្តាក់​ទុន​តាម​បែប​ BOT ​ដោយ​ទុក​ឱ្យ​គេ​គ្រប់គ្រង​រហូត​ដល់​៥០​ឆ្នាំ​ ជា​ការខាត​បង់​អត្ថ​ប្រយោជន៍​ជាតិ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG