គណបក្សប្រជាជនកម្ពុជាមានសុទិដ្ឋិនិយមថា ខ្លួននឹងទទួលបានជ័យជម្នះពីការបោះឆ្នោតថ្នាក់ជាតិ ក្នុងខែកក្កដាខាងមុខ ដើម្បីគ្រប់គ្រងអំណាចបន្តទៀត និងបានប្តេជ្ញាកម្ចាត់នយោបាយនិងសកម្មភាពជ្រុលនិយមគ្រប់រូបភាពឲ្យអស់ពីសង្គមកម្ពុជា មិនទុកឲ្យនិន្នាការនេះបង្កការបែកបាក់ជាតិនោះឡើយ។ នេះបើតាមអ្នកនាំពាក្យមួយរូបរបស់គណបក្សកាន់អំណាច និងសេចក្តីសម្រេចចិត្តមួយរបស់មហាសន្និបាតគណបក្សនេះ។
គណបក្សប្រជាជនកម្ពុជា ដែលគ្រប់គ្រងប្រទេសកម្ពុជាជាង៤០ឆ្នាំទើបតែបានបិទបញ្ចប់មហាសន្និបាតវិសាមញ្ញរបស់ខ្លួនកាលពីថ្ងៃទី២៨ និង២៩ខែមករា ដើម្បីពិនិត្យឡើងវិញនូវភាពខ្វះចន្លោះនៃភាពជាអ្នកដឹកនាំរបស់ខ្លួន និងរៀបចំកម្មវិធីនយោបាយថ្មីៗដែលត្រូវអនុវត្តដើម្បីប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ក្រោយពីបិទបញ្ចប់មហាសន្និបាតវិសាមញ្ញដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកជាង៣០០០នាក់នោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ដោយសង្កត់ធ្ងន់ថា គណបក្សគ្រប់គ្រងប្រទេសមានសុទិដ្ឋិនិយមខ្ពស់ថា ខ្លួននឹងទទួលបានជ័យជម្នះ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣នេះ។
លោកថ្លែងថា៖ «សម្រាប់គណបក្សប្រជាជនគឺមានក្តីសង្ឃឹមខ្ពង់មែនទែន [ក្នុងការទទួលបានជ័យជម្នះពីការបោះឆ្នោតថ្នាក់ជាតិ] ដោយសារគណបក្សប្រជាជនកម្ពុជាមានកម្មវិធីនយោបាយស្របទៅតាមតម្រូវការ ក៏ដូចជាសំណូមពររបស់ប្រទេសជាតិ និងតម្រូវការរបស់ប្រជាជនទូទាំងប្រទេស»។
បើតាមលោកសុខ ឥសាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបង្ហើបឲ្យដឹងពីកិច្ចសន្យានយោបាយសំខាន់ៗមួយចំនួនរបស់គណបក្សដែលផ្តោតជាចម្បងលើប្រជាកសិករ និងយកចិត្តទុកដាក់គាំពារលើអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលរួមមានអ្នកលក់ដូរតាមផ្លូវ និងអ្នកធ្វើការតាមកន្លែងកម្សាន្តនានា នៅទូទាំងប្រទេស។ រដ្ឋាភិបាលអាចនឹងផ្តល់បណ្ណក្រីក្រ និងបណ្ណប.ស.ស.ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋទាំងនោះ។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនោះបន្ថែមថា អ្វីដែលអាចធ្វើឲ្យបក្សកាន់អំណាចឈ្នះការបោះឆ្នោតបាននោះគឺស្នាដៃ និងការកសាងសមិទ្ធផលនានា និងតាមរយៈគោលនយោបាយស្របទៅតាមបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជន។
លោកថ្លែងថា៖ «ខ្ញុំយល់ថា ទាំងអស់នេះហើយវាជាគុណសម្បត្តិ ដោយត្រួសៗតែប៉ុណ្ណោះទេ ក៏ប៉ុន្តែវាមានអត្ថន័យសម្រាប់អាយុជីវិតរបស់ប្រទេសជាតិ និងប្រជាជនរបស់យើង ហើយយើងមានសុទិដ្ឋិនិយមយ៉ាងឧត្តុង្គឧត្តម យ៉ាងខ្ពង់ខ្ពស់ថា ឆន្ទៈប្រជាពលរដ្ឋនឹងប្រគល់ឲ្យគណបក្សប្រជាជនកម្ពុជាបន្តបេសកកម្មក្នុងការដឹកនាំប្រទេសជាតិឆ្ពោះទៅ...កាន់តែមានការរីកចម្រើនតទៅមុខទៀត»។
បើតាមមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ និង២៩ ខែមករា គឺបានដាក់ចេញសេចក្តីសម្រេចចិត្តមួយចំនួន ដែលក្នុងនោះក៏មានការពិភាក្សា និងអនុម័តលើ«កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់កសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨» និងការគាំទ្រកូនប្រុសច្បងរបស់លោកហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគតផងដែរ។
ក្រៅពីនេះ គណបក្សកាន់អំណាចសម្រេច«ប្រឆាំងដាច់ខាតរាល់សកម្មភាពប្រទូសរ៉ាយ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជា»។ នេះបើតាមលិខិតមួយមានកម្រាស់៤ទំព័រចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ដែលបញ្ជាក់ពីសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជា។
ស្របពេលមានការប្រកាសរបស់គណបក្សគ្រប់គ្រងប្រទេសជុំវិញជោគជ័យលើការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣នោះ គណបក្សក្រៅរដ្ឋាភិបាលមួយចំនួនក៏រំពឹងថា ពួកគេនឹងទទួលបានជ័យជម្នះផងដែរ ប៉ុន្តែពួកគេនៅបារម្ភអំពីភាពត្រឹមត្រូវនៃការបោះឆ្នោត និងការគំរាមកំហែងខាងផ្នែកនយោបាយ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោកគីមសួរ ភីរិទ្ធ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា គណបក្សភ្លើងទៀនមានជំនឿមុតមាំថា នឹងទទួលបានការគាំទ្រច្រើនពីអ្នកបោះឆ្នោត ដើម្បីឈានទៅយកឈ្នះការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ បើមើលតាមសន្ទុះនៃការគាំទ្រពីការបោះឆ្នោតឃុំសង្កាត់កន្លងមក។
ក៏ប៉ុន្តែភាពត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោតគឺជាក្តីបារម្ភរបស់លោកគីមសួរ ភីរិទ្ធ។ អ្នកនាំពាក្យគណបក្សជំទាស់រូបនោះបន្ថែមថា ការគំរាមកំហែងខាងនយោបាយ និងការដាក់សម្ពាធលើគូប្រកួតប្រជែងក៏ពុំគួរកើតមានមុនការបោះឆ្នោត ហើយអាជ្ញាធរពាក់ព័ន្ធក្នុងការដំណើរការរៀបចំការបោះឆ្នោតក៏ត្រូវធានាឲ្យបាននូវភាពស្មើគ្នាចំពោះការធ្វើសកម្មភាពនយោបាយ និងឃោសនាគោលនយោបាយរបស់គណបក្សនីមួយៗដែលចូលរួមការបោះឆ្នោត។
លោកថ្លែងថា៖ «ជាក់ស្តែង យើងឃើញហើយការបោះឆ្នោតឃុំសង្កាត់ យើងធ្វើតែមួយឆ្នាំ យើងបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់។ អ៊ីចឹងការបោះឆ្នោតជាតិហ្នឹង យើងក៏មានសង្ឃឹម សុទិដ្ឋិនិយមដូចតែគ្នាហ្នឹង ប្រសិនបើការបោះឆ្នោតហ្នឹងមានលក្ខណៈត្រឹមត្រូវ សេរី និងយុត្តិធម៌»។
អនុប្រធានគណបក្សខ្មែររួបរួមជាតិលោកយ៉ែម បុញ្ញឫទ្ធិ ថ្លែងថា គណបក្សខ្មែររួបរួមជាតិកំពុងធ្វើសកម្មភាព កៀរគរការគាំទ្រដើម្បីធ្វើយ៉ាងណា អាចឈានទៅដណ្តើមយកកៅអីសភាជាតិមួយចំនួន ដែលអាចធ្វើជាតំណាងរបស់ប្រជាពលរដ្ឋ ហើយយកបញ្ហាប្រជាពលរដ្ឋទៅជជែកពិភាក្សាក្នុងរដ្ឋសភា។
