ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រដ្ឋ​ Sikkim របស់​ឥណ្ឌា​នាំ​មុខគេ​ក្នុង​ការ​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​ប្រាស់​ប្លាស្ទិក​តាមរយៈ​ការដាក់​បម្រាម​នៅ​លើ​ថង់ប្លាស្ទិក


ម្ចាស់​ហាង​នៅ​ក្នុង​ផ្សារ​នៅ​ទីក្រុង Gangtok កំពុង​ខ្ចប់​សណ្ដែក​សៀង​ត្រាំ​ដោយ​ប្រើ​ស្លឹក​ឈើ ដែល​ជា​វិធី​មួយ​ជំនួស​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក។
ម្ចាស់​ហាង​នៅ​ក្នុង​ផ្សារ​នៅ​ទីក្រុង Gangtok កំពុង​ខ្ចប់​សណ្ដែក​សៀង​ត្រាំ​ដោយ​ប្រើ​ស្លឹក​ឈើ ដែល​ជា​វិធី​មួយ​ជំនួស​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក។

ប្រទេស​ឥណ្ឌា​នឹង​ប្រកាស​នៅ​ខែ​តុលា​នេះ​នូវ​ការ​ជំរុញ​ឲ្យ​លុប​បំបាត់​មិន​ឲ្យ​ប្រើ​ថង់​ប្លាស្ទិក​ដែល​ប្រើ​ហើយ​បោះចោល​​ នៅ​ទូទាំង​ប្រទេស។ ប៉ុន្តែ​រដ្ឋ​ ​Sikkim កំពុង​ត្រូវ​បាន​គេ​សរសើរ​ចំពោះ​ការ​ចាប់​ផ្ដើម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រើ​​ថង់​ប្លាសស្ទិក​កាល​ពី​២០​ឆ្នាំ​មុន។

នៅ​ក្នុង​ហាង​លក់​គ្រឿង​ទេស​មួយ​ស្ថិត​ក្នុង​ទីក្រុង​នៃ​រដ្ឋ​ Sikkim ​ភាគ​ឦសាន​នៃ​ប្រទេស​ឥណ្ឌា បុគ្គលិក​ហាង​ម្នាក់​បាន​ហែក​ក្រដាស​ពី​គំនរ​កាសែត​ចាស់ៗ​នៅ​លើ​បញ្ជរ​គិត​លុយ ដើម្បី​ខ្ចប់​ទំនិញ។ ម្ចាស់​ហាង​ម្នាក់​ទៀត​បានយក​ស្លឹកឈើ​ធំ​មួយ​ខ្ចប់​សៀង ហើយ​បន្ទាប់​មក​បាន​ចង​ព្យួរ​ទំនិញ​ទាំង​នោះសម្រាប់​អ្នកទិញ​នៅ​ក្នុង​ផ្សារ​ក្នុង​ស្រុក​មួយ។

រដ្ឋ Sikkim ​ដែល​លាត​សន្ធឹង​នៅ​លើ​ជម្រាល​ភ្នំ​ហិមាល័យ ​បាន​ជំនួស​ថង់ប្លាសស្ទិក​ដោយ​ថង់​ក្រដាស ឬ​ធ្វើ​ពី​ក្រណាត់ ឬ​ស្លឹក​ឈើ​តាំង​ពី​មុន​ពេល​ដែល​អ្នក​បរិស្ថាន​បាន​លើក​ឡើង​អំពី​ផល​ប៉ះ​ពាល់​ក្នុង​ទីក្រុងនិង​មហា​សមុទ្រ​នានាដោយ​ថង់​ប្លាស្ទិក។ រដ្ឋ​នេះ​បាន​ដាក់​បម្រាម​ហាម​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​បន្ទាប់​ពីមាន​ការ​បាក់​ដី​ដ៏​ធំ​មួយ​នៅ​ឆ្នាំ ១៩៩៨ ដែល​នៅ​ពេល​នោះ ក្រុម​អ្នក​ជំនាញ​បាន​បារម្ភ​ថា គ្រោះ​មហន្តរាយ​នោះ​បង្ក​ឡើង​ដោយ​សារ​តែ​ផ្លូវ​ទឹក​កក​ស្ទះ​ដោយ​សំរាម​ប្លាស្ទិក​ ធ្វើ​មិន​ឲ្យ​ទឹកភ្លៀង​ហូរ​បាន។

