ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាជន​កម្ពុជា​ដក​ពាក្យ​បណ្តឹង​លើ​លោក​ គង់ គាំ ​ក្រោយ​លោក​ចាក​ចេញ​ពី​គណបក្ស​ភ្លើងទៀន​


លោក គង់ គាំ អ្នកនយោបាយជើងចាស់មួយរូបនិងអតីតទីប្រឹក្សាគណបក្សភ្លើងទៀន ថ្លែងនៅក្នុងកម្មវិធីមួយរបស់គណបក្ស មុនពេលលោកសម្រេចលាលែងចេញពីតំណែងជាទីប្រឹក្សានិងឈប់ធ្វើនយោបាយ។ (Facebook/គង់ គាំ-Kong Korm)
លោក គង់ គាំ អ្នកនយោបាយជើងចាស់មួយរូបនិងអតីតទីប្រឹក្សាគណបក្សភ្លើងទៀន ថ្លែងនៅក្នុងកម្មវិធីមួយរបស់គណបក្ស មុនពេលលោកសម្រេចលាលែងចេញពីតំណែងជាទីប្រឹក្សានិងឈប់ធ្វើនយោបាយ។ (Facebook/គង់ គាំ-Kong Korm)

គណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ​បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​លើ​លោក គង់ គាំ ​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រូប ​ក្រោយ​រូប​លោក​បាន​ប្រកាស​សុំ​ទោ​ស​ជា​សាធារណៈ ​និង​ចាក​ចេញ​ពី​គណបក្ស​ភ្លើង​ទៀន។ ​នេះ​បើ​យោង​តាម​ឯកសារ​សុំ​ដក​ពាក្យ​បណ្តឹ​ង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ​ចុះ​ថ្ងៃទី​៣ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២៣ ​ដាក់​ទៅ​តុលាការ​ខេត្ត​ត្បូង​ឃ្មុំ ​ដែល​វីអូអេ​ទទួល​បាន។​

គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូង​ឃ្មុំ​ កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​មករា​ ឆ្នាំ​២០២៣ ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​ ដោយ​ប្តឹង​លោក ​គង់ គាំ ​អតីត​ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន ​ពី​បទ​«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ ​ចលាចល​ អសន្តិសុខ​ក្នុង​សង្គម»។​ ពាក្យ​បណ្តឹង​នោះ​ទាក់​ទង​នឹង​ការ​ថ្លែង​របស់​លោក​ក្នុង​វេទិកា​សាធារណៈ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្នាក់​ការ​គណបក្ស​ភ្លើង​ទៀន​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ កាល​ពី​ថ្ងៃទី​៧​ ខែ​មករា ​ឆ្នាំ​២០២៣ ​ដែល​និយាយ​អំពី​ការ​ដឹង​គុណ​ថ្ងៃ​៧ ​មករា។​

គណបក្ស​កាន់​អំណាច​បាន​បញ្ជាក់​ក្នុង​លិខិត​ដក​ពាក្យ​បណ្តឹង​ថា៖ ​«កាល​ពី​ពេល​ថ្មីៗ​នេះ ​ឈ្មោះ​គង់​ គាំ ​ភេទ​ប្រុស​ បាន​សារភាព​ទទួល​នូវ​កំហុស​ និង​បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ។ ​ហេតុ​ដូច​នេះ​ គណៈកម្មាធិការ​គណ​បក្ស​ប្រជា​ជន​ខេត្ត​ត្បូង​ឃ្មុំ​សម្រេច​ចិត្ត​ដក​ពាក្យ​បណ្តឹង​ ចុះ​ថ្ងៃទី​១០ ​ខែ​មករា ​ឆ្នាំ​២០២៣​ចេញ​ពី​សំ​ណុំ​រឿង​ព្រហ្ម​ទណ្ឌ​ខាង​លើ»។​

លោក ​ហេង ចាន់វាសនា ​ដែល​ជា​មេធាវី​ម្នាក់រៀបចំ​ពាក្យ​បណ្តឹង​តំណាងឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ នៅ​ពេល​អ្នក​សារ​ព័ត៌មាន​វីអូអេ​ទាក់​ទង​ ដោយឱ្យ​សួរ​គណៈកម្មាធិការ​គណ​បក្ស​ប្រជាជន​ខេត្ត​ត្បូងឃ្មុំ​វិញ។​

លោក ​គង់ គាំ ​បាន​លាលែង​ពី​តំណែង​ឧត្តម​ទីប្រឹក្សា​របស់​គណបក្ស​ភ្លើង​ទៀន​ កាល​ពី​ថ្ងៃ​ទី៣១​ ខែ​មករា ​ឆ្នាំ​២០២៣ ​ក្រោយ​មាន​រឿង​ចម្រូង​ចម្រាស​លើ​ដី​របស់​លោក​ក្នុង​ខណ្ឌ​ចំការមន​ រហូត​ដល់​មាន​ការ​ប្រគល់​ដី​ទៅ​ក្រសួង​ការ​បរទេស​វិញ។​

វីអូអេ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ​គង់ គាំ ​បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ចន្ទ​នេះ។ លោក​ គង់ មុនីកា ​កូនប្រុស​របស់​លោក​ប្រាប់​វីអូអេ​ថា​ ការ​សុំ​ទោស​របស់​ឪពុក​របស់​លោក​ ហើយ​មាន​ការ​ដក​ពាក្យ​បណ្តឹង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ការ​ល្អ​ ដោយ​ហេតុ​ថា​វា​បង្ហាញ​ពី​ការ​យោគយល់​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា។​

លោក​ថ្លែង​ថា៖​ «ដូច្នេះ​ហើយ​ខ្ញុំគិត​ថា​ នេះ​ជារឿង​ល្អ ​ហើយ​ជា​គំរូ​មួយល្អ​ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​ ស្ថាន​ភាព​ទាំង​ឡាយ​នឹង​ត្រឡប់​ទៅ​រក​ភាព​ល្អ​ប្រសើរ​ដូច​ដើម​វិញ»។​

សាស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ ​លោក​ ឯម សុវណ្ណារ៉ា​ កត់​សម្គាល់​ថា​ អ្នក​ពាក់​ព័ន្ធ​ជា​មួយ​គណបក្ស​ប្រឆាំង​នឹង​ប្រឈម​បញ្ហា​ច្រើន​ ដូច​ជា​រង​សម្ពាធ​តាម​រយៈ​ការ​ប្តឹង​ផ្តល់​តាម​ផ្លូវតុលាការ​ និង​តាម​មធ្យោបាយ​ផ្សេងៗ​ផង​ដែរ ​នៅ​មុន​ការ​បោះ​ឆ្នោត។​

លោក​បញ្ជាក់​ថា៖​ «ការ​គ្មាន​នរណា​ ឬ​ក៏​អ្នក​នយោបាយ​ហ៊ាន​ប្រឆាំង​ឬក៏​ធ្វើ​នយោបាយ​ប្រឈម​ជា​មួយ​នឹង​គណ​បក្ស​កាន់​អំណាច​គឺ​ប្រឈម​នឹង​ការ​ប្តឹង ​ដាក់​បន្ទុក​អី​ជា​ដើម ​ជា​បញ្ហា​មួយ​ ហើយ​បើ​សិន​ជា​គាត់​គេច​មក​រស់​នៅ​ជា​ធម្មតា​មិន​មាន​បញ្ហា​ទេ។ ​អាហ្នឹង​វា​បង្ហាញ​នូវ​ការ​រឹត​ត្បិត​ទៅ​ខាង​លម្ហ​សេរី​ភាព​នយោបាយ​មួយ​ដែរ»។​

