ប្រទេសកូរ៉េខាងជើងដែលរងគ្រោះដោយសារការគ្រោះរាំងស្ងួត បានកាត់បន្ថយការចែកចាយស្បៀងអាហារ នេះបើតាមការឲ្យដឹងរបស់មន្ត្រីម្នាក់នៃអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។
អ្នកស្រី Cristina Coslet មន្ត្រីព័ត៌មានពិភពលោកនៃអង្គការ FAO ទទួលបន្ទុកកិច្ចការអាស៊ីខាងកើតបានប្រាប់វីអូអេថា កូរ៉េខាងជើងបានប្រាប់អង្គការ FAO ថា ចំនួនម្ហូបអាហាររបស់កូរ៉េខាងជើងសម្រាប់ខែកក្កដា សម្រាប់មនុស្សម្នាក់ គឺ ៣១០ក្រាម ក្នុងមួយថ្ងៃ ដែលជាការកាត់បន្ថយចំនួន ២៥ភាគរយតិចជាងខែមុន។ ពីខែមករាដល់ខែមិថុនា មនុស្សម្នាក់ទទួលបានស្បៀងអាហារ ៤១០ក្រាម ក្នុងមួយថ្ងៃ។
អ្នកស្រី Coslet ថ្លែងថា គ្រោះរាំងស្ងួតយ៉ាងខ្លាំងកំពុងប៉ះពាល់ដល់ផលធារនៃប្រទេសកូរ៉េខាងជើង។ ក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយវីអូអេ លោកស្រី Coslet បាននិយាយថា លោកស្រីគិតថា ការកាត់បន្ថយនេះ គឺដោយសារមានការធ្លាក់ចុះក្នុងការដាំដំឡូង និងស្រូវសាឡីផ្សេងៗ។ លោកស្រីរំពឹងថា ផលដំឡូង និងស្រូវសាឡីនៅឆ្នាំនេះ នឹងចុះថយជាង២០ភាគរយតិចជាងឆ្នាំទៅមិញ៕