ប្រទេស​ឥណ្ឌា​នឹង​ប្រកាស​នៅ​ខែ​តុលា​នេះ​នូវ​ការ​ជំរុញ​ឲ្យ​លុប​បំបាត់​មិន​ឲ្យ​ប្រើ​ថង់​ប្លាស្ទិក​ដែល​ប្រើ​ហើយ​បោះចោល នៅ​ទូទាំង​ប្រទេស។ ប៉ុន្តែ​រដ្ឋ​ដែល​មាន​ចំនួន​ប្រជាជន​តិច​ជាង​គេ​មួយ​នេះ​កំពុង​ត្រូវ​បាន​គេ​សរសើរ​ចំពោះ​ការ​ចាប់​ផ្ដើម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រើថង់​ប្លាសស្ទិក​កាល​ពី​២០​ឆ្នាំ​មុន។

វា​ត្រូវ​ការ​ចំណាយ​ពេល​ច្រើន​ដើម្បី​បង្រៀន​រដ្ឋ​មួយ​ឲ្យ​ងាក​ចេញ​ពី​ភាព​ងាយស្រួល​នៃ​ការ​ប្រើ​ប្រាស់​ថង់​ប្លាសស្ទិក ដែល​ត្រូវ​បាន​ហាម​ឃាត់​កាល​ពី​២​ទសវត្សរ៍​កន្លង​មក។

លោក Priyadarshinee Shrestha អ្នក​ដឹក​នាំ​ក្រុម​នៅ​ឯ​អង្គការ​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក នៅ​ក្នុង​រដ្ឋ​ Sikkim បាននិយាយ​ថា៖ «កាល​ពី​ដំបូងៗ មាន​ការ​អនុវត្ត​ច្បាប់​បាន​យ៉ាង​ល្អ។ មាន​ការ​ផាក​ពិន័យ​អ្នក​ដែល​ប្រើ​ថង់​ប្លាស្ទិក»។ លោក​ក៏​ជា​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​អង្គការ​ហិមាល័យ​គ្មាន​សំរាម (Zero Waste Himalaya) ដែល​ជា​ក្រុម​លើក​កម្ពស់​ចីរភាពបរិស្ថាន​ផង​ដែរ។

លោក​បន្ត​ថា៖ «រឿង​នេះ​ត្រូវ​បាន​គេ​និយាយ​ស្ទើរ​តែ​នៅ​គ្រប់​វេទិកា​ ថា​វា​ជា​គំនិត​ផ្ដួច​ផ្ដើម​បៃតង​សម្រាប់​រដ្ឋ Sikkim។ មនុស្ស​ជា​ច្រើន​បាន​ដឹង​អំពី​បញ្ហា​នេះ»។

ការ​ធ្វើ​យុទ្ធនាការ​អប់រំ​ជា​សាធារណៈ​ឲ្យ​បាន​ទូលំទូលាយ​ក៏​បាន​ជួយឲ្យ​មនុស្ស​ងាក​ចេញ​ពី​ការ​ប្រើ​ប្រាស់​ថង់ប្លាសស្ទិក​ផងដែរ។

​អ្នក​ស្រី Prabha Sherpa ​អាយុ​ ៣៥ឆ្នាំ ជាអ្នក​លក់​ដូរ​ម្នាក់​បាន​រំឮកអំពី​ក្មេងៗ​សិស្ស​សាលា​ដែល​ត្រឡប់​មក​ពី​សាលារៀន​វិញ ហើយ​បាន​ពន្យល់​ប្រាប់​អ្នក​ស្រី​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅសាលា​ ពាក់​ព័ន្ធ​នឹង​ផល​អាក្រក់​ដល់​បរិស្ថាន​បង្ក​ឡើង​ដោយ​ប្លាស្ទិក ជា​ពិសេស​នៅ​ក្នុង​រដ្ឋ​ដែល​ស្ថិត​នៅ​លើជម្រាល​ភ្នំ​ហិមាល័យគ្មានកន្លែង​កប់​សំរាម។

អ្នក​ស្រី ​Prabha Sherpa​ និយាយ​ថា​ក្មេង​ត្រូវ​បាន​បង្រៀន​អំពី​ផល​ប៉ះពាល់​លើ​បរិស្ថាន​ដែល​បណ្ដាល​មក​ពី​ថង​ប្លាស្ទិក ដែល​នេះ​ជួយ​ឲ្យ​មាន​ការ​យល់​ដឹង​អំពី​ការ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ដោយ​ឈប់​ប្រើ​ប្រាស់​ប្លាស្ទិក។
អ្នក​ស្រី ​Prabha Sherpa​ និយាយ​ថា​ក្មេង​ត្រូវ​បាន​បង្រៀន​អំពី​ផល​ប៉ះពាល់​លើ​បរិស្ថាន​ដែល​បណ្ដាល​មក​ពី​ថង​ប្លាស្ទិក ដែល​នេះ​ជួយ​ឲ្យ​មាន​ការ​យល់​ដឹង​អំពី​ការ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ដោយ​ឈប់​ប្រើ​ប្រាស់​ប្លាស្ទិក។

