ស្ថានទូតបរទេសមួយចំនួនក្នុងប្រទេសកម្ពុជាបានឱ្យដឹងថា ពួកគេចង់ឃើញការបោះឆ្នោតនាខែកក្កដាខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បើទោះមិនទាន់សម្រេចចិត្តថាតើនឹងបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតមួយនេះ ឬយ៉ាងណា។
កាលពីសប្តាហ៍មុន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានប្រកាសបើកឱ្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ត្រៀមខ្លួនដាក់ពាក្យចុះឈ្មោះសម្រាប់សង្កេតមើលការបោះឆ្នោតថ្នាក់ជាតិ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថាប័ន គ.ជ.ប. ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលវីអូអេទទួលបាន។
ទោះជាយ៉ាងណា ការបោះឆ្នោតនាខែកក្កដាខាងមុខ នៅតែជាចម្ងល់មួយសម្រាប់អ្នកតាមដានថាតើអាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ ឬយ៉ាងណា ខណៈមេដឹកនាំបក្សប្រឆាំងនៅជាប់រឿងក្តីក្តាំនៅតុលាការនៅឡើយ។
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាប្រាប់វីអូអេតាមសារអ៊ីម៉ែលនៅថ្ងៃពុធនេះថា រដ្ឋាភិបាលជប៉ុនគិតថា វាមានសារៈសំខាន់សម្រាប់ការបោះឆ្នោតដែលធ្វើឡើងដោយសេរី និងយុត្តិធម៌។ ស្ថានទូតបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នយោបាយនៅកម្ពុជា។ ស្ថានទូតជប៉ុនក៏បានបញ្ជាក់ថា មិនទាន់មានការសម្រេចចិត្តទេថាតើនឹងដាក់អ្នកសង្កេតការណ៍របស់ខ្លួនសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ ឬយ៉ាងណា។
ចំណែកអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កញ្ញា Arzate Stephanie ប្រាប់វីអូអេថា អាមេរិកនៅតែប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងការចង់បាននូវលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ ហើយសំឡេងរបស់ពួកគេត្រូវបានឮ។
អ្នកនាំពាក្យរូបនេះជំរុញឱ្យដំណើរការបោះឆ្នោតប្រកបដោយបរិយាប័ន្ន ដែលភាគីពាក់ព័ន្ធទាំងអស់អាចអនុវត្តបាននូវសិទ្ធិខាងនយោបាយរបស់ពួកគេ។
កញ្ញាប្រាប់វីអូអេតាមសារអ៊ីម៉ែលនាថ្ងៃពុធនេះថា៖ «យើងជំរុញឱ្យអាជ្ញាធរពង្រឹងនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅក្នុងប្រទេសកម្ពុជា ដោយអនុញ្ញាតឱ្យមានទស្សនៈនយោបាយផ្ទុយគ្នា លើកតម្កើងការប្រកួតប្រជែងតាមរយៈការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ ព្រមទាំងលើកកម្ពស់ការផ្លាស់ប្តូរយោបល់គ្នាដោយបើកចំហនិងសេរីផងដែរ»។
ទោះជាយ៉ាងណាក្តី នៅពេលសួរថា តើស្ថានទូតនឹងបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតនាខែកក្កដាខាងមុខឬទេ កញ្ញាមិនមានការបញ្ជាក់នោះឡើយ។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាតាមសារអ៊ីម៉ែលបាននៅឡើយទេ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រាប់វីអូអេថា ដំណើរការបោះឆ្នោតនៅកម្ពុជា កាលពីកន្លងទៅ បានធ្វើឡើងដោយសេរី និងយុត្តិធម៌ ជាពិសេសគោរពទៅតាមច្បាប់ ក៏ដូចជាបទបញ្ជាដែលមានចែង។
លោកបញ្ជាក់ថា៖ «សូមជម្រាបជូនថា ដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោតពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានភាពល្អប្រសើរ ជាពិសេសការបោះឆ្នោតនេះ ត្រូវផ្អែកទៅលើច្បាប់ បទបញ្ជា និងនីតិវិធីដែលមានជាធរមាន»។