លោកប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «ក្នុងនាមថ្នាក់ដឹកនាំគណបក្សរួមរួបជាតិ យើងមានសុទិដ្ឋិនិយម និងក្តីសង្ឃឹមថា យើងនឹងឲ្យមានភាពជាតំណាងនៅក្នុងថ្នាក់ជាតិ និងសភាជាតិ»។
លោកបន្ថែមថា បរិយាកាសនយោបាយនៅកម្ពុជាមិនទាន់មានភាពប្រសើរនៅឡើយ ដែលតម្រូវឲ្យភាគីពាក់ព័ន្ធចូលរួមកែលម្អដើម្បីបើកផ្លូវឲ្យប្រជាពលរដ្ឋអាចប្រើប្រាស់សិទ្ធិពេញលេញក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយសេរីក្នុងការជ្រើសរើសមេដឹកនាំប្រទេសដែលពួកគេចង់បាន។
ដោយឡែក សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ថ្លែងថា ការអះអាងពីជ័យជម្នះលើការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាអាចធ្វើឲ្យប៉ះពាល់លើការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសមេដឹកនាំប្រទេស។
យ៉ាងណាក៏ដោយ លោកយល់ថា ប្រសិនបើមានការបោះឆ្នោតមួយដែលរៀបចំ ដោយភាពសុក្រឹត និងយុត្តិធម៌ដែលលទ្ធផលអាចទទួលយកបានពីដៃគូប្រជែងនយោបាយក្នុងការបោះឆ្នោតនោះ វាមិនប្រាកដថា គណបក្សប្រជាជនអាចទទួលបានជ័យជម្នះទាំងស្រុងទេ។
លោកបញ្ជាក់ថា៖ «ការប្រកាសរបស់គណបក្សកាន់អំណាច គណបក្សប្រជាជនហ្នឹង ថា នឹងកាន់កាប់មួយអាណត្តិទៀតហ្នឹង ហាក់ដូចយើងដឹងលទ្ធផលមុនអ៊ីចឹង។ ទីមួយ ធ្វើឲ្យអ្នកចូលរួម ឬក៏អ្នកបោះឆ្នោតបាត់ការចូលរួមដោយចិត្តមិនសូវចង់ចូលរួម ដោយសារដឹង។ ប្រកាសលទ្ធផលអ៊ីចឹងគាត់ពិបាកដែរ»។
ទាក់ទិនការប្រកាសរបស់របស់គណបក្សប្រជាជនកម្ពុជាដែលប្តេជ្ញាកម្ចាត់នយោបាយ និងសកម្មភាពជ្រុលនិយមតាមគ្រប់រូបភាពឲ្យអស់ពីសង្គមកម្ពុជានោះ លោក ឯម សុវណ្ណារ៉ាថ្លែងថា ការធ្វើយ៉ាងដូច្នេះមិនបានផ្តល់ផលចំណេញដល់ពលរដ្ឋទេ តែថែមទាំងអាចធ្វើឲ្យឃើញសង្គមមួយមានការបែបបាក់ខ្លាំងទៅវិញ។ ដូច្នេះលោកថា កម្ពុជាត្រូវដើរតាមបន្ទាត់រដ្ឋធម្មនុញ្ញដើម្បីបញ្ចៀសការប្រេះឆាខាងនយោបាយ។
លោកបន្ថែមថា៖ «កាលណាមិនកំណត់ច្បាស់លាស់នៃនិយមន័យអ្នកនយោបាយជ្រុលនិយមទេ អ៊ីចឹងវានៅលើការចោទប្រកាន់ ឬដាក់បន្ទុករបស់អ្នកមានអំណាច។ អ៊ីចឹងអ្នកអត់អំណាច ប្រជាពលរដ្ឋ ឬអ្នកនយោបាយដែលមិនទាន់មានអំណាច គាត់ពិបាកក្នុងការការពារខ្លួនណាស់។ ហើយចរន្តបែបនេះវាធ្វើឲ្យសង្គមកម្ពុជាវាហាក់ដូចជាបែងចែកនិន្នាការគ្នា អាចជាចរន្តពីរប្រឈមនឹងការបែកបាក់ គឺអត់មានការស្រុះស្រួល ឬក៏ការត្រូវរ៉ូវគ្នាទេ»។
គួររំឭកថា ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ដើម្បីជ្រើសរើសតំណាងរាស្ត្រឲ្យទៅបម្រើការនៅរដ្ឋសភាជាតិ ដែលបច្ចុប្បន្នត្រូវគេដឹងថា មានតែអ្នកតំណាងរាស្ត្រគណបក្សកាន់អំណាចតែប៉ុណ្ណោះកំពុងធ្វើការនៅទីនោះក្នុងសភាពស្ងប់ស្ងាត់ ហើយការធ្វើច្បាប់ក៏មិនប្រឈមនឹងភាពរាំងស្ទះផងដែរ៕