រដ្ឋាភិបាលកម្ពុជាកំពុងពន្លឿនការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ៥ ខែសីហាខាងមុខនេះ ដែលជាថ្ងៃខួបកំណើតរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលចង់ឱ្យបើកការដ្ឋានសាងសង់កាន់តែឆាប់ ដើម្បីបញ្ចប់ការរិះគន់នានា។
ប៉ុន្តែការដោះស្រាយសំណងសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅមិនទាន់រួចរាល់នៅឡើយទេ ដែលនាំឱ្យពួកគេមានការព្រួយបារម្ភកាន់តែខ្លាំង។
មន្រ្តីរដ្ឋាភិបាលកម្ពុជាអះអាងថា គម្រោងព្រែកជីកនេះនឹងប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋជាង ១.៥០០ ខ្នង ដីស្រែជិត ៣ ម៉ឺនហិកតា និងហេដ្ឋារចនាសម្ពន្ធផ្សេងទៀត។ នេះបើតាមលោក ស៊ុន ចាន់ថុល អនុប្រធានទី ១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលទទួលបន្ទុកកិច្ចការព្រែកជីកនេះ ដែលធ្លាប់បានលើកឡើងកាលពីខែឧសភា ឆ្នាំ ២០២៤។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ អ្នកស្រី ពេជ្រ ចាន់តារា អាយុ ៣២ ឆ្នាំ ពលរដ្ឋរស់នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាលដែលរងគ្រោះថ្នាក់ពីគម្រោងមួយនេះ លើកឡើងថា មកទល់ពេលនេះ គ្រួសាររបស់អ្នកស្រី និងប្រជាពលរដ្ឋផ្សេងទៀតមិនទាន់ទទួលបានព័ត៌មានអ្វីពាក់ព័ន្ធនឹងសំណងដែលរដ្ឋាភិបាលនឹងផ្តល់ដល់ពលរដ្ឋឡើយ។ អ្នកស្រីបន្ថែមថា អាជ្ញាធរភូមិនិងឃុំ ក៏មិនមានព័ត៌មានអ្វីដែរអំពីគម្រោងមួយនេះ។
អ្នកស្រីបញ្ជាក់ថា៖ «និយាយទៅសួរពីណាក៏អត់ដឹងដែរ គេថា គេអត់ទាន់ដឹងខាងថ្នាក់លើគេអត់និយាយអីផង។ អ៊ីចឹងពួកខ្ញុំនៅតូចតាចរឹតតែអត់ដឹងទៀត។ សួរប្រធានភូមិថាអត់ សួរឃុំក៏អត់»។
អ្នកស្រីដែលរស់នៅឃុំសំរោងបង្ហាញការព្រួយបារម្ភពីសំណងមិនសមរម្យដល់ប្រជាពលរដ្ឋ ដែលអាចឱ្យពួកគេអាចទៅកសាងជីវភាពនៅកន្លែងថ្មី។
អ្នកស្រីថ្លែងថា៖ «វាពិបាកណាស់ វាមិនងាយស្រួលទេ ព្រោះដោយសារអីគ្រួសារម្នាក់សុទ្ធជំពាក់គេ។ ពេលអ៊ីចឹងទូទាត់សំណង ហើយមានមកចាំទារនៅផ្ទះ។ ចាស់ៗនៅហ្នឹងគេព្រួយបារម្ភគ្រប់តែគ្នាហ្នឹង។ គេមិនតវ៉ាអីទេឱ្យតែទូទាត់សំណងគេសមស្របដែលគេអាចទទួលយកបាន ព្រោះគម្រោងត្រូវជីកប៉ះពាល់ រដ្ឋត្រូវការហើយ។ ប្រជាជនគ្មានសិទ្ធិតវ៉ាអីទេ ឱ្យតែគេសងទូទាត់សំណង។ តែបើមិនទាន់ដឹងថាសំណងហ្នឹង ត្រូវបានប៉ុន្មានអីប៉ុន្មានផង។ បើសួរភូមិក៏មិនដឹង ឃុំក៏មិនដឹង»។
បើតាមពលរដ្ឋរូបនោះ សំណងសមរម្យសម្រាប់អ្នកស្រីក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត គួរតែចាប់ពី ៥ ម៉ឺនដុល្លារទៅ ៦ ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារ។ អ្នកស្រីរំពឹងថា នឹងទទួលបានព័ត៌មាននៅពេលដែលនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ទៅសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី ៥ ខែសីហាខាងមុខ។
ចំណែកពលរដ្ឋម្នាក់ទៀត កញ្ញា ចាន់ រក្សា អាយុ ១៥ ឆ្នាំ ដែលជាកូនរបស់អ្នកស្រី ហៀង ណាំអេង ជាពលរដ្ឋរស់នៅព្រែកតាហ៊ីងក្នុងស្រុកកៀនស្វាយ លើកឡើងថា អាជ្ញាធរមូលដ្ឋានមិនទាន់មានព័ត៌មានអ្វីពាក់ព័ន្ធនឹងដំណោះស្រាយដល់ពលរដ្ឋឡើយ ខណៈកញ្ញាទទូចឱ្យមានការផ្តល់សំណងសមរម្យ ប្រសិនបើគ្រួសារកញ្ញាត្រូវចាកចេញ។
កញ្ញាថ្លែងថា៖ «មានអារម្មណ៍ថាភ័យ ពេលអស់ផ្ទះ អស់អីហើយ ណាមួយអត់មានដីអត់មានអីអ៊ីចឹងទៀត ហើយត្រូវចំពេលដែលប្រឡង (ថ្នាក់ទី៩)អ៊ី ចឹងទៀត»។ កញ្ញាបន្ថែមថា៖ «សុំរៀងគ្រាន់បើមក ព្រោះទាំងផ្ទះ ទាំងដី រុះរើដីក៏វាមិនតិចដែរ ច្រើនហ្មង។ ល្បាក់ម៉ាល្មមអាចទិញផ្ទះ ទិញដី ធ្វើឡើងវិញ»។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមថា ក្រុមការងារអន្តរក្រសួងកំពុងធ្វើការងាររួមគ្នាលើកិច្ចការជាច្រើន ក្នុងនោះក៏មានយន្តការនៃការដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋផងដែរ ប៉ុន្តែលោកមិនអាចបញ្ជាក់តម្លៃសំណងជាក់លាក់នៅឡើយទេ។
ចំណែកអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន លើកឡើងថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងនេះនឹងត្រូវបានដោះស្រាយតាមយន្តការអន្តរក្រសួង ដែលធ្លាប់ធ្វើកន្លងមកលើគម្រោងអភិវឌ្ឍន៍នានា។
លោកថ្លែងថា៖ «ហើយការដោះស្រាយសំណង គឺយើងនឹងដោះស្រាយទៅតាមយន្តការហ្នឹង គឺគេនឹងដោះស្រាយជជែកគ្នាពីរឿងថាកំណត់យ៉ាងម៉េច តម្លៃយ៉ាងម៉េច ដើម្បីដោះស្រាយទៅតាមគណៈកម្មការ។ គេអ្នកដោះស្រាយ គេមានវិធីសាស្ត្រនៅក្នុងការដោះស្រាយដូចធ្លាប់ដោះកន្លងមកនៅកន្លែងគម្រោងផ្សេងៗ គឺយើងធ្វើ អនុវត្តតាមដូចគ្នាអ៊ីចឹង»។
ចំណែកអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង លោក សេង ឡូត ប្រាប់អ្នកសារព័ត៌មានវីអូអេឱ្យទាក់ទងទៅគណៈកម្មការអន្តរក្រសួងដែលទទួលបន្ទុកលើកិច្ចការងារដោះស្រាយជាមួយប្រជាពលរដ្ឋវិញ ដែលមានលោក ស៊ុន ចាន់ថុល ជាប្រធាន។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ស៊ុន ចាន់ថុល បាននៅឡើយទេ។