អ្នក​ស្រី​និយាយ​ថា៖ «យើង​ឈប់​ប្រើ​ប្លាស្ទិក​ទាំងរីករាយ​ ព្រោះ​យើង​យល់​ថា​ប្លាស្ទិក​មិន​ល្អទេ​សម្រាប់​យើង​ទេ»។ អ្នក​ស្រី​បាន​បន្ថែម​ទៀត​ថា មនុស្ស​ភាគ​ច្រើនមានឆន្ទៈ​ធ្វើ​តាម​ច្បាប់។

អ្នក​ដើរ​ទិញ​ទំនិញភាគ​ច្រើន​ធ្វើ​ដំណើរ​ទៅផ្សារ​លក់​បន្លែ​ធំ​ជាង​គេ​នៅ​ក្នុង​ទីក្រុង​នេះ ដោយមានយួរថង់​ធ្វើ​ពី​ក្រណាត់​សម្រាប់​ដាក់​ទំនិញ​ ហើយ​តូប​លក់ទំនិញ​នានា​ដាក់​លក់​ថង់​ដែល​មាន​ពណ៌​ចម្រុះ។ នៅ​តាម​ហាង​គេ​យក​ចាន​ក្រដាស​ ស្លឹក​ឈើ ឬ​ទ្រនាប់​ច្នៃពី​កាក​អំពៅ​ដាក់​នំ ​និង​សាំងវ៉ិច​ឲ្យ​ភ្ញៀវ​ ជា​ជាង​ប្រើ​ប្រាស់​ប្លាស្ទិក។

អ្នក​ខ្លះ​ជឿ​ថា ដោយ​សារ​តែ​រដ្ឋ​ Sikkim មានចំនួន​ប្រជាជន​តិច​ គឺ​ត្រឹម​តែ​៦០​ម៉ឺន​នាក់​ប៉ុណ្ណោះ ហេតុដូច្នេះហើយ​បាន​ជាគម្រោង​ផ្ដួច​ផ្ដើម​នេះ​បាន​ទទួល​ជោគ​ជ័យ។

ការ​សិក្សា​នានា​កាល​ពី​ឆ្នាំ​ ២០១៤ និង​ការ​ស្ទង់​មតិ​មួយ​កាល​ពី​ឆ្នាំ​២០១៨ ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​បរិស្ថាន​ បាន​រក​ឃើញ​ថា នៅ​ទីក្រុង Gangtok និង​ក្រុង​ដទៃ​ទៀត​នៃ​រដ្ឋ Sikkim ថង់​ប្លាស្ទិក​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​តិចតួច​បំផុត​ ប៉ុន្តែ​ការ​ហាម​ប្រាម​មិន​ឲ្យ​ប្រើ​ប្លាស្ទិក​នេះ​មិន​ទទួល​បាន​ជោគ​ជ័យ​នៅ​តំបន់​ឆ្ងាយៗ​ពី​ទីក្រុង​នោះ​ទេ។

បើ​ទោះបី​ជា​រដ្ឋ Sikkim បាន​នាំ​មុខគេ​ចាប់​ផ្ដើម​ចេញ​ហាម​ឃាត់​ការប្រើថង់​ប្លាស្ទិក​ដ៏ក៏​ដោយ ក៏​ការ​ប្រយុទ្ធ​ប្រឆាំង​នេះ​ហាក់​ដូច​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ ក្រៅ​ពី​ថង់​ប្លាស្ទិក ក៏​នៅ​មាន​របស់​ផ្សេងៗ​ទៀត​ធ្វើ​ពី​ផ្លាស្ទិកដែរ ដែល​បាន​ហូរ​ចូល​យ៉ាង​សន្សឹមៗ​មក​ក្នុង​រដ្ឋ​នេះ​ ឧទាហរណ៍​ដូច​ជា​ថង់ដាក់ទំនិញ ដែល​មើល​ទៅ​ហាក់​ដូច​ជា ធ្វើ​ពីក្រណាត់​ ប៉ុន្តែ​តាម​ពិតវាផលិត​ពី​ប្លាស្ទិក។ ធុង​សំរាម​ពោរពេញទៅ​ដោយ​កញ្ចប់​ប្លាស្ទិក​សម្រាប់​ខ្ចប់​អាហារ ដូច​ជា​នំ​ពុម្ព​ និង​មី ​ដែល​ជា​អាហារ​ពេញ​និយម​សម្រាប់​ពលរដ្ឋ​ក្នុង​តំបន់ ហើយ​ទេសចរ​រាប់​ម៉ឺន​នាក់​ដែល​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​នៅ​តំបន់ភ្នំ​ហិមាល័យ​នេះ បាន​បន្សល់​ទុក​នូវ​ដប​ទឹក​ប្លាស្ទិក​ទទេ​រាប់​ពាន់​ដប។

ហាង​នៅ​រដ្ឋ​ Sikkim ប្រើ​ប្រាស់​ចាន​ធ្វើ​ពី​ក្រដាស ឬ​ស្លឹក​ឈើ​ដើម្បី​បម្រើ​ដល់​អតិថិជន​នៅ​ទីក្រុង Gangtok។
ហាង​នៅ​រដ្ឋ​ Sikkim ប្រើ​ប្រាស់​ចាន​ធ្វើ​ពី​ក្រដាស ឬ​ស្លឹក​ឈើ​ដើម្បី​បម្រើ​ដល់​អតិថិជន​នៅ​ទីក្រុង Gangtok។

លោក Rajendra Gurung ដែល​ជា​ប្រធាន​អង្គការ «ទេសចរ​ធម្មជាតិ​និង​អភិរក្ស​សង្គម» នៅ​ក្នុង​រដ្ឋ Sikkim បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ប្លាស្ទិក​មាន​គ្រប់​ទី​កន្លែង។ បញ្ហា​សំខាន់​គឺ​ត្រង់​ថា​ យើង​ត្រូវ​តែ​បញ្ឈប់​វា​នៅ​កន្លែង​ចាប់​ផ្ដើម ហើយ​ត្រូវ​ចាប់ផ្តើម​ប្រើ​របស់​សរីរាង្គ​មក​វេច​ខ្ចប់​ទំនិញវិញ​ ប៉ុន្តែ​យើង​ទាន់​អាច​ធ្វើ​បាន​នៅឡើយ​ទេ»។

សហគមន៍​ខ្លះ​កំពុង​ចាត់​វិធានការ។ នៅ​ភូមិ​ Lachen ដែល​ជា​ភូមិ​ភ្ជាប់​ទៅបឹង​ដែល​ស្ថិតនៅរយៈ​កម្ពស់​ខ្ពស់​មួយ​គួរ​ឲ្យ​ទាក់​ទាញ​នោះ​ អ្នក​ទេសចរ​ត្រូវ​បាន​ហាម​មិន​ឲ្យ​យក​ដប​ទឹក​ប្លាស្ទិក​ទៅ​ជាមួយ​ ឬ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចោល​សំរាម​ធ្វើ​ពីប្លាស្ទិក ហើយ​សារ​ (ណែនាំ) ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​រយៈ​អ្នក​បើក​តាក់ស៊ី​ ដែល​ដឹកអ្នក​ទេសចរ​ចូល​ទៅ​តំបន់​នោះ។ គំនិត​ផ្ដួច​ផ្ដើម​ដែល​ជំរុញ​ដោយ​សហគមន៍​នេះ​គឺ​ចេញ​ពី​លទ្ធផល​នៃ​យុទ្ធនាការ​សម្អាត​មួយ​ ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​ក្រុម។

រដ្ឋាភិបាល​ក៏​បាន​ធ្វើ​ជា​ឧទាហរណ៍​ផង​ដែរ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​បាន​ដាក់​ទឹក​ច្រក​ក្នុង​ដប​សម្រាប់​បុគ្គលិក​ ឬ​អ្នក​ទស្សនា (ភ្ញៀវ​ទេសចរ) ដោយ​ប្រើ​ដប​អាច​ប្រើ​ប្រាស់​ឡើង​វិញ​បាន ដែល​ទឹក​ត្រូវ​បានចម្រោះ​នៅ​តាម​ការិយាល័យ​របស់​ពួកគេ។ រដ្ឋាភិបាល​ក៏​បាន​សន្យា​ថា​នឹង​អនុវត្ត​ការ​ហាម​ឃាត់​នេះ​យ៉ាង​ទូលំ​ទូលាយ​ និង​កាន់​តែ​តឹង​រ៉ឹង​ជាងមុន​ ដែល​ត្រូវ​បាន​ប្រកាស​នៅ​លើ​របស់​ធ្វើ​ពី​ប្លាស្ទិកដែល​ប្រើ​តែម្តង​ហើយ​ត្រូវ​បោះចោល​ ដូច​ជា​ចាន​ប្លាស្ទិក ស្លាប​ព្រា និង​សម​ជាដើម៕

ប្រែ​សម្រួល​ដោយ​ នៀម ឆេង

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG