ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នឹង​បញ្ជូន​សំរាម​ប្លាស្ទិក​ជិត​១៦០០​តោន​ទៅ​ប្រទេស​ដើម​វិញ​នៅ​ចុង​ខែ​សីហា


សំរាម​ប្លាស្ទិក​ចំនួន​១៦០០តោន​ត្រូវ​បាន​រកឃើញ​នៅ​ខេត្ត​ព្រះសីហនុ​ថា​បាន​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​និងកាណាដា។ (Facebook/Ministry of Environment Official Page)
សំរាម​ប្លាស្ទិក​ចំនួន​១៦០០តោន​ត្រូវ​បាន​រកឃើញ​នៅ​ខេត្ត​ព្រះសីហនុ​ថា​បាន​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​និងកាណាដា។ (Facebook/Ministry of Environment Official Page)

ប្រទេស​កម្ពុជា​ប្រកាស​ឲ្យ​ដឹង​ថា​ សំរាម​ចំនួន​១៦០០​តោន​ដែល​នាំ​ចូល​ដោយ​ក្រុម​ហ៊ុន​ខែ្មរ​មួយ​​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កាណាដា​វិញ​នៅ​ចុង​ខែ​សីហា​ខាង​មុខ។ មន្ត្រី​ក្រសួង​បរិស្ថាន​​អះអាង​ថា ​កាក​សំណល់​ទាំង​នោះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​​និង​សុខភាព​មនុស្ស​ទេ។

អាជ្ញាធរប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​នៅថ្ងៃ​អង្គារ​នេះ​ថា​ ​សំរាម​ប្លាស្ទីក​ទម្ងន់១៦០០​តោន​ដែល​រក​ឃើញ​ក្នុង​ខេត្ត​ព្រះ​សីហនុ​នឹង​ត្រូវ​ដឹក​ជញ្ញូន​ចេញ​ទៅ​កាន់​ប្រទេស​ដើម​វិញ​នៅ​ថ្ងៃ​ទី​២៤ខែ​សីហា​ខាង​មុខ​នេះ។​

លោក​គុន ញឹម ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋានគយ​ និង​រដ្ឋាករ​បានគូស​បញ្ជាក់​ក្នុង​សន្និសីទសារ​ព័ត៌មាន​មួយ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ក្រុម​ហ៊ុន​ដែល​បាន​នាំ​សំរាម​ជាតិ​ប្លាស្ទិក​នេះ​ចូល​នឹ​ង​ត្រូវ​ដឹក​ចេញ​តាម​ការ​កំណត់​របស់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​កម្ពុជា។​

«យើង​ដាក់​កាល​បរិច្ឆេទ​ឲ្យ​ក្រុមហ៊ុន​រៀបចំ​ដឹក​ជញ្ជូន​ត្រឡប់​ទៅ​ឲ្យ​ក្រុមហ៊ុន​ដែល​បាន​ធ្វើ​ការ​នាំ​ចេញ​វិញ‍»។​

សំរាម​ផ្លាស្ទីក​ទាំង​នេះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ទូ​កុង​តឺន័រ​ចំនួន​៨៣​ក្នុង​កំពង់​ផែ​ស្វ័យ័ត​ខេត្ត​ព្រះ​សីហនុ។ ​សំរាម​ទាំង​នេះ​នាំចូល​ពី​ប្រទេសកាណាដា​និង​សហ​រដ្ឋ​អាមេរិក​តាម​រយៈ​ក្រុម​ហ៊ុន​ Chungyuen Plastic Manufacture Co.,Ltd។ ​ក្រុម​ហ៊ុន​នេះជា​ក្រុម​ហ៊ុន​ខ្មែរ។ ​នេះ​បើ​តាម​សេចក្តី​អះអាង​ផ្លូវ​ការ​របស់​ក្រុម​មន្ត្រី​កម្ពុជា។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួង​បរិស្ថាន និង​អគ្គនាយក​ដ្ឋានគយ​ និង​រដ្ឋា​ករ ​ក្រុម​ហ៊ុន Chungyuen Plastic Manufacture Co.,Ltd នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​១០៧៣​លាន​រៀល​ ឬ​ស្មើ​នឹង​ប្រមាណ​២៥​ម៉ឺន​ដុល្លារ​អាមេរិក។ ​ក៏​ប៉ុន្តែមិន​ទាន់​មាន​ការ​កំណត់​ទោសផ្សេងពី​នេះ​បន្ថែម​នោះ​ទេ។​