លោក វណ្ណ សុផាត មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជំរុញរដ្ឋាភិបាលផ្តល់សំណងសមរម្យ និងយុត្តិធម៌ដល់ប្រជាពលរដ្ឋ។
លោកប្រាប់វីអូអេថា៖ «អ៊ីចឹងហើយបញ្ហារបស់យើងបច្ចុប្បន្ននេះគឺថាយើងមានការព្រួយបារម្ភថាប្រជាពលរដ្ឋគាត់មិនអាចទទួលបានដំណោះស្រាយដែលគាត់អាចយកទៅទិញទីតាំងថ្មីបាន ប្រហាក់ប្រហែលនឹងទីតាំងចាស់ឬមួយក៏ដូរទីតាំងទៅទីតាំងណាប្រហាក់ប្រហែលនឹងទីតាំងចាស់ដែលគាត់បានរស់នៅ។ យើងដឹងស្រាប់ហើយថាទៅនៅទីតាំងថ្មីគឺថាត្រូវការកសាងជីវភាពថ្មី»។
គម្រោងព្រែកជីកនេះមានប្រវែង ១៨០ គីឡូម៉ែត្រ ហើយនឹងចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ក្នុងតំបន់កំពង់ផែស្វយ័តស្រុកកៀនស្វាយ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។
រដ្ឋាភិបាលកម្ពុជាអះអាងថាគម្រោងព្រែកជីកនេះនឹងផ្តល់ផលចំណេញក្នុងការដឹកជញ្ជូន និងការតភ្ជាប់។ ប៉ុន្តែអ្នកតាមដានលើកឡើងថាគម្រោងមួយនេះក៏បង្កជាក្តីព្រួយបារម្ភសម្រាប់វៀតណាមផងដែរ ទាំងការបារម្ភអំពីផលប៉ះពាល់ទឹកទន្លេមេគង្គ និងការដឹកជញ្ជូនទំនិញ។
កាលពីចុងខែឧសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងថា បើទោះបីរដ្ឋាភិបាលកម្ពុជាបានចរចាជាមួយក្រុមហ៊ុនវិនិយោគចិនសម្រាប់គម្រោងមួយនេះ ប៉ុន្តែលោកថានឹងមានការចូលរួមពីអ្នកវិនិយោគខ្មែរភាគច្រើន។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាមិនទាន់បានបញ្ជាក់ជាសាធារណៈថា តើក្រុមហ៊ុនខ្មែរណាដែលចូលរួមការវិនិយោគដែលមានតម្លៃប្រមាណ ១.៧០០ លានដុល្លារអាមេរិកនេះនៅឡើយទេ។
គម្រោងព្រែកជីកនេះត្រូវបានសារព័ត៌មានបរទេសមួយចំនួនចុះផ្សាយថា វាអាចបង្កជាក្តីបារម្ភផ្នែកសន្តិសុខដល់រដ្ឋាភិបាលទីក្រុងហាណូយ ពាក់ព័ន្ធនឹងការពង្រីកឥទ្ធិពលរបស់ចិន ប្រសិនបើផ្លូវទឹកមួយនេះត្រូវបានរដ្ឋាភិបាលទីក្រុងភ្នំពេញប្រើប្រាស់លើសពីក្របខណ្ឌពាណិជ្ជកម្ម។
ទោះជាយ៉ាងណា លោក ហ៊ុន សែន ធ្លាប់ថ្លែងថា ព្រែកជីកហ្វូណនជា«គំនិតផ្តួចផ្តើមរបស់កម្ពុជាសុទ្ធសាធ» ហើយលោកស្នើឱ្យបញ្ឈប់យកកម្ពុជាមកប្រើប្រាស់ក្នុងភូមិសាស្រ្តនយោបាយ ដែលលោកថា មានទំនោរប្រឆាំងនឹងចិន។ លោកបន្ថែមថា ព្រែកជីកហ្វូណននេះធ្វើឡើងក្នុងគោលបំណង ដើម្បីផលចំណេញខាងសេដ្ឋកិច្ច និង«ឯករាជ្យភាពនយោបាយ»លើបញ្ហានៃការដឹកជញ្ជូនតាមផ្លូវទឹក៕
វេទិកាបញ្ចេញមតិ