បើ​តាម​លោក ​ឯម សុវណ្ណារ៉ា​ កាល​ណា​លម្ហ​សេរី​ភាព​នយោបាយ​មិន​ត្រូវ​បាន​បើក​ទូលាយ​ នោះ​បរិយាកាស​នយោបាយ​នឹង​មិន​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​ឡើយ។ ​លោក​បន្ថែម​ថា​ លម្ហ​សេរីភាព​នយោបាយ​កាន់​តែ​រួមតូច ​និង​រឹតត្បិត​មុន​ការ​បោះ​ឆ្នោត​ ហើយ​លោក​មិន​រំពឹង​ថា ​ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ​និង​យុត្តិធម៌​ទៅ​តាម​គោល​ការណ៍​បោះ​ឆ្នោត​ទេ។​ ការណ៍​នេះ​វា​នឹង​មិន​សូវ​ទទួល​បាន​ការ​ឱ្យតម្លៃ​ពី​សហគមន៍​អន្តរ​ជាតិ​ឡើយ។​

មេធាវី​លោក សុក សំអឿន​ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​សុំណុំ​រឿង​ព្រហ្ម​ទណ្ឌ​នៅ​កម្ពុជា​មាន​ពីរ​ប្រភេទ​ ដែល​ប្រភេទ​ទី​មួយ​ពាក់ព័ន្ធ​ជាមួយ​ការ​លួច ​ឆក់ ​និង​សម្លាប់​ជីវិត​អ្នក​ដទៃ ​ត្រូវ​តែ​ដោះ​ស្រាយ​តាម​នីតិវិធី​តុលាការ។​ ចំណែក​ប្រភេទ​ទី​ពីរ​ពាក់ព័ន្ធ​ជា​មួយ​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​ប៉ះ​ពាល់​ដល់​កិត្តិយស​របស់​ភាគី​ម្ខាង​ទៀត។ ត្រង់​ចំណុច​នេះ​បើ​សិន​ជា​ដើម​បណ្តឹង​ដក​ពាក្យ​បណ្តឹង ​វា​មាន​ន័យ​ថា ​ករណី​នេះ​បាន​បញ្ចប់​ហើយ។​

លោក​ថ្លែង​ថា៖ «ពាក្យ​បណ្តឹង​គឺ​ជា​ធាតុ​ផ្សំ​មាន​ន័យ​ថា​ បើ​សិន​ជា​គេ​ដក​ពាក្យ​បណ្តឹង​ ​វា​ចប់​ហើយ។ ​ឧទាហរណ៍​ដូច​ជា​បរិហារ​កេរ្តិ៍​អ៊ីចឹង​ ​បើ​សិន​ជា​សាមី​ខ្លួន​គេ​ថា​ ​ខ្ញុំ​ឈប់​គិត​ថា​ ជា​វា​ប៉ះ​ពាល់​ដល់​កិត្តិយស​របស់​ខ្ញុំ​ទៀត​ហើយ​ វា​ចប់​ហើយ»។​

​នៅ​ក្នុង​សំណុំ​រឿង​លោក ​គង់ គាំ​ នេះ​ក៏​មាន​ការ​ព្រមាន​ប្តឹង​ពី​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ផង​ដែរ​ រហូត​ដល់​លោក​គង់ គាំ​ ដែល​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួង​ការ​បរទេស​បាន​ព្រម​ប្រគល់​ដី​ទំហំ​៥.២៩០​ម៉ែត្រ​ការ៉េ ​ស្ថិត​ក្នុង​ភូមិ​៥ ​សង្កាត់​ទន្លេ​បា​សាក់ ​ខណ្ឌ​ចំការមន​ទៅ​ក្រសួង​ការ​បរទេស​វិញ។​

លោក ​គង់ គាំ ​បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការ​សម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដក​ហូត​យក​ដីធ្លី​ និង​ផ្ទះ​សម្បែង​របស់​លោក​ តែ​លោក​បាន​ថ្លែង​អំណរ​គុណ​លោក​នាយក​រដ្ឋមន្ត្រី​ដែល​អនុគ្រោះ​មិន​បន្ត​បណ្តឹង​ទៅ​តុលាការ៕

XS
SM
MD
LG