របាយការណ៍ស្តីពីស្ថានភាពស្បៀងអាហារនិងកសិកម្មក្នុងឆ្នាំ២០១៥ របស់អង្គការសហប្រជាជាតិ ហៅកាត់ថា SOFA បានឲ្យដឹងថា «មានការរីកចម្រើនគួរឲ្យកត់សម្គាល់» នៅប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ក្នុងការលុបបំបាត់ភាពអត់ឃ្លាននិងភាពក្រីក្រនៅទូទាំងសាកលលោក។ ក៏ប៉ុន្តែ របាយការណ៍នេះក៏បានឲ្យដឹងដែរថា ភាពជឿនលឿននៃការរីកចម្រើននេះគឺមិនស្មើគ្នាទេ ហើយមានប្រជាជនប្រហែល៧៩៥លាននាក់ «កំពុងតែបន្តរងគ្រោះដោយសារភាពអត់ឃ្លាន»។ ចំនួនអ្នកទទួលរងគ្រោះទាំងនោះរួមបញ្ចូលទាំងកសិករ ដែលប្រកបរបរធ្វើស្រែចម្ការខ្នាតតូចជាច្រើនផងដែរ។
លោក José Graziano da Silva ជាអគ្គនាយកនៃអង្គការ FAO និយាយថា នេះជា «រឿងដែលត្រូវតែធ្វើជាបន្ទាន់ដើម្បីគាំទ្រដល់ប្រជាជនដែលងាយរងគ្រោះជាងគេ ឲ្យរួចផុតពីពិភពនៃភាពអត់ឃ្លាន»។
លោកនិយាយថា៖ «យើងមិនត្រឹមតែត្រូវការចំណីអាហារប៉ុណ្ណោះទេ យើងថែមទាំងត្រូវការចំណីអាហារប្រកបដោយសុខភាព ដើម្បីលើកកម្ពស់ការរស់នៅដែលមានសុខមាលភាព។ យើងត្រូវការវិធីសាស្ត្រដ៏ហ្មត់ចត់និងល្អិតល្អន់មួយ ដើម្បីទទួលបានសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ...ដោយប្រើកិច្ចគាំពារសង្គមដើម្បីលុបបំបាត់វដ្តនៃភាពក្រីក្រនៅតាមជនបទ»។
កិច្ចគាំពារសង្គមរួមមានសមាសភាពធំៗបីដូចជា ជំនួយសង្គម ការធានារ៉ាប់រងសង្គម និងការការពារទីផ្សារការងារ។
របាយការណ៍នេះបានឲ្យដឹងថា ការលុបបំបាត់ភាពអត់ឃ្លាននិងភាពក្រីក្រទាមទារឲ្យមាន «ការវិនិយោគរួមគ្នាជាចីរភាពមួយ ពីផ្នែកឯកជននិងសាធារណៈ និងវិធានការណ៍កិច្ចគាំពារសង្គមជាច្រើន»។ តាមការប៉ាន់ប្រមាណ កិច្ចការនេះប្រហែលជាត្រូវចំណាយប្រាក់ចំនួន២៦៧ប៊ីលានដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់រយៈពេល១៥ឆ្នាំខាងមុខ។
លោក Graziano de Silva បាននិយាយថា កត្តាបម្រែបម្រួលរំខានពីខាងក្រៅនានាដែលកើតឡើងជាញឹកញាប់ បានក្លាយជារឿងសាមញ្ញទៅហើយសម្រាប់ប្រជាជនក្រីក្រជាច្រើន។
«គ្រួសារក្រីក្រជាច្រើនងាយទទួលរងគ្រោះដោយកត្តាបម្រែបម្រួលរំខានខាងក្រៅណាស់ ដូចជាទឹកជំនន់ សត្វល្អិតបំផ្លាញដំណាំ គ្រោះរាំងស្ងួត និងតម្លៃទំនិញគ្មានស្ថិរភាព។ រួមជាមួយនឹងបម្រែបម្រួលអាកាសធាតុ កត្តារំខានទាំងនេះកើតឡើងមួយឆ្នាំហើយមួយឆ្នាំទៀត។ កត្តារំខានទាំងនេះបានធ្វើឲ្យក្រុមគ្រួសារក្រីក្រីជាច្រើនបាត់បង់សមត្ថភាពទប់ទល់នឹងស្ថានការណ៍ទាំងអស់នេះ»។
លោក Jomo Sundaram ជាជំនួយការអគ្គនាយកនិងជាអ្នកសម្របសម្រួលគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម នៃអង្គការ FAO បានឲ្យដឹងថា៖ «អ្នកក្រីក្រនិងអ្នកដែលមានការអត់ឃ្លាន នៅតែមានហើយពួកគេរស់នៅតាមទីជនបទដាច់ស្រយាលនានា។ យោងទៅតាមធនាគារពិភពលោក មានប្រជាជនក្រីក្រី៧៨ភាគរយរស់នៅតាមទីជនបទដាច់ស្រយាល»។
