កម្ពុជានិងចិន ប្តេជ្ញាជួយគ្នាទៅវិញទៅមកដើម្បីរឹតចំណងមិត្តភាពដែកថែប និងការកសាង «សហគមន៍វាសនារួម» ខណៈក្តីបារម្ភពីភាគីវៀតណាមបានកើនឡើងលើគម្រោងព្រែកជីកហ្វូណនតេជោកម្ពុជាដែលទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាល ទីក្រុងប៉េកាំង ក្រោមរូបភាព BOT។
ការថ្លែងរបស់ភាគីទាំងពីរបែបនេះធ្វើឡើងនៅអំឡុងពេលនៃដំណើរមកកាន់កម្ពុជារបស់រដ្ឋ មន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ដល់ទី២៣ ខែមេសា ឆ្នាំ២០២៤។
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃចន្ទ ប្រមុខការទូតចិនលោក វ៉ាង យី លើកឡើងថាមិនថាស្ថានភាពអន្តរជាតិមានការផ្លាស់ប្តូរបែបណាទេ ចិននឹងនៅតែជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតនិងជាអ្នកគាំទ្រឥតងាករេចំពោះការអភិវឌ្ឍរបស់កម្ពុជា ខណៈនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន ម៉ាណែត ឆ្លើយតបទៅវិញថាកម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះជំហររបស់ចិននៅលើបញ្ហាផ្សេងៗ ដែលជាប្រយោជន៍ស្នូលរបស់ចិន។
បើតាមសេចក្តីប្រកាសព័ត៌មានរួម ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៤ កម្ពុជានិងចិន បានចាត់ទុកគ្នាទៅវិញទៅមកថាជា«មិត្តភាពដែកថែបដែលតែងតែនៅក្បែរគ្នា និងជួយគ្នាក្នុងគ្រាលំបាក» ហើយប្តេជ្ញានៅក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពជ្រាលជ្រៅនិងជាក់ស្តែង។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖«ភាគីចិនបានគូសបញ្ជាក់សារជាថ្មីនូវការគាំទ្រចំពោះជម្រើសរបស់កម្ពុជាលើមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខណ្ឌជាតិ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ ព្រមទាំងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីផ្នែកខាងក្រៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ភាគីកម្ពុជាក៏បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយចិនតែមួយ និងទទួលស្គាល់ថាសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល»។
ក្នុងជំនួបជាមួយក្រុមមន្ត្រី និងថ្នាក់ដឹកនាំកម្ពុជា លោកវ៉ាង យី បានលើកឡើងមិនដាច់ពីមាត់ទៅលើការបន្តជួយគាំទ្រកម្ពុជា ហើយភាគីកម្ពុជា ក៏បង្ហាញជំហរត្រូវការចិនឱ្យជួយនាំវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងបន្តអភិវឌ្ឍគម្រោងផ្សេងៗដែលបានព្រមព្រៀងរួច។
ប៉ុន្តែភាគីទាំងពីរ មិនមានការលើកឡើងណាមួយ ជុំវិញគម្រោងព្រែកជីកហ្វូណនតេជោដ៏មានមហិច្ឆតា ព្រោះគម្រោងនេះនឹងធ្វើឱ្យកម្ពុជាកាត់បន្ថយការចំណាយបានច្រើនលើការដឹកជញ្ជូនទំនិញក្នុងដែនទឹក និងឈប់ពឹងផ្អែកលើច្រកផ្លូវទឹករបស់វៀតណាម។
គម្រោងជីកហ្វូណនតេជោនេះជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម(Belt and Road InitiativeឬBRI) របស់រដ្ឋាភិបាលចិន ហើយក៏កំពុងត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួនរាយការណ៍ថា វាអាចបង្កជាក្តីបារម្ភដល់ប្រទេសវៀតណាម ប្រសិនបើវាត្រូវបានប្រើប្រាស់លើសពីក្របខណ្ឌសេដ្ឋកិច្ច និងសង្គម។
បញ្ញវន្តវៀតណាមជាច្រើននាក់ក៏បានធ្វើការពិភាក្សា លើគម្រោងនេះថា អាចនាំមកនូវវត្តមានយោធាចិននៅកម្ពុជា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាមដែលជាមិត្តប្រពៃណីរបស់កម្ពុជា។
