ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមត្ថកិច្ចថា ករណី​ជនបរទេស​៥៧នាក់​រត់​ចេញ​ពី​កាស៊ីណូ​នៅ​អូរស្មាច់​ជា​វិវាទ​ការងារ


ក្នុងរូបដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុក Meatophoum News បង្ហាញពីជនបរទេសជិត៦០នាក់ដែលបាននាំគ្នារត់ចេញពីអគារកាស៊ីណូត្រង់ចំណុចច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥។ (Facebook / Meatophoum News)
ក្នុងរូបដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុក Meatophoum News បង្ហាញពីជនបរទេសជិត៦០នាក់ដែលបាននាំគ្នារត់ចេញពីអគារកាស៊ីណូត្រង់ចំណុចច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥។ (Facebook / Meatophoum News)

សមត្ថកិច្ច​អះអាង​ថា ករណី​ជន​បរទេស ​៥៧ ​នាក់​ដែលបានសម្រុក​ចេញ​ពីកាស៊ីណូ​អូរស្មាច់​រីសត ក្នុងខេត្ត​ឧត្តរ​មាន​ជ័យ​ គឺជា​វិវាទ​ការងារ ខណៈ​អ្នក​ការពារ​សិទ្ធិ​ជំរុញ​ឲ្យមាន​ការ​ស៊ើប​អង្កេត​ករណី​បោក​បញ្ឆោត​ និង​ជួញដូរ​មនុស្ស​។

ក្នុង​សេចក្តី​បំភ្លឺ​ព័ត៌មាន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ​ ចេញ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ ​២០២៥ បញ្ជាក់​ថា បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​អូរស្មាច់​រីសត​ចំនួន​ ៥៧ ​នាក់ ដែល​មាន​ជនជាតិ​ប៉ាគីស្ថាន​ចំនួន​ ៥៣ ​នាក់ និង​ជនជាតិ​នេប៉ាល់​ចំនួន​ ៤ នាក់ បាន​តវ៉ាហើយ​បាននាំគ្នា​ដើរចេញពីក្រុមហ៊ុន​ កាលពី​រសៀល​ថ្ងៃទី​ ៥ ខែ​មករា ឆ្នាំ​ ២០២៥។ បើតាម​ការ​សាកសួរ​របស់​សមត្ថកិច្ច ជនបរទេស​ទាំងនោះបាន​ធ្វើការ​ក្នុង​ក្រុមហ៊ុន​មួយ​នៅ​ក្រុង​ព្រះសីហនុ អស់រយៈពេល ២​ ទៅ ៣ ​ខែ​ ដោយ​មិន​ទទួល​បាន​ប្រាក់​ខែ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​អូរស្មាច់​រីសត​ ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​វិញ។

សេចក្តីបំភ្លឺ​ដដែល​បន្ថែម​ថា ក្រោយ​ពួកគេ​ធ្វើការ​នៅ​កាស៊ីណូ​អូរស្មាច់រីសត​បាន​រយៈពេល ១០ ​ថ្ងៃ ពួកគេ​ត្រូវ​បាន​អ្នកគ្រប់គ្រង​ជនជាតិ​ចិន​ឲ្យធ្វើការ​ដោយ​គ្មានថ្ងៃ​សម្រាក។ ដោយ​បារម្ភ​ថា​មិន​ទទួល​បាន​ប្រាក់ខែ ពួកគេបាននាំគ្នា​តវ៉ានិង​ដើរ​ចេញ​ពី​ក្រុមហ៊ុន​ដោយមាន​កាន់​ដំបង​ឈើ ​ដោយ​ខ្លះ​តវ៉ា​ឲ្យ​មាន​ការ​ឈប់សម្រាក​គ្រប់គ្រាន់ ខ្លះ​ចង់​បន្ត​ការងារ​នៅ​កន្លែង​ដដែល​ ​ខ្លះ​ចង់​ទៅ​ធ្វើការងារ​នៅ​ក្រុងព្រះសីហនុ និង​ខ្លះ​ចង់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។