របាយការណ៍ SOFA ដដែលនេះបានឲ្យដឹងថា៖ «កំណើនសេដ្ឋកិច្ច ជាពិសេសការអភិវឌ្ឍកសិកម្ម បានក្លាយជាកត្តាជំរុញដ៏សំខាន់មួយក្នុងការធ្វើឲ្យអត្រានៃភាពក្រីក្រធ្លាក់ចុះ។ តែទោះបីជាមានកំណើនសេដ្ឋកិច្ចក្តី កិច្ចខំប្រឹងប្រែងដើម្បីរួចផុតពីភាពក្រីក្រ ប្រព្រឹត្តទៅក្នុងល្បឿនយឺត ព្រោះថា ការរីកចម្រើននៃសេដ្ឋកិច្ចនោះ ប្រហែលជាមិនអាចផ្តល់ផលប្រយោជន៍គ្រប់យ៉ាងសម្រាប់អ្នកក្រីក្រទេ»។
លោក Jomo Sundaram និយាយថា៖ «យើងដឹងថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកគឺមិនល្អ ហើយការរំពឹងទុកអំពីភាពប្រសើរឡើងនោះគឺនៅមានភាពអាប់អួរ នេះបើគិតពីស្ថានភាពគោលការណ៍រឹតត្បិតនៅក្នុងប្រទេសជាច្រើន»។
លោក Sundaram និយាយថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិបានលើកឡើងនូវចំនុចជាច្រើនដែលពាក់ព័ន្ធនឹងកិច្ចគាំពារសង្គម។
«ប្រជាជនក្រីក្រនិងក្រុមមនុស្សដែលងាយរងគ្រោះភាគច្រើន ស្ថិតនៅអនុតំបន់សាហារ៉ានៃទ្វីបអាហ្រិ្វក និងអាស៊ីខាងត្បូង។ នេះជាការពិតដ៏អកុសលមួយ ដែលយើងត្រូវចំណាយពេលជាច្រើនទៀតដើម្បីដោះស្រាយបញ្ហាទាំងនេះ»។
លោកបានបន្ថែមថា ការកើនឡើងនៃគ្រោះធម្មជាតិនិងជម្លោះនានា បានធ្វើឲ្យការលុបបំបាត់ភាពក្រីក្រនិងភាពអត់ឃ្លាន មានការពិបាកកាន់តែខ្លាំង។
«ជាមូលដ្ឋាន កិច្ចគាំពារសង្គមមិនត្រឹមតែការពារអ្នកក្រីក្រនិងទប់ស្កាត់ទម្រង់អាក្រក់បំផុតមួយចំនួននៃការបាត់បង់តម្លៃរបស់មនុស្សប៉ុណ្ណោះទេ វាថែមទាំងជួយកាត់បន្ថយអសន្តិសុខស្បៀងនិងភាពអត់ឃ្លាននៅតាមរដូវកាលទៀតផង»។
មន្រ្តីអង្គការ FAO រូបនេះនិយាយថា ការបង្កើតឲ្យមានកិច្ចគាំពារសង្គមនៅនឹងកន្លែងសម្រាប់អ្នកក្រីក្រ អាចជួយរដ្ឋាភិបាលធ្វើសកម្មភាពបានឆាប់រហ័សនៅក្នុងពេលដែលមានវិបត្តិ។ លោក Sundaram និយាយថា កិច្ចគាំពារសង្គមគួរតែបញ្ចូលទៅក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទដ៏ទូលំទូលាយមួយ។
របាយការណ៍របស់ អង្គការស្បៀងអាហារនិងកសិកម្ម បានប៉ាន់ប្រមាណថា ប្រជាជនជាង២០ប៊ីលាននាក់ «ទទួលបានកិច្ចគាំពារសង្គមមួយចំនួនក្នុងរូបភាពផ្សេងៗ»។ របាយការណ៍នោះក៏បានឲ្យដឹងផងដែរថា «នៅក្នុងប្រទេសជាច្រើន សូម្បីតែជាប្រទេសក្រីក្របំផុតក៏ដោយ ក៏អាចចំណាយលើកម្មវិធីនេះបានដែរ»។
របាយការណ៍នេះបន្ថែមទៀតថា កម្មវិធីនេះផ្តោតទៅលើស្ត្រីក្នុងការលើកកម្ពស់សន្តិសុខស្បៀងនិងអាហាររូបត្ថម្ភ។ កិច្ចគាំពារសង្គមក៏បានធ្វើឲ្យមានការកើនឡើងនៃការវិនិយោគខាងកសិកម្ម ចំណែកឯកម្មវិធីកិច្ចការសាធារណៈបានផ្តល់ «ហេដ្ឋារចនាសម្ព័ន្ធនិងធនធានក្នុងសហគមន៍សំខាន់ៗ ដែលអាចជួយដោយផ្ទាល់ទៅដល់សេដ្ឋកិច្ចក្នុងតំបន់នោះ»។
របាយការណ៍ SOFA នេះព្រមានថា៖ «បើគ្មានកម្មវិធីជំនួយជាសាធារណៈទេ ប្រជាជនក្រីក្រនិងក្រុមមនុស្សដែលងាយរងគ្រោះជាច្រើននឹងនៅតែរងការលំបាកដែលមិនគួរនឹងកើតមាន និងភាពខ្វះខាតរយៈពេលវែង ដែលធ្វើឲ្យភាពក្រីក្របន្តដល់កូនចៅជំនាន់ក្រោយៗទៀត៕
ប្រែសម្រួលដោយ ហ៊ុយ សម្ភស្ស