បញ្ញវន្តខ្មែរខ្លះ ក៏បានពិនិត្យលើគម្រោង និងបានធ្វើការវិភាគថា គម្រោងនេះ ទំនងជាអាចជួយកម្ពុជាបន្ថយការពឹងផ្អែកលើវៀតណាម ហើយចិននឹងមានលទ្ធភាពបង្កើនឥទ្ធិពលក្នុងប្រទេសជាប់ទន្លេមេគង្គ។
លោក បោង ច័ន្ទសម្បត្តិ និស្សិតថ្នាក់បណ្ឌិតនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងការពារ នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី លើកឡើងនៅក្នុងអត្ថបទទើបចុះផ្សាយថ្មីនៅគេហទំព័រ FULCRUM ដែលផ្តោតការវិភាគរបស់ខ្លួនលើតំបន់អាស៊ីអាគ្នេយ៍ថា ទោះបីជាក្តីបារម្ភរបស់វៀតណាមអំពីផលប៉ះពាល់បរិស្ថានដែលអាចកើតមាននៃគម្រោងនេះ អាចយល់បាន ហើយចាំបាច់ត្រូវតែទទួលបានការធានាចំពោះហានិភ័យផ្សេងៗក៏ដោយ ប៉ុន្តែការបារម្ភគឺត្រូវបានជំរុញកាន់តែច្រើនដោយការរំពឹងទុកនៃការបាត់បង់ឥទ្ធិពលរបស់ខ្លួនបន្ថែមទៀតលើកម្ពុជា និងតួនាទីរបស់ប្រទេសចិននៅក្នុងភូមិសាស្ត្រនយោបាយទន្លេមេគង្គ។
«ទោះបីជាព្រែកជីកនេះជាជំហានដ៏សំខាន់មួយក្នុងដំណើរស្វែងរករយៈពេលវែងរបស់កម្ពុជាសម្រាប់ការតភ្ជាប់កាន់តែទូលំទូលាយ និងវិបុលភាពសេដ្ឋកិច្ចក៏ដោយ ការគ្រប់គ្រងទំនាក់ទំនងល្អជាមួយវៀតណាមក្នុងអំឡុងពេលសាងសង់ព្រែកជីកនេះ នឹងក្លាយជាការសាកល្បងគោលនយោបាយបរទេសលើកដំបូងដែលលោក ហ៊ុន ម៉ាណែត ប្រឈមមុខដើម្បីដោះស្រាយ» នេះបើតាមលោក បោង ច័ន្ទសម្បត្តិ ដែលជាអ្នកស្រាវជ្រាវម្នាក់ផងដែរនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី។
បើតាមអ្នកស្រាជ្រាវរូបនេះ ការណ៍ដែលវៀតណាមលើកឡើងពីបញ្ហាព្រែកជីកនេះពាក់ព័ន្ធជាមួយហេតុផលពីរ។ទី១ វៀតណាមត្រូវតែដើរដោយប្រុងប្រយ័ត្ន ចាប់តាំងពីទីក្រុងប៉េកាំងនឹងគាំទ្រផ្នែកហិរញ្ញវត្ថុលើគម្រោងព្រែកជីកក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) និងថាប្រតិកម្មហួសហេតុ ឬការអត្ថាធិប្បាយដ៏ក្ដៅគគុកពីទីក្រុងហាណូយ នឹងបំផុសឱ្យមានស្មារតីជាតិនិយមក្នុងចំណោមប្រជាជនកម្ពុជា ដែលជំរុញឱ្យគម្រោងព្រែកជីកនេះឆ្ពោះទៅមុខ។
លោកបន្តថាគម្រោងនេះជានិមិត្តរូបនៃការស្វែងរកអធិបតេយ្យភាពរបស់កម្ពុជាក្នុងការដឹកជញ្ជូន និងធ្វើពាណិជ្ជកម្មទំនិញក្នុងស្រុក និងក្រៅប្រទេស។
ក្នុងសំណុំរឿងព្រែកជីកនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Doan Khac Viet លើកឡើងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ថា៖«វៀតណាម មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព័ត៌មានអំពីគម្រោងព្រែកជីកហ្វូណនតេជោ ហើយបានស្នើឱ្យភាគីកម្ពុជាសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម និងគណៈកម្មការទន្លេមេគង្គអន្តរជាតិ ក្នុងការចែករំលែកព័ត៌មាន និងវាយតម្លៃផលប៉ះពាល់នៃគម្រោងនេះ»។
កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៤ កាសែត The Straits Times ដែលមានស្នាក់ការនៅប្រទេសសិង្ហបុរី បានចុះផ្សាយសេចក្តីរាយការណ៍មួយជាមួយនឹងការវិភាគថា គម្រោងដ៏ធំមួយនេះអាចជាច្រកដ៏មានសក្តានុពលសម្រាប់យោធាចិន។
ទោះជាយ៉ាងណាក្តី រដ្ឋាភិបាលកម្ពុជាម្តងហើយម្តងទៀត បដិសេធរាល់ការចោទប្រកាន់ថាកម្ពុជាអនុញ្ញាតឱ្យចិនដាក់ទ័ពនៅទឹកដីរបស់ខ្លួន។ ទាក់ទិនគម្រោងព្រែកជីកហ្វូណនតេជោនេះ អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចេញមុខបកស្រាយថា ព្រែកជីកហ្វូណនតេជោ នឹងត្រូវកសាងឡើងសម្រាប់បម្រើផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ មិនមែនជួយសម្រួលដល់កងទ័ពជើងទឹកចិនដូចការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួនឡើយ៕
វេទិកាបញ្ចេញមតិ