ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ទំហំ​បញ្ហា​ផ្លាស្ទិក​នៅ​លើ​ផែនដី​ចាប់​លេច​ឡើង​កាន់តែ​ច្បាស់


រូបឯកសារ៖ បុរស​ម្នាក់​ដើរ​នៅ​លើ​ឆ្នេរ​សមុទ្រអារ៉ាប់ ដែល​ពោរ​ពេញ​ទៅ​ដោយ​សំរាម​ផ្លាស្ទិក នៅ​ទីក្រុង​ Mumbai ប្រទេស​ឥណ្ឌា កាល​ពី​ឆ្នាំ ២០១៨។
រូបឯកសារ៖ បុរស​ម្នាក់​ដើរ​នៅ​លើ​ឆ្នេរ​សមុទ្រអារ៉ាប់ ដែល​ពោរ​ពេញ​ទៅ​ដោយ​សំរាម​ផ្លាស្ទិក នៅ​ទីក្រុង​ Mumbai ប្រទេស​ឥណ្ឌា កាល​ពី​ឆ្នាំ ២០១៨។

ជារៀង​រាល់​ឆ្នាំ​ចំនួន​ដប​និង​ថង់​ផ្លាស្ទិក​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ បាន​ហូរ​ចូល​ទៅ​ក្នុង​មហា​សមុទ្រ​ ដែល​ធ្វើ​ឲ្យ​អ្នកវិទ្យាសាស្រ្ត​ស្វែងរក​ដំណោះ​ស្រាយ​ដើម្បី​បំបាត់​បញ្ហា​ផ្លាស្ទិក​នៅ​ក្នុង​ភព​ផែនដី។ អ្នក​ស្រាវជ្រាវ​អ៊ឺរ៉ុប​បាន​ចាប់​ផ្តើម​ចាត់​ទុក​ថា បញ្ហា​នេះ​គឺ​ជា​បញ្ហា​ដ៏​ធំធេង​មួយ។

អង្គការ​សហ​ប្រជាជាតិ​រាយការណ៍​ថា ជារៀងរាល់​ឆ្នាំ​មាន​ផ្លាស្ទិក​ចំនួនជិត​១២​លាន​តោន អណ្តែត​ចូល​ទៅ​ក្នុង​មហា​សមុទ្រ ដែល​ការណ៍​នេះ​ជា​ការ​គំរាម​កំហែង​ដល់​ជីវិត​នានា​ជា​ច្រើន​រាប់​មិន​អស់ ដែល​រស់​នៅ​ក្នុង​មហា​សមុទ្រ។

អ្នកស្រី ​Lauren Biermann​ ដែល​ជា​អ្នកវិទ្យាសាស្រ្ត​ផ្នែក​សង្កេត​មើល​ជីវិត​និង​ធម្មជាតិ​នៅ​មន្ទីរ​ពិសោធន៍​ Plymouth Marine Laboratory​ ក្នុង​ប្រទេស​អង់គ្លេស​ថ្លែង​ថា៖ «ផ្លាស្ទិក​អ្វី​ក៏​ដោយ​ដែល​ចូល​ទៅ​ក្នុង​មហា​សមុទ្រ ​គឺ​នឹង​បែក​ក្លាយ​ទៅ​ជា​បំណែក​តូចៗ​ដោយ​ជៀស​មិន​ផុត ឬ លិច​ទៅ​បាត​សមុទ្រ ​ឬ ​ជាប់​នឹង​ខ្លួន​សត្វ​ដែល​រស់​នៅ​ក្នុង​មហា​សមុទ្រ ឬ សត្វ​នឹង​លេប​ផ្លាស្ទិក​ទាំង​នោះ។ ​យើង​មិន​ចង់​ឲ្យ​រឿង​ទាំង​នេះ ​កើត​ឡើង​ទេ ហើយ​ជា​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​គឺ បើ​អ្នក​ឃើញ​ផ្លាស្ទិក​មុន​ពេល​វា​ចូល​ទៅ​ក្នុង​សមុទ្រ​នោះ​គឺ​មាន​ន័យ​ថា អ្នក​អាច​ធ្វើ​អ្វី​មួយ​ដើម្បី​បញ្ឈប់​វា​បាន»។

អ្នកស្រី ​Lauren Biermann ​ថ្លែង​ទៀត​ថា នៅ​មន្ទីរ​ពិសោធន៍​របស់​អ្នកស្រី ​អ្នកស្រាវជ្រាវ បាន​កំណត់​អត្តសញ្ញាណ​ការ​បំពុល​ដោយ​ផ្លាស្ទិក​តាម​រយៈ​ការ​សិក្សា​ពី​រូបភាព​ដែល​មាន​គុណភាព​ច្បាស់ ថត​ដោយ​ផ្កាយ​រណប។

«ខ្ញុំ​ចង់​និយាយ​ថា ការបំពុល​ដោយ​ផ្លាស្ទិក គឺ​អាច​វាស់​បាន​ថា មួយ pixel លើរូប​ស្មើនឹង ១០ម៉ែត្រ​ការ៉េ លើ​ដែន​ដី។ សម្រាប់​ការប្រើប្រាស់​ធម្មតា​នៅក្នុង​ទឹក គឺ​យើង​មិន​ចាំបាច់ត្រូវការ​រូបភាព​ច្បាស់​ខ្លាំង​ពេក​នោះ​ទេ ក៏ប៉ុន្តែ នៅ​តំបន់​ឆ្នេរ​សមុទ្រ វា​អាច​ជួយ​ឲ្យ​យើង​មើល​ឃើញ​ទូក​តូចៗ ប្រឡាយ​តូច​ហូរ​ទៅ​សមុទ្រ និង​ច្រាំង។ នៅ​ពេល​ដែល​ខ្ញុំ​មើល​ទៅ​ប្រឡាយ​តូចៗ​ទាំង​នេះ ខ្ញុំ​ក៏​ចាប់ផ្តើម​សម្គាល់​ឃើញ​ថា មាន​របស់​តូចៗ​អណ្តែត​នៅក្នុង​ប្រឡាយ​ទាំងនោះ ហើយ​ពួកវា​មិនមែន​ជា​រុក្ខជាតិ​នោះ​ទេ»។