យោង​តាម​របាយ​ការណ៍​ស្រាវ​ជ្រាវ​របស់​ក្រសួង​បរិស្ថាន និង​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​ ​កាក​សំណល់​ប្លាស្ទិក​ទាំង​នេះ​ត្រូវ​បាន​ដឹក​ជញ្ជូន​ចូល​មក​ប្រទេស​កម្ពុជា​ចំនួន២៧​លើក​ ​ចាប់​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៨​រហូត​ដល់​ចុង​ខែ​មករា​ឆ្នាំ​២០១៩។​

ក្នុង​ចំណោម​កាក​សំណល់​សំរាម​ប្លាស្ទិក​ទាំង​នេះ​មាន​៧០​កុងតឺន័រ​មក​ពី​សហ​រដ្ឋ​អាមេរិក​និង​១៣​កុងតឺន័រ​មក​ពី​ប្រទេស​កាណាដា ​ដោយ​ឆ្លង​កាត់​តាម​ប្រទេស​សិង្ហបុរី ​ម៉ាឡេស៊ី​និង​ប្រទេស​វៀតណាម​ មុន​នឹង​ចូល​មក​ដល់​កំពង់​ផែ​ខេត្ត​ព្រះ​សីហនុ។​

គុណ ញឹម អគ្គនាយក នៃ​អគ្គនាយក​ដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា និង​លោក​ នេត្រ ភក្ត្រា​ អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​ស្តី​ពីកាក​សំណល់​ប្លាស្ទីក​ចំនួន​៨៣​កុងតឺន័រ​នៅ​ថ្ងៃទី​៣០​ ខែកក្កដា ឆ្នាំ២០១៩​នៅ អគ្គនាយក​គយ​និង​រដ្ឋាករ​
គុណ ញឹម អគ្គនាយក នៃ​អគ្គនាយក​ដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា និង​លោក​ នេត្រ ភក្ត្រា​ អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​ស្តី​ពីកាក​សំណល់​ប្លាស្ទីក​ចំនួន​៨៣​កុងតឺន័រ​នៅ​ថ្ងៃទី​៣០​ ខែកក្កដា ឆ្នាំ២០១៩​នៅ អគ្គនាយក​គយ​និង​រដ្ឋាករ​

លោក​នេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​រសៀល​នេះ​ដែរ​ថា ​សំរាម​ប្លាស្ទិក​ទាំង​នេះ​មិន​មាន​សារធាតុ​ពុល​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន ឬ​សុខ​ភាព​មនុស្ស​នោះ​ទេ។​

«មិន​មាន​ជាតិ​ពុល​ដែល​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​និង​បរិស្ថានទេ។ ​ប៉ុន្តែ​វា​ជា​ប្រភេទ​ទំនិញ​ហាម​ឃាត់​ មិន​ឲ្យ​នាំ​ចូល។​ ​ទោះបី​ជា​វា​មិន​ប៉ះពាល់​យ៉ាង​ណា​ក៏​ដោយ​គឺ​ចាំបាច់​ត្រូវ​តែ​បញ្ជូន​ចេញ​ទៅ​ប្រភព​ដើម​វិញ‍»។​

លោក​នេត្រ ភក្ត្រា ​បញ្ជាក់​ថា​ អាជ្ញា​សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​កាណាដា ​បាន​សហ​ការ​ជាមួយ​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​កម្ពុជា​ដើម្បី​ជួយ​សម្រួល​ដល់​ការ​បញ្ជូន​សំរាម​ប្លាស្ទិក​ទាំង​១៦០០​តោន​ទៅ​កាន់​ប្រទេស​ទាំង​ពីរ​នេះ​វិញ។​

ប្រទេស​កម្ពុជា​ធ្លាប់​ទទួល​បាន​ការ​នាំចូល​នូវ​កាក​សំណល់​វិទ្យុ​សកម្ម​ និង​កាក​សំណល់ហ្វ៊ីលជា​ច្រើន​តោនមកកាន់​ខេត្ត​ព្រះ​សីហនុ។ ​សារធាតុវិទ្យុ​សកម្ម​ត្រូវ​បាន​ជីក​កប់​ក្នុង​ដី​ដោយ​មិន​បាន​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ​នោះ​ទេ៕

XS
SM
MD
LG