ស្ថាប័នរៀបចំការបោះឆ្នោតបានឱ្យដឹងកាលពីសប្តាហ៍មុនថា អ្នកដែលអាចចុះឈ្មោះចូលរួមសង្កេតការណ៍បាន មានដូចជាគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងអន្តរជាតិផងដែរ។ ការចុះឈ្មោះសម្រាប់អ្នកសង្កេតការណ៍ជាតិ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ហើយការចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។
មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក កន សាវាង្ស អះអាងថា អង្គការរបស់លោកនៅមិនទាន់សម្រេចចិត្តថា តើត្រូវដាក់អ្នកសង្កេតការណ៍ ឬយ៉ាងណាទេ ពីព្រោះវាកំពុងស្ថិតនៅក្នុងដំណាក់កាលត្រួតពិនិត្យ។
បើតាមលោក កន សាវាង្ស លោកចង់ឃើញការបោះឆ្នោតនាពេលខាងមុខនេះប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ហើយភាគីពាក់ព័ន្ធទាំងអស់ទទួលយកបាននូវលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខ។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំនៅមិនទាន់អាចវាយតម្លៃនៅក្នុងដំណើរការយ៉ាងម៉េចបានទេ។ អ្វីដែលយើងចង់[ឃើញ]នៅក្នុងដំណើរការនៃការបោះឆ្នោតខាងមុខហ្នឹង យើងចង់ឃើញថា ធ្វើម៉េចគោលការណ៍នៅក្នុងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ត្រូវបានអនុវត្តឱ្យបានពេញលេញ ហើយចង់ឃើញការទទួលយកបានទាំងអស់គ្នា»។
នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះថានិកហ្វិច (NICFEC) លោក សំ គន្ធាមី ប្រាប់វីអូអេថា អង្គការរបស់លោកនឹងចុះឈ្មោះដាក់អ្នកសង្កេតការណ៍ ដោយហេតុថា អង្គការរបស់លោកធ្វើការពាក់ព័ន្ធនឹងលទ្ធិប្រជាធិបតេយ្យ ហើយឃ្លាំមើលការបោះឆ្នោត។
បើតាមលោក សំ គន្ធាមី ស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្ន ហាក់ធ្លាក់ចុះកម្តៅជាងមុន ហើយថា លោកកំពុងតែរង់ចាំមើលសិទ្ធិរបស់ប្រជាពលរដ្ឋ និងសិទ្ធិខាងនយោបាយ ជាពិសេសពាក់ព័ន្ធជាមួយឯករាជ្យភាពរបស់គ.ជ.ប. ដើម្បីអាចវាយតម្លៃថា តើការបោះឆ្នោតនាពេលខាងមុខនេះនឹងមានលក្ខណៈយ៉ាងដូចម្តេច?
លោកបញ្ជាក់ថា៖ «ជាគោលការណ៍យើងមិនអាចវាយតម្លៃអ៊ីចឹងបានទេ។ គោលការណ៍របស់អង្គការខ្ញុំមានការវាយតម្លៃមុនការបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយការបោះឆ្នោត។ បីដំណាក់កាល បានយើងវាយតម្លៃថា ដំណើរការបោះឆ្នោតហ្នឹងដោយសេរី យុត្តិធម៌យ៉ាងម៉េច»។
គួរបញ្ជាក់ថា កាលពីការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ដែលអវត្តមានគណបក្សប្រឆាំងដ៏ធំ គឺអតីតគណបក្សសង្គ្រោះជាតិ ប្រជាពលរដ្ឋមួយចំនួនមិនបានទៅបោះឆ្នោត ឬគូសសន្លឹកចោលមិនអាចប្រើប្រាស់បាន។ សន្លឹកឆ្នោតមិនបានការ មានប្រមាណ៦០ម៉ឺនសន្លឹក។ នេះបើយោងតាមទិន្នន័យរបស់គ.ជ.ប.។
នៅមុនការបោះឆ្នោតថ្នាក់ជាតិមកដល់ គណបក្សក្រៅរដ្ឋាភិបាលមួយចំនួនបានខិតខំលើកសំណើមួយចំនួនពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធបោះឆ្នោត ហើយសំណើទាំងនោះបានដាក់ទៅស្ថាប័នគ.ជ.ប. និងទៅរដ្ឋសភាជាតិ ប៉ុន្តែមិនមានការឆ្លើយតបណាមួយជាវិជ្ជមាននោះឡើយ៕