តាម​រយៈការសិក្សា​សម្ព័ន្ធ​គីមី​ទាំងនោះ អ្នកវិទ្យាសាស្រ្ត អាច​ដឹង​បាន​ពី​ភាពខុសគ្នា​រវាង​ផ្លាស្ទិក និង​រុក្ខជាតិ ហើយ​ពួកគេ​ក៏​អាច​ដឹង​ផងដែរ​ថា តើ​ផ្លាស្ទិក​ទាំងនោះ​មក​ពី​ណា និង​វា​ប្រមូល​ផ្តុំ​នៅ​កន្លែង​ណា។

ថង់​ត្រូវ​បាន​ឃើញ​ប្រើបាស់​នៅ​ក្នុង​ផ្សារ​អូឬស្សី​នារាជធានី​ភ្នំពេញនៅ​ថ្ងៃ​ សុក្រ​ ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦ នៅ​ផ្សារ​អូឬស្សី​នារាជធានី​ភ្នំពេញ។​(ឡេង ឡែន/VOA)
ថង់​ត្រូវ​បាន​ឃើញ​ប្រើបាស់​នៅ​ក្នុង​ផ្សារ​អូឬស្សី​នារាជធានី​ភ្នំពេញនៅ​ថ្ងៃ​ សុក្រ​ ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦ នៅ​ផ្សារ​អូឬស្សី​នារាជធានី​ភ្នំពេញ។​(ឡេង ឡែន/VOA)

លោក Richard Thomson នៃ​សាកល​វិទ្យាល័យUniversity of Plymouth បាន​ថ្លែង​ថា៖ «យើង​ដឹង​ហើយ​ថា ផ្លាស្ទិកធំៗ​ មានគ្រោះថ្នាក់​ចំពោះ​សត្វ​ដោយ​វា​ជាប់​នឹង​ខ្លួន​សត្វ​ដែល​រស់នៅ​ក្នុង​មហា​សមុទ្រ ឬ ជាប់​នៅ​ក្នុង​ពោះ​សត្វ​ទាំងនោះ ហើយ​យើង​ដឹង​រឿង​ទាំងនេះ ដោយសារ​ការសង្កេត​ជីវិត​នៅក្នុង​សមុទ្រ។ ចំណែក​ភាគ​ល្អិត​ផ្លាស្ទិក ឬ ដែល​ភាសា​អង់គ្លេស​ថា microplasticsនោះ គឺ​យើង​ដឹង​តាម​រយៈ​ការសិក្សា​នៅ​មន្ទីរ​ពិសោធន៍ ហើយ​ឃើញ​ថា​វា​នឹង​អាច​ផ្តល់​គ្រោះថ្នាក់»។

លោក​សាស្រ្តាចារ្យ Richard Thomson បាន​បង្កើត​ពាក្យ​ភាគ​ល្អិត​ផ្លាស្ទិក ឬ microplastics នេះ កាលពី​១៥​ឆ្នាំ​មុន។ លោក​និយាយ​ថា មនុស្ស​លោក ត្រូវ​គិត​អំពី​ការប្រើប្រាស់​មហា​សមុទ្រ​ឡើង​វិញ។

«យើង​មិនអាច​គិត​ថា មហា​សមុទ្រ​ទាំងនេះ​ជា​កន្លែង​ដែល​យើង​អាច​ចេះ​តែ​បោះ​អ្វី​ចោល ដោយ​គ្មាន​ផលវិបាក​នោះ​ទេ។ យើង​ត្រូវ​រៀន​របៀប​ធ្វើការ​លើ​ភពផែនដី​តាមវិធី​ដែល​មាន​ចិរភាព​ជាង​សព្វថ្ងៃ​នេះ។ ដោយសារតែ​មហា​សមុទ្រ​លាតសន្ធឹង​ប្រមាណជា​៧០​ភាគរយ​នៃ​ផ្ទៃភព​ផែនដី​នោះ វា គឺ​ជារឿង​សំខាន់​ណាស់​ដែល​យើង​ត្រូវ​តែ​យល់​ឲ្យ​បាន​ច្រើន​ជាង​នេះ អំពី​មហា​សមុទ្រ​ទាំងនោះ»។

អង្គការ​សហ​ប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា សត្វ​រស់នៅ​ក្នុង​សមុទ្រ​ងាប់​១សែន​ក្បាល​ជារៀងរាល់​ឆ្នាំ​ដោយសារ​តែ​ការបំពុល​ដោយ​ផ្លាស្ទិក។ អ្នកស្រាវជ្រាវ​និយាយ​ថា បើសិនជា​ចំនួន​នេះ នៅតែ​បន្ត មហា​សមុទ្រ​នានា​ក្នុង​ពិភពលោក​នឹង​មាន​ផ្លាស្ទិក ច្រើន​ជាង​ត្រី​នៅ​ត្រឹមឆ្នាំ២០៥០៕

ប្រែសម្រួលដោយ អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG