កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តមួយអនុញ្ញាតឱ្យបុគ្គលិកសហភាពអឺរ៉ុប និងប្រទេសឯទៀតៗឡើងលើកប៉ាល់ធ្វើការឆែកឆេរ និងរឹបអូសនាវាទាំងឡាយណាដែលជាប់សង្ស័យពីបទជួញដូរមនុស្សនៅក្នុងសមុទ្រមេឌីទែរ៉ាណេទល់មុខនឹងឆ្នេរសមុទ្រប្រទេសលីប៊ី។
ក្រុមប្រឹក្សានេះដែលមានប្រទេសជាសមាជិកចំនួន១៥បានអនុម័តវិធានការនេះដែលត្រូវបានព្រាងដោយប្រទេសអង់គ្លេសដើម្បីទប់ទល់នឹងវិបត្តិជនភៀសខ្លួនដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ ប្រទេសជាសមាជិក១៤នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានបោះឆ្នោតគាំទ្រវិធានការនេះហើយប្រទេសវ៉េណេស៊ុយអេឡា (Venezuela) បានបោះឆ្នោតអនុប្បវាទ។
ក្រុមប្រឹក្សានេះបានអនុម័តសេចក្តីសម្រេចចិត្តនេះតាមជំពូកទី៧នៃធម្មនុញ្ញអ.ស.ប.ដែលអនុញ្ញាតឱ្យមានការប្រើប្រាស់កម្លាំង ក៏ប៉ន្តែក្រុមប្រឹក្សាសន្តិសុខអ.ស.ប.កម្រិតអាណត្តិនៃសេចក្តីសម្រេចចិត្តនេះតែត្រឹមមួយឆ្នាំ។
ក្រុមប្រឹក្សានេះមិនអនុញ្ញាតឱ្យមានសកម្មភាពបែបនេះនៅក្នុងដែនទឹកសមុទ្រ និងនៅតាមឆ្នេរសមុទ្រនៃប្រទេសលីប៊ីនោះទេ។
កាលពីថ្ងៃពុធ សហភាពអឺរ៉ុបបានចាប់ផ្តើម «កិច្ចប្រតិបត្តិការ Sophia» នៅប៉ែកខាងត្បូងនៃសមុទ្រមេឌីទែរ៉ាណេដើម្បីស្ទាក់នាវាជួញដូរមនុស្សដែលខិតខំព្យាយាមចូលទៅក្នុងប្លុកនេះដោយខុសច្បាប់៕