សេចក្តីបំភ្លឺ​ដដែលបន្ថែម​តាមន័យ​ដើម​ថា៖ «ក្រោយ​ធ្វើការ​សាកសួរ​ទៅ​លើជនបរទេស​ទាំង ​៥៧​ នាក់​នោះរួច ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជូន​ជនជាតិ​ប៉ាគីស្ថាន​ទាំង​ ៥៣ នាក់ (ស្រី ២ នាក់) និង​នេប៉ាល់​ ៤ នាក់ ​ទៅ​ស្នាក់ការ​នៃ​អគ្គនា​យកដ្ឋាន​អន្តោប្រវេសន៍​ប្រចាំ​ខេត្ត​សៀមរាប ដើម្បី​បន្ត​នីតិវិធី»។

ក្នុង​សេចក្តី​បំភ្លឺព័ត៌មាន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ មិនមាន​បញ្ជាក់​អំពី​វិធានការ​ណាមួយ​លើក្រុមហ៊ុន​កាស៊ីណូនោះ​ទេ។

វីអូអេ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក សុខ វាសនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍បាន​នៅ​ឡើយ​ទេ។

ក្រុមហ៊ុន​កាស៊ីណូ​អូរស្មាច់​រីសត គឺ​ជា​របស់​លោក លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា។ ក្រុមហ៊ុន​នេះ​ស្ថិត​ក្នុង​បញ្ជីដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្មបង្កក​ទ្រព្យ​សម្បត្តិដោយ​សារ​លោក លី យ៉ុងផាត់ និង​សម្ព័ន្ធ​អាជីវកម្ម​របស់​លោក​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ និង​រូបិយបណ្ណ​គ្រីបតូ។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​បរទេស​របស់​ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក​ ហៅ​កាត់​ថា​ OFAC។

លោក ទូច សុខៈ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​វីអូអេនៅ​ថ្ងៃ​ពុធ​ថា ករណី​ជនបរទេស​ទាំង​ ៥៧ ​នាក់​ នៅ​កាស៊ីណូ​អូរស្មាច់​រីសតនេះ គឺជា​វិវាទ​ការងារ ដូច្នេះ​ជា​សមត្ថកិច្ច​របស់​ក្រសួង​ការងារ​។​ លោក​បន្ថែមថា នាយកដ្ឋាន​អន្តោប្រវេសន៍​ខេត្ត​សៀមរាប​នឹង​សម្រេច​ថា​នឹង​ត្រូវ​បញ្ជូន​ជន​បរទេស​ទាំង ​៥៧ ​នាក់​នោះ​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​ឬ​យ៉ាងណា ក្រោយការ​ត្រួត​ពិនិត្យ​ចប់។​

លោក ទូច សុខៈ ថ្លែងថា៖ «ខាង​ជំនាញ​អន្តោប្រវេសន៍​លោក​នឹង​ពិនិត្យ​បន្ត​ទៅ​ទៀត​ថា​តើ​ពួកគាត់​ចូល​មក​ប្រទេស​កម្ពុជា​ត្រឹមត្រូវ​តាម​ច្បាប់ដែរ​ឬអត់?​ ហើយ​ពួកគាត់ធ្វើការ​នៅ​ក្រុមហ៊ុនលើ​ទឹកដី​កម្ពុជា​ហ្នឹង​ស្របច្បាប់​អត់? បាន​ន័យ​ថា ​គាត់​មាន​សៀវភៅ​ការងារ​សម្រាប់​ជន​បរទេស​ដែរ​ឬអត់? ហើយ​គាត់​មាន​វីសាសម្រាប់​ចូល​មក​ធ្វើ​ការងារ​ដែរ​ឬ​អត់? បើសិន​ជំនាញ​ពិនិត្យ​ឃើញ​ថា​មិន​ដូច​អ្វី​ដែល​បង​លើក​ឡើង​នេះទេ​ ជំនាញ​អាច​នឹង​ស្នើ​សុំ​មក​កាន់​ក្រសួង​មហាផ្ទៃ​ដើម្បី​បញ្ជូន​ពួកគាត់​ចេញ​ទៅ​កាន់​ប្រទេស​កំណើត​រៀងៗ​ខ្លួន»។​

អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អន ប្រាប់​វីអូអេ​ជា​សារអក្សរ​លើ​បណ្តាញសង្គម​តេឡេក្រាម​ថា ​មន្ទីរការងារ​កំពុង​ពិនិត្យ​លើ​ករណី​នេះ។

លោក​បន្ថែម​តាមន័យ​ដើម​ថា៖ «មន្ទីរ​ការងារ​បាន​ទាក់ទង​ផ្នែក​រដ្ឋបាល​កាស៊ីណូ និង​ក្រុមហ៊ុន​នោះ ដើម្បី​ពិនិត្យ និង​សួរនាំ​លើ​ករណីវិវាទ​ការងារ។ ការដោះ​ស្រាយ​វិវាទ​ការងារ ក្រសួង​អនុវត្ត​តាម​យន្តការ និង​នីតិវីធី​ដោះស្រាយ​វិវាទ​ការងារ ដូចមាន​ចែង​ក្នុង​ច្បាប់ស្តីពី​ការងារ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ»។​

វីអូអេ​មិន​អាច​ទាក់ទង​សុំការ​អត្ថាធិប្បាយ​ពី​លោក លី យ៉ុងផាត់ ​បានទេ គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ។

កន្លង​មក ​គេ​ឃើញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​ដូចជា The New York Times និង​ The Diplomat ជាដើម បាន​រាយការណ៍​ពី​ការ​ជួញដូរមនុស្ស ​ការ​ធ្វើ​ទារុណកម្ម​ និង​ការលោតពី​លើ​អគារ​ក្នុង​តំបន់​កាស៊ីណូ​អូរស្មាច់រីសត។

លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់​លើកឡើង​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​គួរតែ​មាន​ការ​ស៊ើបអង្កេត​មួយជាក់លាក់​ថា ​តើ​ជនបរទេស​ទាំង​នោះ​មក​កម្ពុជា​ក្នុង​ទម្រង់​នៃ​ការ​ឆបោក ឬ​ជួញដូរ​មនុស្ស ឬ​គ្រាន់តែ​រងគ្រោះ​ពី​វិវាទ​ការងារ។​

លោក​បន្ថែម​ថា៖ «អ៊ីចឹង​ករណី​នេះ​ត្រូវ​ញែក​ឲ្យដាច់​ជា​ពីរ​ឲ្យមាន​ភាពច្បាស់លាស់។​ ដំណើរការ​នៃ​ការ​ជ្រើសរើស​របស់ពួកគាត់ ហើយ​ចុង​បញ្ចប់​ពួកគាត់​ត្រូវ​បាន​បញ្ជូន​មក​ធ្វើការ​ងារ​នៅ​កាស៊ីណូ​អូរស្មាច់​នេះ វាពាក់ព័ន្ធ​ទំនាក់​ទំនង​គ្នា​នៅ​ទីតាំងកន្លែង​ធ្វើការ​នៅ​ខេត្តព្រះសីហនុ និង​ការបញ្ជូន​ពួកគាត់​មក​ធ្វើការ​នៅ​កាស៊ីណូ​នៅ​អូរស្មាច់។ ពីរនេះ ​វាអាច​មាន​ទំនាក់​ទំនង​គ្នា​ហើយ​ត្រូវ​មាន​ការ​ស៊ើបអង្កេត​ឲ្យមាន​ភាព​ច្បាស់​លាស់»។

ក្នុងរបាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (UN​OHCHR) ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​សីហា​ ឆ្នាំ ​២០២៣​ បង្ហាញ​ថា មនុស្ស​ប្រមាណ​ជា​ ១០ ​ម៉ឺន​នាក់​ដែល​ជា​ជន​បរទេស​ត្រូវ​បាន​បង្ខំ​ឲ្យធ្វើ​ការងារ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ​បាន​កើត​ឡើង​ក្នុង​ប្រទេស​ចំនួន​ ៥ ​នៅតំបន់​អាស៊ី​អាគ្នេយ៍​ រួម​មាន​កម្ពុជា ​ថៃ ​ឡាវ​ មីយ៉ាន់ម៉ា ​និង​ហ្វីលីពីន៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG